បង្វិលកង គឺជាកីឡាមួយប្រភេទដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែលចូលចិត្ដហាត់កីឡា។ កីឡាបង្វិលកងមានសារៈសំខាន់ធ្វើឱ្យរូបរាងកាយមាំមួន សុខភាពល្អ ជាពិសេសសម្រាប់លោកអ្នកដែលចង់សម្រកទម្ងន់ និងចង់បាន រាងសមសួន។ ប៉ុន្ដែលោកអ្នកមិនអាចហាត់កីឡាបង្វិលកងនេះតាមចិត្ដនឹកឃើញនោះទេ។ លោកអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ មុននឹងហាត់ទើបប្រសើរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោក ហ៊ី ឌីណារិន្ទប្រធានក្លឹបគីងកុង ពីរបៀបនៃការហាត់កីឡាបង្វិល កង និងអត្ថប្រយោជន៍របស់វា សម្រាប់ជួយរាងកាយលោកអ្នកឱ្យបានស្រស់ស្អាត។
បង្វិលកង ជាអ្វី?
កីឡាបង្វិលកង ជាកីឡាអេរ៉ូប៊ិតដោយសំដៅទៅលើការធ្វើចលនាជាប់រហូត និងប្រើរយៈពេលយូរ។ ជាពិសេសកីឡានេះ សក្ដិសមសម្រាប់អ្នកដែលចង់សម្រកខ្លាញ់ និងសម្រកទម្ងន់។
របៀបបង្វិលកង
របៀបនៃការបង្វិលមិនមានការលំបាកទេ។ ពេលដំបូង លោកអ្នកចាប់ផ្ដើមបង្វិលដោយគ្រាន់តែយកកងមួយមកដាក់ពិត នៅនឹងចង្កេះខាងក្រោយ រួចយកដៃទាំងពីរកាន់កងសងខាង ហើយទះកងឱ្យវិល ចង្កេះត្រូវរែងទៅតាមចង្វាក់វិលនៃកង។ សូម ជ្រើសរើសយកកងណាដែលមានទម្ងន់ធ្ងន់បន្ដិច ព្រោះបើកងស្រាលពេក កងងាយជ្រុះធ្លាក់នៅពេលបង្វិល ធ្វើឱ្យចលនាកងរវ៉ៃមក ចង្កេះមិនសូវខ្លាំង។ ជួនកាលអ្នកខ្លះប្រើកងពីរ ឬបីក្នុងពេលតែមួយ ដើម្បីឱ្យចលនាកងរវៃខ្លាំងមិនងាយជ្រុះធ្លាក់។
មនុស្សប្រភេទណាដែលត្រូវហាត់?
បង្វិលកងជាកីឡាដែលធ្វើចលនារវៃជាប់បានយូរ។ អ្នកដែលនិយមហាត់ ភាគច្រើនជាមនុស្សវ័យជំទង់ ពិសេសស្ដ្រីដែល មានរូបរាងធាត់ ក្បាលពោះធំ។ បង្វិលកងនេះហាត់បានចំពោះមនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ គ្រាន់តែមនុស្សចាស់មិន សូវពេញនិយមហាត់ទេ។ ព្រោះត្រូវចំណាយកម្លាំងច្រើនក្នុងការហាត់ ម្យ៉ាងទៀតដោយសារចលនាចង្កេះមិនសូវស្វាហាប់ នៅពេល ហាត់យូរអាចធ្វើឱ្យឈឺសរសៃចង្កេះជាដើម។
ពេលវេលាហាត់បង្វិលកង
សម្រាប់ពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេកជាពេលល្អបំផុត ព្រោះការហាត់ពេលព្រឹកជួយកាត់បន្ថយអាហារពេលល្ងាចដែល នៅសេសសល់ ដែលសម្បូរទៅដោយកាឡូរីខ្ពស់។ សម្រាប់ពេលល្ងាចកីឡាបង្វិលកងអាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានបំពេញការងារពេញមួយថ្ងៃ។ ជាពិសេសជួយបណ្ដេញជាតិពុលនៅក្នុងសព៌ាង្គកាយ និងបន្ថយជាតិខ្លាញ់នៅក្នុងខ្លួនលោក អ្នកបានយ៉ាងល្អ។
ផលប្រយោជន៍របស់កីឡាបង្វិលកង
បង្វិលកងជួយឱ្យរាងកាយលោកអ្នកមានភាពស្រស់ស្អាត ជួយសម្រួលដល់សរសៃចង្កេះ។ ពេលហាត់យូរៗទៅ វាជួយធ្វើឱ្យ ឆេះខ្លាញ់ ឬសម្រួលជាតិខ្លាញ់នៅតាមរាងកាយ និងក្បាលពោះ។ កីឡាបង្វិលកងមានប្រយោជន៍បានអាស្រ័យទៅលើពេលវេលានៃ ការហាត់ សូមប្រើរយៈពេលប្រហែល៣០នាទីក្នុងមួយដង ព្រោះវាអាចជួយធ្វើឱ្យឆេះខ្លាញ់នៅតាមសរសៃពោះ ជួយឱ្យសាច់ក្បាល ពោះមានសភាពទន់។ ប៉ុន្ដែបើលោកអ្នកហាត់តែ១០ទៅ១៥នាទីនោះ វាគ្រាន់តែជួយកម្ដៅសាច់ដុំឱ្យធ្វើចលនាបានស្រួលតែប៉ុណ្ណោះ ។ ការបង្វិលកងជួយសម្រួលឱ្យចលនាបេះដូង និងសរសៃឈាមដើរស្រួលវាសមស្របជាមួយអ្នកដែលមានជម្ងឺលើសឈាម ខ្លាញ់ក្នុង ឈាម ទឹកនោមផ្អែម និងមានបញ្ហាបេះដូង ដែលអាចជួយកាត់បន្ថយបញ្ហាជម្ងឺទាំងអស់នេះបាន។ ពិសេសជួយកាត់បន្ថយជាតិស្ករ ក្នុងឈាមសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម។
ផលរំខានរបស់កីឡាបង្វិលកង
ជាធម្មតា នៅដំណាក់កាលហាត់ដំបូង ទោះកីឡាអ្វីក៏ដោយតែងតែមានផលរំខានខ្លះៗ។ យ៉ាងណាម៉ិញការហាត់បង្វិលកង ពេលលោកអ្នកនាងហាត់ដំបូងមានអាការឈឺសាច់ដុំ ព្រោះសាច់ដុំមិនទាន់សម្របនឹងចលនាបានល្អ។ បើលោកអ្នកព្យាយាមហាត់ធ្វើ ចលនាដដែលច្រើនដង ឬបន្ដិចម្ដងៗ សាច់ដុំរបស់លោកអ្នកអាចស៊ាំនឹងការហាត់ លែងមានផលរំខាន។ ប៉ុន្ដែលោកអ្នកមិនត្រូវហាត់ ទាំងបង្ខំ ព្រោះសាច់ដុំត្រូវការសម្រាក បើហាត់ខ្លាំងពេកហួសកម្លាំងអាចមានផលរំខានដល់រាងកាយ។ ដូច្នេះសូមហាត់មួយថ្ងៃ ឈប់ មួយថ្ងៃ ឬហាត់ពីរថ្ងៃឈប់មួយថ្ងៃ។ ចំពោះពាក្យចចាមអារ៉ាមថាការបង្វិលកងធ្វើឱ្យប៉ះពាល់ដល់ស្បូន តាមពិតមិនមានផលរំខានអ្វីទេ ព្រោះការធ្វើចលនាបង្វិលកងប៉ះពាល់ទៅលើសាច់ដុំខាងក្រៅតែប៉ុណ្ណោះ។
បណ្ដាំផ្ញើអ្នកជំនាញ
ដើម្បីសុខភាពមាំមួន រាងកាយស្រស់ស្អាត លោកអ្នកអាចធ្វើការជ្រើសរើសប្រភេទកីឡាណាក៏បានឱ្យតែសក្ដិសមនឹងលោក អ្នក។ ទោះបីកីឡាអ្វីក៏ដោយ វាជាជម្រើសដ៏ល្អសម្រាប់សុខភាពដែលគួរប្រតិបត្ដិ។ ម្យ៉ាងទៀតដើម្បីឱ្យការហាត់ទទួលជោគជ័យបាន លទ្ធផលល្អ គឺឋិតនៅលើការហាត់ឱ្យបានត្រឹមត្រូវ ឬតាមក្បួនខ្នាតកីឡា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply