សុដន់ដែលមានសភាពហើមក្រហម និងមានការឈឺចុកចាប់ នោះគឺជារោគសញ្ញាដែលអាចបញ្ជាក់ថាមិត្ដនារីអាចកើតមានជម្ងឺបូសដោះ។ ជម្ងឺបូសដោះនេះបានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ស្ដ្រីដែលជាអ្នកជម្ងឺ ដូចជាធ្វើឱ្យខូចក្រពេញទឹកដោះដែលបណ្ដាលឱ្យមានភាពមិនប្រក្រតីនៅក្នុងការផលិតទឹកដោះ។ នៅពេលបំបៅកូននឹងអាចធ្វើឱ្យខូចសោភ័ណភាព និងទ្រង់ ទ្រាយរបស់សុដន់ជាដើម។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ជាមួយ គ្នានេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា ស.ណ រស់នៅទីក្រុងភ្នំពេញ អាយុ២៤ឆ្នាំ។ កញ្ញាបានរៀបរាប់អំពីផលលំបាក នៃជម្ងឺបូសដោះ ដើម្បីឱ្យមិត្ដអ្នកអានបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
កញ្ញា ស.ណ បានរៀបរាប់ឱ្យដឹងថា កញ្ញាមិនដឹងថាកញ្ញាកើតមានជម្ងឺនេះតាំងពីពេលណានោះទេ។ កាលពីដើមឆ្នាំ២០០៨ កញ្ញាមានអារម្មណ៍ថាមានការឈឺចុកចាប់បន្ដិចបន្ដួចនៅនឹងសុដន់ ហើយកញ្ញាក៏បានពិនិត្យមើលឃើញមានសភាពហើម និងក្រហមនៅកន្លែងដែលឈឺនោះ។ នៅពេលនោះកញ្ញាភ័យណាស់ក៏យករឿងនេះទៅប្រាប់ម្ដាយរបស់កញ្ញា។ ម្ដាយរបស់កញ្ញា ស.ណ ក៏បានយកប្រទាលកន្ទុយក្រពើមកបិទពីលើស្នាមក្រហមនោះ។ អាការៈនេះនៅតែមិនធូរស្បើយឡើយ ដោយកញ្ញាចេះតែមានការឈឺ ចុកចាប់ខ្លាំងទៅៗ និងក្ដៅថែមទៀតផង។ ដោយសារតែឪពុករបស់កញ្ញាជាពេទ្យស្រាប់ លោកក៏បានធ្វើការពិនិត្យទើបដឹងថាកញ្ញា កើតមានជម្ងឺបូសដោះ ហើយក៏បានធ្វើការវះកាត់បើកមុខបូសចេញ។ ការធ្វើការវះកាត់នេះគឺមិនបានប្រើថ្នាំស្ពឹកនោះទេ ដែលជាហេតុ ធ្វើឱ្យកញ្ញាមានការឈឺចុកចាប់យ៉ាងខ្លាំង។ នៅពេលដែលវះកាត់ហើយ ឪពុករបស់កញ្ញា ស.ណ បានឱ្យកញ្ញាទទួលទានថ្នាំតាមធម្មតា។ មិនយូរប៉ុន្មានកញ្ញាក៏បានជាសះស្បើយឡើងវិញ។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ពព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថាចំពោះជម្ងឺបូសដោះស្ដ្រីជាទូទៅមិនអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាននោះទេ គឺត្រូវមកជួបជាមួយ គ្រូពេទ្យដែលមានជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើការព្យាបាល។ ជម្ងឺបូសដោះស្ដ្រីគឺជាជម្ងឺមួយប្រភេទដែលមានការគុំខ្ទុះនៅក្នុងសុដន់ ដែលបណ្ដាលមកពីការឆ្លងរោគផ្សេងៗ ឬបណ្ដាលមកពីការមានរបួសស្នាមនៅនឹងសុដន់ ដែលកើតឡើងដោយប្រការណាមួយ។ សម្រាប់ស្ដ្រីគ្រប់រូបបើសិនជាមានអាការៈមិនស្រួលដូចដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់មកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យ អ្នកជំនាញពិនិត្យ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរដែលពិបាកនៅក្នុងការព្យាបាល។ ដើម្បីការពារកុំឱ្យកើតមានជម្ងឺនេះ ស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតសុដន់ឱ្យបានស្អាតល្អ ជាពិសេសចំពោះសម្លៀកបំពាក់ខាងក្នុង ត្រូវតែឧស្សាហ៍ផ្លាស់ប្ដូរ ហើយនៅពេលដែលធ្វើការបោកសម្អាតត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃជានិច្ច ដើម្បីការពារកុំឱ្យឆ្លងមេរោគ ផ្សេងៗ ជាហេតុដែលបង្កឱ្យកើតមានជម្ងឺនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply