អំពើហិង្សាជាអំពើមួយដែលសង្គមស្អប់ខ្ពើម និងគួរតែចៀសវាង។ អំពើហិង្សាមានជាច្រើនរូបភាពខុសៗគ្នា មិនមែនកើត ឡើងតែនៅក្នុងផ្ទះប៉ុណ្ណោះទេ។ អ្នកបង្កហិង្សាភាគច្រើនជាអ្នកសេពគ្រឿងស្រវឹង គ្រឿងញៀន និងមួយចំនួនទៀតមានចេតនាតែ ម្ដង។ មិនថាតែអ្នកមាន ឬអ្នកក្រ អ្នកមានការអប់រំ ឬគ្មាននោះទេសុទ្ធតែអាចប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាទាំងអស់។តាមផ្លូវច្បាប់អ្នកដែលប្រព្រឹត្ដិអំពើហិង្សាសុទ្ធតែត្រូវប្រឈមមុខចំពោះការផ្ដន្ទាទោស។
សូមទទួលជ្រាបជាមួយទស្សនាវដ្ដី សុខភាពយើង ស្ដីអំពីមូលហេតុមួយចំនួនដែលនាំឱ្យមានអំពើហិង្សាកើតឡើងតាមរយៈ ការបកស្រាយរបស់លោកស្រី ហោរ ផល្លី នាយិកាអង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។
អំពើហិង្សា ជាអ្វី?
បើនិយាយដល់អំពើហិង្សា ម្នាក់ៗតែងស្រមៃឃើញដល់សកម្មភាពវាយតប់ កាប់ចាក់ បាញ់សម្លាប់គ្នា បែកមុខបែកមាត់ រាងកាយជាំខ្មៅ ហូរឈាម បាក់ដៃជើង សន្លប់ ឬរហូតឈានដល់ការបាត់បង់ជីវិតក៏សឹងមាន។ មិនមែនអំពើទាំងអស់នេះទើបហៅថា អំពើហិង្សានោះទេ។ អំពើហិង្សាមានច្រើនរូបភាព ដូចជាអំពើហិង្សាផ្លូវកាយ ហិង្សាផ្លូវចិត្ដ ហិង្សាផ្លូវភេទជាដើម។ គ្រប់ករណីនៃ អំពើហិង្សាទាំងអស់ភាគច្រើនបំផុតកើតមានលើស្ដ្រីភេទទន់ខ្សោយ និងកុមារ។ ហើយភាគច្រើនភាគីបុរសជាអ្នកប្រព្រឹត្ដិអំពើអមនុស្សធម៌ គួរឱ្យស្អប់ខ្ពើម មានដូចជាវាយដំ ទាត់ធាក់ ប្រមាថមើលងាយ មើលថោកដល់ស្ដ្រី ចាត់ទុកស្ដ្រីជាឧបករណ៍កម្សាន្ដសប្បាយ ប្រើ អំពើហិង្សាគ្រប់បែបយ៉ាងដើម្បីចាប់បង្ខំកុមារី និងស្ដ្រីឱ្យរួមភេទ រហូតដល់ធ្វើឃាតពួកគេយ៉ាងព្រៃផ្សៃបំផុត។
ប្រភេទអំពើហិង្សា
ដោយសីលធម៌សង្គមធ្លាក់ចុះ គេសង្កេតឃើញថាអំពើហិង្សាច្រើនរូបភាពកើតមានឡើង ហើយអ្នកដែលទទួលរងនូវអំពើ ហិង្សាច្រើនជាអ្នករស់នៅតាមទីជនបទ និងអ្នកទទួលការអប់រំតិចតួច ជាពិសេសស្ដ្រី និងកុមារដូចដែលបានរៀបរាប់ជូនខាងលើ។ នៅ ពេលនេះ យើងខ្ញុំសូមលើកយកអំពើហិង្សាបីប្រភេទមកជម្រាបជូនមិត្ដអ្នកអាន។
- អំពើហិង្សាលើផ្លូវកាយ ៖ បុរសភាគច្រើនយល់ថាខ្លួនមានឧត្ដមភាពខ្ពស់ មានប្រៀបលើស្ដ្រីទាំងក្នុងគ្រួសារ និងសង្គម ជាតិ។ នៅក្នុងរង្វង់គ្រួសារ បុរសតាំងខ្លួនជាអ្នកធំ ជាអ្នកមានអំណាចលើប្រពន្ធកូន ទោះបីជាគេមាន ឬគ្មានលទ្ធភាពអាចផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយ។ នៅពេលផឹកស្រវឹង ឬមានកំហឹង បុរសច្រើនប្រើកម្លាំងបាយវាយតប់ទៅលើភរិយាខ្លួនដើម្បីដោះស្រាយបញ្ហា។ ដោយសារខ្មាសអ្នកជិតខាង មិនចង់ឱ្យកូនគ្មានឪពុក មិនចង់ឱ្យមានរឿងវែងឆ្ងាយ និងខ្លាចមិនចង់ឱ្យមានឈ្មោះជាស្រីមេម៉ាយ ទើប ស្ដ្រីស៊ូលេបទុករឿងអាថ៌កំបាំង និងទ្រាំឈឺចាប់ម្នាក់ឯងមិនហ៊ានប្ដឹងសមត្ថកិច្ច មិនហ៊ានប្រឹក្សាជាមួយអ្នកជិតខាងឡើយ។
- អំពើហិង្សាលើផ្លូវចិត្ដ ៖ ជាការដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ឈឺចាប់ដោយសារពាក្យសម្ដី ឬទង្វើណាមួយ។ ការ រំលោភបំពានមើលងាយ បំបិទសិទ្ធិសេរីភាព បំភិតបំភ័យ បញ្ឈឺចិត្ដ ឬធ្វើឱ្យអាម៉ាសមុខ។ ការសម្លុតគំរាមគំហែង បុរសតែងតែ ព្រមានចំពោះស្ដ្រីដោយប្រើអាវុធ ឬចោលពាក្យមើលងាយមិនផ្ដល់តម្លៃឱ្យស្ដ្រី ដូចជាមី ហ្ងែង ហង ពូជមីថោកទាប ពូជមីសំផឹងជាដើម។ ការប្រើពាក្យមិនគួរគប្បីរបស់អ្នកណាម្នាក់ទៅលើនរណាម្នាក់ ដែលធ្វើឱ្យគេឈឺចាប់មិនអាចបំភ្លេចបានអស់មួយជីវិត។ លោក អ្នកប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាដែលគេពោលថា “សម្ដីគាត់មួយម៉ាត់ៗឈឺជាងវាយ ឬដូចគេកាប់នឹងកាំបិត”។
- អំពើហិង្សាលើផ្លូវភេទ ៖ សព្វថ្ងៃនេះកំណើននៃការចាប់រំលោភសេពសន្ថវៈលើក្មេងស្រី កុមារី ដោយប្រើអំពើហិង្សា និង ការលួងលោមដោយវិធីផ្សេងៗតាមគំនិតដ៏លាមករបស់ជនខិលខូចបានកក្រើករំពើកយ៉ាងខ្លាំងដែលជាការមួយមិនអាចអត់ឱនឱ្យបាន។ បុរសដែលចូលចិត្ដសេពសុរា ចូលក្លឹបរាត្រី អាងអំណាចទឹកប្រាក់ ពេលស្រវឹងម្ដងៗភ្នែករបស់គេសម្លឹងឃើញស្ដ្រីភេទហាក់ដូចជាកូន ម្រឹកដ៏តូចមួយ ឬក៏ជាផ្កាដ៏ស្រស់ស្អាតដែលត្រូវកាច់យកមកប្រលែងលេង ហើយគ្រញិចជាន់ឈ្លីតាមអំពើចិត្ដ។ យ៉ាងណាម៉ិញ ស្ដ្រី បម្រើផ្លូវភេទចៀសមិនផុតពីការរំលោភបំពានផ្លូវភេទពីសំណាក់បុរសចិត្ដអប្រិយដែលបង្ខំឱ្យនាងធ្វើតាមក្បាច់ តាមរបៀបដែលនាង មិនអាចប្រកែក ឬប្រឆាំងបាន។ រីឯប្ដីប្រពន្ធក៏ដូច្នោះដែរ បើកាលណាប្រពន្ធមិនឯកភាពក្នុងការរួមដំណេកជាមួយស្វាមីទេ ការចាប់ បង្ខំក៏ជាការរំលោភផ្លូវភេទដែរ។
មូលហេតុអំពើហិង្សា
មានមូលហេតុផ្សេងៗគ្នា និងការយល់ឃើញប្លែកៗគ្នាជាច្រើនដែលសម្ដែងពីមូលហេតុនៃអំពើហិង្សា។
- ភាគច្រើននៃអំពើហិង្សាកើតឡើងដោយការចង់ឈ្នះចង់ចាញ់របស់ភាគីម្ខាងៗ។ ក្រៅពីនោះទំនៀមទម្លាប់របស់ខ្មែរយើងដែលចាត់ទុកបុរសជាមាសសុទ្ធនៅក្នុងគ្រួសារ ក៏ជាកត្ដាជំរុញឱ្យមានអំពើហិង្សាកើតឡើងដែរ។
- មតិភាគច្រើនបានទម្លាក់អំពើហិង្សានេះថាបណ្ដាលមកពីភាពក្រីក្រ និងទទួលបានការអប់រំតិចតួច។ ប៉ុន្ដែតាមពិតមិន មែនបែបនោះទាំងស្រុងទេ ព្រោះថាទោះបីមានការអប់រំ និងមានទ្រព្យសម្បត្ដិដល់កម្រិតណាក៏ដោយ ក៏នៅតែហ៊ានប្រព្រឹត្ដិអំពើហិង្សា ដែរ។ ពេលខ្លះក៏មានករណីប៉ូលីស ឬគ្រូបង្រៀនវាយប្រពន្ធដូចតែគ្នា គឺដោយសារចរិតរបស់មនុស្សតែម្ដង។ មានមនុស្សមួយចំនួនមានជំនឿថាបុរសត្រូវតែគ្រប់គ្រងស្ដ្រី មហិច្ឆិតាគ្មានព្រំដែន អញជាធំ ជាមេគ្រួសារ អ្នករកចំណូលផ្គត់ផ្គង់ជីវភាពជាដើម។ ដូចនេះបុរសទ្រូង ប្រាំហត្ថ គួរតែមានភាពឆេវឆាវ។
- អាពាហ៍ពិពាហ៍កើតឡើងដោយការបង្ខំពីក្រុមគ្រួសារ ដោយមិនទុកឱ្យកូនជាអ្នកសម្រេចចិត្ដ។ ការរស់នៅជាប្ដីប្រពន្ធ មានរយៈពេលយូរអង្វែង ស្ដ្រីជាភរិយាត្រូវពឹងផ្អែកលើប្ដីទាំងស្រុង ភាពទន់ខ្សោយ និងការពឹងផ្អែកនេះធ្វើឱ្យមានការធុញថប់ទាំងស្វាមី និងភរិយា។ ចំពោះភរិយាវិញមិនសូវមានសុភមង្គលទេ វាគួរឱ្យធុញទ្រាន់ណាស់នៅពេលដែលចង់ធ្វើអ្វីមួយ ត្រូវសុំអនុញ្ញាតពីប្ដី។ ចំ ណែកប្ដីក៏ដូចគ្នាដែរ នៅពេលដែលមាននរណាម្នាក់ចាំរស់ដោយសារខ្លួន។ សកម្មភាពទាំងអស់នេះហើយបន្ដិចម្ដងៗ វាធ្វើឱ្យមានភាព រកាំរកូសក្នុងគ្រួសារ ហើយបង្កឱ្យមានអំពើហិង្សាកើតឡើង។
- ស្រា និងថ្នាំញៀនធ្វើឱ្យមនុស្សមួយចំនួនមានការពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយារបស់ខ្លួន។ ពួកគេ អាចប្រើប្រាស់អំពើហិង្សាដើមី្បដោះស្រាយបញ្ហា។
- ម្យ៉ាងទៀតអាចដោយសារប្រទេសយើងបានឆ្លងកាត់សង្គ្រាមរយៈពេលច្រើនឆ្នាំ ទើបប្រែក្លាយចរិតស្លូតបូតរបស់ខ្មែរទៅ ជាឆេវឆាវ ធ្វើយ៉ាងណាឱ្យអ្នកដទៃនៅក្រោមបង្គាប់របស់ខ្លួន។
ដំបូន្មានអ្នកជំនាញ
អំពើហិង្សាដែលលើកមករៀបរាប់ជូនខាងលើនេះ សុទ្ធតែនាំមកនូវក្ដីអន្ដរាយទាំងអស់ ទោះបីជាកើតឡើងដោយហេតុផល ផ្សេងៗគ្នាក៏ដោយ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ។ បុរសគ្រប់រូបគួរពិចារណាឡើងវិញលើបញ្ហានេះ។ បុរសគួរយល់ថាស្ដ្រីមិនមែន ត្រី សាច់ និងបន្លែ ពេលចង់ទទួលទានយកមកកាប់ហាន់ចិញ្ច្រាំចម្អិននោះទេ ហើយស្ដ្រីក៏មិនមែនជាប្រហិតសម្រាប់នៅពេលដែលខឹង វាយដំលើរាងកាយនោះដែរ។ សូមលោកអ្នករង់ចាំអានអំពីវិធីសាស្ដ្រទប់ស្កាត់ដោះស្រាយអំពើហិង្សា និងអំពីឥទ្ធិពលនៃអំពើហិង្សា ជាមួយទស្សនាវដ្ដី សុខភាពយើង នៅលេខក្រោយដោយអនុគ្រោះផងចុះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply