វិធី​តុបតែងខ្លួន​របស់​និសិ្សតស្រី

ការ​តុប​តែង​ខ្លួន​របស់​និសិ្សត​មិន​មែន​ជា​រឿង​មួយ​ដែល​អា​ក្រក់​នោះ​ទេ​  ​លើក​លែង​តែ​និសិ្សតធ្វើ​ការ​តុប​តែង​ខ្លួន​ផ្ទុយ​ពី​ច្បាប់​របស់​សាលា​រៀន​តែ​ប៉ុណ្ណោះ​ ​ដូច​ជា​ស្លៀក​សំពត់​ខ្លី​ជ្រុល​ លាប​ពណ៌​សក់​ស្រស់​ពេក​ ធ្វើ​ការ​តុប​តែ​មុខ​ជ្រុល​ហួស​ហេតុ​ ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ជាដើម។ និសិ្សត​មិន​ចាំ​បាច់​តុប​តែង​អ្វី​ច្រើន​នោះ​ទេ​។ ការ​តុប​តែង​ក៏​មិ​ន​មែន​ជា​រឿង​ដែល​លំបាក​នោះ​ដែរ​ បើ​សិន​ជា​អនុវត្ដន៍​ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នោះ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការគួរយល់ដឹងសម្រាប់និសិ្សត

សព្វ​ថ្ងៃ​នេះ​ ការ​តុប​តែង​ខ្លួន​របស់​និសិ្សត​ឃើញ​ថា​មាន​ការ​ខុស​ឆ្គង​ជា​ច្រើន​ ព្រោះ​តែ​មាន​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស​ មួយ​ចំនួន​ដែល​ផ្ទុយ​ពី​ប្រពៃណី​ខ្មែរ​។ មាន​និសិ្សត​មួយ​ចំនួន​បាន​តុប​តែង​ខ្លួន​ដូច​ជា​និសិ្សត​បរទេស​ ដោយ​ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី​ ហើយ​ការ​តុប​តែង​មុខ​ក៏​សិច​ស៊ី​ដែរ​ កត្ដា​ទាំង​នេះ​ពុំ​ត្រឹម​ត្រូវ​ឡើយ​។ តាម​​ពិត​សម្រាប់​និសិ្សត​ខ្មែរ​គឺ​ត្រូវ​គោរព​ទៅ​តាម​ប្រពៃ​ណី​ គោរព​ទៅ​តាម​ច្បាប់​របស់​សាលា​រៀន​ ដោយ​តុប​តែង​ខ្លួន​ឱ្យ​សុភាព​សម​ជា​ស្ដ្រី​ខ្មែរ​ សម​ជា​និសិ្សត​ មិន​ត្រូវ​ធ្វើ​ទៅ​តាម​វប្បធម៌​ បរទេស​នោះ​ទេ​។

របៀបតុបតែងខ្លួនរបស់និសិ្សត

ការ​តុប​តែង​ខ្លួន​របស់​និសិ្សត​មិន​មែន​ជា​រឿង​ដែល​លំបាក​នោះ​ទេ​។ សម្រាប់​និសិ្សត​ ការ​តុប​តែង​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ សម្លៀក​បំពាក់​តែ​មួយ​មុខ​គត់​ ហើយ​សម្លៀក​បំពាក់​នេះ​ហើយ​គឺ​អាច​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​និសិ្សត​បាន​ថែម​ទៀត​ផង​។

– សម្លៀក​បំពាក់​ សម្រាប់​និសិ្សត​ សម្លៀក​បំពាក់គឺ​ជា​ផ្នែក​មួយ​ដ៏​សំខា​ន់​បំផុត​។ សម្លៀក​បំពាក់​ត្រូវ​ប្រើ​អាវ​ស​ ឬ​ខៀវ​ ដៃ​វែង​ ​ឬ​ក៏​ដៃ​ខ្លី​ ចំណែក​ឯ​សំពត់​ត្រូវ​តែ​ជា​ពណ៌​ខ្មៅ​ អាច​ជា​សំពត់​វែង​ឬ​ក៏​ខ្លី​ក្រោម​ក្បាល​ជង្គង់​ តែ​មិន​ត្រូវ​ស្លៀក​លើ​ជង្គង់​ឡើយ​។​ សម្លៀក​បំពាក់​ត្រូវ​តែ​មាន​ក្លិន​ក្រអូប​ និង​មាន​ភ្លីជានិច្ច។

– ការ​តុប​តែង​មុខ ចំពោះ​និសិ្សត ការ​តុប​តែង​មុខ​មិន​មែន​ជា​រឿង​មួយ​ដែល​សំខាន់​នោះ​ទេ​ ដោយ​គ្រាន់​តែ​លុប​លាង​មុខ​ ឱ្យ​បាន​ស្អា​ត ហើយ​លាប​ឡេ​ការ​ពារ​ពន្លឺ​ព្រះ​អាទិត្យ​ ឬ​ក៏​លាប​ក្រែម​រលោង​នៅ​​លើ​បបូរ​មាត់​បន្ដិច​នោះ​វា​ជា​ការ​ស្រេច​។ ក្នុង​នាម​ ជា​និសិ្សត​ មិន​ត្រូវ​តុប​តែង​មុខ​ដូចជា​ស្ដ្រី​ដែ​ល​ធ្វើ​ការ​ ឬ​ក៏​ជា​ស្ដ្រី​មេ​ផ្ទះ​ឡើយ​ ព្រោះ​ខុស​នឹង​ប្រពៃ​ណី​ខ្មែរ​។

– ការ​តុប​តែង​សក់​ និសិ្សត​ដែល​មាន​សក់​រួញ​គួរ​តែ​បួង​ឡើង​ ឬ​ក៏​ចង​ឱ្យ​បាន​ស្អាត​។ តែ​សម្រាប់​និសិ្សត​ស្រី​ដែល​ មា​ន​សក់​រលោង​ត្រង់​ស្អាត​ត្រូវ​ចង​លើក​ឡើង​ឱ្យ​ខ្ពស់​ល្មម​សម​នឹង​ទម្រង់​មុខ​ មិន​ត្រូវ​ទម្លាក់​សក់​នោះ​ទេ​។

-​ ក្រចក​​ដៃ​ក្រចក​ជើង​ មិន​ត្រូវ​ទុក​ក្រចក​ដៃ​ក្រចក​ជើង​វែង​ពេក​នោះ​ទេ​ ហើយ​ក៏​មិន​ត្រូវ​លាប​ពណ៌​ក្រចក​ដែរ​។​ ជា​ពិសេស​ត្រូវ​តែ​ឧស្សាហ៍​សម្អាត​ក្រចក​ដៃ​ជើង​ឱ្យ​បាន​ស្អាត​ជា​និច្ច​ ដោយ​នៅ​ក្នុង​មួយ​សប្ដាហ៍​ត្រូវ​តែ​ធ្វើ​ការ​សម្អាត​ពី២​ទៅ​៣ដង​ ឬ​ក៏​ ត្រូវ​កាត់​សាច់​ម្ដង​ទើប​ជា​ការ​ប្រសើរ​។

– ស្បែក​ជើង និសិ្សត​ស្រី​គួរ​ប្រើ​ស្បែក​ជើង​ដែល​មាន​កែង​បន្ដិច​ឬ​ក៏​ស្បែក​ជើង​រាប​ស្មើ​ល្មម​ តែ​មិន​ត្រូវ​ប្រើ​កែង​ខ្ពស់​ពេក​ នោះ​ទេ​។

ដំបូន្មានអ្នកជំនាញ

ក្នុង​នាម​ជា​និសិ្សត​ស្រី​ការ​តុប​តែង​ខ្លួន​វា​ក៏​ជា​រឿង​មួយ​ដែល​សំខាន់ តែ​មិន​ត្រូវ​ធ្វើ​ការ​តុប​តែង​ខ្លួន​ឱ្យ​ហួស​ហេតុ​ពេក​នោះ​ទេ​។ ជា​ពិសេស​នៅ​មុន​ពេល​ចេញ​ទៅ​សាលា​រៀន​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ឱ្យ​បាន​គ្រប់​កន្លែង​ទាំង​អស់​ រួម​ទាំង​សម្ភារៈ​សិក្សា​ផង​ដែរ​ ដើម្បី​ កុំ​ឱ្យ​មានចំណុច​ខ្វះ​ខាត​ ចៀស​វាង​កើត​មាន​បញ្ហា​នៅ​ពេល​ដែល​ទៅ​ដល់​សាលា​រៀន​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *