ភ្នែកមួយគូលេចធ្លោត្រូវពឹងផ្អែកទៅលើការតុបតែងត្របកភ្នែកដើម្បីឱ្យមានភាពស្រស់ស្អាត។ ការតុបតែងភ្នែកឱ្យស្រស់ ស្អាតបានទាមទារឱ្យមានវិធីសាស្ដ្រក្នុងការតុបតែងមិនអាចធ្វើស្រេចតាមតែការនឹកឃើញនោះទេ។ ទាំងនេះក៏អាស្រ័យទៅតាមស្ថាន ភាពភ្នែករបស់សុភាពនារីផ្ទាល់ផងដែរ ទើបធ្វើឱ្យការតុបតែងនេះទទួលបានលទ្ធផលល្អ។ តើគួរតុបតែងភ្នែកបែបណាទើបអាចស្រស់ ស្អាតបាន?
ចម្ងល់របស់សុភាពនារីស្ដីពីការតុបតែងភ្នែក បានបកស្រាយដោយកញ្ញា ទូច សុគន្ធា អ្នកជំនាញនៅហាងកែសម្ផស្សម្កុដ មាសតារាពិភពលោកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ភ្នែកជាដួងព្រលឹង
ចំពោះមនុស្សស្រី មុនដំបូងបង្អស់ត្រូវនិយាយដល់ភ្នែកមួយគូ មានតម្លៃដូចគ្រាប់ពេជ្រមួយគូ។ ភ្នែកស្អាតហើយចម្លែកអស្ចារ្យ ព្រោះភ្នែកមួយគូអាចសម្ដែងជួសយើងនូវអ្វីៗទាំងអស់ដែលចង់និយាយ ឬមិនចង់។ មិនតែប៉ុណ្ណោះភ្នែកអាចឱ្យយើងមើល ឃើញនូវអ្វីដែលនៅក្នុងរង្វង់ភ្នែកគូសង្សារ ឪពុកម្ដាយ និងមិត្ដភក្ដិរបស់យើង។
ការតុបតែងភ្នែក
ការតុបតែងមុខជាកត្ដាចម្បងមួយក្នុងការលើកសម្រស់ស្ដ្រី។ ការតុបតែងទាមទារធ្វើនៅគ្រប់ផ្នែកទាំងអស់នៅលើផ្ទៃមុខ រួមទាំងភ្នែកផងដែរ។ ដើម្បីឱ្យបានកែវភ្នែកមួយគូលេចធ្លោនិងស្រស់ស្អាត ជាជំហានដំបូងសុភាពនារីត្រូវដឹងពីស្ថានភាពភ្នែកខ្លួនឯង ទីកន្លែងដែលត្រូវចូលរួម និងពេលវេលាក៏សំខាន់មួយចំណែកផងដែរ។ ការតុបតែងភ្នែករួមមានការផាត់ត្របកភ្នែកខាងលើ និង ត្របកភ្នែកខាងក្រោម រោមភ្នែកព្រមជាមួយការគូសរឹមភ្នែកផងដែរ។ ជាទូទៅការផាត់ត្របកភ្នែកទាំងលើ និងក្រោម អាចធ្វើទៅ បានអាស្រ័យទៅតាមស្ថានភាពភ្នែក។ ជាអាទិក្នុងករណីសម្រាប់អ្នកដែលមានភ្នែកតូច គួរតែផាត់ពណ៌ដិតបន្ដិច ទើបអាចលើកភ្នែក ឱ្យគន្លាក់ភ្នែកមានរាងធំបន្ដិច រួមជាមួយបច្ចេកទេសនៃការបិតត្របកភ្នែកដើម្បីឱ្យមានភាពទាក់ទាញ ហើយបន្ថែមម្សៅស្អិត និងការ គូសរឹមភ្នែកឱ្យមានចេញមកក្រៅបន្ដិចផងដែរ។ ចំណែកអ្នកមានភ្នែកធំ អាចផាត់បានទាំងពណ៌ស្រាល និងពណ៌ដិតដែលសុទ្ធតែជួយ ឱ្យភ្នែកស្រស់ស្អាតដូចគ្នាទាំងអស់។ រីឯការផាត់ភ្នែក បើលោកស្រីអ្នកនាងកញ្ញាចង់ផាត់តាមពណ៌ធម្មជាតិគប្បីជ្រើសរើសពណ៌ទឹក ក្រូច ពណ៌ផ្កាឈូកខ្ចី ពណ៌សូកូឡាខ្ចី និងពណ៌លឿងខ្ចី បន្ទាប់មកត្រូវផាត់លាយជាមួយពណ៌សូកូឡាផាត់ឱ្យសព្វរង្វង់ភ្នែក។ ប្រសិនបើ លោកស្រីអ្នកនាងកញ្ញាចង់ឱ្យមើលទៅមានភាពសិចស៊ីគប្បីបន្ថែមស្រមោលពណ៌ក្រហម ឬពណ៌ផ្កាឈូកព្រឿងៗបន្ដិច ទើបភ្នែកមើល ទៅមានភាពទាក់ទាញ។ បើមិនដូច្នោះទេ អាចផាត់តែមួយពណ៌ក៏បាន គឺប្រើពណ៌ខ្មៅ ប្រសិនបើមិត្ដនារីស្ថិតនៅវ័យចំណាស់បន្ដិច គួរ ប្រើពណ៌សូកូឡាទើបមើលទៅស្រស់ស្អាត។ ចំពោះការគូសត្របកភ្នែកខាងក្រោមក៏ដូចគ្នាដែរត្រូវផ្ចិតផ្ចង់បន្ដិចទើបស្អាត។ បើភ្នែក តូច ត្រូវលួចគូសមកក្រៅបន្ដិច ផ្ទុយទៅវិញបើភ្នែកធំ ត្រូវគូសចូលក្នុងបន្ដិច នោះសម្រស់និងលេចធ្លោមួយកម្រិតទៀត។
ដំបូន្មានអ្នកជំនាញ
ការតុបតែងភ្នែកក៏ត្រូវពឹងផ្អែកផងដែរទៅលើពណ៌សម្លៀកបំពាក់ និងពណ៌ក្រែមលាបបបូរមាត់ ទាល់តែទាំងបីផ្នែកនេះ ស៊ីសង្វាក់គ្នាទើបមើលទៅស្រស់ស្អាតបាន។ បើលោកស្រីអ្នកនាងកញ្ញាមិនមានសមត្ថភាពអាចតុបតែងដោយខ្លួនឯងទេ គួរតែរកអ្នក ជំនាញជាជំនួយទើបបាន បើមិនដូច្នោះទេ កែវភ្នែកទាំងគូរបស់លោកស្រីអ្នកនាងកញ្ញានឹងក្លាយទៅជាភ្នែកខ្មោចមិនខានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply