ខ្ញុំឧស្សាហ៍​វង្វេង

ភាព​គ្រប់គ្រាន់​នូវលក្ខណៈ​សម្បត្ដិ​របស់​មនុស្ស​ពុំមែន​បានមក​ដោយឯងៗ​នោះទេ មនុស្ស​ចាំបាច់​ត្រូវខិតខំ​ស្វះស្វែង​រកដើម្បី បម្រើឱ្យ​ជីវភាពរស់​នៅប្រចាំថ្ងៃ។ គ្រប់​ព្រឹត្ដិការណ៍ រឿងរ៉ាវ​ដែលកើត​មាន​​​ឡើង​ជុំវិញខ្លួន​យើង មិនអាចឱ្យ​យើងចង​ចាំបាន​ទាំងស្រុង នោះទេ គង់រមែង​មានចំណុច​ណាមួយ​ដែល​លោកអ្នក​ភ្លេចហើយ​ក៏គ្មានការ​ចាប់អារម្មណ៍​ដែរ។ ការភ្លេច​ច្រើន ភ័ន្ដច្រឡំ មិនច្បាស់ លាស់ មិនប្រាកដ មិនប្រក្រតី ឬការ​ចងចាំ​មិនបានល្អ ទាំងនេះ​ហើយដែល​ហៅថា​វង្វេង​វង្វាន់​នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុប្រធាន​សមាគម​ចិត្ដវិទ្យា​កម្ពុជា នឹងស្រាយ​បំភ្ល្លឺ​អំពីបញ្ហា​វង្វេង​ដែលកើត​មានលើ មនុស្ស​វ័យកណ្ដាល​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប និង​ជាបទពិសោធន៍​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្នកដែល​ឧស្សាហ៍​វង្វេង

ការវង្វេង​ច្រើនកើត​មានឡើង​លើមនុស្ស​គ្រប់រូប​ដែលមាន​បន្ទុកការ​ងារច្រើន អ្នកដែល​មានការ​ទទួលខុស​ត្រូវកិច្ចការ​ច្រើន ឬ​ដែល​យើងតែង​ហៅថា​អ្នកដែល​មានកិច្ចការ​មួយរយ​ជំពូក​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​លំហែ ឬដោះ​ស្រាយ​បញ្ហា​មួយៗឱ្យ ជ្រះ​ស្រឡះ។ ម្យ៉ាងទៀត​ក៏អាចកើត​មានចំពោះ​លោកអ្នក​ដែលធ្លាប់​មានបញ្ហា ឬវិបត្ដិផ្លូវ​ចិត្ដច្រើន។

មូល​ហេតុនាំ​ឱ្យវង្វេង

វង្វេង​វង្វាន់​មិនមែន​ជាបញ្ហា​ដែលកើត​មានតែមួយ​ថ្ងៃនោះទេ ផ្ទុយ​ទៅវិញវា​ជារឿង​ដែលគួរ​ឱ្យព្រួយ​បារម្ភ និងដែល​មាន គ្រោះថ្នាក់​បំផុត។ មានមូល​ហេតុ​ច្រើនយ៉ាង​ដែលអាច​ធ្វើឱ្យ​លោកអ្នក​មានបញ្ហា​វង្វេង​វង្វាន់​កើតឡើង។

  • បណ្ដាល​មកពី​ការ​មានបន្ទុក និងការ​ទទួល​ខុសត្រូវ​ច្រើននៅ​ក្នុងគ្រួសារ និង​ក្នុងសង្គម​(សម្ពាធការងារ)
  • បណ្ដាល​មកពី​កង្វះ​អាហារូ​បត្ថម្ភ ទទួល​ទានមិន​គ្រប់គ្រាន់ ឬទទួល​ទាន​អាហារ​ដែលគ្មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់
  • ការទទួល​ដំណេក​មិន​គ្រប់គ្រាន់​ក៏ជា​មូលហេតុ​ធ្វើឱ្យ​មានបញ្ហា​វង្វេង​វង្វាន់ដែរ
  • ក្រៅពី​បីចំណុច​ដែល​បានជម្រាប​ជូនមក​នេះក៏​នៅមាន​កត្ដាជា​ច្រើន​ទៀត​ដែលនាំឱ្យ​មានបញ្ហា​វង្វេងវង្វាន់​នេះកើត​ឡើង ដូចជា​ការគិត​ច្រើន ការធ្លាប់​មានបញ្ហា​ផ្លូវចិត្ដ ការប៉ះ​ទង្គិច​ជាមួយ​បញ្ហា ឬស្ថានភាព​ផ្សេងៗ​ទៀតជា​ច្រើនផង​ដែរ​ជាដើម។

ផលប៉ះ​ពាល់​នៃការ​វង្វេង​

មិនអាច​ចៀស​ផុតពី​បញ្ហា​បានឡើយ​ប្រសិនបើ​លោកអ្នក​មានការ​វង្វេង​វង្វាន់។ មានផល​ប៉ះពាល់​ច្រើន​ប្រការ​ណាស់​ដែល នឹង​កើតមាន ដូចជា​មានឧបសគ្គ​ក្នុង​ការងារ ធ្វើឱ្យ​លោកអ្នក​មានការ​ខ្វាយខ្វល់​ច្រើន ប៉ះទង្គិច​ទៅលើ​បញ្ហា​ផ្លូវចិត្ដ គ្រប់គ្រង​អារម្មណ៍ មិនបាន​ល្អជាដើម និង​រហូតធ្វើ​ឱ្យ​លោកអ្នក​ក្លាយទៅជា​មនុស្ស​បាត់បង់​ការចងចាំ​ថែមទៀត​ផង។ បន្ដិច​ម្ដងៗ ប្រសិនបើ​លោកអ្នក​ពុំ បាន​ព្យាបាល ឬបែង​ចែក​ការងារ និងធ្វើ​ចំណាត់ថ្នាក់​ការងារឱ្យ​បានច្បាស់​លាស់​នោះទេ លោកអ្នក​អាច​ប្រឈមមុខ​នឹងការ​កើតមាន បញ្ហា​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​ដែល​ពិបាក​នឹងព្យាបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការ​គួរប្រតិបត្ដិ​ដើម្បី​ទប់ទល់​ការវង្វេង​វង្វាន់

គ្រប់យ៉ាង​ដែលកើត​ឡើង ឬបម្រុង​នឹងកើត​ឡើង​សុទ្ធតែ​មានមូល​ហេតុ កម្រមាន​អ្វីដែល​កើតឡើង​ដោយឯក​ឯងនោះ ណាស់។ ដើម្បី​បញ្ចៀស​ពីបញ្ហា​វង្វេងវង្វាន់​នេះ សូមលោក​អ្នកប្រតិបត្ដិ​តាមប្រការ​ចាំបាច់​មួយ​ចំនួន។

  • រៀប​ចំគំនិត និងគិត​ដោយសន្សឹមៗ ម្ដងមួយៗ​ទៅតាម​ដំណាក់​កាល​នៃបញ្ហា
  • បែងចែក​ពេលវេលា និង​បញ្ហាឱ្យ​បានច្បាស់​លាស់ និងត្រឹម​ត្រូវ​ទៅតាម​អត្ថិភាព​ការងារ
  • លោកអ្នក​គួរទទួល​ទានអាហារ និង​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់
  • អ្នកដែល​មានបញ្ហា​វង្វេងវង្វាន់​នេះគួរ​តែត្រូវ​បានការ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ទ្វេដង​ពីមនុស្ស​ដែលនៅ​ជុំវិញ ព្រមទាំងជួយ ចែក​រំលែក​ការងារ​ដូចជា​ជួយរក​ដំណោះ​ស្រាយ​ជាដើម
  • ត្រូវចេះ​ចែក​រំលែក​ការងារ​របស់ខ្លួន​ឱ្យដល់​អ្នកដទៃ និងទុក​ឱកាសឱ្យ​អ្នកដទៃ​ធ្វើកិច្ចការ ឬដោះ​ស្រាយ​បញ្ហា​ជំនួស​ខ្លះផង
  • ត្រូវចេះ​បន្ធូរការងារ​កុំធ្វើឱ្យ​កិច្ចការ​នោះក្លាយ​ជាបញ្ហា​ស្មុគស្មាញ​សម្រាប់​លោកអ្នក។

ដំបូន្មាន​អ្នកប្រឹក្សា

សូមលោក​អ្នកមេត្ដា​ចេះជួយ​ខ្លួនឯង មិនត្រូវ​ពឹងពាក់​អ្នកដទៃ​ឱ្យជួយដោះ​ស្រាយ​បញ្ហានោះ​ទេ លោកអ្នក​ត្រូវចេះ​បែងចែក កាលវិភាគ បែងចែក​ពេលវេលា និងការងារ​ឱ្យច្បាស់​លាស់។ ប្រសិនបើ​លោកអ្នក​មានបញ្ហា​វង្វេងកើត​ឡើង​សូមមេត្ដា​ស្វែងរកដំ- ណោះ​ស្រាយ កុំបណ្ដោយ​ឱ្យកាន់តែ​មានសភាព​ធ្ងន់ធ្ងរ ព្រោះ​អាចឱ្យ​មានផល​អាក្រក់​សម្រាប់​រូប​លោកអ្នក​ផ្ទាល់ និងអ្នក​ដទៃដែល​នៅ ជុំវិញខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *