“ស្នេហាមួយ” ជាភាពយន្ដដំបូងបំផុតដែលបានសាងកេរ្ដិ៍ឈ្មោះឱ្យតារារូបសង្ហា យុត្ថារ៉ា ឆាន្នី ក្លាយជាទីចាប់អារម្មណ៍របស់ អ្នកស្នេហាវិស័យភាពយន្ដខ្មែរ។ ទេពកោសល្យសម្ដែង និងភាពស្រស់សង្ហាធ្វើឱ្យលោកជាប់ជាតារាជួរមុខ និងទទួលបាននូវការគាំទ្រ ។ រហូតមកដល់បច្ចុប្បន្ននេះ លោកនៅតែបន្ដរក្សាបានតំណែងជាតារាឯក និងមានភាពល្បីល្បាញកាន់តែខ្លាំងឡើងថែមទៀត។ អ្វី ដែលសំខាន់ជាងគេ គឺលោកនៅតែរក្សាបាននូវភាពស្រស់សង្ហាមិនចាញ់តារាថ្មីស្រករក្រោយឡើយ។ ចង់ដឹងថាតើលោក យុត្ថារ៉ា ឆាន្នី មានអាថ៌កំបាំងថែរក្សាសម្រស់ និងសុខភាពយ៉ាងណា សូមតាមដានការស្រាយបំភ្លឺរបស់លោកជាមួយទស្សនាវដ្ដី សុខភាពយើង។
ការថែរក្សាស្បែកមុខ
ក្នុងឋានៈជាតារាភាពយន្ដ ត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃរៀងរាល់ពេលចេញទៅសម្ដែង និងការផាត់ម្សៅតុបតែងដែលងាយនឹងធ្វើឱ្យស្បែកមុខខូច។ ដើម្បីបញ្ចៀសរាល់បញ្ហាទាំងនេះ លោកបានជ្រើសរើសយកផលិតផលជំនួយឬការពារស្បែកមុខលាបនៅ ពេលចេញក្រៅផ្ទះ ឬមុនប្រើម្សៅតុបតែងពេលសម្ដែង។ ចប់ការសម្ដែង លោកតែងយកផលិតផលទឹកម្យ៉ាងជ្រលក់នឹងសំឡី រួចជូត សម្អាតផ្ទៃមុខ។ ក្រោយពេលមកដល់ផ្ទះ ក៏បន្ដលុបលាងមុខនឹងសាប៊ូដើម្បីកម្ចាត់ជាតិម្សៅ បំបាត់ស្នាម និងជាតិខ្លាញ់ពីស្បែកមុខ។ សម្រាប់ពេលយប់ លោកឆាន្នីក៏មានប្រើនូវផលិតផលជំនួយស្បែកមុខបន្ថែមទៀតផងដែរ។
ការថែរក្សាស្បែកខ្លួន
តាមលក្ខណៈធម្មជាតិ លោកមិនដែលគិតថាចង់ឱ្យស្បែកស តែក៏មិនបណ្ដោយឱ្យខ្មៅពេកដែរ។ ការសម្អាតខ្លួនជាប្រចាំ ជា រឿងធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្ដែក្នុងនាមជាតារាសម្ដែងរមែងទទួលរងនូវពន្លឺថ្ងៃ។ ដូចនេះលោកត្រូវការការពារដោយជ្រើស រើសផលិតផលលាបការពារនៅពេលថ្ងៃ និងមួយប្រភេទទៀតលាបនៅពេលយប់ដើម្បីជំនួយស្បែក។
ការថែរក្សាក្លិនខ្លួន
លោកអ្នកប្រហែលជាមានការចាប់អារម្មណ៍ចំពោះបញ្ហានេះ ព្រោះជារឿងសំខាន់ដែលមនុស្សគួរតែមានការការពារ។ ញើសធ្វើឱ្យមានក្លិនមិនល្អលើខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ លោកឆាន្នីបានជ្រើសរើសវិធីសម្អាតខ្លួនដោយសាប៊ូឱ្យស្អាត និងប្រើផលិត ផលបាញ់លើខ្លួនដែលមានក្លិនក្រអូប២៤ម៉ោង។
ការថែរក្សាសក់
ទោះបីលោកជាតារាភាពយន្ដល្បីល្បាញ ចំពោះបញ្ហាការថែរក្សាសក់ក៏មិនខុសអ្វីពីមនុស្សទូទៅឡើយ។ ព្រោះលោកមិន បានចាប់អារម្មណ៍លើខ្លួនឯងថាត្រូវតែថែរក្សាសក់ឱ្យបានស្រស់ស្អាតអ្វីនោះទេ។ ប៉ុន្ដែលោកបានជ្រើសរើសផលិតផលពីរប្រភេទសម្រាប់កក់សក់ និងលាងបន្ទន់សក់។ ម្យ៉ាងទៀតពេលចេញក្រៅ ឬចេញទៅសម្ដែង លោកបានប្រើផលិតផលលាបសក់ឱ្យទន់ និងភ្លឺរលោង តែប៉ុណ្ណោះ។
សុខភាពមាត់ធ្មេញ
ក្លិនមាត់មិនល្អអាចបណ្ដាលមកពីបញ្ហាក្រពះ ឬពោះវៀន ដូចនេះលោកតែងតែមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ ចំ ពោះការសម្អាតធ្មេញ លោកធ្វើជាប្រចាំយ៉ាងតិច៣ដងក្នុងមួយថ្ងៃ ជាពិសេសក្រោយពេលទទួលទានអាហារ និងមុនពេលចេញទៅ សម្ដែង។ បន្ថែមពីលើនោះ ក៏មានប្រើផលិតផលទឹកខ្ពុរមាត់ ដើម្បីសម្អាតកាកសំណល់ដែលជាប់នឹងធ្មេញ។ ពេលខ្លះលោកទំពារស្ករ កៅស៊ូជំនួយក្នុងការបំបាត់ក្លិនមាត់ផងដែរ។ ជាញឹកញាប់ លោកតែងតែទៅគ្លីនិកធ្មេញដើម្បីធ្វើការពិនិត្យ ព្យាបាលធ្មេញ និងពិគ្រោះ យោបល់ជាមួយទន្ដបណ្ឌិតជំនាញក្នុងការថែរក្សាធ្មេញ និងក្លិនមាត់។
ការថែរក្សាភ្នែក
រាល់ការចេញសម្ដែង ភ្នែកតែងតែទទួលរងនូវពន្លឺ ឬកម្ដៅពីព្រះអាទិត្យ។ ដើម្បីការពារភ្នែកពីកម្ដៅថ្ងៃ លោកបានជ្រើស រើសការពាក់វ៉ែនតាពណ៌ខ្មៅ និងទឹកថ្នាំលាងភ្នែក។ ពេលថ្មីៗនេះ លោកបានប្រើប្រាស់នូវវ៉ែនតាសម្រាប់ការពារកម្ដៅ ឬពន្លឺថ្ងៃផង និងធ្វើចំណាំងផ្លាតផង។
ការទទួលទានចំណីអាហារ
ដោយមានភាពមមាញឹកច្រើនក្នុងការសម្ដែង ធ្វើឱ្យលោកទទួលទានចំណីអាហារមិនទៀងទាត់ពេលវេលាឡើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏លោកមានទម្លាប់ទទួលទានច្បាស់លាស់ដែរ លោកទទួលទានសាច់ត្រី៩០%។ ព្រោះលោកយល់ថាត្រីសម្បូរទៅ ដោយប្រូតេអ៊ីនមិនអាចធ្វើឱ្យធាត់ និងក៏ជាចំណូលចិត្ដរបស់លោកផងដែរ។
ការទទួលទានដំណេក
ការសម្ដែងមិនត្រឹមតែធ្វើឱ្យការទទួលទានអាហារមិនទៀងទាត់នោះទេ ការទទួលទានដំណេកក៏មិនបានគ្រប់គ្រាន់ និងមិន ទៀងទាត់ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏លោកមានទម្លាប់ទទួលទានដំណេកឱ្យបានពី៥ទៅ៨ម៉ោង ដោយមិនគិតថាជាពេលវេលា ណាមួយនោះឡើយ។ ពេលខ្លះលោកទទួលទានដំណេកនៅពេលទំនេរដើម្បីសងបង្គ្រប់ ធ្វើបែបនេះប្រយោជន៍ឱ្យមានសុខភាពល្អ និង មានអារម្មណ៍ជ្រះថ្លា។
ការហាត់កីឡា
ការហាត់កីឡាផ្ដល់នូវគុណសម្បត្ដិច្រើនប្រការ ក្រៅពីធ្វើឱ្យមានសុខភាពល្អ ក៏អាចធ្វើឱ្យមានរូបរាងស្រស់ស្អាតថែមទៀត ផង។ លោកឆាន្នីជ្រើសរើសកីឡា ដូចជាហែលទឹក រត់លើម៉ាស៊ីន វាយប៉េងប៉ុងជាដើម។ ប៉ុន្ដែប្រភេទកីឡាដែលលោកចូលចិត្ដជាងគេ គឺការលើកដុំដែកដើម្បីមានសាច់ដុំដើមទ្រូង និងដៃ។
បណ្ដាំផ្ញើរបស់យុត្ថារ៉ា ឆាន្នី
ស្រស់ស្អាតមិនអាស្រ័យលើមានរូបរាងស្រស់សង្ហានោះទេ ប្រការសំខាន់ គឺត្រូវមានសុខភាពល្អរាងកាយមាំមួន។ ដូចនេះ សូមលោកអ្នកថែរក្សាសុខភាពឱ្យបានល្អ ដោយទទួលទានអាហារគ្រប់គ្រាន់ និងមានអនាម័យ។ ការហាត់កីឡាក៏អាចជួយឱ្យលោក អ្នកមានកាយសម្បទារឹងមាំផងដែរ។ ប្រការសំខាន់ សូមកុំសេពគ្រឿងស្រវឹង គ្រឿងញៀនជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខ ភាពរាងកាយ និងបាត់បង់អនាគតថែមទៀតផង។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះពិត ៖ ព្រាប នី
- ឈ្មោះក្នុងសិល្បៈ ៖ យុត្ថារ៉ា ឆាន្នី
- អាយុ ៖ ៣៤ឆ្នាំ
- កម្ពស់ ៖ ១,៧៩ ម៉ែត្រ
- ទម្ងន់ ៖ ៧៤គីឡូក្រាម
- ចាប់អាជីពការងារ ៖ ១៩៩០
- អាជីព ៖ តារាសម្ដែង
- ស្ថានភាពគ្រួសារ ៖ រៀបការរួច
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply