ការទទួលទាន ឬចម្អិនម្ហូបអាហារមិនបានឆ្អិនល្អនិងមិនមានអនាម័យត្រឹមត្រូវបានបង្កជាបញ្ហាជាច្រើនសម្រាប់សុខភាពអ្នកបរិភោគ។ សព្វថ្ងៃបន្លែ ផ្លែឈើ និងម្ហូបអាហារមួយចំនួនដែលដាក់លក់នៅលើទីផ្សារ មានបញ្ហាទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំគីមីជាច្រើន ក្នុងន័យជួយឲ្យរបស់ទាំងអស់នោះនូវរក្សាទុកឲ្យបានយូរ។ ហេតុដូច្នេះហើយទើបមានប្រជាជនកម្ពុជាមួយចំនួន បានពុលអាហារមិនលែងជារៀងរាល់ឆ្នាំ ដោយសារមិនបានគិតគូឲ្យបានដិតដល់បញ្ហាទាំងអស់នេះ។
កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ឆ្នាំ ២០១២ ស្ថិតក្នុងភូមិត្បូងបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីពុលម្ហូបទៀតហើយ ដែលករណីនេះមានមនុស្សពុលម្ហូបអាហារចំនួន៨០នាក់។ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៨០នាក់ បានពុលអាហារមង្គលការ ក្អួតចង្អោ ចុកពោះ រាករូស ស្ទើរប្រកាច់ប្រកិន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការស្វែងរកជំនួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់។ នេះបើយោងតាមសារពត៌មានកោះសន្តិភាពដែលបានលើកយកមកចុះផ្សាយ។ តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយឱ្យដឹងថា កាលពីវេលារសៀលអ្នកភូមិបានទៅទទួលទានអាហារមង្គលការអ្នកភូមិត្បូងបឹងពេលទទួលទានរួចរាល់ភ្លាមៗនោះមិនមានបញ្ហាអ្វីទេ លុះដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ឆ្នាំ២០១២ ស្រាប់តែអ្នកទទួលទានអាហារការទាំងនោះពុលក្អួតចង្អោរ រាករូស ស្ទើរប្រកាច់ប្រកិនតែម្តង ហើយត្រូវបានក្រុមប្រឹក្សាឃុំចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកគងពិសី ៥០នាក់ និងនៅមណ្ឌលសុខភាពអង្គពពេល ៣០នាក់ ។
ទោះបីជាយ៉ាងណាមិនមានអ្នកស្លាប់នោះទេ គ្រាន់តែខ្លះធ្ងន់ ខ្លះស្រាលតែប៉ុណ្ណោះ ឥឡូវអ្នកស្រាលភាគច្រើនបានវិលត្រឡប់មកសម្រាកនៅផ្ទះរៀងៗខ្លួនវិញអស់ហើយ នៅសល់អ្នកធ្ងន់តិចតួចប៉ុណ្ណោះដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
គ្រូពេទ្យបាននិយាយថា ការពុលនេះគឺបណ្តាលមកពីទទួលទានអាហារម្ហូបការពិតប្រាកដមែនហើយ ព្រោះម្ហូបអាហារការទាំងនោះខ្វះអនាម័យ ដូចជាបន្លែលាងមិនស្អាត ឬមានជាតិគីមីទើបបណ្តាលឱ្យពុល ។ ដើម្បីទទួលបាននូវសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ឲ្យបានខ្លាំងមែនទែនទាក់ទងទៅនឹងបញ្ហាអនាម័យម្ហូបអាហារ រាល់ពេលចម្អិនអាហារ និងត្រូវលាងបន្លែ ផ្លែឈើ ឲ្យបានស្អាតល្អមុននឹងទទួលទាន។ ជាពិសេសលោកអ្នកដែលប្រកបអាជីវកម្មទទួលធ្វើម្ហូបការ បុណ្យ ឬអាជីវករលក់ដូរតូចតាចក្តីត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត អំពីសុវត្ថិភាពចំណីអាហារដល់អតិថិជន។ ព្រោះថាបើលោកអ្នកមិនមានការការពារសុវត្ថិភាពចំណីអាហារឲ្យបានល្អនោះទេ នោះសេវាកម្ម និងការលក់ដូររបស់អស់លោកអ្នកនឹងត្រូវខាតបង់ប្រយោជន៍ជាក់ជាមិនខាន។ ដូចពាក្យស្លោកមួយពោលថា «សុខភាពល្អ អនាគតបវររុងរឿង»។ បំណងល្អពីគេហទំព័រ សុខភាពកម្ពុជា HealthCambodia.com។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ១១ មេសា ឆ្នាំ ២០១២
Leave a Reply