ស្នាមខ្នៅមានច្រើនប្រភេទ ហើយអាចកើតនៅគ្រប់កន្លែង នៃសព៌ាង្គកាយរបស់មនុស្ស។ អ្នកខ្លះមានកើតខ្នៅនៅលើផ្ទៃ មុខ។ ជាទូទៅខ្នៅមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេប៉ុន្ដែប្រសិនបើកើតនៅលើផ្ទៃមុខនោះធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកបាត់ បង់សោភ័ណភាព។ ព្រោះថាខ្នៅអាចរីករាលដាលកាន់តែធំទៅតាមវ័យរបស់មនុស្ស។ ហេតុអ្វីទើបកើតមានស្នាមខ្នៅ?
សូមស្វែងយល់អំពីវិធីព្យាបាលស្នាមខ្នៅ ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជ បណ្ឌិត ប្លុង បញ្ចរិទ្ធីថា គ្រូពេទ្យប្រចាំមជ្ឈមណ្ឌលថែរក្សាសម្ផស្សឡាស៊ែរស្គីនឃែរ។
មូលហេតុនាំឱ្យកើតខ្នៅ
តាមការសិក្សាខ្នៅអាចកើតមានពីកំណើត និងអាចដោយសារការប្រើប្រាស់ថ្នាំខុសផង។ ការកើតឡើងពីកំណើតបណ្ដាល មកពីជាតិមេឡានូស៊ីត ដែលជាកោសិកាស្បែកបង្កើតជាតិមេឡានីន ដែលធ្វើឱ្យមានស្នាមខ្នៅលើស្បែកពីកំណើត។ ជួនកាលខ្នៅអាច បណ្ដាលមកពីសកម្មភាពខុសឆ្គងរបស់ស្ដ្រីជាម្ដាយនៅពេលមានផ្ទៃពោះដូចជាការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវជាដើម។ ស្នាមខ្នៅអាច ជាលក្ខណៈសួពូជ។ ប្រសិនបើមានសមាជិកណាម្នាក់នៅក្នុងគ្រួសារកើតមានស្នាមខ្នៅអ្នកជំនាន់ក្រោយៗអាចនឹងកើតមានស្នាមខ្នៅ។
ប្រភេទនៃខ្នៅ
ខ្នៅមានច្រើនប្រភេទ។
1. ប្រភេទ ណេវីសអូតា ៖ ជាប្រភេទស្នាមខ្នៅ ដែលមានពណ៌ខ្មៅហើយមានដុះរោម
2. ប្រភេទ ណេវីសគីតូ ៖ ជាស្នាមខ្នៅ ដែលមានពណ៌ខ្មៅហើយមានលាយពណ៌ខៀវ
3. ប្រភេទ ណេវីសស្គីលីស ៖ ជាស្នាមខ្នៅមានពណ៌ខ្មៅតែមានលក្ខណៈស្រាល
4. ប្រភេទ កាហ្វេអូឡេ ៖ ជាស្នាមខ្នៅមានពណ៌ដូចជាកាហ្វេទឹកដោះគោ។
វិធីព្យាបាលស្នាមខ្នៅ
ដោយសារខ្នៅធ្វើឱ្យបាត់បង់សោភ័ណភាព ដូចនេះហើយទើបបានជាអ្នកដែលកើតខ្នៅតែងតែចង់បំបាត់ស្នាមខ្នៅចេញពីលើ ស្បែក។ ស្នាមខ្នៅមិនអាចព្យាបាលឱ្យជាសះស្បើយដោយការប្រើថ្នាំលាប ឬថ្នាំលេបបានឡើយ។ កាលពីមុនគេច្រើនធ្វើការព្យាបាល ខ្នៅដោយធ្វើការវះកាត់។ គ្រូពេទ្យធ្វើការវះកាត់យកស្បែកមានស្នាមខ្នៅចេញហើយយកស្បែកក្បាលពោះ ឬស្បែកភ្លៅមកបិទ ជំនួសកន្លែងដែលវះកាត់នោះ។ ប៉ុន្ដែការព្យាបាលដោយការវះកាត់បែបនេះធ្វើឱ្យផ្ទៃមុខមិនស្អាតល្អឡើយ ប្រៀបដូចជាយកក្រណាត់ មួយផ្ទាំងទៅប៉ះលើផ្ទៃមុខដូច្នោះដែរ ព្រោះថាស្បែកផ្ទៃមុខ ស្បែកភ្លៅនិងស្បែកក្បាលពោះមិនដូចគ្នាឡើយ។ បច្ចុប្បន្ននេះ វិទ្យា សាស្ដ្រកាន់តែរីកចម្រើនជឿនលឿននៅកម្ពុជាអាចព្យាបាលស្នាមខ្នៅឱ្យជាសះស្បើយដោយការបាញ់កាំរស្មីឡាស៊ែរ។
បន្ទាប់ពីព្យាបាលដោយបាញ់កាំរស្មីឡាស៊ែររួចមក អ្នកជម្ងឺត្រូវតមការពិសាគ្រឿងស្រវឹង ដូចជាសុរាស្រាបៀរជាដើម និង អាហារដែលមានរសជាតិហឹរ ព្រោះថាបន្ទាប់ពីការបាញ់ឡាស៊ែររួច ផ្ទៃមុខរបស់លោកអ្នកនឹងឡើងក្រហមមួយរយៈខ្លី។ ក្នុងកំឡុង ពេលនោះ ប្រសិនបើទទួលទានជាតិស្រាបៀរ ឬជាតិហឹរចូលទៅ ធ្វើឱ្យផ្ទៃមុខកាន់តែក្រហមខ្លាំងឬកាន់តែខ្មៅថែមទៀត ជាហេតុនាំ ឱ្យការព្យាបាលកាន់តែអូសបន្លាយពេលយូរក្រជាសះស្បើយ។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីទាំងឡាយក្នុងកំឡុងពេលមានផ្ទៃពោះ សូមកុំប្រើថ្នាំផ្ដេសផ្ដាសតាមចិត្ដខ្លួនឯង។ មុននឹងសម្រេចចិត្ដប្រើថ្នាំអ្វីមួយ លោកស្រីអ្នកនាងគួរធ្វើការពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ឬប្រើប្រាស់ថ្នាំណាដែលមានវេជ្ជបញ្ជាត្រឹមត្រូវ។ ការព្យាបាល ដោយកាំរស្មីឡាស៊ែរក្នុងការបំបាត់ស្នាមខ្នៅ ជាការព្យាបាលមួយដែលមានប្រសិទ្ធភាពនិងមិនប៉ះពាល់ដល់សុខភាពឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply