វិធីបង្ការ​ជម្ងឺមុន

ថ្វីត្បិតតែ​មុនប្រភេទ​ខ្លះកើតទ្បើង​ដោយឯកឯង​ពិបាក​ទប់ស្កាត់ តែក៏មាន​មុនប្រភេទ​ខ្លះអាច​ការពារ​បាន។ មានវិធី​ងាយៗ ជាច្រើនដែល​អាច​កាត់បន្ថយ ក៏ដូចជា​ទប់ស្កាត់​ការចេញ​មុនលើ​មុខបានដែរ។ ការការពារ​អាចធ្វើ​ទៅបាន​ជោគជ័យ​អាស្រ័យ​ទៅលើ ការប្រតិបត្ដិ​របស់លោកអ្នក​ទាំងស្រុង។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីការ​ចេញផ្សាយ​របស់​ទស្សនាវដ្ដី សុខភាពយើង លេខមុន លោកអ្នក​បានទទួល​ជ្រាបខ្លះៗ​រួចមក​ហើយពី​ជម្ងឺមុន ជាពិសេស​ពីមូលហេតុ​កើតមុន។ សម្រាប់លេខ​នេះ សូមជ្រាបជា​បន្ដទៀតនូវ​ប្រធានបទ​ស្ដីពីវិធី​បង្ការ​ជម្ងឺមុន ដោយការ​ចូលរួម​បកស្រាយ របស់លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធាន​គ្លីនិក​ជាតិសើ​ស្បែក និងកាមរោគ។

វិធីបង្ការ​រោគមុន

មិនមានវិធានការណាមួយ​ដើម្បីបង្ការ​មិនឱ្យ​កើតមុនទេ តែអាច​កាត់បន្ថយនូវ​លទ្ធភាព​វិវឌ្ឍន៍ទៅ​ធ្ងន់ធ្ងរ ឬចំនួនគ្រាប់​មុន ដែល​កើតមាន។ វិធីបង្ការ គឺទប់ស្កាត់ ឬបង្ការទៅ​តាមមូលហេតុ​នីមួយៗ​ដែលនាំឱ្យ​កើតមុន ឬរាលដាល ដោយប្រើ​វិធីមួយ​ចំនួន។

  • គួរលុបលាង​សម្អាតមុខឱ្យ​បានទៀងទាត់ ដោយប្រើ​សាប៊ូលាង​មុខ ឬហ្វូម ដែលសក្ដិសម​សម្រាប់​លោកអ្នក។ ការលាង សម្អាតមុខ គួរតែមាន​កាលវិភាគ​ច្បាស់លាស់ តែមិនគួរ​ប្រើសាប៊ូ ឬហ្វូម​ញឹកញាប់​ពេកទេ ដែលនាំឱ្យ​ស្បែកស្ដើង ឬកាត់បន្ថយ​លទ្ធភាព​វិជ្ជមាននៃ​បាក់តេរី​ដែលមាន​តួនាទី​ការពារ​ស្បែក។
  • ផ្អាកលាបគ្រឿងសម្អាង​ដែលមាន​ប្រតិកម្ម​ជាមួយ​ស្បែក។ បើលោកអ្នក​ទម្លាប់លាប​ម្សៅលាយ គួរតែ​ចៀសវាង​ប្រើ ព្រោះវានាំ​ឱ្យអ្នក​កើតមុន ស្បែក​ជ្រីវជ្រួញ សពេក ឬខ្មៅពេក​ជាដើម។
  • ករណីឡើង​មុនពេល​មករដូវ លោកស្រី​អ្នកនាង​គួរទៅជួប​គ្រូពេទ្យ​ដើម្បីទទួល​ថ្នាំលាប ឬលេបតាម​វេជ្ជបញ្ជា។
  • អាចប្រើវិធី​បូមមុន​ដើម្បីកាត់​បន្ថយខ្លះ តែសូមចាំ​ថាមុនមិន​មែនជា​សះស្បើយ​ទាំងស្រុងទេ ពេលដែល​មិនបាន​យកចិត្ដ ទុកដាក់​ថែទាំ​វាឱ្យបាន​ត្រឹមត្រូវ​ទេនោះ មុនអាច​ងើបរើ​ឡើងវិញ។
  • គួរពាក់មួកដើម្បី​ការពារ​កម្ដៅថ្ងៃ ឬប្រើឡេ​ការពារ​កម្ដៅថ្ងៃ​(ជាពិសេស​ម៉ោង១២​ថ្ងៃត្រង់) ចៀសវាង​ការនៅ​ហាលថ្ងៃ ដែលនាំឱ្យ​បែកញើស នាំឱ្យ​ចេញខ្លាញ់។ បើសិន​ជាមុខ​របស់លោកអ្នក​មិនទាន់​ព្យាបាល​មុនជាទេ យកល្អ​គួរតែសម្រាក​នៅក្នុងផ្ទះ កំឡុងពេល​ដែលព្យាបាល​នោះ។
  • កម្ដៅថ្ងៃស្រទន់​ចាប់ពីម៉ោង​៨ដល់​ម៉ោង១០ អាចនាំឱ្យ​របកផ្នែក​ដែលជា​ឧបសគ្គនៃ​ជាតិខ្លាញ់​ដែលស្ទះ​ចេញក្រៅ​បាន។
  • មិនត្រូវញេច​មុន​ផ្ដេសផ្ដាស ហើយត្រូវ​រក្សាអនាម័យ​ជានិច្ច។ ការញេច​ដោយឧបករណ៍​មិនស្អាត ឬមិនមាន​បច្ចេកទេស អាចនាំឱ្យ​មុនក្លាយ​ទៅជាខ្ទុះ​ដោយសារ​មេរោគ​ខាងក្រៅ ឬមានស្នាម​ជាំខ្មៅៗ ប្រហោងធំ មុខខ្មូត​នៅថ្ងៃក្រោយ ក្នុងករណី​ដែលលោក អ្នកមិន​មានជំនាញ​នៅក្នុងការ​ញេចនោះទេ។
  • សារធាតុវីតាមីនមួយ​ចំនួនដែល​មាននៅ​ក្នុងផ្លែឈើ ក៏អាចជួយ​ការពារការ​កើតមុនដែរ តែមិនគួរ​ដាក់បំពោក​លើមុខញឹក ញាប់ពេក​ទេ ព្រោះវានាំឱ្យ​មុខសខ្លាំង។
  • គួរទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់ ព្រោះជា​ធម្មតាស្បែក​តែងតែ​ផ្លាស់ប្ដូរ​កោសិកា​ទៅតាម​កម្លាំងកាយ​របស់យើង។ បើគេងមិន​បានគ្រប់គ្រាន់ វាអាចបង្កឱ្យ​ស្បែកមាន​បញ្ហាយ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះសូម​ព្យាយាម​ទទួលទាន​ដំណេកឱ្យបាន​៨ម៉ោង​ក្នុងមួយ ថ្ងៃ និងចូលគេង​ឱ្យបានមុន​ម៉ោង១២យប់ កណ្ដាល​អធ្រាត្រ។
  • អារម្មណ៍មិនល្អ ស្ដ្រេស្ស ពិបាក​ចិត្ដខ្លាំង ឬគិតច្រើន អាចធ្វើឱ្យ​មុនដែល​មាននៅលើ​មុខស្រាប់ កាន់តែ​ធ្ងន់ធ្ងរ ព្រោះអ័រ ម៉ូននៅក្នុង​ខ្លួនធ្វើការ​ខុសប្រក្រតី នាំឱ្យមាន​ជាតិខ្លាញ់​ហួសកម្រិត។ ដូច្នេះការ​ដែលធ្វើឱ្យ​អារម្មណ៍​រីករាយ គឺជាថ្នាំ​បង្ការមុន​យ៉ាងល្អ។
  • លោកអ្នក​អាចទៅជួប​អ្នកជំនាញ​ដើម្បីទទួល​ការណែនាំ​ពីរបៀប​ថែរក្សា និងគ្រប់គ្រង​ខ្លួនពីការ​ឡើងមុន រាប់ទាំងការ ទទួលទាន​អ្វីមួយ​ដែលមាន​ប្រតិកម្ម​ជាមួយស្បែក។

ប្រការត្រូវធ្វើ ពេលកើត​មុន

នៅពេល​កើតមុន លោកអ្នក​គួរតែ​មានការ​យកចិត្ដ​ទុកដាក់។

  • ត្រូវលាងមុខ​ជាមួយនឹង​ទឹកស្អាត សាប៊ូ ឬសារធាតុ​លាងមុខ ដើម្បីជួយ​កាត់បន្ថយជាតិ​ខ្លាញ់ឱ្យ​បានច្រើន ព្រោះវា​អាច ជួយឱ្យ​មុនអន់​បាន។
  • ការកេះ ឬញេចមុន ព្រោះតែ​ខ្នាញ់ពេក ឬធ្វើ​តម្រាប់តាម​គ្រូពេទ្យ​ធ្លាប់ធ្វើ គ្រាន់តែ​អាចឱ្យ​ធូរអារម្មណ៍​បន្ដិចតែ​ប៉ុណ្ណោះ។ ការមិន​រក្សាអនាម័យ​ជាមួយ​ឧបករណ៍​ញេចមុន ឬមិនមាន​បច្ចេកទេស​ត្រឹមត្រូវ អាចធ្វើឱ្យ​មុនក្លាយ។ បើទើសខ្លាំង គួរតែ​ញេច ឬកេះ ពេលមុនទុំ ហើយ​បើកមុខ។ មានតែអ្នក​ជំនាញទេ​ដែលដឹង​អំពីមុន និងការ​ញេចមុន ថាតើ​មុនណាគួរ​ញេចមុន​ណាមិន​គួរញេច និងវិធី ញេចត្រឹមត្រូវ ជាពិសេស​ពេលវាស៊ីរូង​ជ្រៅពេក បើមិន​ចេះញេច មិនអាចញេច​អស់បានទេ។
  • ការប្រើគ្រឿង​សម្អាងដែល​បង្កើន​ជាតិខ្លាញ់ អាចនាំឱ្យ​មុខកាន់តែ​មានខ្លាញ់ មុនអាច​កើនកាន់តែ​ច្រើន ដូច្នេះសូម​បញ្ឈប់ ការប្រើប្រាស់​ផលិតផល​ដែលនាំឱ្យ​ចេញមុន ឬមានប្រតិកម្ម​ភ្លាម។
  • ការម៉ាស្សាមុខ គឺគេប្រើ​សារធាតុ​ម្យ៉ាង​មកលាប ដុសខាត់ ឬលុញនៅ​លើស្បែកមុខ ប្រសិនបើ​សារធាតុ​ដែលប្រើ​វាមាន ប្រតិកម្ម​ជាមួយនឹង​ស្បែកអ្នកនោះ នាំឱ្យងាយ​ឡើងមុនដែរ។ ការ​ម៉ាស្សាមុខ​គ្រាន់តែ​ជួយឱ្យ​ស្បែកមាន​អារម្មណ៍ថា​ទន់ប៉ុណ្ណោះ វាមិន មែនជា​ការព្យាបាល​មុនទេ។
  • តាមក្បួន​វេជ្ជសាស្ដ្រ គ្មានភស្ដុតាង​ណាមួយ​ដែល​ត្រូវហាម ឬតមមិន​ឱ្យពិសា​ចំណីអាហារ​ណាមួយ​ដែលអះអាង​ថានាំឱ្យ កើតមុន​នោះទេ។ តែបើសិន​ជាបុគ្គល​ខ្លួនឯងកត់​សម្គាល់ថា​មានទាស់ ឬប្រតិកម្ម​នឹងអ្វីមួយ សូមប្រយ័ត្ន​ប្រយែង​នឹងអាហារ​នោះ។ ជាក់ស្ដែង​ដូចជា​ប្រភេទ​មុនខ្លះ ត្រូវតម​ចំណីអាហារ​ដែលហិរ មានខ្លាញ់ មានជាតិ​អាល់កុល​ជាដើម ប៉ុន្ដែអាស្រ័យ​ទៅតាម​បុគ្គលម្នាក់ៗ ប៉ុណ្ណោះ។

ដំបូន្មានអ្នក​ជំនាញ

ការពារ​ប្រសើរ​ជាងព្យាបាល ព្រោះបើ​ផ្ទៃមុន​កើតមុន​ហើយ ពិបាកនឹង​ត្រទ្បប់មក​ដូចដើម​វិញណាស់។ សូម​ព្យាយាម​អនុវត្ដ​តាមវិធី​ខាងលើនេះ លោកអ្នក​នឹងទទួល​បាននូវ​ផ្ទៃមុខ​ស្រស់ស្អាត គួរឱ្យ​ចង់គយគន់​មិនខាន​ទ្បើយ ជាពិសេស​សម្រាប់​សុភាពនារី។

សូមរង់ចាំអាន​អំពីវិធី​ព្យាបាល​មុននៅ​លេខក្រោយ​ដោយអនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *