ប្រដាប់លាបក្លៀកពិតជាបានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើន សម្រាប់លោកអ្នកដែលប្រើប្រាស់ ដូចជាធ្វើឱ្យក្លៀកស បំបាត់ក្លិនខ្លួនមិនល្អជាដើម។ ផ្ទុយទៅវិញប្រដាប់លាបក្លៀកក៏បានផ្ដល់នូវគុណវិបត្ដិយ៉ាងច្រើនផងដែរ សម្រាប់លោកអ្នកមួយចំនួន ដែលមិនបានស្វែងយល់ឱ្យបានច្បាស់អំពីប្រដាប់លាបក្លៀក។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាង ការលុច្ស នឹងពន្យល់អំពីសារៈប្រយោជន៍ និងផលប៉ះពាល់នៃប្រដាប់លាបក្លៀក ដើម្បីឱ្យលោកអ្នកជ្រាបបន្ថែមអំពីបញ្ហានេះ។
ប្រភេទផលិតផលលាបក្លៀក
ប្រដាប់លាបក្លៀកមានច្រើនប្រភេទ ច្រើនក្លិន និងទៅតាមចំណង់ចំណូលចិត្ដរបស់មនុស្សម្នាក់ៗ ជាពិសេសតម្រូវទៅ តាមភេទបុរស និងស្ដ្រី។
សារៈប្រយោជន៍នៃផលិតផលលាបក្លៀក
ប្រដាប់លាបក្លៀកពិតជាបានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើន ដូចជាជួយឱ្យមានក្លិនខ្លួនក្រអូប កាត់បន្ថយនូវបញ្ហាក្លិនសា បំបាត់ក្លិនជូរ ដែលមិនធ្វើឱ្យធុំក្លិនទៅលើអ្នកដទៃ និងជួយឱ្យក្លៀកសជាដើម។
ផលប៉ះពាល់នៃផលិតផលលាបក្លៀក
ផលិតផលលាបក្លៀកក៏បានបង្កជាគុណវិបត្ដិផងដែរ ប្រសិនបើលោកអ្នកចេះតែប្រើដោយមិនដឹងពីប្រភេទនៃផលិតផល លាបក្លៀកនោះ ធ្វើឱ្យក្លៀកមានបញ្ហា ដូចជាធ្វើឱ្យក្លៀកកាន់តែមានក្លិនខ្លាំង បណ្ដាលឱ្យក្លៀកខ្មៅ ឆាប់ធ្វើឱ្យក្លៀកមានក្លិនជូរនៅ ពេលដែលបែកញើស ហើយក៏អាចបណ្ដាលឱ្យក្លៀកកើតមានក្លិនសាផងដែរ។ ផលប៉ះពាល់ទាំងនេះអាចកើតឡើងបានចំពោះលោកអ្នកដែលមិនបានសម្អាតខ្លួនប្រាណឱ្យបានស្អាតល្អ ហើយចេះតែយកផលិតផលលាបក្លៀកមកលាបផ្ដេសផ្ដាស ទើបបណ្ដាលឱ្យ កើតមានជាបញ្ហាទាំងនេះ។
វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាចំពោះក្លៀក
ដើម្បីការពារកុំឱ្យកើតមានបញ្ហាទាំងនោះ លោកអ្នកត្រូវតែសម្អាតខ្លួនឱ្យបានស្អាតល្អ ដោយត្រូវដុសជម្រះខ្លួន ដូចជានៅ តាមក្លៀក និងតាមកន្លែងផ្សេងៗដែលបណ្ដាលឱ្យឆាប់មានក្លិនមិនល្អ។ នៅពេលដែលធ្វើការសម្អាតខ្លួនប្រាណបានស្អាតល្អ ទើបលោក អ្នកអាចប្រើប្រដាប់លាបក្លៀកបាន ធ្វើដូចនេះគឺមិនបណ្ដាលឱ្យមានបញ្ហាឡើយ។ ចំពោះស្ដ្រីមិនត្រូវទុករោមក្លៀកនោះទេ ព្រោះ កាលណាទុករោមក្លៀកអាចកើតមានក្លិន ដូចជាក្លិនសា ក្លិនជូរជាដើម។
ដំបូន្មានអ្នកជំនាញ
ដើម្បីកុំឱ្យកើតមានបញ្ហាក្លិនក្លៀក លោកអ្នកគួរតែជ្រើសរើសនូវផលិតផលដែលល្អ ហើយបានទទួលស្គាល់ពីអ្នកជំនាញ ច្បាស់លាស់។ អ្វីដែលល្អជាងនេះត្រូវតែធ្វើការសម្អាតខ្លួនប្រាណឱ្យបានស្អាតជានិច្ច ហើយត្រូវមានផលិតផលសម្រាប់សម្អាតខ្លួនប្រាណ ផងដែរ។ ជាពិសេសមិនត្រូវបណ្ដោយឱ្យខ្លួនរបស់លោកអ្នកឱ្យបែកញើសខ្លាំងពេក និងនៅកន្លែងដែលមានក្លិនមិនល្អនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply