បច្ចុប្បន្ននេះធាត់កំពុងតែរីករាលដាលជាខ្លាំងសម្រាប់សុខភាពសាធារណៈ។ ជម្ងឺធាត់ត្រូវបានគេទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោកចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ លោកអ្នកដែលកើតជម្ងឺធាត់ជ្រុលតែងតែមានការព្រួយបារម្ភ ព្រោះជម្ងឺនេះអាច បង្កឱ្យមានផលលំបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អាយុជីវិតក៏ដូចជារូបរាងផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជម្ងឺទឹកនោមផ្អែម និង ជម្ងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈ ធ្វើការពន្យល់ដើម្បីឱ្យលោកអ្នកបានជ្រាបឱ្យកាន់តែច្បាស់អំពីជម្ងឺធាត់នេះ។
ប្រភេទនៃជម្ងឺធាត់
ជម្ងឺធាត់ត្រូវបានគេបែងចែកចេញជាពីរប្រភេទគឺ :
- ជម្ងឺធាត់ដុះក្បាលពោះដែលគេហៅថាធាត់បែបមនុស្សប្រុស វាមានជាតិខ្លាញ់ច្រើនកកនៅក្បាលពោះ។ លោកអ្នកដែល កើតមានជម្ងឺប្រភេទនេះ ភាគច្រើនអាចកើតមានជម្ងឺរ៉ាំរ៉ៃ ជម្ងឺសរសៃឈាមបេះដូង លើសសម្ពាធឈាម ជម្ងឺទឹកនោមផ្អែម និងមាន កម្រិតជាតិខ្លាញ់ខុសពីប្រក្រតី។
- ចំណែកឯធាត់មួយប្រភេទទៀតគឺគេហៅថាធាត់បែបមនុស្សស្រី មានលក្ខណៈរីកធំនៅផ្នែកត្រឹមចង្កេះចុះមកក្រោម ជាពិសេសចំពោះស្ដ្រី(រីកត្រគាកខាងក្រោយ)។ លោកអ្នកដែលកើតមានជម្ងឺប្រភេទនេះតែងតែមានបញ្ហាទាក់ទងទៅនឹងជម្ងឺសន្លាក់ ដែលបណ្ដាលមកពីការលើសទម្ងន់ជ្រុលពេក តែមិនមានផលប៉ះពាល់ច្រើនដូចជាជម្ងឺធាត់ដុះក្បាលពោះនោះទេ។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺធាត់
ជម្ងឺធាត់ជ្រុលនេះជានិច្ចជាកាលពុំមែនស្ដែងចេញតែពីការទទួលទានចំណីអាហារច្រើន និងកង្វះនូវការបញ្ចេញពលកម្ម ប៉ុណ្ណោះនោះទេ តែវាអាចបង្កមកពីកត្ដាជាច្រើនទៀត ដូចជាកត្ដាអ័រម៉ូន កត្ដាពូជទាក់ទងទៅនឹងហ្សែន ភាពធុញថប់នៅក្នុងអារម្មណ៍ ការប្រើប្រាស់ឱសថមួយចំនួនដែលធ្វើឱ្យធាត់ និងភាពវិវឌ្ឍន៍ទៅរកវ័យចំណាស់ជាដើម។
ផលប៉ះពាល់នៃជម្ងឺធាត់
ជម្ងឺធាត់បង្កផលប៉ះពាល់ជាច្រើន ដែលលោកអ្នកមួយចំនួនកំពុងតែព្រួយបារម្ភជាខ្លាំង ព្រោះជម្ងឺធាត់ធ្វើឱ្យបាត់បង់នូវ សោភ័ណភាពនៃរូបរាង បង្កឱ្យមានជម្ងឺសរសៃឈាមបេះដូង ជម្ងឺលើសឈាម គ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាល ឬក៏ហូរឈាម ក្នុងខួរក្បាល បង្កឱ្យមានជម្ងឺផ្លូវដង្ហើមដែលបណ្ដាលមកពីការកើនឡើងច្រើននៃជាតិខ្លាញ់ បង្កជាជម្ងឺទឹកនោមផ្អែមប្រភេទទីពីរ ជម្ងឺរលាកឆ្អឹងសន្លាក់នៅម្ដុំផ្នែកជង្គង់ ជាពិសេសបង្កជម្ងឺមហារីកស្បូន និងមហារីកសុដន់ ដែលជាជម្ងឺដ៏សាហាវអាចបណ្ដាលឱ្យអ្នក ជម្ងឺបាត់បង់ជីវិត។
វិធីការពារកុំឱ្យកើតមានជម្ងឺធាត់
ដើម្បីការពារកុំឱ្យកើតមានជម្ងឺធាត់ លោកអ្នកត្រូវតែធ្វើការកំណត់នូវពេលវេលាឱ្យបានច្បាស់លាស់នៅក្នុងការទទួលទាន អាហារ ហើយមិនគួរទទួលទានទៅតាមចិត្ដចង់នោះទេ ជាពិសេសត្រូវចៀសវាងចំពោះអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ជាតិស្ករ អាហារដែលសម្បូរទៅដោយសារជាតិបំប៉ន និងប៊ឺរខ្លាំងពេក ព្រោះអាហារទាំងនេះអាចបង្កឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស អ្វីដែលល្អបំផុតនោះគឺត្រូវធ្វើហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យកើតមានជម្ងឺផ្សេងៗ ជាពិសេសជម្ងឺធាត់។
ដំបូន្មានអ្នកជំនាញ
ធាត់អាចបង្កឱ្យមានការលំបាកសម្រាប់សុខភាព។ ដូចនេះដើម្បីការពារកុំឱ្យកើតមានជម្ងឺធាត់ លោកអ្នកចាំបាច់ត្រូវតែ កំណត់ពេលវេលានៅក្នុងការទទួលទានអាហារ ឧស្សាហ៍ធ្វើលំហាត់ប្រាណ ជាពិសេសសម្រាប់លោកអ្នកដែលធាត់ជ្រុលគួរតែមក ជួបអ្នកជំនាញ ដើម្បីពិភាក្សាស្វែងរកជម្ងឺផ្សេងៗ ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែមជាដើម ចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅថ្ងៃក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply