ឌី សាវ៉េត មិនព្រមចាស់តាមអាយុ

អ្នកគាំ​ទ្រសិល្បៈករ​ខ្មែរ​ជាច្រើន ធ្លាប់​ឮ​ពីឈ្មោះ​លោកស្រី ឌី សាវ៉េត ថាជា​តារាសម្ដែង​ជើងចាស់។ ប្រសិន​បើនិយាយ​ដល់ រូប​សម្រស់​របស់​លោកស្រី​មិនមាន​នរណាម្នាក់​អាចស្មាន​ដឹងពីអាយុ​ពិតប្រាកដ​របស់គាត់​បានទេ ព្រោះ​លោកស្រី​នៅស្អាត​ហើយរឹងមាំ។ ភាពស្រស់​ស្អាតបែប​នេះ មាន​នរណាម្នាក់​ដែល​មិនចង់​បាន ហើយ​មិនចង់​ដឹងពី​រូបមន្ដ​នៃការ​ថែរក្សា​សម្រស់។ លោកស្រី ឌី សាវ៉េត ដែល​ឈានចូល​ដល់វ័យ​៦៣ឆ្នាំ ពេញចិត្ដ​នឹង​រៀបរាប់​ជូនមិត្ដ​អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ពី​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោកស្រី។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាសក់

លោកស្រី​កក់សក់​ជាប្រចាំ​ជាមួយសាប៊ូ​ដែលមាន​ជាតិប្រេង ឬ​ក្រែម​សម្រាប់​ជួយ​បំប៉ន​សរសៃសក់ និង​ឬស​សក់កុំឱ្យ​ស្ងួត បែកចុង។ ពេលខ្លះ លោកស្រី​យកក្រូច​សើចមក​ចិតជា​ចំណិត​ស្ដើងៗ លាយ​ក្នុងទឹកក្ដៅ​ឧណ្ហៗ​ដើម្បី​កក់សក់ វាមាន​ប្រយោជន៍​ជួយឱ្យ សក់​មានក្លិន​ក្រអូប។ មិន​ជាញឹក​ញាប់​ប៉ុន្មាន​ទេដែល​លោកស្រី​ទៅរក​ហាង​សម្រាប់​អប់សក់ ភាគច្រើន​លោកស្រី​អប់សក់​នៅផ្ទះ​ដោយ ខ្លួនឯង។ លោកស្រី​ច្រើនតែ​កក់សក់​មួយសបា្ដហ៍​ត្រឹមតែ​ពីរដង​ប៉ុណ្ណោះ។

ការថែរក្សា​ស្បែកមុខ

លោកស្រី​មិនមាន​ការថែរក្សា​ស្បែកមុខ​ដោយគ្រឿង​សម្អាងអ្វី​ជាពិសេស​ច្រើនទេ ព្រោះ​លោកស្រី​យល់ថា​ភាគច្រើន​នៃ​ផលិតផល​សម្អាង​សុទ្ធតែ​មាន​ជាតិគីមី ដែលអាច​បណ្ដាល​ឱ្យប៉ះពាល់​ដល់សុខភាព​ស្បែក។ ទោះបី​ជាយ៉ាង​ណា ជាតារាសម្ដែង​ចៀស​មិនផុត ពីការ​តុបតែង​មុខដោយ​គ្រឿង​សម្អាងទេ។ ប៉ុន្ដែ​លោកស្រី​ព្យាយាម​តុបតែង​មុខដោយ​ខ្លួនឯង​ផ្ទាល់ ព្រោះ​លោកស្រី​ចូលចិត្ដ​ផាត់មុខ តាមបែប​ធម្មជាតិ មិន​ឱ្យឆើតឆាយ​ពេក។ បើបណ្ដោយ​ឱ្យគេតុប​តែង លោកស្រី​មានអារម្មណ៍​ថាលោកស្រី​កំពុងពាក់​មុខថ្មី ព្រោះគេ ផាត់មុខ​ឱ្យលោកស្រី​ក្រាស់ឃ្មឹក​ពោរពេញ​ទៅដោយ​ម្សៅ។

ការថែរក្សាស្បែកខ្លួន

ក្រៅពីការងូតទឹកសម្អាតកាយដោយសាប៊ូដែលមានក្លិនប្រហើរ ហើយមានគុណប្រយោជន៍ចំពោះស្បែក។ លោកស្រីមិន ចូលចិត្ដប្រើប្រាស់ទ្បេ ឬក្រែមសម្រាប់លាបលើស្បែកខ្លួនទេ ព្រោះលោកស្រីយល់ថាពពួកទ្បេ ឬក្រែមទាំងនេះបានធ្វើឱ្យលោកស្រីស្អុះ ស្អាប់ទៅវិញ។ ទោះបីជាយ៉ាងណា ក៏លោកស្រីត្រូវប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃជាប្រចាំ ដើម្បីការពារស្បែកនៅរាល់ពេលលោក ស្រីចេញទៅសម្ដែង។ លោកស្រីចូលចិត្ដស្បែកសម្បុរស្រអែម។

ការថែរក្សាក្រចក

លោកស្រី​មិនចូលចិត្ដ​លាបពណ៌​ក្រចកទេ ព្រោះ​លោកស្រី​យល់ថា​ថ្នាំពណ៌​លាបក្រចក​អាចធ្វើ​ឱ្យក្រចក​លោកស្រី​ខូចបាន។ ជាទូទៅ​នៅពេល​ដែល​លោកស្រី​ទៅហាង​ធ្វើក្រចក លោកស្រី​មិនមាន​ទម្លាប់​ឱ្យជាង​ធ្វើក្រចក​ប្រើកន្ដ្រៃ​កាត់សង​ខាងក្រចក ឬ​ក៏សម្អាត ត្រចៀក​ក្រាញ់​ទ្បើយ។ លោកស្រី​មិនសូវ​ទុកចិត្ដ​លើឧបករណ៍​ទាំងនោះ​លើផ្នែក​អនាម័យ​ប៉ុន្មានទេ លោកស្រី​តែង​ជំរុញ​ឱ្យអ្នក​ធ្វើក្រចក ស្ងោរ ឬ​ជ្រលក់​អាល់កុល​មុននឹង​ប្រើប្រាស់។ ហេតុនេះ​ហើយ​ទើប​លោកស្រី​តែងតែ​សម្អាត​ក្រចក​ដោយ​ខ្លួនឯង។

ការថែរក្សា​បបូរមាត់

មិនមាន​ការថែរក្សា​អ្វីជាពិសេស​ទេ។ លោកស្រី​និយម​ធ្វើអ្វី​ទៅតាម​ភាពទាន់​សម័យ​ទាន់​សង្គម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាធ្មេញ

ជាទម្លាប់​លោកស្រី​ដុសធ្មេញ​មួយថ្ងៃ​ពីរដង​ជាប្រចាំ​ជាមួយ​ថ្នាំដុសធ្មេញ​ដែលត្រូវ​បានជ្រើស​រើស​ជាពិសេស​សម្រាប់​ជំនួយ ដល់ភាព​រឹងមាំ​នៃធ្មេញ រួមជាមួយ​នឹងការ​ប្រើប្រាស់​ទឹកថ្នាំ​សម្រាប់​សម្លាប់​មេរោគ​ក្នុងធ្មេញ​ផងដែរ។

ការថែរក្សាសុខភាព

ការទទួល​ទានអាហារ គឺជាវិធី​ដែល​លោកស្រី​ជ្រើសរើស​ប្រើសម្រាប់​ថែរក្សា​សុខភាព។ នៅពេល​ព្រឹក លោកស្រី​ត្រូវការ​ចាំបាច់​នូវជាតិ​វីតាមីន ជាតិ​កាល់ស្យូម និង​ជីវជាតិ​ដើម្បី​ឱ្យរាងកាយ​រឹងមាំ។ លោកស្រី​តែងតែ​ទទួលទាន​ទឹកដោះ​គោឆៅ​កម្ដៅ​ឱ្យក្ដៅ លាយ​ជាមួយ​ទឹកស្ករ ជ្រលក់នំប៉័ង ឬ​នំប្រៃ។ បើមិន​ដូច្នោះទេ លោកស្រី​បរិភោគ​ទឹកក្រូច​ស្រស់​ច្របាច់​ដើម្បី​សម្រន់​ក្រពះ​កុំឱ្យ​កិនទទេ ។ នៅពេល​ថ្ងៃត្រង់ លោកស្រី​ទទួល​ទាន​អាហារ​យ៉ាងឆ្អែត​ដោយមិន​គិតពីការ​ទ្បើងទម្ងន់​ទ្បើយ ដោយ​មានសាច់ និង​បន្លែ។ បន្លែ មាន ដូចជា​សាទ្បាត់ ការុត ដំទ្បូងបារាំង បន្លែ​ពណ៌​បៃតង​ជាដើម។ ដោយ​ទ្បែក​ពេលល្ងាច លោកស្រី​បរិភោគ​អាហារ​ក្នុង​បរិមាណ​សមល្មម ។ រៀងរាល់​ពេល​បរិភោគ​អាហារ​មួយពេលៗ មិនថា​ជាអាហារ​ថ្ងៃត្រង់ ឬ​អាហារ​ពេលល្ងាច លោកស្រី​តែងតែ​ទទួលទាន​ស្រាក្រហម ជាប្រចាំ​តែញ៉ាំតិចៗ​មិនដល់ថ្នាក់​ស្រវឹងទេ។ ព្រោះ​លោកស្រី​យល់ថា​ការញ៉ាំស្រា​ក្រហម​អាចជួយ​រំលាយ​ជាតិខ្លាញ់ ដែល​មានក្នុង​រាងកាយ ព្រមទាំង​ជួយ​សម្រួល​សរសៃ​ឈាម​ទៀតផង។ ក្រៅពីនេះ​លោកស្រី​តម និង​មិនចូលចិត្ដ​នូវប្រភេទ​អាហារ​មួយចំនួន ដូចជា ប្រហុក ផ្អក ម៉ាំ ទឹកត្រីជាដើម។ ប៉ុន្ដែ​មិនមែន​តមមិន​ទទួលទាន​ដាច់់ខាត​នោះទេ មានពេលខ្លះ​ដែលមិន​អាច​ចៀសបាន លោកស្រី​ក៏អាច​ទទួល​ទានដែរ។ ម្យ៉ាងទៀត ដោយសារ​លោកស្រី​ធ្លាប់​មានបញ្ហា​ជាមួយ​ពពួក​បន្លែមិន​មាន​អនាម័យ ដែល​បណ្ដាល​ឱ្យ​លោកស្រី​មានជម្ងឺ​គ្រុនពោះវៀន នោះ​ទើប​លោកស្រី​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការបរិភោគ​បន្លែ លើកលែង​តែលោកស្រី​បានសម្អាត​ដោយ​ផ្ទាល់ដៃ។ លោកស្រី បាន​បញ្ចាក់ថា​ដោយសារ​តែការ​ប្រយ័ត្ន​ប្រយែង​នេះហើយ ទើប​លោកស្រី​កម្រ​នឹង​មានជម្ងឺ​ណាស់។ លោកស្រី​ចូលចិត្ដ​ទទួល​ទានបន្លែ និង​ផ្លែឈើ​ដែលសម្បូរ​ដោយ​វីតាមីនអឺ សារធាតុ​កាល់ស្យូម ព្រម​ជាមួយ​សារធាតុ​បំប៉នផ្សេងៗ​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​សុខភាពរាង កាយ និង​រូបសម្រស់​របស់​លោកស្រី​ជាជាង​ការប្រើ​គ្រឿង​សម្អាង។ លោកស្រី​ជ្រើសរើស​យកការ​រាំរែក និង​ការហែលទឹក​ជាកីទ្បា​ប្រចាំកាយ ព្រោះ​លោកស្រី​យល់ថា​ការរាំរែក​មិនត្រឹម​តែធ្វើឱ្យ​លោកស្រី​សប្បាយ​ប៉ុណ្ណោះទេ ថែមទាំង​អាចជួយ​បញ្ចេញ​ញើស​ជាមួយ​នឹងសារធាតុ​ពុលចេញពី​ក្នុងខ្លួន​បានយ៉ាងល្អ ដូចជា​ការហាត់ ប្រាណ​ដូច្នេះ​ដែរ។ ក្រៅពីនេះ ពេលទំនេរ​លោកស្រី​មានទម្លាប់​អានសៀវភៅ និពន្ធរឿង និពន្ធ​ចម្រៀង ឬ​ក៏ស្ដាប់​បទភ្លេង​មនោស​ញ្ចេត នាពី​ជំនាន់​ដើម។ ទោះបីជា​លោកស្រី​មានការ​រវល់ច្រើនក្ដី ក៏លោកស្រី​មិនដែល​បំភ្លេច​ការ​បំពេញ​តួនាទី​ជាស្ដ្រី​មេផ្ទះដែរ លោកស្រី អាចធ្វើ​ម្ហូបជា​ច្រើន​ប្រភេទ ដូចជា​ម្ហូបខ្មែរ បារាំង ចិន ថៃ ជប៉ុន​ជាដើម។

បណ្ដាំផ្ញើរបស់ ឌី សាវ៉េត

លោកស្រី​បានផ្ដាំផ្ញើ​ដល់ស្ដ្រីខ្មែរ​ទាំងអស់ សូម​យកចិត្ដ​ទុកដាក់​លើការ​ថែរក្សា​សម្រស់ និង​សុខភាព​តាម​បែបធម្ម​ជាតិ​វិញ។ វាប្រសើរ​ជាងការ​ប្រើប្រាស់ថ្នាំ និង​គ្រឿង​សម្អាង​ដែលពោរ​ពេញ​ទៅដោយ​សារធាតុ​គីមី ជាពិសេស​ត្រូវកំណត់​របប​ទទួលទាន​ឱ្យបាន ត្រឹមត្រូវ​ទៀតផងដែរ។

សប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ឌី សាវ៉េត
  • អាយុ ៖ ៦៣ឆ្នាំ
  • អាជីព ៖ តារាភាពយន្ដ និពន្ធរឿង និពន្ធចម្រៀង គ្រូបង្ហាត់សិល្បៈ
  • ស្ថានភាពគ្រួសារ ៖ មានកូន៣នាក់ (កូនចិញ្ចឹមម្នាក់)
  • ឪពុកឈ្មោះ ៖ ឌី ណយ
  • ម្ដាយឈ្មោះ ៖ នាង សារឹម

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *