ថ្នាំគ្រវីក្បាល

បច្ចុប្បន្ន​ពិភពលោក​កំពុងតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំងពី​ឥទ្ធិពល​នៃថ្នាំញៀន ដែលធ្វើ​ឱ្យសង្គម​មានភាពច​លាចល​វឹកវរ និង​ទាសភាព។ ថ្នាំគ្រវីក្បាល​ដែលយុវវ័យ​ប្រើដើម្បី​ជាការ​សប្បាយ​នៅតាមក្លឹប​កម្សាន្ដនានា​ហើយ​ដែលពួក​គេជឿថា​អាចជួយឱ្យ មាន​អារម្មណ៍​រីករាយ វាមាន​ផលប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់សុខភាព និង​អនាគត​របស់ពួកគេ​ព្រមទាំង​មានទម្ងន់​ទោសធ្ងន់ធ្ងរ និង ពិបាក​ព្យាបាល​សម្រាប់​ការប្រើប្រាស់ ឬ​ញៀន​ថ្នាំប្រភេទនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត មាស វិរិទ្ធ ជាប្រធាន​មន្ទីរពិសោធន៍​គ្រឿងញៀន​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង គ្រឿងញៀន បានប្រាប់​ឱ្យដឹង​ថាថ្នាំ​គ្រវីក្បាលស្ថិត​នៅក្នុង​លំដាប់ទីមួយ​នៃថ្នាំញៀន​ដែលមិន​មានប្រយោជន៍​ហើយ​មានគ្រោះ​ថ្នាក់ធ្ងន់ ធ្ងរ។

ថ្នាំគ្រវីក្បាល ជាអ្វី?

ថ្នាំគ្រវីក្បាល​មានឈ្មោះ​ជាពាក្យ​បច្ចេកទេស​ថាអ៊ិចស្ដាស៊ី ជាប្រភេទ​គ្រឿងញៀន​ដែលធ្វើ​ឱ្យរំជួល​អារម្មណ៍​និង​រូបកាយ ហើយ​ក៏ជាចង្កោម​គ្រឿងញៀន​ដែលផលិត​ដោយមនុស្ស ខុសពីកញ្ឆា​ដែលបាន​មកពី​រុក្ខជាតិ។ អ៊ិចស្ដាស៊ី​ផលិតចេញ​ពីសារធាតុ​គីមី ដែលច្បាប់​បានហាមឃាត់ វាមាន​រូបមន្ដ​រចនាសម្ព័ន្ធគីមី​មូលដ្ឋានផ្សំ​ឡើងដោយ​អំហ្វេតាមីន​ដែលចែក​ចេញជា​ច្រើនប្រភេទ ដូចជាអឹម ឌីអឹម អេអឹមឌីអេ ធីអឹមអេ អឹមឌីអ៊ីអេ​ជាដើម។ ជាធម្មតា​ថ្នាំគ្រវីក្បាល​នាំឱ្យអ្នក​ប្រើប្រាស់​មានអារម្មណ៍​មិនប្រក្រតី សាច់ដុំកន្ដ្រាក់ និង​ប៉ះពាល់​ដល់សរសៃ​ប្រសាទ​ពិសេស​ការគ្រប់គ្រង​ការគិត​ដែលមាន​ប្រសិទ្ធភាព​ពី២ម៉ោង​រហូតដល់​ទៅ១២ម៉ោង។ ការផលិត អ៊ិចស្ដាស៊ី ភាគច្រើន​ធ្វើឡើង​ដោយ​លួចលាក់​គេឃើញ​ចាប់មាន​នៅកម្ពុជា​ក្នុងឆ្នាំ​២០០៤។ វាមិនត្រូវ​ការចំការ ឬ​មនុស្សច្រើន និង ពេលវេលា​ច្រើនដើម្បី​ផលិត​នោះទេ។ គេផលិត​តែរយៈ​ពេលមួយ​សប្ដាហ៍​អាចចេញ​ជារូបរាង​តាមរយៈ​សារធាតុគីមី​គ្រប់គ្រាន់​ដើម្បីធ្វើ ការផលិត។ អ៊ិចស្ដាស៊ី​ជាគ្រឿងញៀន​សំយោគមួយ​ដោយគ្រាន់​តែដាក់​សារធាតុគីមី​រួមបញ្ចូលគ្នា​ទៅតាមរូបមន្ដ​នៃការផលិត វាជា ការស្រេច។ ថ្នាំអ៊ិចស្ដាស៊ី​ត្រូវបាន​គេប្រើប្រាស់​ដើម្បី​ការសប្បាយ ពិសេស​សម្រាប់អ្នក​ដែលចូលចិត្ដ​សប្បាយ ដោយភាគច្រើនគេប្រើ នៅក្នុង​ក្លឹបកម្សាន្ដ​នានា​រហូតដល់​គេហៅ​វាថាដ្រាហ្វក្លឹប​(ថ្នាំញៀនក្នុងក្លឹប)។ ថ្នាំនេះ​ធ្វើឱ្យ​អ្នកប្រើ​នៅមិនស្ងៀម សាច់ដុំកន្ដ្រាក់ ចង់តែគ្រវីក្បាល ញាក់ញ័រ​បើមិន​គ្រវីទេ នាំឱ្យ​ឈឺក្បាលខ្លាំង។

មូលហេតុ​ដែលនាំឱ្យ​មានការប្រើប្រាស់​ថ្នាំគ្រវីក្បាល

អ្នកដែល​ប្រើប្រាស់​អ៊ិចស្ដាស៊ី​ទទួលស្គាល់ថា​ធ្វើឱ្យពួកគេ​មានសេចក្ដីសុខ​ក្នុងអារម្មណ៍​ជាទីបំផុត។ តាមរយៈ​ការអូសទាញ របស់ឈ្មួញ ឬ​មិត្ដភក្ដិ​ដែលជំរុញ​ឱ្យសាកល្បង នាំឱ្យការ​ប្រើប្រាស់​កើនឡើង​យ៉ាងខ្លាំង។ ការយល់​ថាវាមាន​តម្លៃថោក ងាយរកទិញ និង​គិតថាអាច​ជួយបំបាត់ទុក្ខ ការមិនយល់ ឬ​មិនបានដឹង​ពីទម្ងន់ទោស​និង​ផលវិបាក​ដ៏ធ្ងន់ធ្ងរ​របស់វា​ជាហេតុនាំ​ឱ្យមាន​ការប្រើប្រាស់ ដោយ​ភាគច្រើន​ជាយុវវ័យ​ដែលមិន​ទាន់មាន​ការយល់ដឹង។

អាការអ្នក​ដែលប្រើប្រាស់​ថ្នាំអ៊ិចស្ដាស៊ី

អ្នកដែល​ប្រើប្រាស់​អ៊ិចស្ដាស៊ី មានរោគសញ្ញា ដូចជារីក​ប្រស្រីភ្នែក ជីពចរ​ដើរញាប់ និង​មិនទៀងទាត់​កម្ដៅក្នុង​ខ្លួនកើន ឡើង ស្រែកឡូឡា រសាប់រសល់ បញ្ចេញ​សកម្មភាពខ្លាំងៗ ដោយការ​គ្រវីក្បាល​ញាប់ ឬ​កាន់តែញាប់​ព្រមទាំង​ពិបាកអង្គុយ​នៅស្ងៀម ឆាប់មួម៉ៅ អាកប្ប​កិរិយា​កន្ដ្រាក់សាច់ដុំ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម​ការកន្ដ្រាក់​នៃសាច់​ដុំបេះដូង​ជួនខ្លាំង​ជួនខ្សោយ បង្កើនភាព កន្ដ្រាក់សាច់ដុំ មានអារម្មណ៍​ចម្លែក ចូលចិត្ដ​និយាយច្រើន​ដោយប្រើ​សម្លេងខ្លាំងៗ​វង្វេងវង្វាន់​ស្ដាប់​ឮ ឬ​មើលឃើញ​អ្វីដែលពុំមែន ជាការពិត។ ហើយមាន​ការពិនិត្យឈាម និង​ទឹកនោមទេ​ទើបអាច​សន្មត់​ថាមាន​ការប្រើប្រាស់​ថ្នាំញៀន ឬ​អត់បាន​ពិតប្រាកដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់​នៃការប្រើប្រាស់​ថ្នាំអ៊ិចស្ដាស៊ី

ថ្នាំគ្រវីក្បាល​មានឥទ្ធិពលខ្លាំង​ជាងអំហ្វេតាមីន និង​មេតំហ្វេតាមីន។ គេមិនអាច​ប្រើវាដើម្បី​ធ្វើជា​ប្រយោជន៍​ក្នុងការងារ បាន ទោះបើកបរ ឬ​លីសែង​ផ្សេងៗនោះទេ។ អ្នកដែល​បានប្រើ​អ៊ិចស្ដាស៊ី ដោយការ​លេប ឬ​ផឹក​អាចបណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដោយ សារដាច់​សរសៃឈាម​ក្នុងខួរក្បាល។ ព្រោះសម្ពាធ​ឈាម និង​ចង្វាក់បេះដូង​អាចកើន​ឡើងទ្វេដង​បើប្រើ​ប្រាស់​ក្នុងបរិមាណ​ម្ដងពី ១០០ទៅ​១២០ក្រាម។ ជាទូទៅ វាបណ្ដាលឱ្យ​មានប្រតិកម្ម​វង្វេងវង្វាន់ ភ័ន្ដវិញ្ញាណ​ដូចជា​ស្រមើស្រមៃ ស្ដាប់ច្រឡំ​ជាដើម។ ចក្ខុ វិញ្ញាណ សោត​វិញ្ញាណ​និង​កាយវិញ្ញាណ​ប្រែប្រួល​ទាំងអស់​ក្រោយ​ពេល​ប្រើប្រាស់​ថ្នាំញៀន។ ភាគច្រើន​ឧស្សាហ៍​ជួបនូវ​រូបភាព មិនពិត ដូចជា​មានគេប្រាប់ថា​មានសត្រូវ​តាមគាត់​ជានិច្ច​នាំឱ្យគាត់​វាយសត្រូវ​ដែល​នៅក្បែរ​(វាយមនុស្ស ឬ​ជញ្ជាំង​ជាដើម) ដែល តាមពិតមិន​មានអ្វី​កើតឡើងទេ។ ហើយវា​អាចនាំឱ្យ​អ្នកញៀន​សើច​និង​ធ្វើអ្វី​ផ្ដេសផ្ដាស ព្រោះគាត់​មានអារម្មណ៍ថា​ដូចជាមាន​នរណា ម្នាក់​និយាយរឿង​ឱ្យគាត់​សប្បាយចិត្ដ​ឬ​មានអារម្មណ៍​ថាសុខ​ស្រួល។ វាមិន​មានប្រយោជន៍​អ្វីទាល់​តែសោះ ខុសពី​ថ្នាំផ្សេង​ទៀតដែល​គេអាច​ប្រើប្រាស់​ជាប្រយោជន៍​នៅក្នុង​វិស័យវេជ្ជសាស្ដ្រ និង​អាចប្រើប្រាស់​ជាប្រយោជន៍​សាធារណៈ​បាន។

បន្ទាប់ពីថ្នាំ​អស់​ប្រសិទ្ធភាព អ្នកប្រើប្រាស់​មានអាការ​មិនសប្បាយចិត្ដ ខ្ជិល ល្ហិតល្ហៃ ធ្វើទុក្ខសាច់ដុំ​និង​ងាយមាន​ជម្ងឺ សរសៃ​ប្រសាទ។ វាផ្ដល់​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់ខ្លួនឯង​ដែលបាន​និង​កំពុងប្រើប្រាស់ និង​អ្នកដទៃ​ដោយសារ​ការចំណាយ​ប្រាក់ឥតប្រ យោជន៍ និង​ខ្ជះខ្ជាយ​ពេលវេលា​ទៅលើ​ថ្នាំញៀន ពិសេស​គឺខុសច្បាប់​ដែលអាច​នាំឱ្យ​មានទោស​រហូតដល់​ជាប់ឃុំឃាំង​ពី៧ថ្ងែ ដល់១ខែ ពីបទ​ប្រើប្រាស់​ថ្នាំញៀន។ អ្នកជួញដូរ​និង​អ្នកស្ដុក​ថ្នាំញៀន​នឹងត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​និង​ពិន័យជា​ប្រាក់៤០០លានរៀល បើមានពាក់ព័ន្ធ​នឹងបរិមាណ​គ្រឿងញៀន​លើសពី​៣០០ក្រាម​ឡើងទៅ។ មិនទាន់​មាន​វិធីសាស្ដ្រ​ណាមួយ​ដើម្បី​ព្យាបាល​ការញៀនឱ្យ ជាសះស្បើយ១០០% ទេ។

ដំបូន្មានអ្នកប្រឹក្សា

សូម​លោកអ្នក​ទាំងអស់គ្នា​ធ្វើការ​ស្វែងយល់​ពីសន្ទុះ​នៃការ​រីករាលដាល​របស់ថ្នាំញៀន​មកលើ​សង្គមខ្មែរ។ វាជាការ​ចាំបាច់ ដែល​យុវវ័យ​ត្រូវស្វែង​យល់ពីផលវិបាក​ដែលស្ដែង​ចេញពីការ​ប្រើប្រាស់​ថ្នាំញៀន​និង​មិនគួរ​ទទួល​យកការ​ប្រើប្រាស់​ថ្នាំញៀនទេ។ សូម កុំជឿ​អ្នកលក់ថ្នាំ ឬ​មិត្ដភក្ដិ​ដែលអូសទាញ​លោកអ្នក​ព្រោះគេ​នឹងប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បីលក់​ឱ្យបានច្រើន និង​ទទួល​បាននូវ ទាសករ​ច្រើន។ ការសាក​ល្បង​ប្រើប្រាស់​លើកដំបូង​នាំឱ្យ​លោកអ្នក​ធ្លាក់ចូល​ទៅក្នុង​វដ្ដនៃ​ការញៀន​ជាស្វ័យប្រវត្ដិ និង​ជារៀង​រហូត។ សូម​ឪពុកម្ដាយ​ធ្វើការអប់រំ​និង​តាមដាន​កូនឱ្យ​បានល្អ​ជាប្រចាំ​ដើម្បី​ការពារការ​ប្រើប្រាស់​ថ្នាំញៀន។ ការប្រើប្រាស់​ថ្នាំញៀន​រីករាល ដាលលឿន ឆាប់រហ័ស និង​គួរឱ្យខ្លាច​ជាងជម្ងឺ​អេដស៍​ទៅទៀត​ព្រោះវារត់​មករកយើង​តាមរយៈ​ការអូសទាញ​ឱ្យប្រើប្រាស់​ដែល អាចជាអ្នក​ដែលយើង​ទុកចិត្ដ ឬ​មិត្ដស្និទ្ធស្នាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *