ទឹកក្នុងស្រោមសួត ជាជម្ងឺម្យ៉ាងដែលធ្វើឱ្យលោកអ្នកជួបប្រទះនឹងផលវិបាកក្នុងការរស់នៅប្រចាំថ្ងៃ ហើយជាពិសេសជាងនេះទៅទៀតអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ចំណែកឯការព្យាបាលក៏ទាមទារឱ្យធ្វើឡើងដោយគ្រូពេទ្យជំនាញផងដែរ។ តើ ហេតុអ្វីបានជាមានទឹកនៅក្នុងស្រោមសួតទៅវិញ? គួរធ្វើយ៉ាងណា?
លោកអ្នកនឹងបានទទួលជ្រាបកាន់តែច្បាស់អំពីហេតុផលផ្សេងៗដែលបណ្ដាលឱ្យមានទឹកក្នុងស្រោមសួតនេះ តាមរយៈការ បកស្រាយរបស់លោកវេជ្ជបណ្ឌិត កាំង ស័ ប្រធានផ្នែកជម្ងឺសួត នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ជាមួយទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺទឹកក្នុងស្រោមសួត ជាអ្វី?
ជម្ងឺទឹកក្នុងស្រោមសួត គឺជាការជ្រាបរបស់ទឹកចូលទៅក្នុងចន្លោះស្រោមសួតទាំងពីរ។ ស្រោមសួតចែកចេញជាពីរផ្នែក គឺស្រោមសួតផ្នែកខាងក្រៅ និងស្រោមសួតផ្នែកខាងក្នុង ជាប់នឹងសួតតែម្ដង ដែលជាធម្មតាចន្លោះស្រោមសួតទាំងពីរមិនមានទឹកទេ គ្រាន់តែមានសភាពសើមប៉ុណ្ណោះ។ ទឹកក្នុងស្រោមសួតមានពីរប្រភេទ គឺទឹកត្រង់ស៊ីដា និងទឹកអ៊ីចស៊ីដា។
មូលហេតុជម្ងឺទឹកក្នុងស្រោមសួត
មានមូលហេតុពីរយ៉ាងដែលអាចបង្កឱ្យមានជម្ងឺទឹកក្នុងស្រោមសួតនេះ។
1. មូលហេតុទីមួយ ៖ បណ្ដាលមកពីសម្ពាធពីខាងក្រៅជំរុញទឹកឱ្យចូលនៅចន្លោះស្រោមសួត។ នៅពេលដែលយកទឹក ដែលនៅស្រោមសួតទៅពិសោធន៍ លទ្ធផលដែលទទួលបាន គឺជាទឹកត្រង់ស៊ីដា មានន័យថាជាតិអាល់ប៊ុយមីន(ជាតិប្រូតេអ៊ីន) មាន តិចជាង៣០ក្រាមក្នុងមួយលីត្រ។ មានជម្ងឺជាដើមចមមួយចំនួនដែលបង្កឱ្យមានទឹកនៅក្នុងស្រោមសួតនេះកើតឡើង។
- ជម្ងឺបេះដូង ៖ កាលណាបេះដូងខ្សោយខ្លាំង ឬបេះដូងរីក ធ្វើឱ្យសម្ពាធទឹកដែលនៅក្នុងខ្លួនកើនឡើងខ្លាំង ហើយរុញធាក់ទឹកចូលទៅក្នុងស្រោមសួត នាំឱ្យមានទឹកដក់ក្នុងស្រោមសួត។
- ជម្ងឺតម្រងនោម ៖ ទឹកមិនអាចច្រោះបានទេ កាលណាតម្រងនោមខ្សោយ ជាហេតុធ្វើឱ្យបរិមាណទឹកនៅក្នុង ខ្លួនកើនឡើង ហើយជ្រាបចូលទៅក្នុងចន្លោះស្រោមសួត។
- ជម្ងឺផ្សេងៗ ៖ នៅមានជម្ងឺជាច្រើនប្រភេទទៀតដែលអាចបណ្ដាលឱ្យសម្ពាធទឹកជ្រាបចូលចន្លោះស្រោមសួត ដែរ ដូចជាជម្ងឺថ្លើមក្រិនជាដើម ដោយសារសម្ពាធឈាម និងសម្ពាធទឹកនៅក្នុងខ្លួនច្រើនពេក ហើយមិនអាចជ្រាបទៅកន្លែងណាបាន ក្រៅពីស្រោមសួត។
2. មូលហេតុទីពីរ ៖ បណ្ដាលមកពីការរលាកស្រោមសួតរ៉ាំរ៉ៃ ហើយចេញទឹករងៃជាប្រចាំបណ្ដាលឱ្យទឹកកើនច្រើនឡើងៗ នៅក្នុងស្រោមសួត ដែលហៅថាទឹកអ៊ីចស៊ីដា។ ជម្ងឺដែលបណ្ដាលឱ្យមានការរលាកស្រោមសួតនេះអាចមានដូចជាជម្ងឺរបេង (ធ្វើឱ្យ រលាកសួតចេញទឹករងៃ) ឬពពួកមេរោគផ្ដាសាយ និងមេរោគបាក់តេរីមួយចំនួនទៀត។ ទឹករងៃនោះទៀតសោតនឹងក្លាយទៅជាខ្ទុះ នៅពេលបន្ទាប់ ព្រោះពេលយកទឹកក្នុងស្រោមសួតទៅពិសោធន៍ឃើញថាវីរុសវ៉ាល់តាបូក បានន័យថាជាតិអាល់បុយមីន (ជាតិប្រូតេ អ៊ីន)ច្រើនជាង៣០ក្រាមក្នុងមួយលីត្រ។ ចំណែកឯជម្ងឺមហារីកនៅក្នុងស្រោមសួតអាចធ្វើឱ្យសរសៃឈាមពកក្នុងស្រោមសួត ដែលជា ហេតុនាំឱ្យមានទឹករងៃ និងជួនកាលក្លាយជាឈាមនៅក្នុងស្រោមសួតទៀតផង ហើយនៅពេលដែលបូមទឹកនោះចេញមកច្រើនមាន ពណ៌ក្រហម។
រោគសញ្ញាជម្ងឺទឹកក្នុងស្រោមសួត
ជាធម្មតា ស្រោមសួតទាំងពីរមិននៅជាប់គ្នាទេ ប៉ុន្ដែនៅបន្ទាប់គ្នានៅពេលដែលរលាកស្រោមសួត។ វាអាចធ្វើឱ្យអ្នក ជម្ងឺមានអាការឈឺចាប់នៅត្រង់ដើមទ្រូង ហើយមានការក្អកស្ងួតនៅពេលដែលអ្នកជម្ងឺមានចលនាប្រែប្រួលចុះឡើង។ នៅពេលដែល ទឹកកាន់តែច្រើនឡើងៗ ធ្វើឱ្យទឹកសង្កត់ទៅលើសួត បណ្ដាលឱ្យអ្នកជម្ងឺហត់។ ម្យ៉ាងទៀតបើជម្ងឺដែលកើតឡើងបណ្ដាលមកពីមេរោគ អាចធ្វើឱ្យមានអាការគ្រុន ហើយឈឺចាប់។ បើលោកអ្នកស្ដាប់ចង្វាក់សួតនៅពេលដែលមានបរិមាណទឹកតិច ឬល្មម និងនៅពេលទឹក ក្នុងស្រោមសួតខះទៅវិញ នោះលោកអ្នកនឹងឮសម្លេងប្រៀបដូចយកក្រណាត់សូត្រមកត្រដុសលើគ្នា។ ប៉ុន្ដែបើបរិមាណទឹកច្រើន សួតនឹងហាប់មិនមានសម្លេងទេ។
ការព្យាបាលជម្ងឺទឹកក្នុងស្រោមសួត
ការព្យាបាលជម្ងឺនេះពឹងផ្អែកទាំងស្រុងទៅលើមូលហេតុដែលបង្កឱ្យមានជម្ងឺនេះកើតឡើង។ ជាឧទាហរណ៍ បើក្នុងករណី ទឹកក្នុងស្រោមសួតកើតឡើងដោយសារជម្ងឺបេះដូង ឬរបេង ត្រូវព្យាបាលជម្ងឺដើមហេតុឱ្យជាសះស្បើយជាមុនសិន ដើម្បីកុំឱ្យទឹកនោះ កើតឡើងវិញជាថ្មី។
- ជំហានដំបូងនៃការព្យាបាលជម្ងឺទឹកក្នុងស្រោមសួត គឺជាការបូមយកទឹកមួយចំនួនចេញពីសួតដើម្បីសម្រួលដល់ប្រព័ន្ធដក ដង្ហើម ព្រោះទឹកច្រើនធ្វើឱ្យអ្នកជម្ងឺហត់ខ្លាំង។ ការបូមយកទឹកចេញមានប្រយោជន៍ពីរយ៉ាង គឺដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។
- ជាមួយគ្នានេះផងដែរ បើទឹកនោះជាខ្ទុះ មិនអាចព្យាបាលដោយបូម ឬប្រើថ្នាំពពួកអង់ទីប៊ីយ៉ូទិកនោះបានទេ ចាំបាច់ត្រូវ លាងសម្អាត និងបង្ហូរដោយទឹកសេរ៉ូម ទើបស្រោមសួតមិនស្អិតជាប់គ្នា។
- ប្រសិនបើទឹកក្នុងស្រោមសួតកើតឡើងដោយសារជម្ងឺមហារីកនៅផ្នែកណាមួយនៃរាងកាយ នោះត្រូវព្យាបាលដោយ គ្រាន់តែបិតដើម្បីកុំឱ្យទឹកកាន់តែកើនច្រើនទៀត ដែលអាចសង្កត់ទៅលើបេះដូង និងសួត។ បន្ទាប់មកទើបធ្វើការព្យាបាលរោគ មហារីកដែលជាដើមចមនៃជម្ងឺឱ្យបានជា នោះទឹកដែលមានក្នុងស្រោមសួតនឹងស្រកចុះដោយខ្លួនឯង។
- ម្យ៉ាងទៀត បើជម្ងឺមហារីកកើតនៅស្រោមសួតតែម្ដង នោះជាករណីធ្ងន់ធ្ងរ តែមិនមានភាពស្មុគស្មាញទេ គេអាចព្យា បាលដោយកាត់បកចោលតែម្ដង។
ផលវិបាកនៃជម្ងឺទឹកក្នុងស្រោមសួត
នៅពេលដែលមានជម្ងឺទឹកក្នុងស្រោមសួត អ្នកជម្ងឺអាចមានគ្រោះថ្នាក់ដោយសារទឹកសង្កត់ទៅលើបេះដូង ធ្វើឱ្យអ្នកជម្ងឺ ឆាប់ហត់ខ្លាំង ដកដង្ហើមមិនបាន និងធ្វើឱ្យបេះដូងឈប់ដើរបាន។ ប្រសិនបើជម្ងឺបង្កដោយមេរោគបាក់តេរី ហើយព្យាបាលមិនទាន់ ពេលវេលា អាចធ្វើឱ្យទឹកក្លាយជាខ្ទុះខាប់ ករណីនេះមិនអាចបូមចេញបានទេ ទាល់តែធ្វើការវះកាត់បកខ្ទុះដែលខាប់នោះចេញ ទើប លាងជាក្រោយ។
វិធីការពារជម្ងឺទឹកក្នុងស្រោមសួត
ទឹកក្នុងស្រោមសួតមិនអាចការពារបានទេ ព្រោះវាជាប្រភេទជម្ងឺដែលបានមកពីគេ។ ដូចនេះចង់បង្ការជម្ងឺទឹកក្នុងស្រោម សួតទាល់តែការពារជម្ងឺផ្សេងៗដែលអាចបង្កជាទឹកក្នុងស្រោមសួតបាន។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកមានបញ្ហា ដូចជាក្អកស្ងួត ឈឺទ្រូង ឆាប់ហត់ជាដើម និងមានសញ្ញាធ្ងន់ៗនៅត្រង់សួត សូមលោក អ្នកប្រញាប់ទៅជួបគ្រូពេទ្យឯកទេសដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យ ងាយស្រួលក្នុងការព្យាបាលឱ្យទាន់ពេលវេលា។ សូមកុំសម្រេច ចិត្ដប្រើថ្នាំផ្ដេសផ្ដាស ព្រោះអាចធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply