ការថែ​រក្សា​សម្រស់ ខាត់ សុឃីម

ផ្ដើម​ចេញពី​គ្រួសារ​កសិករ​ក្រីក្រ ខាត់ សុឃីម​បានតស៊ូ​រើបម្រះ​ពីភាព​លំបាក​ក្នុងគ្រួសារ ដោយខំ​ប្រឹងត្រដរ​មករស់​នៅទី ក្រុង​ភ្នំពេញ​ប្រកប​ការងារ​ជាអ្នក​ចម្រៀង​នៅតាម​ភោជនីយដ្ឋាន​នាពេលរាត្រី។ ការត​ស៊ូព្យាយាម​របស់​អ្នកនាង ខាត់ សុឃីម ធ្វើឱ្យ សម្រេច​បាននូវ​គោល​បំណង​មួយចំនួន​ដែល​បានប៉ង​ប្រាថ្នា។ រហូតមក​ដល់សព្វថ្ងៃ សុឃីម​មាន​ឈ្មោះល្បី​ព្រមទាំង​មមាញឹក​ក្នុង​ការងារ  ដូចជា​ពិធី​អាពាហ៍ពិពាហ៍ កាត់សក់ កាត់នំ ថត​ចម្រៀង​ខារ៉ាអូខេ សម្ដែង​នៅតាមកម្ម​វិធីទូរទស្សន៍​ជាដើម។ ប៉ុន្ដែ​ទោះបីជា​មមាញឹក ជាមួយ​ការងារ​យ៉ាងណា​ក៏ដោយ​សុឃីម​មិនដែល​ធ្វេស​ប្រហែស​ថែរក្សា​សម្រស់ទេ ព្រោះ​សុឃីម​យល់ថា​សម្រស់​ជាកក្ដា​ចម្បង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​មួយចំនួន​មាន​ចម្ងល់ថា តើអ្នកនាង ខាត់ សុឃីម មានវិធី​ថែរក្សា​សម្រស់​យ៉ាង​ដូចម្ដេច​ដែរ​បានជា​នៅតែ​ស្រស់ ស្អាត​បែប​នេះ? ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ពីវិធី​ថែរក្សា​សម្រស់​របស់អ្នក​នាង ខាត់ សុឃីម មកបក​ស្រាយ​ជូនលោក អ្នកឱ្យ​បានជ្រាប។

ប្រវត្ដិ​ក្នុងអាជីព​សិល្បៈ

អ្នកនាង​មានដើម​កំណើត​នៅក្នុង​ស្រុក​ពញាឮ ខេត្ដកណ្ដាល មានបង​ប្អូនចំនួន​៩នាក់ អ្នកនាង​ជាកូន​ទីមួយ​នៅក្នុង​គ្រួសារ។ អ្នកនាង​បានចូល​ច្រៀង​នៅក្នុង​វង់ភ្លេងខ្មែរ​តាំងពី​អាយុ៥ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ​ដែលមាន​ឪពុកម្ដាយ​ជាអ្នកភ្លេង​មកម្ល៉េះ។ ដោយ​សារ ភាពក្រីក្រ​ក្នុងគ្រួសារ​ទើបធ្វើ​ឱ្យសុឃីម​ចាកចេញ​ពីគ្រួសារ​តាំងពី​អាយុ១៦ឆ្នាំ​មករស់​នៅក្នុងទី​ក្រុង​ភ្នំពេញ ហើយបាន​ចូលច្រៀង​តាម ភោជនីយដ្ឋាន និង​ច្រៀង​ផ្នែក​សិល្បៈបុរាណ​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព។ រហូតមក​ដល់ឆ្នាំ១៩៩៦ ខាត់ សុឃីម បានក្លាយ​ជាអ្នក ចម្រៀង​ដែលមាន​ការគាំទ្រ និង​ទទួល​ស្គាល់។ ភាពប៉ិន​ប្រសព្វ និងពូកែ​សម្ដែង​ទើបធ្វើឱ្យ​អ្នកនាង​មានឱកាស​បានចូល​ខ្លួនធ្វើ​ជាពិធីករ នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិកម្ពុជា​ក្នុង​កម្មវិធីនាទី​ចុង​ក្រោយ និង​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​ទៀត​ជាបន្ដ​បន្ដាប់។ ជាពិសេស​ទៅទៀត អ្នក នាងធ្លាប់​បានចេញ​ទៅសម្ដែង​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​អូស្ដ្រាលី បារាំង ញូសាឡេន និង​សហរដ្ឋអាមេរិក។ នៅពេល​នេះ ខាត់ សុឃីម បានបង្កើត​នូវអាជីព​មួយទៀត គឺច្រៀង​កាត់សក់​ក្នុងពិធី​មង្គល​ការនានា។

ការថែ​រក្សា​សម្រស់

ការ​ថែរក្សា​សម្រស់​រូបរាង​កាយ​របស់​មនុស្ស​គ្រប់រូប​តែងតែ​អនុវត្ដ​ដើម្បី​ភាពស្រស់​ស្អាត ខាត់ សុឃីម​ក៏ដូចគ្នា​ដែរ។ ពេល នេះ​សូម​ក្រឡេក​មកមើល​ពីវិធី​ថែរក្សា​សម្រស់​រូបរាងកាយ​របស់​អ្នកនាង។ តើមានអ្វី​ពិសេសទៅ?

  • ការ​ថែរក្សា​សក់ អ្នកនាង​មានការ​មមាញឹក​នៅក្នុង​អាជីព ២ទៅ៣ថ្ងៃ​ទើបកក់​សក់ចេញ​ម្ដង។ ម្យ៉ាង​វិញទៀត​សក់ ក្បាល​របស់​អ្នកសិល្បៈ​ត្រូវការ​តុបតែង​ជារៀង​រាល់កម្ម​វិធី ធ្វើឱ្យសក់​មិនសូវលូត​លាស់ល្អ​ឡើយ។ ប៉ុន្ដែទោះ​ជាយ៉ាង​ណាក៏​ដោយ សុឃីម​នៅតែ​ឆ្លៀត​ពេលក្នុង​ការ​ថែរក្សា​សក់ ដោយ​ជ្រើសរើស​សាប៊ូកក់​សក់​ម្យ៉ាងកក់​ជាជំនួយ​ដល់​សរសៃ​សក់ និង​ដើម្បី​ការពារ​ជម្ងឺ ស្ងួត​ស្បែក​ក្បាល និង​ទប់ស្កាត់​បញ្ហា​សំណើម​លើស្បែក​ក្បាល តែចំពោះ​ការអប់​សក់មួយ​សប្ដាហ៍​ទើប​មានពេល​អប់ម្ដង។
  • ការ​ថែរក្សា​ស្បែកមុខ ពេលទំនេរ សុឃីម​ចូលចិត្ដ​អនុវត្ដតាម​បែប​ធម្មជាតិ ដោយ​យក​ត្រសក់​កិនឱ្យម៉ត់​ហើយ​លាយ ជាមួយ​ម្សៅ​ទឹកដោះ​គោកូន​ក្មេងរាវប៉ិៗ​យកមក​លាបនៅ​លើផ្ទៃមុខ។ លើស​ពីនេះទៅ​ទៀត​អ្នកនាង​ប្រើ​ផលិតផល​សម្រាប់​ជំនួយ ស្បែក​មុខទាំង​ពេលយប់ និងពេលថ្ងៃ ព្រោះ​ស្បែកមុខ​របស់​សុឃីម​ស្ដើង​ហើយ​ត្រូវ​ប្រឈម​កម្ដៅថ្ងៃ និងពន្លឺ​ភ្លើងហ្វារ​ទើប​ត្រូវការ ផលិតផល​ជំនួយ​ស្បែកមុខ​បន្ថែម។ ម្យ៉ាងវិញ​ទៀត​ដើម្បី​ចៀសវាង​ការប្រតិកម្ម​នៃស្បែកមុខ ដូច​ជាស្ងួត​បែកស្រកា​ជាដើម។ ចំណែក ការតុប​តែងមុខ​ចូលរួម​ក្នុងកម្មវិធី​ផ្សេងៗ អ្នកនាង​តែងតែ​លាបឡេ​ការពារ​ស្បែកមុខ​មួយជាន់ ទើប​ផាត់ម្សៅ​ពីលើ។ ក្រោយ​បញ្ចប់ កិច្ចការ សុឃីម​ត្រូវលុប​លាងមុខ​ចេញភ្លាម​ដោយយក​ឡេម្យ៉ាង​សម្រាប់​ជូតឱ្យ​អស់ជាតិ​ម្សៅ បន្ទាប់មក​ទើបប្រើ​សាប៊ូលាង​មុខតាម ក្រោយ។ រៀងរាល់​ព្រឹកក្រោក​ពីដំណេក​សុឃីម​មានសាប៊ូ​ម្យ៉ាងទៀត​សម្រាប់​សម្អាត​ជាតិខ្លាញ់​លើផ្ទៃមុខ និងធ្វើ​ឱ្យមុខ​ស្រស់ថ្លា។
  • ការថែរក្សា​ស្បែកខ្លួន ទោះបី​ជាមានការ​រវល់យ៉ាង​ណាក៏ដោយ អ្នកនាង​តែងតែ​ឆ្លៀត​ចន្លោះ​ពេលធ្វើ​ការអនុវត្ដ​តាម បែប​ធម្មជាតិ​ដែរ។ ការប្រតិបត្ដិ​ធ្វើឡើង​នៅពេល​ដែលវដ្ដ​នៃការមក​រដូវអស់ បន្ទាប់​មកគឺលាប​និងឆ្ពុង​ពន្លៃ។ ក្រៅពី​អនុវត្ដន៍​បែបនេះ អ្នកនាង​នៅមាន​ឡេម្យ៉ាង​ទៀត​ដែល​លាយ​ដោយខ្លួន​ឯងផ្ទាល់​យកមក​លាបជា​រៀងរាល់​យប់ លាបជា​មួយឡេ​ម្យ៉ាង​ទៀត​ជួយ​ជំនួយ ដល់​ស្បែក​សម្រាប់​លាបការ​ពារ​កម្ដៅថ្ងៃ​នៅពេល​ចេញទៅ​សម្ដែង និងថត។ ប៉ុន្ដែ​ទោះជា​បែបនេះ​ក៏ដោយសុឃីម​នៅតែមាន​វិធីរក្សា ប្រអប់ដៃ​ប្រអប់​ជើងដែរ គឺជើង​មានឡេ​សម្រាប់​លាបផ្សេង និងដៃ​មានលាប​ផ្សេងទៀត ព្រោះ​ជួយឱ្យ​ស្បែក​ដៃទន់​ស្រឡូន។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការថែ​រក្សា​សុខភាព​រាងកាយ

ជារៀង​រាល់៣ខែ សុឃីម​ទៅពិនិត្យ​សុខភាពម្ដង។ ចំណែក​ឯការ​ទទួលទាន​អាហារ​មានកំណត់ ក្នុងមួយ​ថ្ងៃអ្នកនាង​ទទួល ទាន​២ដង​ប៉ុណ្ណោះ គឺពេល​ព្រឹក និងពេល​ថ្ងៃត្រង់ ចំពោះ​ពេលយប់​មិនទទួល​ទានឡើយ។ ប៉ុន្ដែការ​បរិភោគ គឺអ្នកនាង​មិនតម​ទេ ព្រោះ សុឃីម​យល់ឃើញ​ថាការ​មមាញឹក​ធ្វើឱ្យ​ហត់អស់​កម្លាំង ដូចនេះ​ហើយត្រូវ​តែ​ទទួលទាន​ចៀសវាង​មានជម្ងឺ និងបាក់​កម្លាំង។ សម្រាប់ ការ​ទទួល​ទានដំណេក គឺមិន​ដែលបាន​គ្រប់គ្រាន់​ឡើយ មានថ្ងៃខ្លះ​សម្រាក​បាន៤ម៉ោង ហើយមាន​ថ្ងៃខ្លះទៀត​មិនបាន​សម្រាក​ក៏មាន ដែរ។ ហេតុនេះ​ហើយនៅ​ពេលទំនេរ សុឃីម​តែងតែ​សម្រាក​ភ្លាមដើម្បី​សងបង្គ្រប់។ ចំពោះ​ការហាត់​ប្រាណ អ្នកនាង​អនុវត្ដ​ជារៀង រាល់ព្រឹក ដោយ​ចំណាយ​ពេល១០​ទៅ១៥​នាទី ជាមួយ​កាយវិការ​លោត លើកដៃ ពត់ជើង រត់ដោយ​ខ្លួនឯង ព្រោះ​អ្នកនាង​មិនមាន ពេល​គ្រប់គ្រាន់​ទៅហាត់​នៅក្លឹប​ឡើយ។ វិធី​ថែរក្សា​ទម្ងន់ខ្លួន សុឃីម​មិនដែល​អនុវត្ដន៍​ទេ ព្រោះ​សុឃីម​គិតថា​សព្វថ្ងៃ​អ្នកនាង​ហត់ និង​ទទួល​ទាន​ទៀងពេល ហេតុដូចនេះ​ទម្ងន់ខ្លួន​មិនអាច​ឡើង​ច្រើន​ឡើយ។ ក្រោកពី​ទទួលទាន​ដំណេក ការសម្អាត និង​ថែរក្សា​ធ្មេញ សុឃីម​មិនដែល​បំភ្លេច​ឡើយ សម្អាត​ធ្មេញ​ក្នុង​មួយថ្ងៃ​ចំនួន​៣ដង។ ព្រោះ​អ្នកនាង​គិតថា​ធ្មេញ​មានសារៈ​សំខាន់​ណាស់ ​ពេល​ញញឹម ជំហ៊ាន​ដំបូង គឺមើល​ធ្មេញ ហើយ​ធ្មេញ​នេះទៀត​សោត​ក៏ជាការ​លើក​សម្រស់​ផងដែរ។

បំណង​អនាគត

មនុស្ស​គ្រប់រូប​តែងត្រូវ​ការអាជីព​មួយដ៏ពិត​ប្រាកដ​ទៅថ្ងៃ​អនាគត។ ចំពោះ​ខាត់ សុឃីម ក្រៅពី​មានអាជីព​ជាអ្នក​សិល្បៈ សម្រាប់​ទៅថ្ងៃ​អនាគត អ្នកនាង​ចង់ពង្រីក​ហាងកែ​សម្ផស្ស និងកាត់​សម្លៀក​បំពាក់ឱ្យ​មានលំនឹង ព្រោះ​អ្នកនាង​គិតថា​នៅពេល​ដែល មានវ័យ​រាងចំណាស់​បន្ដិច ការ​សម្ដែង​ក៏ថយចុះ​ទៅតាម​វ័យដែរ ដូចនេះ​ចាំបាច់​ត្រូវតែ​មានមុខ​របរ​មួយ​ដោយ​ឡែក។

បណ្ដាំ​ផ្ញើរបស់​ខាត់ សុឃីម

សូម​បងប្អូន​ស្ដ្រីទាំង​អស់​ថែរក្សា​សុខភាព និងខ្លួន​ប្រាណឱ្យ​បានត្រឹមត្រូវ មិនគួរ​បណ្ដោយខ្លួន​ឱ្យបាត់បង់​សម្រស់​នោះទេ។ សូម​គិតថា​ការថែរក្សា​សម្រស់​ធ្វើឱ្យ​ស្បែក​រក្សា​ភាពស្អាត​បានយូរ មិនឆាប់​ជ្រីវជ្រួញ។ ជាពិសេស​ការទទួលទាន​អាហារ​ត្រូវកំណត់ និង ទៀង​ពេលវេលា​ផងដែរ។

ការរៀប​រាប់ជូនខាង​លើនេះ ជាការ​យល់​ឃើញ និងការ​អនុវត្ដ​របស់​អ្នកនាង ខាត់ សុឃីម​តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នក នាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថាល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិ​រូបសង្ខេ

  • ឈោ្មះ ៖ ខាត់ សុឃីម
  • អាយុ ៖ ២៩ឆ្នាំ
  • កម្ពស់ ៖ ១,៥៧ម៉ែត្រ
  • ទំហំទាំងបី ៖ ៣៤, ២៥, ៣៣
  • បងប្អូន ៖ ៩នាក់ (ជាកូនទី១)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *