របៀប​ស្លៀកពាក់​ប្រចាំថ្ងៃ​របស់ស្ដ្រី

ស្ដ្រីគ្រប់​រូបតែង​យកចិត្ដ​ទុកដាក់​បំផុត​ទៅលើ​សម្រស់ ភាពស្រស់​ស្អាត និង​ការរៀបចំ​ខ្លួន​ប្រចាំថ្ងៃ។ មាន​ចំណុច​ជាច្រើន ដែល​រមែង​ផ្ដោតការ​ចាប់អារម្មណ៍​ទៅលើស្ដ្រី ទាំង​ឬកពារ មារយាទ រួមទាំង​ការស្លៀក​ពាក់ផងដែរ។ គ្រប់​ពេលវេលា​ស្ដ្រីតោង​យក ចិត្ដទុក​ដាក់ទៅ​លើការ​រៀបចំ​ខ្លួន​ឱ្យមាន​របៀប​រៀប​រយល្អ ទោះមិន​មានការ​ចូលរួម​ពិសេស​ណាមួយ​ក៏ដោយ។ ចំពោះ​ការស្លៀកពាក់ តើស្ដ្រី​គួររៀបចំ​និង​ជ្រើសរើស​យ៉ាងណា​ដើម្បីឱ្យ​បាន​សមរម្យ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រី សុខ ស្រីណា ម្ចាស់ហាង​លក់​សម្លៀក​បំពាក់​ឡាន់ណា នឹង​បង្ហាញ​ជូនមិត្ដ​អ្នកអាន​អំពីរបៀប​ស្លៀកពាក់​ប្រចាំថ្ងៃ របស់ស្ដ្រី តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។ ស្ដ្រីតែង​យកចិត្ដ​ទុកដាក់​ណាស់​ក្នុងការ​ស្លៀកពាក់​ប្រចាំថ្ងៃ មិនថា​ក្នុង​កាលៈ​ទេសៈណា មួយឡើយ។ ការរៀបចំ​ខ្លួនឱ្យ​បានសមរម្យ មានរបៀប​រៀបរយល្អ ដើម្បី​សោភ័ណភាព និង​សម្រស់។ ការស្លៀក​ពាក់​ត្រូវបែង​ចែក ទៅតាម​ពេលវេលា និង​តាមទីកន្លែង​ផងដែរ។

សម្លៀកបំពាក់​សម្រាប់នៅផ្ទះ

ជាទូទៅ​នៅផ្ទះ ស្ដ្រីតែង​និយម​ស្លៀក​សារ៉ុង ឬ​ខោសាច់​ក្រណាត់​ទន់ៗ​ជាមួយនឹង​អាវយឺត​ឬ​អាវសាច់​ក្រណាត់​បិទឡេវ​ដៃ វែង​ឬ​ដៃខ្លី​តាមការ​និយមចូលចិត្ដ​រៀងខ្លួន។ ដោយឡែក​ប្រសិនបើ​នៅផ្ទះ​មាន​ប្រកបរបរ​ទទួលទាន ការស្លៀក​ពាក់​រិតតែ​រៀបចំ​ឱ្យបាន ល្អថែម​ទៀត។ ស្ដ្រីអាច​ជ្រើសរើស​សម្លៀក​បំពាក់​ណាដែល​ស្រស់ឆើត​បន្ដិច ដើម្បី​ទាក់ទាញ​អារម្មណ៍​អតិថិជន។ ស្ដ្រីគួរ​ពាក់អាវ​យឺត ជួនខ្សែ​តូច​ឬ​ដៃខ្លី​ជាមួយ​នឹងសំពត់ខ្លី​វែងអាស្រ័យ​តាមបុគ្គល និង​ចំណូលចិត្ដ។ នារី​សម័យថ្មី​និយម​ស្លៀក​ខោខូវប៊យ​ជាមួយអាវយឺត តែសូម​កុំស៊ិចស៊ី​ពេក។

សម្លៀកបំពាក់​សម្រាប់ធ្វើការ

សម្លៀក​បំពាក់ធ្វើការ ពេលខ្លះ​ជាឯកសណ្ឋាន​ដែលស្ថាប័ន ឬ​អង្គការ​កំណត់​ឱ្យ​ស្លៀកពាក់។ ច្រើនជា​សម្លៀក​បំពាក់​កាត់ ស្រាប់ ដូចជា​ខោជើងវែង​ដែលមាន​សាច់​ក្រណាត់​ទន់ៗ ឬ​សំពត់ខ្លី​(ចំពោះក្រុម​ហ៊ុនឯកជន​មួយចំនួន) ជាមួយ​អាវសាច់​ក្រណាត់​ដៃវែង ឬ​ដៃខ្លី ជួនមាន​អាវធំ​ខាងក្រៅ​ផងដែរ។ ចំពោះ​ស្ថាប័នរដ្ឋ ត្រូវស្លៀក​សំពត់វែង និង​អាវក្រណាត់​មានក ឬ​អាវធំខាង​ក្រៅ។ ចំពោះ ស្ថាប័ន ឬ​កន្លែង​ធ្វើការខ្លះ អាចស្លៀក​ពាក់តាម​ការចូលចិត្ដ តែក៏កុំឱ្យ​ហួសហេតុ​ពេកទេ ធ្វើយ៉ាង​ណាឱ្យ​សមរម្យ​ជាអ្នក​ធ្វើការ។

សម្លៀកបំពាក់​សម្រាប់​ពិធីជប់លៀង

សម្រាប់​ការចូលរួម​ក្នុងពិធី​ជប់លៀង ស្ដ្រីមាន​លក្ខណៈ​ស្មុគស្មាញ និង​សាំញ៉ាំ​បន្ដិច ប៉ុន្ដែ​មើលទៅ​ពិតជា​ស្រស់ស្អាត។ ជាទូទៅ ស្ដ្រីនិយម​ស្លៀក​សម្លៀក​បំពាក់​បែបជា​រាត្រី​សមោសរ​សម្រាប់​ចូលរួម​ក្នុងពិធី​ជប់លៀង ឬ​ពិធីរៀប​អាពាហ៍​ពិពាហ៍។ ស្ដ្រីខ្មែរច្រើន ច្នៃសម្លៀក​បំពាក់​ទាំងនោះ​អំពីក្រ​ណាត់​ហូល ផាមួង មានប៉ាក់ឌិន​លម្អផង​ដែរ។ យុវវ័យ​អាចជ្រើស​រើស​សម្លៀក​បំពាក់​ពេញនិយម​សម័យថ្មី​ចូលរួម​ក្នុងពិធី​ជប់លៀង​បានដែរ។

សម្លៀក​បំពាក់​សម្រាប់​ដំណើរ​កម្សាន្ដ

កម្ពុជា​ជាប្រទេស​ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន។ ដំណើរ​កម្សាន្ដ​តាមតំបន់​ទេសចរណ៍​មានច្រើន ប្រភេទ ដូចជា​តំបន់ភ្នំ សមុទ្រ​ជាដើម នាំឱ្យ​ការរៀបចំ​ខ្លួនរបស់​អ្នកទេសចរ​ក៏ត្រូវ​បែងចែក​ទៅតាម​នោះដែរ។

  • ដំណើរ​កម្សាន្ដ​តាមតំបន់ភ្នំ ក្នុងការ​ដើរកម្សាន្ដ ស្ដ្រីរិត​តែយកចិត្ដ​ទុកដាក់​ក្នុងការ​តុបតែង​លម្អប្រាណ។ ស្ដ្រីគួរ​ជ្រើសរើស​យកសម្លៀក​បំពាក់​មកស្លៀក​ជាខោសាច់​ក្រណាត់​ក្រាស់ៗ តែបើ​ជាយុវវ័យ​គឺ​និយមស្លៀក​ខោខូវប៊យ​ជាមួយ​នឹងអាវ​យឺត ហើយមាន អាវធំដៃ​វែងខាងក្រៅ។ បើធ្វើ​ដំណើរ​ដោយ​រថយន្ដ ស្ដ្រីអាច​ជ្រើសរើស​សម្លៀក​បំពាក់​បែបស៊ិចស៊ី​បន្ដិច ជាអាវ​សាច់ក្រណាត់​ស្ដើងត្រ ជាក់ ដៃវែង ឬ​ដៃខ្លី ជាមួយខោ ឬ​សំពត់​ក៏បាន។
  • ដំណើរ​កម្សាន្ដ​តាមតំបន់​សមុទ្រ ៖ ទៅកម្សាន្ដ​តាមសមុទ្រ ស្ដ្រី​និយមពាក់​អាវយឺត​ខ្សែតូច ឬ​ដៃខ្លី ជាមួយ​នឹងខោ​ជើងខ្លី ឬ​សំពត់​ចងខ្សែ។ សម្លៀក​បំពាក់​បែបនេះ​និយម​ប្រើចំពោះ​ស្ដ្រីទូទៅ រួមទាំង​បរទេស​ផងដែរ។

សម្លៀក​បំពាក់​សម្រាប់​ហាត់កីឡា

វិស័យ​កីឡា​កំពុងតែ​រីកដុះដាល​នៅទូទាំង​ពិភពលោក រួមទាំង​នៅកម្ពុជា​ផងដែរ។ ការហាត់​កីឡា​ដើម្បី​សុខភាព​ជាកត្ដា​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់វ័យ​គ្រប់ស្រទាប់​វណ្ណៈ។ ដើម្បី​ធ្វើឱ្យ​ការហាត់​ប្រកប​ទៅបានល្អ និង​មានភាព​ងាយស្រួល ក៏អាស្រ័យ ទៅលើ​ការស្លៀក​ពាក់ដែរ។ កីឡា​មានច្រើន​ប្រភេទ និង​របៀប​ហាត់​ខុសៗគ្នា ដូចនេះ​ការជ្រើស​រើសស​ម្លៀកបំពាក់​ក៏មាន​ច្រើនយ៉ាង ទៅតាម​ប្រភេទ​កីឡានោះ​ផងដែរ។

  • សម្លៀក​បំពាក់​សម្រាប់​កីឡាហែល​ទឹក ៖ ការហែល​ទឹក​ទាមទារ​ឱ្យមាន​សម្លៀក​បំពាក់​សមរម្យ​ដើម្បី​ឱ្យការ​ធ្វើចលនាដៃ ជើង​មានភាពងាយ​ស្រួល។ ចំពោះស្ដ្រី​សម័យថ្មី ការខ្មាសអៀន​លែងចោទ​ជាបញ្ហា​ទៀតហើយ ពេលហែលទឹក ស្ដ្រីអាច​ស្លៀក​ម៉ៃយ៉ូ ឬ ឈុតប៊ីគីនី។ សម្លៀក​បំពាក់​បែបនេះ​ជាប្រភេទ​សាច់យឺត តែជាទូទៅ​ស្ដ្រីមិន​គួរជ្រើសរើស​សាច់ស្ដើង​ពេកទេ សាច់យឺត​ក្រាស់ល្មម​ប្រសើរ​ជាង។
  • សម្លៀក​បំពាក់​សម្រាប់​កីឡាវាយសី ៖ ពេលវាយសី ស្ដ្រីតែង​និយម​ស្លៀកសំពត់​ប៊ីគីនី​ត្រឹមភ្លៅ និង​មានថង់សំ​ពត់រាងធំ បន្ដិច​ជាមួយ​អាវយឺត​ដៃខ្លី ពេលខ្លះ​ក៏មាន​ពាក់អាវ​ប៊ីគីនី​ផងដែរ អាស្រ័យ​ទៅតាម​ការ​និយម។ ប៉ុន្ដែ​បើគ្រាន់​តែហាត់​លេងធម្មតា គេ ច្រើន​ស្លៀកខោ​ជើងខ្លី ឬ​ជើងវែង​ជាលក្ខណៈ​ខោកីឡា​ជាមួយអាវ​យឺតដៃខ្លី ឬ​វាលក្លៀក គួរ​ជ្រើសរើស​ពណ៌ស ។
  • សម្លៀក​បំពាក់​សម្រាប់​កីឡាផ្សេងៗ ៖ កីឡា​ក្នុងក្លឹប​ដូចជារត់​លើម៉ាស៊ីន រត់លេង​យឺតៗ ដើរ​ជាដើម ស្ដ្រីគួរ​និយមពាក់ អាវយឺត​ដៃខ្លី ឬ​អាវវាល​ក្លៀក​ជាមួយនឹង​ខោកីឡា​ជើងវែង ឬ​ជើងខ្លី។ ប៉ុន្ដែ​សម្រាប់​អ្នកកីឡា​អាជីព គួរស្លៀក​សម្លៀក​បំពាក់​ប៊ីគីនី ឬ ខោជើងខ្លី​ត្រឹមភ្លៅ និង​អាវយឺត​រឹបវាល​ក្លៀក ឬ​ដៃខ្លី។

សម្លៀក​បំពាក់​សម្រាប់​ទទួលទាន​ដំណេក

រាត្រី​ជាវេលា​ដ៏សំខាន់​ដែល​លោកអ្នក​ត្រូវការ​សម្រាក។ ស្ដ្រីគួរ​ជ្រើសរើស​សម្លៀក​បំពាក់​ឈុតអាវ​ក្រណាត់​ដៃខ្លី​ជាមួយនឹង ខោជើងវែង ឬ​ជើងខ្លី។ មានស្ដ្រីខ្លះ​ជ្រើសរើស​ការស្លៀក​សំពត់រ៉ូប​ដៃខ្សែតូច ឬ​ដៃរំភាយ។ ស្ដ្រី​មួយចំនួន​ចូលចិត្ដ​ស្លៀកខោ​ជើងខ្លី អាច ជាខោ​បារាំង​ជាមួយ​អាវយឺត ឬ​អាវវាល​ក្លៀក។ នារីសម័យថ្មី​ជ្រើសរើស​សម្លៀក​បំពាក់​ឈុត​ដែលជា​ប្រភេទ​សាច់ទន់​រលោងរាង​ស្ដើង បន្ដិច ជួនអាច​ជាខោ​ត្រឹមភ្លៅ លើជង្គង់ ជួនកាល​ជាសំពត់​រ៉ូបសាច់​ទន់រលោង​ខ្សែតូច។

បណ្ដាំ​អ្នកប្រឹក្សា

ការរៀប​ចំខ្លួន និង​ការស្លៀក​ពាក់​ជារឿង​សំខាន់​ណាស់​សម្រាប់​ស្ដ្រីទូទៅ។ គ្រប់ទី​កន្លែង​គ្រប់ពេល​វេលាសុទ្ធ​តែតម្រូវ​ឱ្យស្ដ្រី មាន​ការប្រុង​ប្រយ័ត្ន។ ដូចនេះ​សូមស្ដ្រី​គ្រប់រូប​យកចិត្ដ​ទុកដាក់​ក្នុងការ​ស្លៀកពាក់​ឱ្យបានល្អ និង​សមរម្យ​ទៅតាម​កាលៈទេសៈ ដើម្បី លើកកម្ពស់​តម្លៃខ្លួន​ជាស្ដ្រី និង​ជាកុល​ធីតាខ្មែរ។

ចំពោះ​សម្លៀក​បំពាក់ និង​របៀប​ស្លៀកពាក់​ប្រចាំថ្ងៃ​សម្រាប់​បុរស ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​ជម្រាប​ជូននៅ លេខ​ក្រោយ សូមរង់ចាំ​អានដោយ​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *