បម្រាមបីប្រការដែលចាស់បុរាណតែងហាមប្រាមកូនចៅមិនឱ្យប្រព្រឹត្ដ ពិសេសគឺកូនប្រុស។ ដោយហេតុថាល្បែងបីប្រការនេះសុទ្ធសឹងតែជាល្បែងដែលផ្ដល់នូវក្ដីវិនាស មហន្ដរាយ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ តើអ្វីខ្លះជាល្បែង ទាំងបីដែលចាស់ទុំលោកបានហាម ហើយផ្ដល់នូវគុណវិបត្ដិយ៉ាងណាខ្លះចំពោះបុរស?
ព្រះតេជគុណមហាសុវណ្ណប្បជោត កង ណាម៉ានី ព្រះចៅអធិការវត្ដសំពៅមាសមានសង្ឃដីកាស្រាយបំភ្លឺអំពីបញ្ហាល្បែង ទាំងបីជូនមិត្ដអ្នកអានដើម្បីសិក្សាស្វែងយល់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាល្បែងទាំងបី?
នៅក្នុងពុទ្ធសាសនា ព្រះលោកសម្ដែងក្នុងបរាភវសូត្រជាល្បែងទាំងបី ឬអបាយមុខទាំងបី។ ល្បែងជាគ្រឿងនាំឱ្យញៀន នាំ ឱ្យវិនាស និងផ្ដល់ជាមហន្ដរាយ។ ល្បែងទាំងបីដែលបុរសតែងប្រព្រឹត្ដមាន គឺឥត្ថីធុត្ដៈ សុរាធុត្ដៈ អក្ខធុត្ដៈ។
1. ឥត្ថីធុត្ដៈ ៖ ការចូលចិត្ដលេងសប្បាយកាមគុណជាមួយស្ដ្រី ឬបុរសស្វែងរកការសប្បាយជាមួយនឹងស្ដ្រី។
2. សុរាធុត្ដៈ ៖ គឺការសេពគ្រឿងស្រវឹង និងគ្រឿងញៀន។
3. អក្ខធុត្ដៈ ៖ ជាល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ។
ដូចនេះល្បែងទាំងបីដែលបុរសតែងប្រព្រឹត្ដ ហើយដែលចាស់ទុំបានហាមប្រាមនោះ គឺស្រី ស្រា ល្បែង(ឥត្ថីធុត្ដៈ សុរាធុត្ដៈ អក្ខធុត្ដៈ)។
មូលហេតុបុរសប្រព្រឹត្ដល្បែងទាំងបី
មូលហេតុចម្បងមួយគឺបណ្ដាលមកពីការមិនមានភាពខ្មាសអៀនរបស់បុរស រួមនឹងសេរីភាពក្នុងការប្រព្រឹត្ដដោយពុំមាន ការរិះគន់។ មួយទៀត គឺដើម្បីស្វែងរកសេចក្ដីសប្បាយ បំពេញនូវសេចក្ដីសុខខាងផ្លូវកាម រហូតដល់អ្នកខ្លះប្រព្រឹត្ដល្បែងស៊ីសងដើម្បី ស្វែងរកទ្រព្យថែមទៀតផង។ ប៉ុន្ដែបុរសមួយចំនួនជ្រើសរើសល្បែងទាំងបីនេះដើម្បីកែប្រែបរិយាកាស បន្ធូរអារម្មណ៍ បំបាត់សេចក្ដី តប់ប្រមល់ ឬធុញទ្រាន់។ ពេលខ្លះដើម្បីដោះស្រាយនូវវិបត្ដិផ្សេងៗ ដូចជាវិបត្ដិ ទំនាស់ ការកើតមានបញ្ហាផ្លូវចិត្ដជាដើម។
ផលប៉ះពាល់នៃល្បែងទាំងបី
ស្រី ស្រា ល្បែង បុរាណតែងហាមកុំឱ្យប្រព្រឹត្ដ ព្រោះជាល្បែងដែលនាំមកនូវសេចក្ដីវិនាសយ៉ាងពិតប្រាកដ។
1. សេដ្ឋកិច្ច ៖ ជាកត្ដាចម្បងដែលមានគុណវិបត្ដិដោយសារការប្រព្រឹត្ដនូវល្បែងទាំងបីនេះ។ ជាធម្មតាការចេញទៅសេព កាមខាងក្រៅ គ្រឿងស្រវឹង និងគ្រឿងញៀន តែងតែត្រូវចំណាយទ្រព្យធនក្នុងផ្ទះដើម្បីបំពេញតម្រូវការទាំងនោះ។ ប្រសិនបើការ សេពគ្រឿងអបាយមុខទាំងនោះកាន់តែខ្លាំងក៏នឹងត្រូវចំណាយប្រាក់កាន់តែច្រើន។ ឯការប្រព្រឹត្ដនូវល្បែងស៊ីសង ជាផលធ្វើឱ្យខាតបង់ ទ្រព្យធ្ងន់ធ្ងរជាងគេ រហូតមានលោកអ្នកខ្លះបង់អស់ទ្រព្យសម្បត្ដិគ្រប់យ៉ាង ជំពាក់បំណុល ឬពេលខ្លះបែរទៅប្រព្រឹត្ដអំពើមិនត្រឹមត្រូវ ដូចជាលួច ឆក់ បោកប្រាស់ជាដើម ដើម្បីដោះស្រាយបញ្ហាជីវិត និងដោះបំណុល។ កម្រនឹងមានអ្នកណាម្នាក់ប្រកាសប្រាប់ថាខ្លួនក្លាយ ជាអ្នកមានដោយសារការលេងល្បែងនោះឡើយ។
2. សុខភាព ៖ ការប្រព្រឹត្ដកាមគុណនឹងស្រីខាងក្រៅ និងសេពគ្រឿងញៀនមិនត្រឹមតែធ្វើឱ្យខាតបង់ទ្រព្យប៉ុណ្ណោះទេ ថែម ទាំងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ តម្រូវការខ្លាំងខាងផ្លូវភេទ ហើយញឹកញាប់ផងនោះអាចធ្វើឱ្យកម្លាំងចុះខ្សោយ និងប្រឈមមុខនឹងជម្ងឺផ្សេងៗ ដូចជាជម្ងឺស្វាយ មហារីកប្រូស្ដាត ជម្ងឺអេដស៍ជាដើម។ សុរាក៏អាចធ្វើឱ្យមានបញ្ហាសុខភាព បង្កជាជម្ងឺ បាន ដូចជារលាកថ្លើមក្រពះពោះវៀន ហើយក៏អាចប៉ះពាល់ដល់សតិអារម្មណ៍ផងដែរ។ មិនខុសគ្នានោះដែរ ការលេងល្បែងក៏ធ្វើឱ្យប៉ះ ពាល់ដល់សុខភាពផ្លូវចិត្ដទៅជាមួម៉ៅខឹងនៅពេលចាញ់ល្បែង។
3. គ្រួសារ ៖ ប៉ះពាល់ទៅដល់គ្រួសារ បង្កឱ្យកើតទំនាស់ និងអំពើហិង្សា គ្រួសារគ្មានសុភមង្គល។ ប្រពន្ធប្រច័ណ្ឌប្ដី ដោយ សារស្វាមីទៅមានស្រីខាងក្រៅផ្ទះ។ បុរសសេពគ្រឿងស្រវឹង និងគ្រឿងញៀនបាត់បង់ស្មារតីវាយដំកូនប្រពន្ធ។ ស្រា ស្រី ល្បែង ធ្វើឱ្យ គ្រួសារគ្មានសេចក្ដីសុខ បាត់បង់អនាគតកូន រហូតមានការលែងលះបែកបាក់គ្នាថែមទៀតផង។
4. សង្គម ៖ មិនអាចចៀសផុតពីផលប៉ះពាល់ទៅលើសង្គមនោះទេ ប្រសិនបើប្រជាពលរដ្ឋភាគច្រើនប្រព្រឹត្ដនូវល្បែងកាម គុណខាងក្រៅ សេពសុរា គ្រឿងស្រវឹង គ្រឿងញៀន ឬលេងល្បែងស៊ីសង។ ព្រោះថាបុរសជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម បើបុរសរវល់តែឈ្លក់វង្វេងនឹងល្បែងទាំងបីនេះ ពួកគេមិនមានឱកាសទៅបម្រើការងារ និងធ្វើតួនាទីដែលខ្លួនត្រូវបំពេញនោះទេ។ ផ្ទុយទៅវិញបន្សល់ទុកក្នុងសង្គមនូវជនពាលាអាវាសែ ស្រវឹងខួប អ្នកជម្ងឺអេដស៍ និងអ្នកមានបញ្ហាផ្លូវចិត្ដ។ ទីបំផុតបន្សល់ទុកនូវស្ដ្រី មេម៉ាយ កុមារកំព្រា ឬយុវជនដែលអសមត្ថភាព ជាហេតុធ្វើឱ្យបាត់បង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សង្គម។
5. កិត្ដិយស ៖ កិត្ដិយសផ្ទាល់ខ្លួនក៏នឹងត្រូវបាត់បង់ចំពោះបុគ្គលនិយមស្រី ស្រា ល្បែងនេះដែរ អ្នកផងមិនរាប់រកជាសន្ដាន ។ ជាងនេះទៅទៀត គេមិនអាចយកបុគ្គលបែបនេះធ្វើជាសាក្សីក្នុងរឿងក្ដីក្ដាំបានទេ ព្រោះគេចាត់ទុកមនុស្សបែបនេះជាមនុស្សដែល មិនមានការទទួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង។
បុរសគួរប្រព្រឹត្ដយ៉ាងណា?
មានប្រការងាយៗដែលបុរសគួរប្រតិបត្ដិដើម្បីជួយដល់ខ្លួនឯង គ្រួសារ និងសង្គម។
- សម្រាប់បុរសដែលមានគ្រួសារ គួរកុំទៅប្រព្រឹត្ដកាមគុណនៅខាងក្រៅផ្ទះ ឬគួរកាត់បន្ថយ តែចាំបាច់គួរមានការការពារ ឱ្យត្រឹមត្រូវរាល់ការរួមភេទ(ប្រើស្រោមអនាម័យ)។- គួរចៀសវាងការលេងល្បែងគ្រប់ប្រភេទដែលអាចនាំមកនូវសេចក្ដីវិនាសអន្ដរាយ ខាតបង់ទ្រព្យសម្បត្ដិ អនាគត និង ពេលវេលា។
- សុរា គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទជាវត្ថុដែលមនុស្សមិនគួរប្រព្រឹត្ដ ព្រោះអាចធ្វើឱ្យប៉ះពាល់ជាច្រើនប្រការ ដូចជាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកជ្រាបថាបម្រាមទាំងបីដែលចាស់បុរាណបានហាមនេះ គឺសុទ្ធតែផ្ដល់នូវគុណវិបត្ដិ ហើយដែលលោកអ្នក ជាពិសេសបុរសគួរចៀសវាងកុំប្រព្រឹត្ដដោយប្រការណាមួយឡើយ។ សូមបុរសទូទៅចងចាំថាគ្រួសារលោកអ្នកកំពុងរង់ចាំលោកអ្នក នៅឯផ្ទះ ហើយអនាគតរបស់លោកអ្នកក៏កំពុងទន្ទឹងរង់ចាំមើលផ្លូវលោកអ្នកផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply