ជម្ងឺកញ្ជ្រិលកុមារ

សម្រាប់​អ្នកម្ដាយ​មួយចំនួន​នៅប្រទេស​កម្ពុជា នៅតែគិត​ថាកញ្ជ្រិល​ជាជម្ងឺ​ធម្មតា​មួយ​ប្រភេទ​ដែលតែងតែ​កើតមាន​ចំពោះ កុមារ។ ហេតុនេះ​ហើយ ទើប​បណ្ដាលឱ្យ​មានការ​ធ្វេស​ប្រហែស​ក្នុងពេល​ដែលកូន​កើត​ជម្ងឺកញ្ជ្រិល។ ជម្ងឺនេះ​អាចចាត់​ទុកជា​ជម្ងឺមួយ ក្នុង​ចំណោម​ជម្ងឺកុមារ​ដទៃទៀត​ដែលអាច​ផ្ដាច់ជីវិត​កុមារបាន។

ដើម្បី​ឱ្យជ្រាប​កាន់តែច្បាស់​អំពីជម្ងឺ​កញ្ជ្រិល​កុមារ សូម​តាមដាន​អាន​ទស្សនាវដ្ដី សុខភាពយើង លេខនេះ។ លោក វេជ្ជបណ្ឌិត ស្រី​សុខុន ប្រធានផ្នែក​អគារ​ជម្ងឺឆ្លង នៃ​មន្ទីរពេទ្យ​កុមារជាតិ​បានផ្ដល់​បទសម្ភាសន៍​លើប្រធានបទ​ជម្ងឺ​កញ្ជ្រិល​កុមារដល់ មិត្ដ​អ្នកអាន​ឱ្យបាន​យល់ច្បាស់។

ជម្ងឺកញ្ជ្រិល​កុមារ ជាអ្វី?

កញ្ជ្រិល​ជាជម្ងឺ​ឆ្លងដែល​កើតមាន​ចំពោះ​កុមារ​អាយុច​ន្លោះ​ពី៦ខែ ដល់១០ឆ្នាំ។ ជាករណី​កម្រ កញ្ជ្រិល​អាចកើត​មាន​ចំពោះ មនុស្ស​ពេញវ័យ។ កញ្ជ្រិល​បណ្ដាល​មកពី​វីរុសម្យ៉ាង ដែលឆ្លង​តាមទឹកមាត់​ដោយការ​និយាយ​ទាក់ទងគ្នា​ពីកុមារ​ម្នាក់ទៅ​កុមារម្នាក់ ទៀត ឬ​ក៏តាមរយៈ​ការប៉ះ​ពាល់​អ្នកជម្ងឺ។

រោគសញ្ញា​ជម្ងឺកញ្ជ្រិល​កុមារ

កុមារ​មានជម្ងឺ​កញ្ជ្រិល​មានអាការ​គ្រុនក្ដៅ​ខ្លាំងភ្លាមៗ មាន​សីតុណ្ហភាព​ពី៣៩ទៅ៤០​អង្សាសេ។ កម្ដៅខ្លាំង​បែប​នេះអាច បណ្ដាល​ឱ្យកុមារ​ប្រកាច់។ ជាមួយគ្នា​នេះ​អាច​មាន​រោគសញ្ញា​លាយទ្បំ​ផ្សេង​ទៀត ដូចជាក្អក កណ្ដាស់ ហៀរ​សម្បោរ ភ្នែកទ្បើង​ក្រហម ឈឺចាប់​ក្នុងសន្លាក់ ក្អួត ហើយ​និងមិន​ឃ្លាន​អាហារ។ ក្រៅពីនេះ កុមារមាន​លេចចេញ​ជាស្នាម​កន្ទួល​ក្រហមតូចៗពាសពេញ​ស្បែក ប៉ុន្ដែ​ស្នាម​ក្រហមនេះ​មិនមាន​ពងទឹក ឬ​ខ្ទុះនៅ​ខាងក្នុងទេ វាគ្រាន់តែ​ធ្វើឱ្យ​កុមារ​រមាស់ ស្កៀបខ្លួន​តែប៉ុណ្ណោះ។ ស្នាម​កន្ទួល​ក្រហមនេះ ចាប់​ចេញ​ជាដំបូង​នៅលើ​ផ្ទៃមុខ រួចរាល​ដាល​ពេញខ្លួន​ទាំងអស់។ ក្នុងរយៈ​ពេល៣​ថ្ងៃក្រោយ​មក ស្នាម​កន្ទួលនេះក៏ហើរ​បាត់​ន្ដិចម្ដងៗ ដោយ​ចាប់ពី​ផ្ទៃមុខ​ដូចពេល​ដែលចាប់​ផ្ដើម​ដំបូង​ដែរ។ ពេលនោះ កម្ដៅក្នុង​ខ្លួនកុមារ​ថយចុះ​ជាលំដាប់ កុមារ​នឹងចាប់ផ្ដើម​ឃ្លានចំណី អាហារ​ទ្បើងវិញ។

ផលវិបាក​ជម្ងឺកញ្ជ្រិល

ក្នុង​ករណីខ្លះ ជាពិសេស​ចំពោះ​កុមារ​ដែលមិន​បានចាក់ថ្នាំ​ជម្ងឺ​កញ្ជ្រិល​នៅពេល​ដែល​គេមាន​អាយុ៩​ខែទេ​នោះ កុមារ​អាចកើត​មានជម្ងឺ​កញ្ជ្រិល​ក្នុងលក្ខណៈ​ធ្ងន់ធ្ងរ​ដែលមាន​ផលវិបាក​មួយចំនួន។

  • វីរុស​ជម្ងឺ​កញ្ជ្រិល​អាចឆ្លង​ចូលដល់​ប្រព័ន្ធ​ខួរក្បាល ធ្វើឱ្យ​កុមារ​ប្រឈមមុខ​នឹងការ​រលាក​ខួរក្បាល​ដែលអាច​ឱ្យកុមារ​ស្លាប់ បាន។
  • បើកុមារ​លាប់​កញ្ជ្រិល អាចធ្វើ​ឱ្យកុមារ​រងគ្រោះថ្នាក់​ទៅលើ​ផ្លូវដង្ហើម ដូចជា​រលាកសួត ហើមសួត​ជាដើម។
  • ជម្ងឺ​កញ្ជ្រិល​អាចធ្វើ​ឱ្យប្រព័ន្ធ​រាងកាយ​កុមារ​ចុះខ្សោយ​ដោយស្ដែង​ចេញ​ជាអាការ​រាកមួល​មានលាយ​ឈាម ឬ​សម្បោរ​ជា ដើម។
  • ស្នាមកន្ទួល​ដោយសារ​ជម្ងឺ​កញ្ជ្រិល​អាចក្លាយ​ជាដំបៅ​ខូងជ្រៅ​ក្នុងមាត់​នាំឱ្យ​កុមារ​ពិបាក​ក្នុងការទ​ទួលអាហារ ឬក៏​ទទួល ទានតិច​ដូចនេះ​កុមារ​អាច​ប្រឈមមុខ​នឹង​ជម្ងឺខ្វះ​អាហារូបត្ថម្ភ។
  • ស្នាមកន្ទួល​ដោយ​សារជម្ងឺ​កញ្ជ្រិល​បើកើត​មាននៅ​ក្នុងកញ្ចក់​កែវភ្នែក អាច​បណ្ដាល​ឱ្យកុមារ​ខ្វាក់ភ្នែក​បាន។

ការព្យាបាល​ជម្ងឺកញ្ជ្រិល

ក្នុងករណី​ដែលកើត​ជម្ងឺ​កញ្ជ្រិល​ធម្មតា អ្នកម្ដាយ​អាចព្យាបាល​ជម្ងឺនេះ​នៅផ្ទះ​ដោយខ្លួន​ឯងបាន។ អ្នកម្ដាយ​ត្រូវផ្ដល់​ថ្នាំ បញ្ចុះ​កម្ដៅ​ដល់កូន​ក្នុង​កម្រិត​មួយត្រឹមត្រូវ​ទៅតាម​អាយុ​និង​ទម្ងន់​របស់កូន។ ចៀសវាង​ការប្រើប្រាស់​ថ្នាំ​ហួសកម្រិត​ដែល​បណ្ដាលឱ្យ​កុមារមានគ្រោះថ្នាក់បាន។ ថ្នាំដែលសមស្របបំផុតសម្រាប់បញ្ចុះកម្ដៅ គឺប្រភេទប៉ារ៉ាសេតាម៉ុល។ អ្នកម្ដាយមិនគួរប្រើថ្នាំផ្សេងពីនេះ ដោយ​គ្មាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ព្យាបាល​ទ្បើយ។ ក្រៅពីនេះ អ្នកម្ដាយ​ត្រូវយក​ក្រណាត់​ទទឹក​មកជូត​ដណ្ដប់​ឱ្យកូន ប៉ុន្ដែ​សូមកុំ​ប្រើទឹក កក​ព្រោះអាចឱ្យកុមារញាក់បាន។ សូមព្យាយាមឱ្យកូនទទួលទានអាហារឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយមិនគួរឱ្យ កុមារ​តម​អាហារ​ទ្បើយ។ កញ្រ្ជិល​ជាជម្ងឺ​ឆ្លងរាលដាល​យ៉ាង​ឆាប់រហ័ស ដូចនេះ​ត្រូវដាក់​កុមារ​ដែលមាន​ជម្ងឺ​ដោយ​ទ្បែក​ពីកុមារ​ដទៃទៀត។ ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​នាំកូន​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ជាពិសេស​នៅពេល​លាប់​កញ្ជ្រិល​ដែលអាច​ធ្វើឱ្យ​កុមារ​ស្លាប់ បាន។

ជំនឿចំពោះ​ជម្ងឺកញ្ជ្រិល

ប្រជាពលរដ្ឋ​ខ្មែរភាគច្រើន​មានជំនឿថា បើកូន​កើតជម្ងឺ​កញ្ជ្រិល​ត្រូវឱ្យកូន​នៅក្នុងផ្ទះ​មិនឱ្យ​ចេញ​ជួបនរណា​ផ្ដេសផ្ដាស​ទ្បើយ ជាពិសេស​មនុស្សស្រី។ ព្រោះថា​បើជួប​មនុស្សស្រី​ដែលមាន​រដូវប្រចាំ​ខែនោះ អាចឱ្យ​កញ្ជ្រិលកុមារ​នោះចេញ​មិនអស់ បណ្ដាល​ឱ្យមាន គ្រោះថ្នាក់។ បញ្ហា​ត្រូវ​បាន​លោកវេជ្ជ​បណ្ឌិត ស្រី សុខុន បកស្រាយ​ថាវាគ្រាន់​តែជា​ជំនឿ​តែប៉ុណ្ណោះ គ្មាន​ការអះអាង​ណាមួយអាច បញ្ជាក់​បានថា​ជម្ងឺ​កញ្ជ្រិល​មានជាប់​ពាក់ព័ន្ធ​នឹង​រដូវរបស់​ស្ដ្រីទេ។

វិធីបង្ការ​ជម្ងឺកញ្ជ្រិល

គ្មានអ្វី​ពិបាក​ក្នុងការ​ការពារ​ជម្ងឺ​កញ្ជ្រិល​ទ្បើយ ដោយ​គ្រាន់តែ​អ្នកម្ដាយ​ទាំងទ្បាយ​នាំកូន​មកចាក់​ថ្នាំការពារ​កញ្ជ្រិល នៅ ពេល​ដែល​គេមាន​អាយុ៩ខែ។ ក្រោយពី​បានចាក់​ថ្នាំការពារ​ជម្ងឺកញ្រ្ជិល​រួចហើយ ទោះបី​ជាកុមារ​នៅតែ​កើត​ជម្ងឺ​កញ្រ្ជិល​ក៏មិនមាន លក្ខណៈ​ធ្ងន់ធ្ងរ​ដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមព្យាយាម​តាមដាន​សភាព​ជម្ងឺ​របស់កូន​ដើម្បី​ឱ្យដឹង​អំពីកម្រិត​ពិតប្រាកដ។ បើមិន​ដូច្នោះ មានតែ​គ្រូពេទ្យ​ជំនាញទេ ដែល​អាចជួយ​លោកអ្នក​ក្នុងបញ្ហា​នេះ។ សូម​ការពារ​កុំឱ្យ​កូនតូចៗ​របស់​លោកអ្នក​មានគ្រោះ​ដោយសារ​អ្វីដែល​អាច​បង្ការ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *