សម្រស់ស្រស់ស្អាតនៃរាងកាយ គឺជាភាពសំខាន់សម្រាប់សុភាពនារីទាំងឡាយដែលប្រាថ្នាចង់បាន ជាពិសេសនោះ គឺដៃ ជើងស្រឡូនស្អាត។ បើដៃជើងមានភាពស្រឡូន សស្រស់ស្អាត ទន់ល្មើយ កាន់តែធ្វើឱ្យលេចចេញសោភ័ណភាព និងសម្រស់រាង កាយរបស់អ្នកនាងកាន់តែប្រសើរឡើង។ ទោះបីជាសម្រស់រាងកាយរបស់អ្នកនាងស្រស់ស្អាតហើយក៏ដោយ ទាមទារឱ្យមានការថែរក្សាជាប្រចាំផងដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។
ធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នានោះទេ អ្នកខ្លះកើតមកមានសម្រស់រូបរាងកាយស្រស់ស្អាត សម្បុរសម៉ដ្ឋខៃ រាងតូចច្រឡឹងដោយមិនបាច់ធ្វើការកែច្នៃអ្វីនោះទេ។ អ្នកខ្លះកើតមកមានសភាពរាងកាយមិនល្អផូផង់ មានដៃជើងមិនស្អាត ស្បែកជ្រីវជ្រួញ និងសម្បុរខ្មៅ ដែលមិនជាទីពេញចិត្ដរបស់អ្នកផង។ ប៉ុន្ដែលោកអ្នកកុំអស់សង្ឃឹម គឺមានវិធីអាចធ្វើការកែច្នៃឱ្យដៃជើងរបស់លោក អ្នកមានភាពស្រស់ស្អាតជានិច្ច។ អ្នកជំនាញនៅហាងកែសម្ផស្សឡាលីនប៊ីយូធីឃែរ៍ នឹងធ្វើការបកស្រាយពីរបៀបម៉ាស្សាដៃជើង តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ម៉ាស្សា ជាអ្វី?
ពាក្យថាម៉ាស្សានៅពេលនេះ គឺជាការធ្វើសរសៃ ឬការធ្វើចលនានៅលើដៃជើងយើងឱ្យមានភាពស្រស់ស្អាត។ ម៉ាស្សាចែក ចេញជាច្រើនប្រភេទ ដូចជាការម៉ាស្សាដៃជើងឱ្យស្រឡូនដោយប្រើថ្នាំ ឬផលិតផលជាដើម។ សុភាពនារីដែលចង់បានឱ្យស្បែកសទន់ រលោង អាចទៅហាងកែសម្ផស្សដែលមានថ្នាំសម្រាប់ធ្វើឱ្យស្បែកស បំបាត់ការជ្រីវជ្រួញ ដែលគេប្រើទៅតាមប្រភេទស្បែក។ សូម ប្រយ័ត្ន ព្រោះការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើខូចស្បែកបាន។
ប្រភេទដៃជើងដែលអាចម៉ាស្សា
ទាក់ទងនឹងការម៉ាស្សា មានដូចជាម៉ាស្សាសរសៃដៃសរសៃជើង ម៉ាស្សាស្បែកដៃ ឬម្រាមដៃឱ្យមានភាពរលូនស្រស់ស្អាត។ ជាអាទិសុភាពនារីមួយចំនួនដែលមានបញ្ហា ដូចជាស្បែកមិនស្អាត ក្រិន ស្បែកគគ្រើម ជ្រីវជ្រួញ ឬខ្មៅ អាចធ្វើឱ្យស្រស់ស្អាតបាន ដោយប្រើរយៈពេលតិចបំផុត។ ក្នុងករណីដែលអ្នកនាងកញ្ញាធ្វើការច្រើន ការងារដែលធ្ងន់ៗបណ្ដាលឱ្យដៃជើងរីកធំៗនោះ មិនអាច ធ្វើឱ្យទៅជាតូចបាននោះទេ។ សំខាន់បំផុតនោះ គឺឋិតនៅលើស្បែករបស់អ្នកនាងថាទន់ ឬអត់ដែរ ដែលទាមទារឱ្យមានការចាប់ អារម្មណ៍ចំពោះបញ្ហាទាំងអស់នេះ និងដែលទាក់ទងនឹងសម្រស់រូបរាងកាយរបស់អ្នកនាងកញ្ញា។
របៀបធ្វើម៉ាស្សា
ការម៉ាស្សាសរសៃដៃសរសៃជើង គឺជាការប្រើប្រេងលាបនៅលើដៃជើងដែលជួយសម្រួលដល់សរសៃដៃសរសៃជើងឱ្យដើរ ស្រួល ជួយបំបាត់ស្ដ្រេស្ស និងធ្វើឱ្យសរសៃដៃជើងរាបស្មើស្អាត។ ឯការម៉ាស្សាសាច់ដៃជើងឱ្យទន់រលោង គេប្រើផលិតផលបីយ៉ាង សម្រាប់លាប គឺក្រាប(ផលិតផលសម្រាប់ខាត់ស្បែកម្យ៉ាង) ម៉ាស និងឡេ។ ត្រូវយកផលិតផល ទាំងបីនេះទៅលាបលើដៃជើង ដោយចំណាយរយៈពេលមួយម៉ោង។
គុណសម្បត្ដិរបស់ម៉ាស្សា
ការម៉ាស្សានេះធ្វើឱ្យសម្រស់ដៃជើងរបស់លោកអ្នកល្អពិតៗដូចបំណង គឺស្បែកមានពន្លឺ និងបំបាត់ភាពរឹងគ្រប់បែបយ៉ាង។ ជាទូទៅ ផលិតផលទាំងនេះមិនមានផលប៉ះពាល់ដល់សុខភាពឡើយ។ ការម៉ាស្សាធ្វើឱ្យស្បែកទន់រលោង ភ្លឺ សម៉ដ្ឋខៃ មានសំណើម ហើយទន់ ជួយការពារភាពជ្រីវជ្រួញបានទៀតផង។ នៅពេលដែលស្បែកទន់រលោងស្អាត ជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងមាន រស្មីនៅក្នុងជីវិត។
គុណវិបត្ដិរបស់ម៉ាស្សា
បើម៉ាស្សាហើយ ស្បែកលោកអ្នកស្អាតផូផង់ តែមិនមានវិធីការពារ មិនបានប្រើឡេការពារ ដោយនៅតែធ្វើការងារធ្ងន់ ប៉ះពាល់ដល់ស្បែកនោះ ភាពក្រិន ជ្រីវជ្រួញ នឹងត្រឡប់មករកភាពដើមវិញ។
របៀបថែរក្សាក្រោយពេលម៉ាស្សារួច
លោកអ្នកត្រូវលាបឡេការពារជាប្រចាំ ដោយប្រើឡេម័រសឺរាយស័រ គឺឡេផ្ដល់សំណើម។ ព្រោះដៃជើងរឹង ហើយក្រិន បើ ប្រើឡេសំណើមជារៀងរាល់យប់ វាផ្ដល់សារធាតុបម្រុងស្បែក ពេលភ្ញាក់ពីដំណេកឡើង នឹងឃើញស្បែកទន់ល្មើយតែម្ដង។ នៅពេល លាប គឺត្រូវងូតទឹកឱ្យស្អាតជាមុនសិន ទើបចាប់ផ្ដើមលាបឡេសំណើមនេះតែម្ដង។ វានឹងជួយការពារស្បែករបស់លោកអ្នកបានគ្រប់ ពេល។ ប្រការមួយទៀតដែលគួរតែការពារ គឺពេលដើរហាលថ្ងៃ ត្រូវមានប្រដាប់ការពារកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក និងពេលចូល កន្លែងម៉ាស៊ីនត្រជាក់ ត្រូវលាបឡេសំណើមការពារជាមុនសិន ព្រោះធាតុត្រជាក់ធ្វើឱ្យស្បែករបស់យើងស្ងួត។
ដំបូន្មានអ្នកជំនាញ
ការថែទាំដៃជើង គឺអាស្រ័យនៅលើសាម៉ីខ្លួន ដែលត្រូវមានវិធានការក្នុងការថែរក្សាជារៀងរាល់ថ្ងៃ។ បើស្រឡាញ់ខ្លួន ស្រឡាញ់សម្រស់ សុភាពនារីទាំងអស់ពិតជាធ្វើបានតាមប្រការដែលបានរៀបរាប់ខាងលើ។ ពិសេសនោះ គឺសុភាពនារីគ្រាន់តែលាប ឡេផ្ដល់សំណើមជាទម្លាប់នៅរាល់ពេលចូលគេង។ ចៀសវាងការប្រើបានតែមួយរយៈ ហើយក៏ឈប់លាបនោះ គឺមិនមានលទ្ធផលទេ ផ្ទុយទៅវិញ រិតតែធ្វើឱ្យស្បែករបស់អ្នកកាន់តែមានបញ្ហាថែមទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply