ការរៀបចំទូដាក់សៀវភៅក៏ជាផ្នែកមួយដែលជួយលើកសោភ័ណភាពក្នុងគេហដ្ឋាន។ ការរៀបចំសៀវភៅក្នុងទូជារឿងងាយស្រួល ប៉ុន្ដែដើម្បីឱ្យទូរៀបចំសៀវភៅរបស់លោកអ្នកកាន់តែមានភាពទាក់ទាញទៀតនោះ លោកអ្នកគប្បីស្វែងយល់ពីរបៀបរៀបចំដ៏ត្រឹមត្រូវ។
លោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន បានបកស្រាយឱ្យលោកអ្នក ស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ការរៀបចំសៀវភៅ
ជាការពិតណាស់ការរៀបចំសៀវភៅឱ្យបានរៀបរយ មិនត្រឹមតែបង្ហាញនូវសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពី សណ្ដាប់ធ្នាប់ល្អក្នុងការរស់នៅរបស់លោកអ្នកទៀតផង។ លោកអ្នកគប្បីរៀបចំសៀវភៅដាក់ទៅតាមប្រភេទ ដូចជាទស្សនាវដ្ដី សៀវភៅឯកសារ សៀវភៅសិក្សា សៀវភៅរឿង ឬកាសែតជាដើម។ ការរៀបចំធ្វើយ៉ាងណាឱ្យមានសណ្ដាប់ធ្នាប់ ដាក់តាមប្រភេទ សៀវភៅដោយផ្អែក ឬបញ្ឈរឱ្យឃើញចំណងជើងសៀវភៅឬឯកសារទើបជាការងាយស្រួលពេលរកម្ដងៗ ហើយមើលទៅទូរបស់ លោកអ្នកក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ សម្រាប់ទូផ្ដៅ លោកអ្នកគួរចៀសវាងការរៀបចំសៀវភៅក្រាស់ៗ ធ្ងន់ៗ លោកអ្នកអាចដាក់ សៀវភៅស្ដើងៗឬរៀបចំដាក់សៀវភៅឱ្យតិច។ បើសិនជាលក្ខណៈទូប្រអប់ឈើមានតែការរៀបចំដាក់គរៗលើគ្នាប៉ុណ្ណោះ តែ ការរៀបចំបែបនេះមានការលំបាកក្នុងពេលរកឯកសារឬសៀវភៅម្ដងៗ។ ប្រការដែលល្អលោកអ្នកអាចជ្រើសរើសប្រភេទទូបញ្ឈរ ដើម្បីងាយស្រួលរៀបចំឯកសារដាក់បញ្ឈរឬផ្អែក។ បើសិនជាសៀវភៅស្ដើងគឺមិនអាចរៀបចំដាក់បញ្ឈរបានទេ ព្រោះងាយនឹងឱ្យ មានសភាពរេចរឹលសន្លឹកចុងសៀវភៅ។ ដូចនេះត្រូវរៀបចំដាក់គរៗលើគ្នា។
ការសម្អាតទូសៀវភៅ
ការសម្អាតទូដាក់សៀវភៅមិនខុសពីការសម្អាតគ្រឿងសង្ហារឹមដទៃទៀតទេ គឺចាំបាច់បោសសម្អាតធូលីដីស្ទើរតែជារៀង រាល់ថ្ងៃ បើមិនឧស្សាហ៍បោសសម្អាតនោះទេ ងាយនឹងធ្វើឱ្យទូ និងឯកសារព្រមទាំងសៀវភៅគ្រប់ប្រភេទរបស់លោកអ្នកឆាប់ចាស់។ ដូចនេះគប្បីសម្អាតឱ្យបានជាប្រចាំ។ ហើយជារៀងរាល់មួយខែម្ដងលោកអ្នកគប្បីរើសៀវភៅចេញមកក្រៅ ដើម្បីបោសសម្អាតធូលី ដែលកាន់ជាប់ផ្នែកខាងក្នុងនៃទូសៀវភៅចេញ ដែលលោកអ្នកមិនបានបោសសម្អាត។
ដំបូន្មានអ្នកជំនាញ
ទូដាក់សៀវភៅមិនមានអ្វីពិបាកក្នុងការរៀបចំពេកនោះទេ សំខាន់លោកអ្នកត្រូវរៀបចំយ៉ាងណាឱ្យមើលឃើញចំណងជើង សៀវភៅឬឯកសាររបស់លោកអ្នក។ បើសិនជាអាច លោកអ្នកអាចបែងចែកទូផ្សេងៗពីគ្នាសម្រាប់ដាក់សៀវភៅសិក្សាមួយ និង សម្រាប់សៀវភៅមើលកម្សាន្ដនានាក៏ល្អដែរ ដូចជាទស្សនាវដ្ដី រឿងប្រលោមលោក កំប្លែង ឬកាសែតជាដើម ដើម្បីកុំឱ្យច្រឡូកច្រឡំ ជាមួយសៀវភៅសិក្សារបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply