កីឡារត់ប្រណាំង

មានកីឡា​អត្ដពលកម្ម​ជាច្រើន​រហូតដល់​ទៅ៤៥ប្រភេទ ដូចជា​លោត​កម្ពស់ លោត​ចម្ងាយ ដើរ​ជាដើម។ កីឡា​រត់ប្រណាំង ក៏ជា​ចំណែកមួយ​នៃអត្ដពលកម្ម​ផងដែរ ហើយ​ដែលមាន​ការបែងចែក​ទៅជា​ប្រភេទ​វិញ្ញាសា​ជាច្រើន​ទៀត។ កីឡា​រត់ប្រណាំង​មិន ត្រឹម​អាចជាអាជីព​មួយសម្រាប់​កីឡាករ​ប៉ុណ្ណោះទេ ថែមទាំង​ជួយឱ្យ​លោកអ្នក​មានសុខភាពល្អ​ផងដែរ។ តើកីឡា​រត់ប្រណាំង​ជាអ្វី? ហើយ​មាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះចំពោះ​សុខភាព?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជ្រាបច្បាស់​ថារត់​ប្រណាំងជាអ្វី និង​មានអត្ថប្រយោជន៍​យ៉ាងណា សូមតាមដាន​ការស្រាយ​បំភ្លឺ​របស់លោក​ចាយ គឹមសាន គ្រូបង្ហាត់​ផ្នែកកីឡា​អត្ដពលកម្ម តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រភេទកីឡា​រត់ប្រណាំង

រត់ប្រណាំង​ចង់សំដៅ​ទៅលើការ​រត់ល្បឿន។ សូមបញ្ជាក់​ផងដែរថា​កីឡា​ប្រភេទនេះ​អាចលេង​បានទាំង​បុរស​ទាំងស្ដ្រី។ ជា ទូទៅ​កីឡារត់​ប្រណាំង​អាចបែងចែក​ជាពីរ​ប្រភេទ​ផ្សេងគ្នា​ទីមួយ​គឺរត់​ចម្ងាយ​ដោយគិត​ពី៥,០០០ម៉ែត្រ​ឡើងទៅ​រហូតដល់​ម៉ារ៉ាតុង (៤២,១៩៥គីឡូម៉ែត្រ)។ ទីពីរគឺ​រត់ល្បឿន​ដោយគិត​ត្រឹមចម្ងាយ​៤០០ម៉ែត្រ​ចុះក្រោម​រួមទាំង​ការរត់​ផ្លោះរបង​ផងដែរ។

របៀបហាត់​រត់ប្រណាំង

ដើម្បីឱ្យ​បានក្លាយ​ជាកីឡាករ​រត់ប្រណាំង​ម្នាក់ដ៏មាន​ជោគជ័យ​ពិតជារឿង​មួយពិបាក​ណាស់ ព្រោះ​ត្រូវមាន​ដំណាក់​កាលជា ច្រើនដែល​ត្រូវហ្វឹកហាត់ ទាំងកម្លាំង​កាយ និង​វិធីសាស្ដ្រ ឬ​បច្ចេកទេស។ នៅដំណាក់​កាលដំបូង​កីឡាករ​ត្រូវធ្វើការ​ហ្វឹកហាត់​ឱ្យមាន ថាមពល និង​មានកម្លាំង​ជំហរ ធ្វើយ៉ាង​ណាឱ្យរាង​កាយមាំមួន​ចលនា​កាយវិការ​មានភាព​ស៊ីចង្វាក់​ត្រឹមត្រូវល្អ។ លុះឆ្លង​ពីដំណាក់កាល នេះហើយ ត្រូវផ្លាស់ប្ដូរ​វិធីហាត់​ដោយការ​បំបែកកម្លាំង​ដើមអតិបរមា​ឱ្យទៅ​ជាកម្លាំង​មួយទៀត​ហៅថា​កម្លាំងផ្ទុះ ដែលជា​ចំណុច កំពូល​បំផុតនៃ​ការហាត់រត់​ល្បឿន។ រីឯការហាត់​នេះទៀត​សោត​ត្រូវប្រព្រឹត្ដ​ទៅជា​រៀងរាល់ថ្ងៃ​ទាំងពេលព្រឹក និង​ពេលល្ងាច ហើយ​ក្នុងមួយ​ពេលៗ​ត្រូវចំណាយ​ពេលក្នុង​ការហាត់​យ៉ាងតិច​ណាស់​ក៏មួយ​ម៉ោងដែរ។ ទាំងការ​ហាត់ទាំង​បច្ចេកទេស​ផ្ដោតជា​សំខាន់​ទៅលើ ការរត់ និង​ការរៀប​ចំកាយវិការ​ធ្វើយ៉ាងណា​ឱ្យមាន​សមាមាត្រ​ដើម្បី​បង្កើនសន្ទុះ​នៃល្បឿន​ឱ្យកាន់តែ​លឿនឡើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការប្រកួត​កីឡារត់​ប្រណាំង

ការប្រកួត​មានការ​កំណត់​ច្បាស់លាស់ និង​មានរបៀប​ខុសប្លែក​ពីកីឡា​អត្ដពលកម្ម​ផ្សេងៗទៀត។ ការប្រកួត​ត្រូវបែងចែក ជាក្រុម និង​ក្នុងមួយ​ក្រុមមាន​កីឡាករ​ច្រើនបំផុត​៨នាក់​ហើយ​ជម្រុះ​ដោយកំណត់​ចំនួន​អ្នកឈ្នះ​អាស្រ័យ​ទៅលើ​ចំនួន​កីឡាករ​ដែល ចូលរួម​មានតិច ឬ​ក៏ច្រើន។ មានន័យថា​ការជម្រុះ​អាចជ្រើសរើស​កីឡាករ​១នាក់ឬ២នាក់​ដែលរត់​លឿន​ជាងគេ​ដើម្បី​ប្រកួត​បន្ដជា មួយ​អ្នកឈ្នះ​នៅក្រុម​ផ្សេងទៀត​រហូតដល់​ដំណាក់កាល​ចុងក្រោយ​បំផុត​ដែលកំណត់​យកចំនួន​កីឡាករ​៣រូប គឺលេខ១ លេខ២ និង លេខ៣។

ចាប់ផ្ដើម​ហាត់​នៅពេលណា?

កីឡា​រត់ប្រណាំង ឬ​រត់ល្បឿន​ក៏មិនខុស​ពីការហាត់​កីឡាផ្សេងៗ​ទៀតដែរ។ ដើម្បីឱ្យ​មានភាព​ជោគជ័យ​ក្នុងការ​ហាត់កីឡា កីឡាករ​គ្រប់រូប​គួរចាប់ផ្ដើម​ហាត់នៅពេល​មានអាយុចាប់​ពី១៥ឬ១៦ឆ្នាំ​ឡើងទៅ​ព្រោះថា​ក្នុងវ័យនេះ​ជាវ័យ​លូតលាស់​គ្រប់ផ្នែកនៃ រាងកាយ។ ចាប់ផ្ដើម​ពីវ័យនេះទៅ កីឡាករ​អាចចាប់​បានពីចំណុច​ពិសេសៗ​គួបផ្សំ​នឹងខួរក្បាល​កំពុងតែ​មានការរីក​ចម្រើនផង​នោះ អាចធ្វើ​ឱ្យពួកគេ​ចងចាំបានល្អ​នូវអ្វីដែល​ជាបទ​ពិសោធន៍ល្អ​និង​មានសន្ទុះ​នៃការ​អភិវឌ្ឍន៍​ឆាប់រហ័ស។

លក្ខណៈ​សម្បត្ដិរបស់​កីឡាករ​រត់ប្រណាំង

ការហាត់​កីឡារត់​ប្រណាំង​ចាំបាច់​ទាមទារ​ឱ្យកីឡាករ​គ្រប់រូបមាន​កាយសម្បទា​គ្រប់គ្រាន់ មានកម្លាំង សុខភាពរឹងមាំ​ឈ្លាសវៃ រហ័សរហួន និង​មានការត​ស៊ូអំណត់​ព្យាយាម។ ហើយអ្វី​ដែល​ពិសេសនោះ​គឺកីឡាករ​ត្រូវមាន​លទ្ធភាព​បំបែក​កម្លាំង​ផ្ទាល់ ខ្លួន ឬ​កម្លាំង​ជំហរឱ្យ​ទៅជា​កម្លាំងផ្ទុះ នោះទើប​អាចក្លាយ​ទៅជាកីឡាករ​ម្នាក់ទទួល​ជោគជ័យបាន។

គុណ​ប្រយោជន៍​ពីការហាត់​កីឡារត់​ប្រណាំង

ការទទួល​បាននូវ​សុខភាពល្អ រាងកាយ​មាំមួន រហ័សរហួន​មួយភាគធំ​ជាលទ្ធផល​ដែលទទួល​បានពីការ​ហាត់កីឡា។ ការ ហាត់​កីឡា​ទោះជា​ប្រភេទណា​ក៏ដោយ ក៏មាន​ប្រយោជន៍ និងសារៈ​សំខាន់​សម្រាប់​លោកអ្នក។ ដូចគ្នា​នោះដែរ​ការហាត់​កីឡារត់ ប្រណាំង​មិនត្រឹមតែ​អាចបង្កើត​ជាអាជីព​មួយ​សម្រាប់​លោកអ្នក​ប៉ុណ្ណោះទេ​វាថែមទាំង​ជួយឱ្យ​លោកអ្នក​ឱ្យមាន​សុខភាពល្អ វាងវៃ ជាពិសេស​អាចជួយ​ការពារ​លោកអ្នក​ចៀសផុត​ពីជម្ងឺមួយ​ចំនួនបាន​ផងដែរ។

ដំបូន្មានអ្នកប្រឹក្សា

ការហាត់​កីឡាមាន​គុណសម្បត្ដិ​ច្រើនចំពោះ​លោកអ្នក ប៉ុន្ដែ​ក៏អាច​ជាគុណវិបត្ដិ​ផងដែរ​ប្រសិនបើ​ការហាត់​នោះមិនបាន ត្រឹមត្រូវ។ សុខភាពល្អ​មិនអាស្រ័យ​ទាំងស្រុង​ទៅលើការ​ហាត់កីឡា​នោះទេ​មានចំណុច​គួបផ្សំ​ជាច្រើនទៀត​ដែល​លោកអ្នក​គួរយល់ ដឹងបន្ថែម។ ហើយក្នុង​នោះក៏មាន​ប្រការ​មួយចំនួន​ដែលគួរ​គប្បីចៀសវាង ដូចជា​ការសេព​គ្រឿងញៀន​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ ការប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ​ជាដើម។ សូម​លោកអ្នក​មេត្ដាថែរក្សា​សុខភាព​ឱ្យបានល្អ​កសាង​សុភមង្គល​ដ៏ប្រពៃ និង​កែច្នៃ អនាគត​របស់​លោកអ្នក​ឱ្យបានល្អ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *