ពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលដក់ជាប់ក្នុងចិត្ដ និងជីវភាពប្រជាពលរដ្ឋខ្មែរ។ ពិធីនេះមិន មែនចេះតែប្រារឰធ្វើឡើងនៅពេលវេលាណាក៏បាននោះទេ។ ប្រវត្ដិសាស្ដ្រ និងកាលវេលានៃពិធីបុណ្យចូលឆ្នាំត្រូវបានបុព្វបុរសខ្មែរ កំណត់យ៉ាងជាក់លាក់ និងត្រឹមត្រូវ។
ដោយសារឆ្នាំថ្មីនឹងឈានចូលមកដល់ ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែង យល់កាន់តែច្បាស់អំពីប្រវត្ដិពិធីបុណ្យចូលឆ្នាំខ្មែរ។
ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយប្រទេសខ្មែរយើងប្រារឰធ្វើបុណ្យចូលឆ្នាំនៅក្នុងខែមិគសិរ ព្រោះដូនតាខ្មែរកំណត់យកខែនេះជាខែដើម ឆ្នាំ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗចែកចេញជាបីរដូវ ហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណចារ្យលោកគិតថា ហេមន្ដរដូវ ជារដូវត្រជាក់ត្រូវចាត់ទុកជាដើមឆ្នាំ ដែលប្រៀបបាននឹងពេលព្រឹកផុតពីរាត្រី គឺជាដើមថ្ងៃ។ គិម្ហរដូវជារដូវក្ដៅ ត្រូវចាត់ទុកជា កណ្ដាលឆ្នាំប្រៀបដូចជាពេលពេលថ្ងៃត្រង់។ ចំណែកឯវស្សានរដូវជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលយប់។
ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោមប្រើចុល្លសករាជជាសំខាន់នោះ (មិនដឹងប្រើនៅក្នុងរជ្ជកាល ណានៃព្រះអង្គណាទេ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចេត្រជាដើមឆ្នាំវិញ។ ហើយថ្ងៃខែចូលឆ្នាំខ្មែរវិញ តែងប្រព្រឹត្ដទៅមិនមុនថ្ងៃទី០៤កើត ខែចេត្រ និងមិនក្រោយថ្ងៃទី០៤កើត ខែពិសាខទេ ព្រោះបុព្វបុរសខ្មែរយល់ថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានការងារស្រែចម្ការជាដើម។ ហេតុនេះហើយ ទើបលោកលើកកំណត់ពេល ចូលឆ្នាំមកធ្វើក្នុងខែចេត្រវិញ ដោយហេតុថាខែចេត្រកិច្ចការច្រូតកាត់ បោកបែនបានចប់សព្វគ្រប់។ ប្រជាពលរដ្ឋខ្មែរក៏មានពេលទំនេរ មានឱកាសធ្វើបុណ្យទានកម្សាន្ដសប្បាយតាមប្រាថ្នា ហើយការកំណត់នេះជាប់រហូតមកដល់សព្វថ្ងៃនេះ។
រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ
ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សផងទាំងពួង។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។
សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖
- ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។
- ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។
- ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។
1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា
2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគៈ
3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា
4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា
5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី
6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា
7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា
ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply