នាងខ្ញុំធ្លាប់អានអត្ថបទទស្សនាវដ្ដី សុខភាពយើង ជាពិសេសទំព័រទាក់ទងនឹងសុខភាពស្ដ្រី និងសុខភាពផ្លូវភេទ។ នាងខ្ញុំ បានអានអត្ថបទទាក់ទងនឹងការរួមភេទពេលមានផ្ទៃពោះរបស់លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នាងខ្ញុំនៅតែសង្ស័យថា ការរួមភេទ ពេលមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ? លោកស្រី ឌ. ស. ល អាយុ ៣៦ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ រហូតមកដល់សព្វថ្ងៃ ការរួមភេទពេលតាំងគភ៌នៅតែជារឿងចម្រូងចម្រាស់ ជាពិសេសទំនាក់ទំនងផ្លូវភេទ ក្នុងរឿងប្ដីប្រពន្ធខ្មែរ។ ការរួមភេទអាចធ្វើបានធម្មតា តែទៅតាមល័ក្ខខ័ណ្ឌត្រឹមត្រូវ។ តាមការអង្កេតបានបង្ហាញថាមានស្ដ្រីប្រមាណ ជា៥០% ដែលគ្រែងរអាលថាការរួមភេទបង្កគ្រោះថ្នាក់ដល់គភ៌ ឬផ្ទៃពោះ។ ថ្មីៗនេះ ការសិក្សាមួយនៅកាណាដាបានបង្ហាញថាប្ដី ប្រពន្ធជាច្រើនគូមានបញ្ហានៅពេលរួមភេទ ក្នុងកំឡុងពេលមានផ្ទៃពោះ។ តើនេះជាការពិតឬទេ? លទ្ធផលនៃការសិក្សាផ្សេងទៀត ជាច្រើនដែលគួរឱ្យទុកចិត្ដបាន បានផ្ដល់លទ្ធផល ឬការសន្និដ្ឋានដូចតទៅ –
- អាយុរបស់គភ៌មិនមានទំនាក់ទំនងទៅនឹងចំនួនដងនៃការរួមភេទនោះឡើយ។ មានន័យថាការរួមភេទមិនកាត់បន្ថយ អាយុនៃគភ៌ ឬធ្វើឱ្យកើតកូនមិនគ្រប់ខែនោះឡើយ។
- ហើយក៏មានការទាក់ទងគ្នារវាងសកម្មភាពផ្លូវភេទ និងគ្រោះបង្កការកើតកូនមិនគ្រប់ខែនោះដែរ។
សរុបសេចក្ដីមកអាចនិយាយបានថាកាលណាគភ៌វិវឌ្ឍន៍ទៅធម្មតា សកម្មភាពផ្លូវភេទ ឬការរួមភេទ ក៏អាចប្រព្រឹត្ដិទៅ “ជាធម្មតា”ដែរ។ បើមានបញ្ហាអ្វីកើតមានឡើង សូមសាកសួរយោបល់អ្នកជំនាញ ជាពិសេសសំណួរថាតើគ្រោះថ្នាក់នៃការរួមភេទ ពេលមានគភ៌អាចកើតមានឬទេ ជាអាទិករណីសុកបាំងមាត់ស្បូន និងការគំរាមកំហែងការសម្រាលកូនមិនគ្រប់ខែ។ ត្រង់ចំណុចនេះ បើចង់ដឹងអំពីប្រការគួរចៀសវាងការរួមភេទពេលមានគភ៌ សូមលោកអ្នកអានអត្ថបទ“ការរួមភេទពេលមានផ្ទៃពោះ” “ផែនការរួម ភេទពេលមានផ្ទៃពោះ” និង“ក្បាច់រួមភេទពេលមានផ្ទៃពោះ”ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៧ ០០៨ និងលេខ០០៩សម្រាប់ខែសីហា ខែកញ្ញា និងខែតុលា ២០០៦។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply