នៅក្នុងប្រទេសកម្ពុជាមានល្បែងកម្សាន្ដប្រជាប្រិយជាច្រើនអនេក ដែលប្រជាពលរដ្ឋខ្មែរយើងនិយមលេងកម្សាន្ដនៅ ពេលបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យទានផ្សេងៗជាលក្ខណៈប្រពៃណី ជួនកាលអាចលេងកម្សាន្ដនៅពេលទំនេរពីការងារជា ដើម។ ល្បែងប្រពៃណីនីមួយៗមានវិធីលេងដោយឡែកៗពីគ្នា ទៅតាមការនិយមរបស់អ្នកស្រុកអ្នកភូមិរៀងខ្លួនៗ។ ល្បែងដែលប្រ ជាពលរដ្ឋយើងនិយមជ្រើសរើសយកមកលេងមានដូចជាបោះអង្គញ់ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង ឱប ត្រឡាចជាដើម។
ដើម្បីចូលរួមបង្កើនបរិយាកាសឱ្យកាន់តែសប្បាយរីករាយនាពេលចូលឆ្នាំថ្មីឆ្នាំរោងនេះ ទស្សនាវដ្ដី សុខភាពយើង សូមនាំមក ជូនលោកអ្នកនូវរបៀបនៃការលេងល្បែងប្រជាប្រិយខ្មែរមួយចំនួនរបស់ខ្មែរយើងមកបង្ហាញជូន។
1. ល្បែងអង្គញ់
ពេលលេងល្បែងអង្គញ់ ត្រូវមានគ្នាចាប់ពីពីរនាក់ឡើងទៅ ចែកចេញជាពីរពួកមានចំនួនស្មើគ្នាក្រុមស្រីក្រុមប្រុស ឬចម្រុះ គ្នាក៏បាន។ អង្គញ់ឬកោយចែកចេញជាពីរផ្នែក គឺកោយដាំ និងកោយបោះ។ កោយអាចមានចំនួន៣ ឬ៥ ក្នុងករណីដាំកោយ៣ ក៏ បោះកោយ៣ បើដាំកោយ៥ ក៏បោះកោយ៥ តាមចំនួនអ្នកលេងមានគ្នាតិច ឬច្រីន។ កន្លែងមួយនៅពីមុខកោយដាំប្រមាណជា៣ ឬ ៤ម៉ែត្រសន្មតហៅថា”ទី” ដែលជាទីតាំងបោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវបានទៅបោះមុនគេនោះសម្រេចលើការព្រម ព្រៀងគ្នា ភាគច្រើនអនុញ្ញាតឱ្យអ្នកខ្សោយជាងមានសិទ្ធិទៅបោះមុន ចាត់ទុកជាតទីឱ្យ។ អ្នកចាញ់ឈ្នះជាអ្នកបោះត្រូវកោយដាំអស់ គ្រប់មុនគេ។ ប៉ុន្ដែគេច្រើនសន្មតគ្នាបន្ថែមឱ្យអ្នកចាញ់ធ្វើ៣ឬ៤ក្ដារសិនទើបហៅថា“តាម”។ ដូច្នេះបានជាមុននឹងលេងត្រូវសន្មតគ្នា ថាឱ្យតាមប៉ុន្មានក្ដារ? បើផុតកំណត់ហើយនៅតែមិនបានធ្វើត្រូវអស់ទៀតនោះទើបទុកជាចាញ់ ហើយខាងអ្នកឈ្នះត្រូវជោះខាងអ្នក ចាញ់តាមចំនួនដែលសន្យាគ្នា។ ឧបមាថាបើគេសន្យាថាកោយមួយជោះ១០ ដូច្នេះនរណាកាន់កោយបោះមួយបើឈ្នះត្រូវបានជោះ គេ១០ តែបើចាញ់ក៏ត្រូវឱ្យគេជោះ១០ដែរ។ ល្បែងនេះមានល័ក្ខខ័ណ្ឌតឹងរ៉ឹងណាស់ បើធ្វើខុសបទវិន័យណាមួយនឹងត្រូវទទួលពិន័យ ភ្លាមមួយរំពេច។ ការដាក់ពិន័យអាស្រ័យលើភាគីទាំងសងខាងកំណត់គ្នានៅពេលចាប់ផ្ដើមលេង។
របៀបជោះ ៖ យកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជោះពីលើរាប់ចំនួនតាមដែលគេ ត្រូវជោះ ធ្វើបែបនេះហៅថា“ជោះបាយត្រជាក់”។ មួយបែបទៀតហៅថា“ជោះបាយក្ដៅ” របៀបនេះគេផ្គួបអង្គញ់ពីរតម្រួតគ្នា គឺមួយ ផ្ដេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់ មួយៗឡើងក្រហមសាច់ឬហើមក្បាលជង្គង់តែម្ដង។ ជួនកាលគេយកបំពង់ ឬស្សីមកខោកក្បាលជង្គង់ជោះជំនួសគ្រាប់អង្គញ់ក៏បាន។
2. ល្បែងលាក់កន្សែង
លាក់កន្សែងជាល្បែងមួយប្រភេទដែលមានតាំងពីសម័យបុរាណសម្រាប់កម្សាន្ដសប្បាយនៅពេលយប់ខែភ្លឺនារដូវចូលឆ្នាំឬនៅពេលសម្រាកពីភាពនឿយហត់។ ការលេងល្បែងលាក់កន្សែងចាំបាច់ត្រូវមានគ្នាយ៉ាងតិចក៏៦ទៅ៧នាក់ដែរ ដោយអ្នកលេងទាំង អស់ត្រូវអង្គុយច្រហោងដំកង់គ្នាជារង្វង់។ ដើម្បីឱ្យបានជាកន្សែងសម្រាប់លេងសមាជិកទាំងអស់ត្រូវយកកន្សែង ឬក្រមាតូចមករុំមូរ ឆ្មូលរឹតឱ្យតឹងណែនល្អដោយទុកជាយបន្ដិចសម្រាប់កាន់យួរ។ ក្នុងចំណោមអ្នកលេងទាំងអស់ ត្រូវមានម្នាក់ក្រោកចេញទៅក្រៅវង់ ដោយមានកាន់កន្សែងទៅជាមួយហើយដើរជុំវិញរង្វង់ខាងក្រោយខ្នងអ្នកលេងយ៉ាងលឿនដើម្បីកុំឱ្យអ្នកអង្គុយដឹងខ្លួនថាមានគេលាក់កន្សែងនៅក្រោយខ្នងអ្នកណាមួយ។ អ្នកលាក់(អ្នកដែលកាន់កន្សែងដើរជុំវិញ)ត្រូវរត់ក្រឡឹងអ្នកអង្គុយ២ឬ៣ជុំ ហើយសង្កេតមើល នរណាដែលអង្គុយភ្លេចខ្លួនគេនឹងដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីឱ្យឆាប់មកដល់ កន្លែងដែលគេដាក់កន្សែងនោះ។ បើអ្នកអង្គុយដែលគេដាក់កន្សែងពីក្រោយមិនដឹងខ្លួនទាល់តែអ្នកលាក់រត់ក្រឡឹងមកម្ដងទៀតហើយ យកកន្សែងនោះបានមុននេះ អ្នកលាក់ក្លាយជាអ្នកឈ្នះ ហើយមានសិទ្ធិអាចយកកន្សែងទៅគក់ខ្នងអ្នកអង្គុយ។ ដូចគ្នានេះដែរបើអ្នក អង្គុយដឹងខ្លួនហើយចាប់យកកន្សែងនោះបានមុនអ្នកលាក់រត់មកដល់នោះ អ្នកអង្គុយជាអ្នកឈ្នះហើយមានសិទ្ធិអាចដេញគក់អ្នក ដែលលាក់នោះវិញ។ ប៉ុន្ដែបើក្នុងករណីដែលអ្នកលាក់រត់ទៅដល់កន្លែងដែលអង្គុយមុន អ្នកកាន់កន្សែងត្រូវរត់ក្រឡឹងហើយលាក់ កន្សែងជាបន្ដទៅទៀត។ ការលេងល្បែងនេះមានត្រណមមិនឱ្យអ្នកលេងដែលអង្គុយងាក ឬលូកដៃទៅខាងក្រោយខ្នងឡើយ។ បើ អ្នកណាហ៊ានល្មើសអ្នកលាក់(អ្នកដែលកាន់កន្សែងដើរជុំវិញ)មានអំណាចអាចដាក់ពិន័យដោយប្រការណាមួយទៅតាមការសន្មតពីដើមទី។
3. ល្បែងឈូង
ជាល្បែងមួយប្រភេទអាចលេងបានគ្រប់វ័យដែលនិយមលេងនៅពេលបុណ្យចូលឆ្នាំ។ ដើម្បីលេងឈូងបានចាំបាច់អ្នកលេង ត្រូវមានគ្នាច្រើននាក់ហើយចែកជាពីរក្រុម មានប្រុសមានស្រីចំនួនពី១០ទៅ២០នាក់ក្នុងមួយក្រុមឈរទល់មុខឃ្លាតពីគ្នាចម្ងាយពី៨ ទៅ១០ម៉ែត្រ។ គេច្រីនយកកន្សែងឬក្រមាតូចមករុំមូរឆ្មូលរឹតឱ្យតឹងណែនល្អដោយទុកជាយបន្ដិចសម្រាប់កាន់យួរដែលហៅថាឈូង សម្រាប់កាន់បោះ ឬចោលទៅរកគ្នា។ ល្បែងឈូងមានរបៀបលេងពីរបែប ដែលអ្នកលេងអាចជ្រើសរើសយកមួយណាក៏បាន សម្រេច លើការសន្មតគ្នាមុនលេង។
- របៀបលេងទីមួយ ៖ ជាប្រភេទឈូងច្រៀងរាំដែលចាប់ផ្ដើមលេងជាដំបូងខាងប្រុសបោះឈូងទៅឱ្យខាងស្រីចាប់ដោយ មិនឱ្យធ្លាក់ដល់ដី បើធ្លាក់គេចាត់ទុកថាស្អុយ ហើយចាប់ផ្ដើមបោះឱ្យទៅខាងប្រុសវិញមិនឱ្យធ្លាក់ដូចគ្នា។ កាលបើចាប់បានហើយខាង ប្រុសត្រូវចោលសំដៅទៅខាងស្រី គឺសំដៅទៅនរណាម្នាក់ក៏បានតាមតែការពេញចិត្ដ។ បើចោលខុសចាត់ទុកថាស្អុយ រួចចាប់ផ្ដើមបោះ សារជាថ្មីទៀត តែបើចោលត្រូវស្ដ្រីណាម្នាក់ ស្ដ្រីនោះត្រូវច្រៀងរាំយកឈូងទៅឱ្យខាងប្រុសហៅថាច្រៀងរាំជូនឈូង។ ចំពោះខាង ប្រុសបើចាញ់ក៏ធ្វើដូចគ្នានេះដែរ។
- របៀបលេងទីពីរ ៖ ជាប្រភេទឈូងលោះខ្ញុំដោយដើមដំបូងខាងប្រុសគេចាប់ផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀង មានច្រើនបែបប្លែកៗទៅតាមការនឹកឃើញនិងនិយមរបស់តំបន់។ ពេលច្រៀងចប់គេស្រែកប្រាប់ថា ឈូង អឺយឈូង! ហើយក៏បោះ ទៅលើខាងស្រីៗឱ្យពួកគេចាប់។ បើខាងស្រីចាប់ឈូងបាន គេត្រូវចោលសំដៅទៅប្រុសណាមួយក្នុងចំណោមអ្នកលេងទាំងអស់។ បើ ចោលមិនត្រូវទេនោះ ខាងប្រុសចាប់បានចោលមកវិញ ហើយបើខាងប្រុសចោលត្រូវនោះ ប្រុសដែលខាងស្រីចាប់យកទៅទុកកាល ពីពេលមុនត្រូវបានរួចខ្លួន។ ផ្ទុយទៅវិញបើខាងប្រុសចោលមិនត្រូវទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ ការលេងរបៀបនេះ បើខាងណាពូកែគេចោលយកសមាជិកក្រុមម្ខាងទៀតទាល់តែអស់ លុះបើអស់ហើយគេចាប់ផ្ដើមលេងសារជាថ្មីដោយឱ្យខាងស្រីបោះ ឈូងទៅឱ្យខាងប្រុសមុនវិញ។
4. ល្បែងទាញព្រ័ត្រ
ទាញព្រ័ត្រជាល្បែងកម្សាន្ដរបស់ខ្មែរ ជាពិសេសកំលោះក្រមុំនារដូវចូលឆ្នាំនៅក្នុងទីធ្លាវត្ដអារាម ព្រោះមានទីវាលធំទូ លាយសម្រាប់លេងល្បែងនេះ។ សមាសភាពនៃអ្នកលេងល្បែងនេះគេចែកចេញជាពីរក្រុម ម្ខាងយ៉ាងតិចក៏៥នាក់ដែរ ម្ខាងប្រុសម្ខាង ស្រី ប៉ុន្ដែដោយគេយល់ថាស្ដ្រីភេទមានកម្លាំងខ្សោយទើបគេតែងតែឱ្យខាងស្ដ្រីមានចំនួនច្រើនជាងខាងប្រុសយ៉ាងហោចណាស់ក៏២ នាក់ដែរ។ ដើម្បីលេងបាន មុនដំបូងគេត្រូវរកប្រុសម្នាក់ស្រីម្នាក់ដែលមានមាឌធំស្មាកាងជាអ្នកឈរកាន់ចុងព្រ័ត្រម្ខាងម្នាក់ ហើយពីរ នាក់ទៀតមានមាឌធំដូចគ្នាឈរកណ្ដាលព្រ័ត្រ ចំណែកឯអ្នកមានមាឌតូចត្រូវឈរនៅចន្លោះកណ្ដាល។ នៅពេលចាប់ផ្ដើមទាញត្រូវ មានមនុស្សម្នាក់កាន់សម្ភោរ ឬគងម៉ង ឬរគាំងត្រង់កណ្ដាលនៅជិតអ្នកទាញហើយស្រែកឡើងថាយក្សអរ!ឮយ៉ាងខ្លាំងធ្វើសម្លេងវែង រលាក់រលែកយ៉ាងគ្រលួចដោយមានសម្លេងហ៊ោរបស់អ្នកចូលរួមទស្សនាដើម្បីឱ្យអ្នកទាញកាន់តែខំប្រឹងទាញឡើង ហើយបន្ដធ្វើបែប នេះទាល់តែឃើញឈ្នះចាញ់ម្ខាងៗទើបឈប់។ ពេលលេងម្ដងៗគេចំណាយពេលអស់យ៉ាងតិចក៏១០នាទីដែរ ទើបអាចមានលទ្ធភាព ឈ្នះចាញ់ បន្ទាប់មកទើបចាប់ផ្ដើមលេងជាថ្មីទៀតទាល់តែហត់ទើបឈប់។
នៅមានល្បែងប្រជាប្រិយជាច្រើនទៀតដែលប្រជាពលរដ្ឋយើងនិយមលេង ហើយទស្សនាវដ្ដី សុខភាពយើង នឹងលើកមក ជម្រាបជូននៅឆ្នាំក្រោយៗទៀត។ អ្វីដែលលើកមកជម្រាបជូននៅពេលនេះសង្ឃឹមថាលោកអ្នកបានទទួលជ្រាបអំពីរបៀបលេងខ្លះ ហើយក៏ដើម្បីទុកសម្រាប់យុវវ័យដែលមិនទាន់ដឹងពីល្បែងទាំងនេះស្វែងយល់ក្នុងការលេងកម្សាន្ដនារដូវចូលឆ្នាំនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply