មាតាមួយចំនួនដែលជាអ្នកថែរក្សាកុមារឬទារក តែងតែជួបប្រទះនូវជម្ងឺកើតមានលើស្បែកទារកជានិច្ច ជាពិសេសនោះ បញ្ហាស្បែកឡើងក្រហម ឬកន្ទួលរមាស់ផងដែរ។ ប៉ុន្ដែឪពុកម្ដាយជាទូទៅតែងតែគិតថា ជាបញ្ហាធម្មតាតែប៉ុណ្ណោះ ព្រោះបញ្ហា ស្បែកឡើងកន្ទួលក្រហមនេះតែងកើតមានជាញឹកញាប់ទៅលើកុមារ។ ដោយឡែកសម្រាប់ផ្នែកវេជ្ជសាស្ដ្រវិញបញ្ហាមានឡើង ក្រហមកន្ទួលលើស្បែកនេះ អាចមានបញ្ហាប្រឈមមុខនឹងជម្ងឺជាច្រើន រហូតអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យ កុមារជាតិ ធ្វើការបកស្រាយអំពីបញ្ហានេះដូចខាងក្រោម។
បញ្ហាឡើងក្រហមកន្ទួលលើស្បែកកុមារជាអ្វី?
បញ្ហាឡើងក្រហមកន្ទួលលើស្បែកកុមារ គឺជាប្រតិកម្មមួយរបស់ស្បែក។ វាមានកត្ដាច្រើនយ៉ាងដែលបានជំរុញឱ្យមានបញ្ហា នេះ ដូចជាប្រតិកម្មជាមួយថ្នាំពេទ្យ ជម្ងឺឆ្លង ឬប្រតិកម្មអាលែកហ្ស៊ីជាមួយសារធាតុផ្សេងៗ។
មូលហេតុបណ្ដាលឱ្យមានក្រហមកន្ទួលលើស្បែកកុមារ
ការឡើងក្រហមកន្ទួលលើស្បែកកុមារភាគច្រើនបណ្ដាលមកពីវីរុស។ តែប្រសិនបើវាបង្កឡើងដោយសារវីរុសនោះ វាមិន ធ្វើឱ្យគ្រោះថ្នាក់ដល់ក្មេងឡើយ ហើយបាត់ទៅវិញទៅតាមពេលវេលាដោយពុំចាំបាច់ព្យាបាលឡើយ។ ក៏ប៉ុន្ដែមូលហេតុដែលកើតមាន លើស្បែកក្មេងខ្លះ អាចជាជម្ងឺធ្ងន់ធ្ងរ ឬអាចគំរាមកំហែងដល់អាយុជីវិតផងដែរ។ ក្នុងនាមជាមាតាបិតា ឬអាណាព្យាបាល លោកអ្នកគួរស្គាល់ និងយល់ដឹងអំពីឡើងក្រហមទាំងនេះ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលទាក់ទងទៅនឹងជម្ងឺឆ្លង។
១ - ជម្ងឺឆ្លងមិនសូវធ្ងន់ធ្ងរ
- អុតស្វាយ : រោគសញ្ញាលេចឡើងរយៈពេល១០-២០ថ្ងៃ ក្រោយប៉ះពាល់មេរោគ។ ជម្ងឺនេះមានវ៉ាក់សាំងការពារ។
- កញ្ជ្រឹល : មានវ៉ាក់សាំងការពារ
- ស្អូច : មានវ៉ាក់សាំងការពារ
- អុតក្ដាម : មានលើបំពង់ក លើកលែងបាតដៃបាតជើង
- ជម្ងឺទី៥ : ថ្ពាល់ក្រហម
២ - ការឡើងក្រហមស្បែកដែលគំរាមកំហែងអាយុជីវិត
- មើលទៅកុមារមានអាការធ្ងន់ធ្ងរ កុមារមិនលេងសើច មិនទទួលទានអាហារផ្សេងៗ មិនដេក ដេកសន្លឹម ប្រកាច់ឬ សន្លប់ មិននោម។ ប្រសិនបើមាតាបិតាឃើញកូនរបស់ខ្លួនមានអាការបែបនេះ ត្រូវរួសរាន់ប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បី ឱ្យគ្រូពេទ្យជំនាញធ្វើការវិនិច្ឆ័យទៅលើរោគសញ្ញាដែលបានស្ដែងឡើងនៅលើស្បែក។
- ម្យ៉ាងទៀតប្រសិនបើកូនចៅលោកអ្នកមានអាការក្ដៅ និងមានលេចគ្រាប់ឈាមនៅលើស្បែក“ចំណុចតូចៗមិនបាត់នៅ ពេលសង្កត់” បញ្ហានេះកុមារអាចបណ្ដាលឱ្យមានគ្រោះជាមិនខានឡើយ។
៣ – ការឡើងក្រហមស្បែកដោយសារផ្សិត និងប៉ារ៉ាស៊ីត
- ជម្ងឺកមរមាស់“មេក្របី”
- ស្រែង
– ជម្ងឺផ្សិតក្រហមជើងឬរមាស់
៤ - ការឡើងក្រហមស្បែកទៅលើទារកអាយុក្រោម១ខែ
- ជម្ងឺខ្លះអាចបង្កឱ្យមានចំណុចតូចៗពណ៌ស ឬលឿងនៅលើមុខ ជាពិសេសច្រមុះ។
- ព្យាបាលជាសះស្បើយយ៉ាងងាយស្រួលដោយគ្រូពេទ្យ
- ជម្ងឺមុនលើទារកជាដោយខ្លួនឯង
- ការឡើងក្រហមដោយមេរោគផ្សិតត្រង់តំបន់ស្លៀកខោទឹកនោម អាចព្យាបាលជា។
– ការឡើងក្រហមដោយសារខោទឹកនោម។
ដំបូន្មានអ្នកជំនាញ
មាតាបិតាឬអាណាព្យាបាលគ្រប់រូបគួរយកចិត្ដទុកដាក់ថែរក្សាកូនចៅឱ្យបានល្អ។ ជាពិសេសបញ្ហារលាកស្បែកឡើង ក្រហមកន្ទួល។ ប្រសិនបើទារកឬកុមារជួបបញ្ហានេះ ត្រូវតែរួសរាន់ប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលទៅលើរោគ សញ្ញាដែលបានស្ដែងឡើង។ ព្រោះបញ្ហាចេញនៅលើស្បែកនេះអាចបណ្ដាលមកពីវីរុសឬជម្ងឺផ្សេងៗ ដែលលោកអ្នកមិនអាចដឹងបាន មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះទើបដឹងថា ក្មេងនេះមានជម្ងឺអ្វីឱ្យពិតប្រាកដ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply