ស្ទីម ជារបៀបថែរក្សាសម្រស់បែបសម័យថ្មីដែលមានការពេញនិយមទាំងបុរសទាំងស្ដ្រី ជាពិសេសលោកអ្នកដែលចង់ឱ្យ ស្បែកមានសម្រស់រលោងស្រស់ថ្លា។ បើស្បែកលោកអ្នកមានភាពរលោងស្អាតផូរផង ពិតជាទាក់ទាញអារម្មណ៍អ្នកផងឱ្យក្រឡេកចក្ខុ តាមគយគន់លោកអ្នកមិនខានឡើយ។ ស្ទីមស្បែកខ្លួនអាចជួយលោកអ្នកបាន។
ដើម្បីរួមចំណែកក្នុងការជួយលើកសម្រស់ស្បែករាងកាយរបស់សុភាពនារី និងសុភាពបុរសទាំងឡាយ ទស្សនាវដ្ដី សុខភាព យើង បានជួបសម្ភាសន៍ជាមួយលោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្ស ថបស្ដៃយ៍។
ស្ទីម ជាអ្វី?
ស្ទីម គឺជាការបាញ់ចំហាយទឹកលើសព៌ាង្គកាយដើម្បីពង្រីក និងបង្ហើបរន្ធញើសឱ្យរីកធំងាយស្រួលឱ្យជាតិថ្នាំដែលខាត់នៅ លើស្បែកជ្រាបចូលបានល្អ។ ស្ទីមជួយធ្វើឱ្យស្បែកមានសភាពទន់រលោង សផូរផង់ និងមានសំណើម។ ស្ទីម សូណា និងឆ្ពុង វិធីទាំងបី មិនដូចគ្នាទាំងស្រុងនោះទេ។ សូណា គឺជារបៀបនៃការធ្វើបែបស្ងួត ដោយដាក់ទឹកអំបិលចូលទៅក្នុងចង្ក្រានដើម្បីឱ្យចំហាយអំបិល សាយភាយពេញដងខ្លួន។ រីឯឆ្ពុង ឬចំហុយវិញ គឺជាការដាក់ជាតិថ្នាំទៅក្នុងទូចំហុយ។ ចំណែកស្ទីមប្រើដោយចំហាយទឹកបាញ់ទៅលើ ដងខ្លួន។
របៀបស្ទីមខ្លួន
ឧបករណ៍សម្រាប់ស្ទីមមានពីរប្រភេទ គឺម៉ាស៊ីនបាញ់ចំហាយទឹកត្រជាក់ និងម៉ាស៊ីនបាញ់ចំហាយទឹកក្ដៅ មុននឹងចូលស្ទីមចាំ បាច់ត្រូវតែសម្អាតរាងកាយជាមុនសិន បន្ទាប់មកទើបលាបថ្នាំសម្រាប់ជំនួយស្បែកដែលមាន ដូចជាទឹកដោះគោគ្រើម ម្សៅល្មៀត ទឹក ដោះគោបំប៉នស្បែកជាដើម និងទឹកក្រូចពោធិ៍សាត់ដើម្បីឱ្យមានភាពរលោងនៅលើស្បែក និងមានសំណើម។ ចំពោះផលិតផលទាំង នេះ ត្រូវដាក់់មួយមុខៗចំនួនបីស្លាបព្រាបាយ លាយចូលគ្នាឱ្យបានសព្វ បន្ទាប់មកយកទឹកក្រូចពោធិ៍សាត់មួយផ្លែមកលាយជាមួយ។ ការលាយផលិតផលមិនកំណត់ត្រូវតែដាក់បីស្លាបព្រារហូតនោះទេ អាចតិច ឬច្រើនជាងនេះទៅតាមមាឌរបស់មនុស្សម្នាក់ៗ បើសិន ជាមនុស្សមាឌធំត្រូវដាក់៤ឬ៥ស្លាបព្រាក្នុងមួយមុខៗ។ បន្ទាប់មកទៀតត្រូវយកផលិតផលដែលលាយរួចយកមកខាត់ឱ្យពេញដងខ្លួន ទុកចោលរយៈពេល១៥នាទី។ រួចហើយត្រូវយកម៉ាស៊ីនស្ទីមទាំងពីរ ទាំងម៉ាស៊ីនក្ដៅ និងម៉ាស៊ីនត្រជាក់មកដាក់ទន្ទឹមគ្នា ហើយបាញ់ចំ ហាយទឹកទៅលើដងខ្លួនព្រមគ្នា ដើម្បីឱ្យជាតិថ្នាំដែលលាបនោះជ្រាបចូលទៅក្នុងស្បែកបានល្អ។
ផលិតផលទាំងបីមានគុណប្រយោជន៍ទៅតាមផ្នែកនីមួយៗ ដូចជាទឹកដោះគោគ្រើមមាននាទីបំបាត់ស្នាមនៅលើស្បែក ម្សៅល្មៀតជួយធ្វើឱ្យស្បែកម៉ដ្ឋ និងទឹកដោះគោជួយធ្វើឱ្យស្បែកទន់រលោងមានសំណើម។
គុណប្រយោជន៍នៃការស្ទីមខ្លួន
ស្ទីមមានគុណប្រយោជន៍ ដូចជាធ្វើឱ្យស្បែកស្អាត ទន់រលោង សម៉ដ្ឋខៃជាដើម ជាពិសេសសម្រាប់អ្នកដែលមានស្បែកខ្មៅ ស្រអាប់ ឬស្បែកគ្រើមជ្រីវជ្រួញ។ ស្ទីមអាចជួយឱ្យស្បែកមានភាពស្រស់ស្អាតបំបាត់ស្លាកស្នាមបានមួយចំនួន។ ជាងនេះទៅទៀត ស្ទីមជួយធ្វើឱ្យសរសៃក្នុងខ្លួនមានដំណើរការស្រួល មានអារម្មណ៍ថាស្រួលខ្លួន និងស្រស់ថ្លា។
របៀបថែរក្សាក្រោយពីការស្ទីមខ្លួន
បន្ទាប់ពីស្ទីម លោកអ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃជាប្រចាំ និងជ្រើសរើសសាប៊ូដុសខ្លួនដែលមានសារជាតិបំប៉នស្បែក។ សម្រាប់អ្នកស្បែកខ្មៅ ស្ងួត និងប្រេះស្រកា អាចលាបប្រេងដើម្បីឱ្យស្បែកមានសំណើម និងភ្លឺរលោង។ បើចៀសវាងបានសូមកុំឱ្យ ត្រូវកម្ដៅថ្ងៃខ្លាំង ប្រសិនបើមិនអាចចៀសបាន សូមពាក់អាវដៃវែង ឬពាក់មួកការពារឱ្យបានជិតល្អ។
ដំបូន្មានអ្នកជំនាញ
ដើម្បីឱ្យរាងកាយលោកអ្នកនៅមានភាពស្រស់ស្អាតជាប់ជានិច្ចនោះ គួរតែជ្រើសរើសយកវិធីណាមួយដែលល្អ ឬសក្ដិសម ដោយសាកសួរយោបល់ពីអ្នកជំនាញពិតប្រាកដ។ សូមសម្អាត និងការពារស្បែករាងកាយឱ្យបានល្អ មិនថាអ្នកណាទេ ចាំបាច់ត្រូវមាន ការថែរក្សាដូចៗគ្នា។ សូមជ្រើសរើសយកផលិតផលណាដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែករបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply