ប្រជ្រុយអាចកើតមាននៅគ្រប់កន្លែងនៃសារពាង្គកាយ ជាធម្មតាមិនប៉ះពាល់ដល់សុខភាពលោកអ្នកទេ។ ប៉ុន្ដែវាអាចធ្វើ ឱ្យលោកអ្នកបាត់បង់សោភ័ណភាពខ្លះនៅពេលដែលប្រជ្រុយកើតមាននៅលើផ្ទៃមុខច្រើន។ កត្ដានេះហើយដែលធ្វើឱ្យមានការរំខាន រហូតឈានដល់សម្រេចចិត្ដកាត់ប្រជ្រុយចេញ ជាពិសេសចំពោះសុភាពស្ដ្រីមួយចំនួន។ ការព្យាយាមកាត់ប្រជ្រុយខ្លួនឯងដោយប្រើ វិធីផ្សេងៗអាចនាំឱ្យមានគ្រោះថ្នាក់។ តើមានវិធីណាដែលអាចកាត់ប្រជ្រុយបានល្អនិងមិនប៉ះពាល់ដល់សុខភាព?
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ឈឹម វត្ដី នាយិកាគ្លីនិកលុចដើមី្បបកស្រាយអំពីវិធីកាត់ប្រ ជ្រុយនេះជូនប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់។
មូលហេតុកើតប្រជ្រុយ
ប្រជ្រុយកើតឡើងបណ្ដាលមកពីស្បែកមានសភាពស្ងួតខ្លាំងដែលបណ្ដាលមកពីកង្វះជាតិទឹក និងការរងនូវកម្ដៅថ្ងៃច្រើន។ ដូច្នេះលោកអ្នកត្រូវចិញ្ចឹមស្បែកស្ងួតឱ្យមានសំណើមវិញ ហើយគប្បីទទួលទានទឹកឱ្យបានគ្រប់គ្រាន់ទើបស្បែកមិនអាចមានស្នាមអុច ខ្មៅ អាចម៍រុយ ឬប្រជ្រុយបាន។ ប្រជ្រុយមិនមានលក្ខណៈដូចគ្នានោះទេ ប្រជ្រុយខ្លះជាប្រជ្រុយធម្មតាតូច ខ្លះទៀតក៏មានទំហំធំ មិនតែប៉ុណ្ណោះមានប្រជ្រុយខ្លះជាប្រជ្រុយដុះសាច់ទៀតផង។
វិធីកាត់ប្រជ្រុយមិនត្រឹមត្រូវ
ប្រជ្រុយជាបញ្ហាដែលត្រូវគិតគូរដោយសារប្រជ្រុយអាចកើតឡើងនៅលើផ្ទៃមុខ ប្រជ្រុយខ្លះនៅលើកន្ទុយភ្នែក ខ្លះទៀត នៅលើច្រមុះ ហើយអ្នកខ្លះទៀតមានប្រជ្រុយច្រើនកន្លែងនៅលើផ្ទៃមុខតែមួយ។ ទាំងនេះគឺជាការរំខានយ៉ាងខ្លាំងដល់សោភ័ណភាព នៃសម្រស់។ កន្លងមកមានលោកអ្នកមួយចំនួនបានកាត់ប្រជ្រុយដោយខ្លួនឯងទៅតាមរូបភាពផ្សេងៗ ដូចជាការកាត់ប្រជ្រុយដោយ ប្រើទឹកអាស៊ីត ប្រើជរ័ល្ហុង ប្រើកំបោរ ចងអំបោះជាដើម។ វិធីទាំងនេះជាវិធីមិនត្រឹមត្រូវផ្ដល់នូវផលវិបាកដល់លោកអ្នក ដូចជា ធ្វើឱ្យផ្ទៃមុខលោកអ្នកមានស្លាកស្នាម ឬក្លាយជាដំបៅនៅលើផ្ទៃមុខ និងអាចផ្ដល់ជាផលវិបាកធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីកស្បែកជា ដើម។ ដូច្នេះវិធីកាត់ប្រជ្រុយទាំងនេះមិនគប្បីអនុវត្ដន៍ទេ។
វិធីកាត់ប្រជ្រុយត្រឹមត្រូវ
វិធីកាត់ប្រជ្រុយដោយម៉ាស៊ីនឡាស៊ែ គឺជាវិធីល្អមួយដែលអាចធ្វើឱ្យប្រជ្រុយដាច់បានដោយងាយ ហើយគ្មានបន្សល់ទុកនូវ ស្លាកស្នាមទៀតផង។ នៅមុនពេលកាត់ លោកអ្នកត្រូវទទួលទានថ្នាំសម្រាប់ឃាត់ឈាមកន្លះម៉ោងជាមុនសិន ដើម្បីកុំឱ្យមានការចេញ ឈាមនៅពេលកាត់។ ជំហានបន្ទាប់ទើបធ្វើការកាត់ប្រជ្រុយនោះ ដោយចៀរឱ្យស្អាតមិនឱ្យជ្រៅពេក និងមិនឱ្យហួសពីកន្លែងប្រជ្រុយ នោះទេ។ នៅពេលធ្វើការកាត់រួចរាល់ហើយ លោកអ្នកត្រូវទទួលទានថ្នាំមួយរយៈដើម្បីឱ្យជាសះស្បើយ ព្រមទាំងស្អំជាមួយម៉ាស៊ីន ស្អំ។ ការកាត់ប្រជ្រុយជាមួយម៉ាស៊ីនឡាស៊ែមានប្រសិទ្ធភាពល្អណាស់បីប្រជ្រុយនោះធំ ឬតូចប៉ុណ្ណាក៏ដោយ។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើលោកអ្នកទាំងឡាយចង់បានផ្ទៃមុខស្រស់ស្អាតដោយគ្មានចំណុចខ្មៅ ឬប្រជ្រុយ លោកអ្នកគួរទទួលទានទឹកឱ្យ បានគ្រប់គ្រាន់ដើម្បីឱ្យស្បែករបស់លោកអ្នកមានសំណើម។ ប្រសិនបើចង់កាត់ប្រជ្រុយចេញ លោកអ្នកគួរស្វែងរកសេវាកាត់ប្រជ្រុយ ឱ្យបានត្រឹមត្រូវដោយជួបពិគ្រោះជាមួយអ្នកជំនាញច្បាស់លាស់។ ការកាត់ប្រជ្រុយដោយខ្លួនឯងគួរចៀសវាង ព្រោះការកាត់ប្រជ្រុយ មិនត្រឹមត្រូវនាំឱ្យលោកអ្នកទទួលបានផលវិបាកច្រើនជាងផលចំណេញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply