ការប្រើប្រាស់​បង្គន់តាម​ជនបទ​នៅមាន​កម្រិត

បង្គន់មាន​តួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះបាន​សម្រាប់​គេហដ្ឋាន​នីមួយៗ ព្រោះថា​គ្មាននរណា​ម្នាក់​រស់នៅ​ដោយ​មិនមាន​ការ បន្ទោរ​បង់​នោះទេ។ បង្គន់ជា​កន្លែង​ដែលសម្បូរ​ទៅដោយ​មេរោគ​គ្រប់​ប្រភេទ។ ដូច្នេះ​ហើយកន្លែង​ដែល​បន្ទោរបង់​ទាមទារ​ឱ្យមាន អនាម័យ​ជានិច្ច ទើប​បង្ការ​បាននូវ​ការឆ្លង​មេរោគ​ផ្សេងៗ ដែលមាន​ក្នុង​លាមក​មកដល់​ខ្លួនមនុស្ស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រ​​លំនៅដ្ឋា​ន​និងបរិស្ថាន​របស់ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញ​ជូនប្រិយមិត្ដ​អ្នកអាន​ឱ្យ​បានស្វែងយល់​អំពីសារៈ​សំខាន់់​របស់បង្គន់​តាមគ្រួសារ។ ជាពិសេសប្រជាពលរដ្ឋដែលនៅតាមទីជនបទដាច់ស្រយាល បច្ចុប្បន្ននេះនៅពុំទាន់មាន បង្គន់ប្រើប្រាស់បានត្រឹមត្រូវនៅឡើយ។

លក្ខណៈ​ទូទៅនៃ​បង្គន់

ការសាងសង់​បង្គន់​សម្រាប់​ប្រើប្រាស់ គឺអាស្រ័យ​ទៅតាម​ជីវភាព​គ្រួសារ​នីមួយៗ។ ការប្រើប្រាស់​បង្គន់នៅ​តាមជនបទ​ត្រូវ បាន​បែងចែក​ជាពីរ​ប្រភេទ​ខុសពី​បង្គន់នៅ​តាមទីក្រុង ឬទីប្រជុំ​ជននានា ដែលប្រើប្រាស់​ប្រភេទ​បង្គន់​អនាម័យ​មានតម្លៃថ្លៃ។ ប្រជាពលរដ្ឋ​តាមជនបទ​មិនអាច​មានលទ្ធភាព​សាងសង់​ដូចបង្គន់​នៅទីក្រុង ឬទីប្រជុំជន​បានទេ។

1. ប្រភេទ​បង្គន់ចាក់​ទឹកឬ​បង្គន់​អនាម័យ

បង្គន់អនាម័យ​ជាប្រភេទ​បង្គន់ប្រើប្រាស់​ដោយការ​ចាក់ទឹក បង្គន់ប្រភេទ​នេះត្រូវ​បានប្រើប្រាស់​ជាលក្ខណៈ​គ្រួសារដែល មានជីវភាព​ធូរធារ​ព្រោះវា​មានតម្លៃថ្លៃ​ចាប់ពី៥០ ឬ១០០ដុល្លារឡើង​ទៅក៏មាន ដោយបង្គន់​អនាម័យខ្លះ​មានធ្វើជា​អាងទឹក​នៅខាង ក្នុងទៀត ដើម្បីបង្ក​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់។

2. ប្រភេទ​បង្គន់់ស្ងួត

បង្គន់ស្ងួត​មិនមែន​ជាប្រភេទ​បង្គន់​អនាម័យទេ ជាបង្គន់ដែល​ប្រើប្រាស់​ដោយការ​ចាក់ផេះ មានន័យថា​បន្ទាប់ពី​បន្ទោរបង់ ហើយត្រូវ​ចាក់ផេះ។ បង្គន់ប្រភេទ​នេះប្រើប្រាស់​សម្រាប់គ្រួសារ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ព្រោះកន្លង​មកប្រជាពលរដ្ឋ​ដែលរស់ នៅតាម​ជនបទ​ដាច់ស្រយាល​ភាគច្រើន​ពុំទាន់មាន​បង្គន់ប្រើប្រាស់​បានត្រឹមត្រូវ​នៅឡើយទេ។ គ្រួសារ​ខ្លះគ្មាន​បង្គន់ប្រើប្រាស់​សម្រាប់ គ្រួសារ​ផ្ទាល់ទេ សមាជិកក្នុង​គ្រួសារ​បានបន្ទោរបង់​ពាសវាល​ពាសកាល​ជួននៅតាម​វាលស្រែ តាមព្រំដីឬ​ព្រៃចេក​ក្រោយផ្ទះ​ក៏មាន។ល។ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បានណែនាំ​ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​បង្គន់ស្ងួត​ព្រោះបង្គន់​ប្រភេទនេះ​ជាជំហាន​ដំបូង ដើម្បីឱ្យ ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុងសហគមន៍​ស្វែងយល់​ពីសារៈ​សំខាន់នៃ​ការប្រើប្រាស់​បង្គន់ និងការផ្លាស់ប្ដូរ​ទម្លាប់ឈប់​បន្ទោរបង់​លាមក​នៅពាសវាល​ពាសកាល​តទៅ​ទៀត។

ការសាងសង់​បង្គន់ស្ងួត​អាចធ្វើ​ទៅបាន​ដោយមិន​បាច់ចំណាយ​ថវិកាច្រើន ក្នុងការ​ទិញស៊ីម៉ងត៍ លូ ឬក្រួស​ជាដើម​នោះទេ។ គ្រាន់តែ​យកសម្ភារៈ​ដែលមាន​ស្រាប់នៅ​ក្នុងភូមិ ឬគ្រួសារ ដូចជា​ពាងបែក​ប្រើប្រាស់​លែងកើត​មកធ្វើជា​លូបង្គន់​ក៏បាន។ បង្គន់ស្ងួត អាចធ្វើបាន​ចាប់ពីតម្លៃ​១០០០០រៀល ទៅ២០០០០រៀល​(២ទៅ៥ដុល្លារ)​តែប៉ុណ្ណោះ។ ជាគោលការណ៍​បង្គន់ត្រូវសង់​ឱ្យនៅឆ្ងាយពី ប្រភពទឹក ដូចជាអណ្ដូង ស្រះ ត្រញំង ស្ទឹងជាដើម យ៉ាងហោចណាស់​ឱ្យបាន​ចម្ងាយពី​២០ ទៅ៣០ម៉ែត្រ ដើម្បីការពារ​ប្រភពទឹក​កុំឱ្យ ឆ្លងមេរោគ​ផ្សេងៗពី​បង្គន់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថប្រយោជន៍​នៃការ​ប្រើប្រាស់​បង្គន់

បច្ចុប្បន្ននេះ កម្រិតនៃ​ការប្រើប្រាស់​បង្គន់នៅ​តាមជនបទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ទាំងមូល​នៅមាន​កម្រិតទាប​នៅឡើយ។ ប្រការនេះ​ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​នៅមាន​ទស្សនៈថា​ត្រូវរង់ចាំ​ជំនួយ ទោះបី​ជាគាត់​មានថវិកា​តិចតួច​ក៏គាត់មិន ធ្វើដែរ។ ដោយឡែក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា​ធ្វើបង្គន់​ត្រូវមានលូ​ស្ដុកលាមក​ត្រឹមត្រូវ ឬបំពង់បង្ហូរ​ទៅលូ​ស្ដុកធំៗ​ដូចជា នៅទីក្រុង គាត់គិត​ទៀតថា​នឹងមាន​អង្គការ​ជួយក្នុង​បញ្ហានេះ​ដោយមិន​ចាំបាច់​ចេញលុយ​ធ្វើបង្គន់ទេ។ ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ មួយចំនួន​នៅពុំទាន់​យល់ច្បាស់​អំពីសារៈ​ប្រយោជន៍​នៃការប្រើប្រាស់​បង្គន់។

ការប្រើប្រាស់​បង្គន់បាន​ត្រឹមត្រូវ​ផ្ដល់ផល​ចំណេញ​យ៉ាងច្រើន​ចំពោះគ្រួសារ កាត់បន្ថយ​នូវការ​ឈឺថ្កាត់​ក្នុងគ្រួសារ ដែលកើត​ឡើងពី​ភាពកង្វះ​អនាម័យ។ លោកអ្នក​មានពេល​វេលាគ្រប់គ្រាន់​ក្នុងការ​រកស៊ី ចំណេញ​ថវិកា ដោយមិន​បាច់ចំណាយ​ទៅលើ​ថ្នាំសង្កូវ ព្យាបាលជម្ងឺ។ កូនៗរបស់​លោកអ្នក​មិនមានជម្ងឺ អាចទៅ​រៀនសូត្រ​គ្រប់គ្រាន់​ទៀតផង។ លាមក​ដែលបាន​មកពីការ​ប្រើប្រាស់​បង្គន់ ស្ងួតដែល​បន្ទោរបង់​រួចអាច​រក្សាទុក​រយៈពេល​ពី១ទៅ​២ឆ្នាំ​ដើម្បីឱ្យ​មេរោគ​បាក់តេរី​នៅក្នុង​លាមក​ងាប់អស់ មុននឹង​យកទៅ​ធ្វើជាជី ដាក់ដំណាំ។

ផលវិបាក​នៃការ​មិនប្រើប្រាស់​បង្គន់

ផ្ទុយទៅវិញ ប្រសិនបើ​គ្រួសារ​មិនមាន​បង្គន់​ប្រើប្រាស់ទេ នាំឱ្យ​សមាជិក​នៅក្នុង​គ្រួសារ​ដូចជា​កូនចៅ​ជាដើម​នោះទៅ​បន្ទោរបង់​នៅពាសវាល​ពាសកាល ជួនកាល​បន្ទោរបង់​នៅក្រោយផ្ទះ ក្នុងគុម្ពចេក​ជាដើម ជាហេតុ​ធ្វើឱ្យ​សត្វពាហនៈ មាន់ ទា ជ្រូក ឆ្កែទៅ ឈ្មុសឬស៊ី​លាមក​នោះ។ ប្រការនេះ​ហើយដែល​បង្កជា​បញ្ហាផ្សេងៗ​ដល់សុខភាព​តាមរយៈ​ការរស់​នៅគ្មាន​អនាម័យ ដែលនាំឱ្យ​មេរោគ អាចឆ្លង​មកក្នុង​ខ្លួនមនុស្ស​បាន​យ៉ាងងាយ។ សមាជិក​ក្នុងគ្រួសារ​នឹងប្រឈមមុខ​នឹងជម្ងឺ​ជាច្រើន ជាពិសេស​ជម្ងឺរាក អាសន្នរោគ ព្រូន ជាច្រើន​ប្រភេទ ធ្វើឱ្យកុមារ​មានសភាព​ស្លេកស្លាំង មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀនសូត្រ។

ការអនាម័យ​បង្គន់

ប្រសិនបើ​មាន​បង្គន់ហើយ ប៉ុន្ដែការ​ប្រើប្រាស់​គ្មាន​អនាម័យល្អ​នោះ បង្គន់នឹង​ក្លាយជា​ទីកន្លែង​ដែល​បោះបង់​ចោល។ កុមារឬ​សមាជិក​ក្នុងគ្រួសារ​មិនចង់​បន្ទោរបង់​ក្នុងបង្គន់​នោះទេ បែបនេះ​វានឹងក្លាយ​ទៅជាមាន​ទម្លាប់​បន្ទោរបង់​លាមក​ពាសវាល​ពាសកាល វិញដដែល។ ដូចនេះ​ទើបទាមទារ​ឱ្យមាន​អនាម័យ​ជាប្រចាំ​ក្នុងការ​សម្អាត​បង្គន់ កុំឱ្យមាន​ក្លិនស្អុយ ត្រូវមាន​ពាងទឹក​នៅជិត​បង្គន់ ដើម្បី​លាងដៃ ឬផេះ​គ្រប់គ្រាន់​សម្រាប់​សម្អាត​បង្គន់។ ចំពោះ​បង្គន់​ចាក់ទឹក ត្រូវចាក់ទឹក​រាល់ពេល​បន្ទោរបង់​រួចដើម្បី​សម្អាត​បង្គន់។ រីឯបង្គន់​ចាក់ផេះ បន្ទាប់ពី​បន្ទោរបង់​រួចហើយ​ត្រូវសម្អាត​ដោយ​ចាក់ផេះ​និងមិន​ត្រូវ​បន្ទោរបង់​លាមកឱ្យ​ប្រឡាក់​នៅលើ​ខ្នោះ​បង្គន់ទេ ដែលនាំ​ឱ្យមាន​ក្លិនស្អុយ និងគ្មាន​អនាម័យ។

ដំបូន្មានអ្នក​ប្រឹក្សា

បង្គន់ជា​កន្លែង​សំខាន់​មួយក្នុង​ការថែរក្សា​សុខភាព​ក្រុមគ្រួសារ​របស់​លោកអ្នក។ លោកអ្នក​អាចសាងសង់​បង្គន់​បានទៅ តាមលទ្ធ​ភាពធនធាន​ដែលមាន​ដោយមិន​ចាំបាច់​គិតថា​ទាល់តែ​មានថវិកា​ច្រើនទើប​ធ្វើបង្គន់​បានប្រើ​នោះទេ។ ដើម្បី​ចៀសវាង​នូវជម្ងឺ ទាំងឡាយ​ដែលយាយី​ដល់សុខភាព​គ្រួសារ​លោកអ្នក​គួរណែនាំ​កូនចៅ​ក្នុងការ​ធ្វើអនាម័យ​បង្គន់ឱ្យ​បានស្អាត​ជាប្រចាំ (ចាក់ទឹក សម្អាតសម្រាប់​បង្គន់ចាក់ទឹក ឬចាក់ផេះ​សម្រាប់​បង្គន់ស្ងួត)។ ប្រការសំខាន់​មួយទៀត​នោះ ត្រូវលាង​សម្អាតដៃ​ជាមួយ​សាប៊ូ ឬផេះ ជានិច្ច​ក្រោយពេល​ចេញពី​បង្គន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *