ក្រសួង​សុខាភិបាល​ និងដៃគូ រួមគ្នា បើកយុទ្ធ​នាការផ្សព្វ​ផ្សាយទប់​ស្កាត់​ជម្ងឺ​គ្រុនឈាម​

នៅដើមឆ្នាំ២០១២នេះប្រជាពលរដ្ឋរងគ្រោះដោយសារជម្ងឺគ្រុនឈាមមានចំនួនសរុប,៣៩៣នាក់។ចំនួននេះមានការកើនឡើង​ប្រមាណ​​ជាបីដង​​បើប្រៀបធៀប​ទៅនឹងឆ្នាំ២០១១កន្លងទៅក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធ​សាស្រ្តផ្សព្វផ្សាយដ៏ផុសផុលដោយបានបើកយុទ្ធនាការដង្ហែរក្បួនដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជម្ងឺ​គ្រុនឈាម​ឆ្នាំនេះ​ មានលក្ខណៈ​ផុសផុល​ខ្លាំងជាង​ឆ្នាំមុន​ ដោយក្រសួង​សុខាភិបាល​ មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជម្ងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្រ្ត​-បាណក​សាស្រ្ត​ ក្រសួង​ពាក់ព័ន្ធ​ អង្គការ​ជាតិ និង​អន្តរជាតិ​ បានបើក​យុទ្ធនាការ​ដង្ហែ​ក្បួនបង្កើន​ការយល់​ដឹងដល់​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋាន​ ព្រមទាំង​ចែកថ្នាំ​អាបែត​ ច្រើន​ ជាងឆ្នាំ​២០១១​ រហូត​ដល់៣០​ភាគរយ​។

កាលពី​ថ្ងៃទី១៩​ មេសា​ កន្លង​ទៅថ្មីៗ​នេះ ក្រសួង​សុខាភិ​បាល និង​អង្គការ​ជា​ដៃគូ​នានា បាន​ប្រារព្ធ​ទិវា​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុន​ឈាម ក្រោម​ប្រធានបទ “​បង្ការ​ជម្ងឺគ្រុនឈាម ជា​កាតព្វកិច្ច​របស់​យើង​គ្រប់ៗ​រូប​”។ ​ពិធី​នេះ​បាន​ធ្វើឡើង នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួមទាំង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​មាន​អ្នកចូលរួម​ជា​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាង ៥០០ នាក់​។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​បញ្ជាក់ថា នៅ​ឆ្នាំ​២០១២​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជម្ងឺគ្រុនឈាម​មាន​ចំនួន​សរុប ១,៣៩៣ នាក់ មានការ​កើនឡើង​ប្រមាណ​បី​ដងច្រើន​ជាង​ឆ្នាំមុន (​ឆ្នាំ​២០១១)។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ករណី​ស្លាប់​បាន​រក្សា​នៅ​តិចជាង ១​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១១ កន្លងទៅ​។​ ជាមួយគ្នា​នោះផងដែរ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ដើម្បី​ទប់ស្កាត់​ជម្ងឺគ្រុនឈាម ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​សម្អាត​លំនៅដ្ឋាន កុំ​ឲ្យ​មានទឹក​ដក់ កប់ ឬ​ដុតចោល​សម្បក​ដូង សម្បក​កំប៉ុង និង​វត្ថុ​ដក់​ទឹក​ផ្សេងៗ​ទៀត ហើយ​និង​បំផ្លាញ​ជម្រក​មូស និងដង្កូវទឹក ដែលជា​ប្រភព​បង្ក​ជម្ងឺគ្រុនឈាម​។​

លោក​វេជ្ជបណ្ឌិត ច ម៉េង​ចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា ជាក់ស្ដែង កុមារ​រងគ្រោះ​ដោយ​សារជម្ងឺគ្រុនឈាម រយៈ​បី​ខែដើមឆ្នាំ​២០១២ មាន​គ្រប់​ក្រុម​អាយុ។ ប៉ុន្តែ​ក្រុម​អាយុ​ពី ៥ ដល់ ១៤​ឆ្នាំ មាន​សមាមាត្រ​ដល់​ទៅ ៦៨​ភាគរយ នៃ​ជម្ងឺគ្រុនឈាម​ទាំងអស់​។ លោក​បន្តថា ក្រោយ​ឆ្នាំ​២០០៧ ករណី​ជម្ងឺគ្រុនឈាម​បាន​ថយចុះ​ច្រើន​ភ្លាម នៅ​ឆ្នាំ​២០០៨។ ប៉ុន្តែ​ក្រោយមក​បាន​កើនឡើង​វិញ​ជា​បណ្ដើរ​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​ឆ្នាំ​២០០៩ កើន ២៤​ភាគរយ ឆ្នាំ​២០១០ កើន ៧​ភាគរយ និង​ឆ្នាំ​២០១១ កើន ២៨​ភាគរយ​។​
លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ករណី​គ្រុនឈាម​នៅ​ដើមឆ្នាំ​២០១២​នេះ កើតមាន​ចំពោះ​កុមារ​សឹងគ្រប់​អាយុ។ ប៉ុន្តែ ៦៧.៤​ភាគរយ នៃ​ករណី​គ្រុនឈាម​សរុប ជា​កុមារ​អាយុ​ពី ៥ ដល់ ១៤​ឆ្នាំ ភាគច្រើន​កំពុង​រៀន​នៅ​បឋមសិក្សា។ ហេតុនេះ ​ការចូលរួម​របស់លោក​គ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនឈាម។ ព្រោះថា​ការយល់ដឹង​របស់​សិស្សានុសិស្ស​អំពី​ជម្ងឺគ្រុនឈាម មាន​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង មាតាបិតា និង​បងប្អូន​របស់​ពួកគេ​នៅឯផ្ទះ​។​
លោក ច ម៉េង​ចួ បាន​លើកឡើងថា នៅ​ឆ្នាំ​២០១២​នេះ ក្រសួងសុខាភិបាល​បាន​ត្រៀម​ថវិកា​ចំណាយ ២២ សែន​ដុល្លារ ដែល​ក្នុងនោះ ៥០​ភាគរយ​ជា​ថវិកាជាតិ និង ៥០​ភាគរយ​ទៀត​ជា​ថវិកា​របស់​គម្រោង​ទ្រទ្រង់​វិស័យ​សុខាភិបាល ដែលមាន​អង្គការ​ជា​ដៃគូ​ជំនួយ​ចំនួន ៦ អង្គការ​។ ថវិកា​ចំណាយ​សម្រាប់​ការទប់ស្កាត់​ជម្ងឺគ្រុនឈាម​សម្រាប់​ឆ្នាំ​២០១២ មានការ​កើនឡើង​ជាង​ឆ្នាំមុន ៣០​ភាគរយ ហើយ​ក្រសួង​បាន​ចំណាយ​ថវិកា​ទិញ​អាល់​បែ​ត ចែកជូន​ប្រជា​ពលរដ្ឋ​ចំនួន ២៧០ តោន សម្រាប់​ចែក​នៅ​ទូទាំង​ប្រទេស​៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *