ស្រីតូចត្រមែដើរតាមភ្លឺស្រែស្រងែបាំងបាត់ បទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត មួយបទនេះបើច្រៀងឌឺដងដាក់កញ្ញា ដាញ់ ម៉ូនីកា តារាឯកក្នុងរឿងទុំទាវដែលកំពុងលេចធ្លោរក្នុងវិស័យសិល្បៈភាពយន្ដខ្មែរនោះ លោកអ្នកនឹងអាចស្រមៃពីរាងកាយតូច ស្ដើងរបស់កញ្ញាមិនខានឡើយ។ តារាវ័យក្មេងរូបនេះបានធ្វើឱ្យបុរសមិនតិចនាក់ទេ លង់នឹងសម្រស់ដ៏ស្រស់ត្រកាលរបស់នាង។ នាង ពិតជាស្រស់ស្អាតខ្លាំងណាស់ តើមានការថែរក្សាបែបណាខ្លះទៅ?
ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត ដាញ់ ម៉ូនីកា ទស្សនាវដ្ដី សុខភាព យើង បានទៅជួបសម្ភាសន៍ជាមួយកញ្ញាផ្ទាល់។
ការថែរក្សាសក់
ពេលសម្ដែង សក់របស់កញ្ញាត្រូវបានតុបតែងតាមម៉ូដផ្សេងៗឱ្យសមនឹងសាច់រឿង។ ដូចនេះចៀសមិនផុតពីការខូចសរសៃ សក់ឡើយ។ ម៉ូនីកាមានវិធីថែរក្សាសក់យ៉ាងពិសេស ដោយកញ្ញាមិនចូលចិត្ដគាបសក់ និងមិនចូលចិត្ដប្ដូរពណ៌សក់ទេ ព្រោះវាអាចធ្វើ ឱ្យសក់រិតតែឆាប់ខូច។ ក្នុងមួយខែម៉ូនីកាអប់បំប៉នសក់យ៉ាងតិច២ដង ដើម្បីជំនួយដល់សរសៃសក់ និងប្រើក្រែមសម្រាប់បន្ទន់រៀង រាល់ពេលដែលកក់សក់រួច។
ការថែរក្សាស្បែកមុខ
ម៉ូនីកាចាំបាច់ត្រូវប្រើក្រែមសម្រាប់បំប៉នស្បែកមុខជាប្រចាំដើម្បីកុំឱ្យឆាប់ជ្រីវជ្រួញ។ ដោយសារនាងជាតារាសម្ដែង ស្បែកមុខត្រូវទទួលរងកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ បន្ទាប់ពីការតុបតែងក្នុងពេលសម្ដែង ម៉ូនីកាតែងតែប្រញាប់លាង សម្អាតមុខ ព្រោះការទុកគ្រឿងសម្អាងនៅលើមុខក្នុងរយៈពេលយូរ វាជារឿងមិនល្អសម្រាប់ស្បែកមុខ។ ចំពោះការប្រើប្រាស់សាប៊ូ សម្រាប់សម្អាតស្បែកមុខម៉ូនីកាតែងតែហ្មត់ចត់ជានិច្ចក្នុងការជ្រើសរើសសាប៊ូ ព្រោះបើជ្រើសរើសមិនបានល្អ សាប៊ូលាងមុខអាចមាន ឥទ្ធិពលច្រើនប្រការណាស់ ដែលប៉ះពាល់ដល់ស្បែកមុខ។ ក្រៅពីនេះ នៅពេលចេញថតក្រោមកម្ដៅថ្ងៃ ម៉ូនីកាតែងតែប្រើក្រែម សម្រាប់ការពារកម្ដៅថ្ងៃជាប្រចាំ មិនដែលធ្វេសប្រហែសឡើយ។ មិនជាញឹកញាប់ណាស់ណាទេ ដែលម៉ូនីកាជ្រើសរើសការថែបំប៉ន ស្បែកមុខតាមធម្មជាតិ ព្រោះកញ្ញាមិនមានពេលវេលាគ្រប់គ្រាន់។ បើមានពេល ម៉ូនីកាតែងតែយកក្រូចពោធិ៍សាត់មកលាបលើមុខ ទុករយៈពេល១៥ឬ២០នាទី ទើបសម្អាតដោយទឹកស្អាត បើមិនដូច្នោះទេ នាងប្រើក្រូចពោធិ៍សាត់សម្រាប់លាងលើផ្ទៃមុខតែម្ដង។ ម៉ូនីកាទៅម៉ាស្សាមុខ២សប្ដាហ៍ ម្ដង។
ការថែរក្សាស្បែកខ្លួន
ម៉ូនីកាតែងតែប្រើក្រែមរក្សាស្បែកជាប្រចាំ ដើម្បីផ្ដល់សំណើមដល់ស្បែក។ ជាធម្មតាស្បែកម៉ូនីកាត្រូវរងកម្ដៅថ្ងៃស្ទើរតែ រាល់ថ្ងៃកម្រខកខានណាស់។ ហេតុនេះទើបទាមទារឱ្យមានការថែបំប៉នពិសេស ទើបអាចទប់ទល់បាន បើមិនដូច្នោះទេ ប្រាកដជាមាន លេចចេញនៅស្នាមជ្រីវជ្រួញ ឬធ្វើឱ្យរលាកស្បែកមិនខានឡើយ។ ទោះបីជាយ៉ាងណា ក៏ម៉ូនីកាមិនចូលចិត្ដប្រើក្រែម ឬឡេដែល លាយច្របូកច្របល់គ្នាច្រើនមុខទេ ព្រោះមិនសូវជឿជាក់ពីផលប៉ះពាល់របស់វា។ ម្យ៉ាងទៀតមុននឹងសម្រេចចិត្ដប្រើប្រាស់នូវផលិត ផលអ្វីមួយ ម៉ូនីកាតែងតែទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញជាមុនសិន មិនមែនប្រើតាមការនិយមតៗគ្នា ឬតាមការឃោសនា នោះដែរ។
ការថែរក្សាបបូរមាត់
មិនមានអ្វីច្រើនទេ ដោយគ្រាន់តែនៅពេលមិនសម្ដែង គឺម៉ូនីកាមិនលាបក្រែមទាល់តែសោះ ព្រោះមិនចូលចិត្ដ។ បើលាបក៏ លាបពណ៌ស្រាលដែរ។ ការលាបបបូរមាត់ពណ៌ក្រហម ឬក្រម៉ៅ អាចធ្វើឱ្យបបូរមាត់ប្រែទៅជាពណ៌ស្រគាំ ឬខ្មៅ។ មុនពេលតុបតែង ម៉ូនីកាមានក្រែមម្យ៉ាងសម្រាប់លាបជាទ្រនាប់បបូរមាត់ដើម្បីការពារបបូរមាត់ដែលត្រូវលាបពណ៌តាមសាច់រឿង។ ក្នុងការជ្រើស រើសក្រែមទៀតសោត ម៉ូនីកាតែងតែប្រយ័ត្នប្រយែងជានិច្ច ព្រោះការថែរក្សាបបូរមាត់ជារឿងសំខាន់។
ការថែរក្សាធ្មេញ
ជាទូទៅម៉ូនីកាសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំ និងស។ កញ្ញាតែងតែទៅរកគ្រូពេទ្យធ្មេញរៀងរាល់២ ឬ៣ខែម្ដងជាប្រចាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញ ។
ការថែរក្សាក្រចក និងប្រអប់ដៃ
ម៉ូនីកាចូលចិត្ដកាត់ក្រចកខ្លីធម្មតា មិនទុកវែងពេក ហើយមិនចូលចិត្ដលាបពណ៌ក្រចកទ្បើយ។ ចំពោះប្រអប់ដៃ ម៉ូនីកាមិន ដែលទៅម៉ាស្សាឱ្យម្រាមដៃស្រឡូនម្ដងណាទេ ហើយក៏មិនមានការថែរក្សាជាពិសេសអ្វីដែរ។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
ម៉ូនីកាតែងតែជ្រីសរើសការតម្រឹមរោមចិញ្ចើមផ្នែកក្រោមតិចៗ តែរក្សាទុកផ្នែកខាងលើដដែល មិនប៉ះពាល់ទ្បើយ។ ម៉ូនីកាត្រូវប្រើម៉ាស្ការ៉ាសឹងតែរាល់ថ្ងៃនៅពេលសម្ដែង ដែលធ្វើឱ្យរោមភ្នែកជ្រុះជារឿយៗ។ ប៉ុន្ដែនៅពេលនេះ ម៉ូនីកាបានជ្រើសរើសវិធី ពាក់រោមភ្នែកជំនួសវិញ ហើយប្រញាប់ដោះរោមភ្នែកនោះចោលដោយមិនទុកយូរឡើយ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ត្របកភ្នែក។
របបអាហារទទួលទាន និងការរក្សាទម្ងន់
ម៉ូនីកាទទួលទានចំណីអាហារគ្រប់បែបយ៉ាង ដោយមិនបារម្ភពីការឡើងទម្ងន់អ្វីឡើយ ព្រោះនាងជាមនុស្សមិនងាយនឹង ឡើងទម្ងន់ទេ។ ម៉ូនីកាចូលចិត្ដទទួលទានបន្លែច្រើនជាងសាច់សត្វ ដូចជាពពួកបន្លែពណ៌បៃតង មានត្រកួន ត្រសក់ ប៉េងប៉ោះ និងបន្លែ ផ្សេងៗទៀតជាច្រើន។
នាងទទួលទានទឹកជាប្រចាំថ្ងៃ យ៉ាងតិចក៏ពីរលីត្រដែរក្នុងមួយថ្ងៃ។ ដោយសារមានការងារមមាញឹក ម៉ូនីកាមិនសូវមាន ពេលទទួលទានដំណេកច្រើនឡើយ ជួនកាលត្រូវថតពេញមួយយប់ក៏សឹងនឹងមាន។ ហេតុនេះឱ្យតែមានពេល ម៉ូនីកាសម្រាកភ្លាម ជា ពិសេសក្រោយពេលទទួលទានអាហារថ្ងៃត្រង់ ព្រោះនាងយល់ថាវេលានេះជាពេលសម្រាកដ៏មានគុណប្រយោជន៍ចំពោះរាងកាយ បំផុត ដើម្បីបង្កើនកម្លាំងបំពេញការងារតទៅទៀត។
បណ្ដាំផ្ញើរបស់ដាញ់ ម៉ូនីកា
សូមគ្រប់ស្ដ្រីទាំងអស់កុំបំភ្លេចចោលការថែរក្សាសម្រស់ និងសុខភាព ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ ព្រោះទាំងពីរ យ៉ាងនេះនឹងធ្វើឱ្យសុភាពនារីមានការជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង។ សូមចាប់ផ្ដើមថែរក្សាវាពីថ្ងៃនេះតទៅ មិនទាន់ហួសពេល នៅឡើយទេ។
ការរៀបរាប់ជូនខាងលើនេះជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញា ដាញ់ ម៉ូនីកា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ដាញ់ ម៉ូនីកា
- អាយុ ៖ ២១ឆ្នាំ
- កម្ពស់ ៖ ១,៥៧ម៉ែត្រ
- ទម្ងន់ ៖ ៤៣គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣២, ២៤, ៣០
- បងប្អូន ៖ ជាកូនទោល
- ម្ដាយឈ្មោះ ៖ ម៉ែន ណារី
- ឪពុកឈ្មោះ ៖ ដាញ់ វណ្ណសា
- ស្ថានភាពគ្រួសារ ៖ នៅលីវ(រស់នៅជាមួយឪពុកម្ដាយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply