ក្រៅពីអាជីពជាតារាសម្ដែងដែលមានឈ្មោះល្បីហើយនោះ តារាឯកស្រីនៅក្នុងរឿងនេសាទក្រពើបានវិវឌ្ឍន៍ខ្លួនក្លាយជា ពិធីការិនីដែលមានប្រជាប្រិយភាពមួយរូបប្រចាំទូរទស្សន៍បាយ័ននោះ គឺអ្នកនាង ស៊ឹម សូលីកា។ ទាំងនេះដោយសារសមត្ថភាពគួបផ្សំ និងសម្រស់ដ៏ផូរផង់របស់នាង។ មានបុរសមិនតិចទេដែលស្រមៃចង់បានស្រីស្រស់រូបនេះមកនែបនិត្យ។ តើនាងមានអាថ៌កំបាំងអ្វីក្នុង ការថែរក្សាសម្រស់របស់នាង?ប្រាប់ផង តើបានទេ?
ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត ស៊ឹម សូលីកា ទស្សនាវដ្ដី សុខភាព យើងបានជួបសម្ភាសន៍ជាមួយអ្នកនាងផ្ទាល់។
ការថែរក្សាសក់
អ្នកនាងសូលីកាស្រឡាញ់សរសៃសក់វែងរបស់នាងខ្លាំងណាស់ ហើយចូលចិត្ដលាបសក់ពណ៌ទង់ដែង ឬពណ៌ត្នោតទៀតផង។ ជារឿងធម្មតាសម្រាប់តារាសម្ដែង សក់របស់សូលីកាត្រូវបានតុបតែងតាមម៉ូដផ្សេងៗឱ្យសមនឹងសាច់រឿង ជួនកាលគាបសក់ បួងសក់ បាញ់នូវផលិតផលតុបតែងផ្សេងៗបូករួមជាមួយកម្ដៅថ្ងៃ ជាហេតុធ្វើឱ្យសរសៃសក់សូលីកាស្រួយ បែកចុង និងគ្មានទម្ងន់ជាដើម។ ដើម្បីទប់ទល់នឹងបញ្ហាទាំងនេះ សូលីកាមានវិធីថែទាំសក់យ៉ាងពិសេស គឺអ្នកនាងកក់សក់រៀងរាល់ពីរថ្ងៃម្ដង និងអ្នកនាងតែងតែអប់ សក់មួយសប្ដាហ៍ម្ដងដើម្បីជំនួយដល់សរសៃសក់។ បើមានពេលវេលាគ្រប់គ្រាន់ អ្នកនាងតែងតែទៅហាងដើម្បីអប់សក់ដោយម៉ាស៊ីន។ ចំណែកឯការជ្រើសរើសសាប៊ូកក់សក់ អ្នកនាងសូលីកាប្រយ័ត្នណាស់មិនអាចប្រហែសបានទេ មានតែសាប៊ូដែលផ្ដល់សំណើមជំនួយ ដល់ការលូតលាស់របស់សក់ទេទើបត្រូវបានសូលីកាជ្រើសរើស។
ការថែរក្សាស្បែកមុខ
ជាតារាសម្ដែង ស្បែកមុខរបស់សូលីកាត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ ដូច្នេះហើយទើបសូលីកា ថែរក្សាស្បែកយ៉ាងម៉ត់ចត់ដោយប្រើក្រែមការពារកម្ដៅថ្ងៃ និងសាប៊ូសម្រាប់លាងជម្រះឱ្យស្អាតនៅក្រោយពេលសម្ដែងហើយ និង លាបក្រែមបំប៉នដល់ស្បែកមុខជាក្រោយ។ ដោយការភ័យខ្លាចស្បែកមុខមានប្រតិកម្មជាំ មុន ឬអាចម៍រុយនោះ ទើបសូលីកាមិនសូវ ហ៊ានប្រើប្រាស់ផលិតផលផ្ដេសផ្ដាសឡើយ។ សូលីកាចូលចិត្ដការក្សាស្បែកមុខតាមបែបធម្មជាតិ ដូចជាប្រើទឹកឃ្មុំ ត្រសក់ ប៉េងប៉ោះ ជាដើមមកលាប និងបិតលើមុខ។ ព្រោះផលិតផលធម្មជាតិទាំងនេះអាចជួយឱ្យស្បែកមុខរបស់អ្នកនាងមានសំណើមមិនកើតមុនមិន ជ្រីវជ្រួញ។ ក្រៅពីការសម្ដែង សូលីកាចូលចិត្ដការតុបតែងមុខតាមបែបធម្មជាតិជាប្រចាំថ្ងៃដោយលាបម្សៅស្រាលៗ។
ការថែរក្សាស្បែកខ្លួន
អ្នកនាងសូលីកាមិនដែលទៅត្រាំទឹកដោះគោ ខាត់ស្បែក ឬស្ទីមសម្អាតស្បែកខ្លួនទេ ព្រោះសូលីកាមិនទាមទារធ្វើឱ្យស្បែក នាងសឡើយ នាងស្រឡាញ់ស្បែកពីកំណើតរបស់នាង។ ប៉ុន្ដែរៀងរាល់សប្ដាហ៍ នាងតែងតែខាត់ស្បែកដោយខ្លួនឯងជាមួយក្រូច ពោធិ៍សាត់ដើម្បីឱ្យស្បែកមានសំណើមមិនជ្រីវជ្រួញ និងភ្លឺរលោងទៀតផង។ ចំពោះផលិតផលរក្សាស្បែកវិញ សូលីកាប្រយ័ត្ន ប្រយែងបំផុត អ្នកនាងមិនដែលប្រើម្សៅលាយ ឡេលាយ ឬផលិតផលតាមការនឹកឃើញនោះឡើយ។ ដោយឡែកនៅពេលយប់ សូលីកាបានប្រើឡេដើម្បីបំប៉ន និងផ្ដល់សំណើមដល់ស្បែកមិនដែលខកខានទេ។
ការថែរក្សាបបូរមាត់
សូលីកាចូលចិត្ដលាបក្រែមបបូរមាត់ពណ៌ស្រាលរាងផ្កាឈូកខ្ចី លើកលែងតែពេលសម្ដែងដែលតម្រូវឱ្យលាបពណ៌ក្រហម ឬ ពណ៌ដិតព្រោះមើលទៅមិនសក្ដិសមនឹងទម្រង់មុខ និងស្បែកមុខរបស់អ្នកនាង។
ការថែរក្សាធ្មេញ
ជាទូទៅសូលីកាសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំ ជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំ និងស។ ជាទៀតទាត់រៀងរាល់៣ ឬ៦ខែម្ដង សូលីកាត្រូវទៅឱ្យគ្រូពេទ្យធ្មេញត្រួតពិនិត្យ និងសម្អាតធ្មេញ។
ការថែរក្សាក្រចក និងប្រអប់ដៃ
សូលីកាចូលចិត្ដកាត់ក្រចកខ្លីធម្មតា មិនទុកវែងពេក ហើយមិនចូលចិត្ដលាបពណ៌ក្រចកទ្បើយ។ ចំពោះប្រអប់ដៃ សូលីកា មិនដែលទៅម៉ាស្សាឱ្យម្រាមដៃស្រឡូនម្ដងណាទេ តែសូលីកាតែងតែម៉ាស្សាប្រអប់ដៃ និងម្រាមដៃដោយខ្លួនឯង ដោយប្រើក្រែម សម្រាប់លាបម៉ាស្សាប្រអប់ដៃប្រអប់ជើង។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
សូលីកាចូលចិត្ដទុករោមចិញ្ចើមឱ្យដុះក្រាស់ ហើយមិនចូលចិត្ដកោររោមចិញ្ចើមទេ ព្រោះមិនសក្ដិសមជាមួយទម្រង់មុខ របស់នាង។ ចំពោះការពាក់រោមភ្នែក វាអាស្រ័យទៅលើកម្មវិធី ឬសាច់រឿងដែលត្រូវសម្ដែង។ បើក្រៅពីការថត សូលីកាចូលចិត្ដ រោមភ្នែកដែលជាអំណោយពីធម្មជាតិប្រកបដោយភាពស្រស់ស្អាតរបស់អ្នកនាង។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
អ្នកនាងសូលីកាចូលចិត្ដទទួលទានបន្លែ និងផ្លែឈើដើម្បីសម្រស់ និងសុខភាព ជាងនេះទៅទៀតទឹកក៏សំខាន់ណាស់ដែរ សម្រាប់អ្នកនាង។ ដោយឡែកចំពោះការបរិភោគអាហារ សូលីកាចូលចិត្ដសាច់ត្រីច្រើនជាងសាច់ពណ៌ក្រហម ព្រោះត្រីមិនត្រឹមតែ ធ្វើឱ្យអ្នកនាងមានសុខភាពល្អទេថែមទាំងមិនធ្វើឱ្យឡើងទម្ងន់ទៀតផង។ សូលីកាយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើការថែរក្សាទម្ងន់ រាងកាយ ធ្វើយ៉ាងណាកុំឱ្យធាត់លើសទម្ងន់ដែលជាបច្ច័យនាំឱ្យមានជម្ងឺផ្សេងៗ។ ហេតុដូចនេះហើយទើបសូលីកាតែងតែហាត់ប្រាណ ជាប្រចាំរយៈពេល១៥នាទីចំនួនពី៣ទៅ៤ដងក្នុងមួយសប្ដាហ៍។ រៀងរាល់៣ខែម្ដង អ្នកនាងសូលីកាតែងតែទៅឱ្យគ្រូពេទ្យផ្នែករោគ ស្ដ្រីដើម្បីពិនិត្យសុខភាពកម្រខកខានណាស់។
ការទទួលទានដំណេក
សូលីកាពិតជារវល់នឹងអាជីពជាអ្នកសម្ដែងរបស់នាងខ្លាំងណាស់ ម្ល៉ោះហើយមិនសូវមានពេលវេលាសម្រាប់ទទួលទានដំណេកគ្រប់គ្រាន់ទេ តែអ្នកនាងទទួលទានដំណេកសងបង្គ្រប់វិញនៅពេលណាដែលមានពេលអាចគេងបាន។
បណ្ដាំផ្ញើរបស់ ស៊ឹម សូលីកា
អ្នកនាងសូលីកាសូមសំណូមពរដល់សុភាពនារីទាំងអស់សូមព្យាយាមថែរក្សាសម្រស់ ព្រោះថាពេលវេលាស្រស់ស្អាតមាន មិនច្រើនទេ។ ទោះបីជាមិនមានថវិកាគ្រប់គ្រាន់ក្នុងការទៅរកសេវារក្សាសម្រស់ក៏ដោយ សូមអនុវត្ដដោយខ្លួនឯងតាមវិធីធម្មជាតិក៏ទទួលបានលទ្ធផលល្អដែរហើយអាចធានាសុវត្ថិភាពដល់រាងកាយ និងសម្រស់បានដោយមិនបាច់បារម្ភ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដន៍របស់អ្នកនាង ស៊ឹម សូលីកាតែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះក្នុងសិល្បៈ ៖ ស៊ឹម សូលីកា
- អាយុ ៖ ២៤ឆ្នាំ
- កម្ពស់ ៖ ១,៦៦ម៉ែត្រ
- ទម្ងន់ ៖ ៥៣ គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣៨, ២៨, ៣៦
- បងប្អូន ៖ ៤នាក់ (ជាកូនទី២)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply