ទន្ទឹមនឹងការរីករាលដាលយ៉ាងសន្ធឹកសន្ធាប់នៃលំហូរចូលថ្នាំញៀន ធ្វើឱ្យមាតាបិតាគ្រប់រូបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបុត្រធីតា ព្រោះខ្លាចក្រែងកូនៗរបស់ខ្លួនឈានទៅដល់ការប្រើគ្រឿងញៀនទាំងនោះ។ មាតាបិតាខ្លះពុំមានពេលវេលាគ្រប់ គ្រាន់ក្នុងការមើលថែកូន ឬគ្រប់គ្រងកូនឱ្យនៅតែក្នុងផ្ទះបានទេ។ ឪពុកម្ដាយក៏ពុំអាចតាមដានឃ្លាំមើលកូនគ្រប់ពេលវេលា និងគ្រប់ ទីកន្លែងនោះដែរ។ ហេតុនេះយុវជនចៀសមិនផុតពីការប៉ះទង្គិចនឹងសង្គមខាងក្រៅនោះទេ។ ដើម្បីឱ្យរួចផុតនូវក្ដីកង្វល់ តើមានវិធី យ៉ាងណាខ្លះក្នុងការសម្គាល់លក្ខណៈកូនដែលប្រើថ្នាំញៀន?
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកការស្រាយបំភ្លឺអំពីវិធីមួយចំនួនក្នុងការសម្គាល់កូនញៀនថ្នាំរបស់លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្ដ អ្នកឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
មូលហេតុនាំឱ្យប្រើថ្នាំញៀន
ថ្នាំញៀនមានច្រើនប្រភេទ និងច្រើនសណ្ឋាន ដូចជាប្រើសម្រាប់ជក់ ហិត លេប ឬចាក់ជាដើម។ អ្នកប្រើប្រាស់គ្រឿង ញៀនភាគច្រើនជាយុវជនស្ថិតក្រោមអាយុ២៥ឆ្នាំ និងក្នុងវ័យសិក្សា(សិស្ស និងនិស្សិត)។ មានមូលហេតុច្រើនយ៉ាងដែលនាំឱ្យប្រើ គ្រឿងញៀន និងរហូតដល់ញៀនថ្នាំ។
- ការប្រើក្នុងបំណងអាក្រក់ណាមួយ ដោយធ្វើឱ្យចិត្ដក្លាហាន ហ៊ានប្រព្រឹត្ដអំពើខុសច្បាប់ ដូចជាលួច ឆក់ ប្លន់ជាដើម។
- យុវជនជាបុគ្គលដែលមានចិត្ដចង់ចេះ ចង់ដឹង ចង់ឃើញ និងចង់សាកល្បងនូវអ្វីដែលពួកគេមិនធ្លាប់ជួប និងមិនធ្លាប់ ស្គាល់ពីមុនមក។ ហេតុនេះទើបធ្វើឱ្យគេចង់សាកល្បងនូវប្រសិទ្ធិភាពរបស់ថ្នាំ។
- ការអូសទាញ និងញុះញង់ពីសំណាក់មិត្ដភ័ក្ដិ ការបង្ខិតបង្ខំឱ្យប្រើ ការបោកបញ្ឆោត ឬលួងលោមដោយល្បិចកលដាក់ថ្នាំ ក្នុងកែវភេសជ្ជៈជាដើម។
- ការចង់សប្បាយ និងការជឿលង់តាមពាក្យឃោសនារបស់ឈ្មួញដែលអួតសរសើរពីភាពវិសេសវិសាលរបស់ថ្នាំ ដូចជាធ្វើ ឱ្យមានអារម្មណ៍សប្បាយរីករាយជាដើម។
- ការជួបប្រទះនូវបញ្ហាស្មុគស្មាញ ឬមានបញ្ហាផ្លូវចិត្ដក៏បណ្ដាលឱ្យមានការឈានទៅរកការប្រើប្រាស់គ្រឿងញៀនដែរ។
- ការខ្វះភាពកក់ក្ដៅនៅក្នុងគ្រួសារដែលមានអំពើហិង្សាក៏នាំឱ្យបុត្រធីតាចាកចេញពីផ្ទះ ឈានទៅដល់ការប្រើថ្នាំ
- ញៀនបានដែរ។
- ក្រៅពីមូលហេតុទាំងនេះក៏នៅមានមូលហេតុផ្សេងទៀត ដែលបណ្ដាលឱ្យយុវជនឈានទៅដល់ការប្រើគ្រឿងញៀន ដូច ជាបញ្ហាសង្គម ការបាក់ទឹកចិត្ដអស់សង្ឃឹមជាដើម។ អ្នកខ្លះប្រើដើម្បីឱ្យមានកម្លាំង មិនស្ពឹកស្រពន់ដៃជើង ចង់ឱ្យរវៀសរវៃ រហូត ដល់មានអ្នកខ្លះប្រើដើម្បីធ្វើការសម្រកទម្ងន់ថែមទៀតផង។
ឥទ្ធិពលរបស់ថ្នាំញៀន
ការប្រើថ្នាំញៀនធ្វើឱ្យអ្នកប្រើបញ្ចេញនូវឥទ្ធិពលមួយចំនួនទៅតាមប្រភេទ និងកម្រិតនៃការប្រើប្រាស់ ដូចជាការលេប ឬ ប្រើតាមមាត់នូវសារធាតុញៀន(អំហ្វេតាមីន)ដែលបណ្ដាលឱ្យមានអារម្មណ៍រំភើប សប្បាយរីករាយ បង្កើននូវទំនុកចិត្ដលើខ្លួនឯង និយាយច្រើន និងបង្កើនថាមពល ឬកម្លាំង។ ប្រសិនបើចាក់តាមសរសៃវិញ អ្នកប្រើមានអារម្មណ៍ពុះកញ្ជ្រោល រួសរាន់ និងមាន អារម្មណ៍ស្រណុកសុខស្រួលជាទីបំផុតជាដើម។
របៀបសម្គាល់កូនញៀនថ្នាំ
លោកអ្នកប្រាកដជាព្រួយបារម្ភណាស់ចំពោះបុត្រធីតាក្នុងការប្រឈមមុខនិងការប្រើប្រាស់ថ្នាំញៀន។ ការស្រឡាញ់កូន ចង់ឱ្យកូនមានសេចក្ដីសុខចម្រើនជារឿងធម្មតារបស់ឪពុកម្ដាយគ្រប់រូប។ ប៉ុន្ដែលោកអ្នកប្រហែលជាគ្មានចម្លើយពិតប្រាកដចេញពី មាត់កូនថារូបគេប្រើថ្នាំញៀននោះទេ។ ទោះបីជាយ៉ាងនេះក្ដី លោកអ្នកមិនគួរមានការព្រួយបារម្ភពេកនោះទេ មានវិធីមួយចំនួនដែល លោកអ្នកអាចសម្គាល់បានថាកូនរបស់លោកអ្នកមានប្រើថ្នាំញៀន ឬក៏អត់នោះទេ។
- បុត្រធីតារបស់លោកអ្នកលែងជាកូនស្ដាប់បង្គាប់ ដើរលេងហួសពេលម៉ោងជាងធម្មតា គេចសាលាមិនចូលរៀនជាដើម។
- កូនក្លាយជាក្មេងដែលបំផ្លាញទ្រព្យសម្បត្ដិ លក់របស់ទ្រព្យដែលមានដូចជាម៉ូតូ ទូរស័ព្ទ និងយកវត្ថុមានតម្លៃទៅលក់ ឬបញ្ចាំជាដើម។
- ជាកូនដែលចេះនិយាយកុហក ភូតភរ និយាយមិនពិតប្រាកដ បាតដៃជាខ្នងដៃ មានមិត្ដភ័ក្ដិច្រើន និងប្លែកមុខខុសពី ធម្មតា ឬជាមិត្ដភ័ក្ដិដែលខ្លាចមិនហ៊ានចូលទៅជួបជាមួយលោកអ្នកដើម្បីបានស្គាល់។
- កូនរបស់លោកអ្នកមានអារម្មណ៍ខឹងមួម៉ៅច្រើន ធុញទ្រាន់ចង់ចេញទៅខាងក្រៅផ្ទះ។
- មានអាការភ័យខ្លាច ជារបៀបមនុស្សមានខ្លួន ទាំងរបស់របរប្រើប្រាស់ទាំងក្នុងបន្ទប់មិនចង់ឱ្យអ្នកណាម្នាក់ប៉ះពាល់ ឬ ចូលទៅឃើញឡើយ។
- មានអាការភ័ន្ដវិញ្ញាណ ភ្លឹកៗ ធ្វើអ្វីដោយលួចលាក់កំបាំង ហើយមានអារម្មណ៍ខ្លាចអ្នកណាម្នាក់មកតាមដានខ្លួនឯង។
- រូបរាងកាយចុះស្គម មុខមាត់ស្លេកស្លាំង មិនសូវរៀបរយខ្លួនប្រាណទាំងសម្លៀកបំពាក់ផងដែរ។
- អ្នកប្រើគ្រឿងញៀនមួយចំនួនក្លាយទៅជាមនុស្សម្នាក់ផ្សេងដែលមិនសមាមាត្រនឹងអាយុរបស់ខ្លួន ចេះដឹងច្រើនជាង ធម្មតា ហ៊ានអាកាត់ដោយខ្លួនឯង ក្លាហានមិនចេះខ្លាចចំពោះអ្វីដែលនឹងកើតមានឡើង និងធ្វើខ្លួនដូចជាអ្នកដែលមានបទពិសោធន៍ ធ្លាប់ឆ្លងកាត់រួចពីមុនមកហើយអញ្ចឹង។
- ដើម្បីឱ្យកាន់តែច្បាស់ លោកអ្នកអាចយកកូនទៅធ្វើការពិនិត្យទឹកនោម។ លទ្ធផលជាក់ស្ដែងនឹងបង្ហាញថាកូនរបស់ លោកអ្នកមានប្រើថ្នាំញៀន ឬមិនប្រើ។
ដំបូន្មានអ្នកប្រឹក្សា
យុវជនងាយនឹងទទួលនូវការប៉ះទង្គិចពីសង្គមខាងក្រៅ ជាពិសេសអ្វីដែលមិនល្អយុវជនរមែងចង់សាកល្បង។ ឪពុកម្ដាយ គ្រប់រូបសូមព្យាយាមពន្យល់ណែនាំកូនឱ្យបានយល់នូវគុណវិបត្ដិ និងផលប៉ះពាល់ផ្សេងៗដែលកើតឡើងពីការប្រើប្រាស់គ្រឿងញៀន។ សូមកុំព្យាយាមធ្វើឱ្យសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយរលាយបាត់តាមខ្យល់ និងវិលវល់ដូចដុំពពកដ៏ខ្មៅងងឹតឱ្យសោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply