កាតាប​ស្ពាយ​បង្ក​បញ្ហាឈឺ​ឆ្អឹងខ្នង

កាតាប​គឺវត្ថុ​សម្រាប់​ផ្ទុកនូវ​សម្ភារៈ​សិក្សា​ផ្សេងៗ​ដើម្បី​ផ្តល់នូវ​ភាពងាយ​ស្រួល​យកទៅ​តាមខ្លួន។ ក្រៅពី​អាច​ច្រក​សម្ភារៈ​សិក្សា​បាន​ហើយ​នោះ កាតាប​ក៏ផ្តល់​ភាពងាយ​ស្រួល​ក្នុងការ​ច្រក​របស់​របរផ្សេងៗ​ទៀត​បាន​យ៉ាងល្អ​ប្រសើរ​ផងដែរ។ ទន្ទឹម​នឹងភាព​ងាយ​ស្រួលនេះ កាតាប​ក៏ផ្តល់នូវ​ភាព​គ្រោះថ្នាក់​សម្រាប់​អ្នក​ប្រើប្រាស់​ផងដែរ​ប្រសិនបើ​លោកអ្នក​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ដោយសារ​តែអត្រា​នៃចំនួន​កុមារ និង​យុវវ័យ​ដែល​មានប​ញ្ហា​ឈឹ​ឆ្អឹងខ្នង​នៅលើ​ពិភព​លោក​ មានការ​កើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ គេហទំព័រ​សុខភាព​កម្ពុជា​សូម​លើកយក​វិធី​សាស្ត្រ និង របាយការណ៍​ទាក់ទង​ទៅនឹង​បញ្ហា​ឈឺឆ្អឹង​ខ្នង​របស់​កុមារ​ និង​យុវវ័យ​មកជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន។

កុមារ​ គឺជាវ័យ​ដែល​ត្រូវ​ការ​ថាមពល​ផ្សេងៗ​ជាច្រើន​ដើម្បី​ភាព​លូតលាស់​របស់​សារពាង្គ​កាយ។ ការយក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​កុមារ​គឺជា​ប្រការ​សំខាន់​របស់​មាតាបិតា​គ្រប់រូប។ ជាធម្មតា​កុមារ ​និង​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ការ​សិក្សា​របស់​ពួកគេ​នៅថ្នាក់​បឋម​សិក្សា រហូត​ដល់ថ្នាក់​វិទ្យាល័យ  ភាគច្រើន​ត្រឹមតែ​មួយវេន​តែប៉ុណ្ណោះ។ ហើយ​ការសិក្សា​នោះ​ទៀត​សោត​តម្រូវឲ្យ​កុមារ និង​យុវជន​ទាំងនោះ​យក​សៀវភៅ​ទៅសិក្សា​ច្រើនមុ​ខវិជ្ជា រួមផ្សំ​ជាមួយ​នឹង​សៀវភៅ​ពុម្ពប​ន្ថែម។

បើយោង​តាម​របាយការណ៏​របស់​គេហទំព័រ​សារព័ត៌មាន​ប៊ីប៊ីស៊ី​បានឲ្យ​ដឹងថា​ចំនួន​កុមារ​ដែល​មាន​ជម្ងឺ​ឈឺឆ្អឹងខ្នង​មានការ​កើនឡើង​គួរឲ្យ​កត់​សម្គាល់។ មន្ទីរ​ពេទ្យ Da Costal និងមន្ទីរ​ពេទ្យ​សកល​វិទ្យាល័យ Son Dureta បានរាយការណ៏រំឭកថា សូម​អាណា​ព្យាបាល​ទាំង​ឡាយ​គួរកុំឲ្យ​កុមារ ស្ពាយ​កាបូប​ឬកាតាប​ដែល​ផ្ទុក​ទៅដោយ​សម្ភារៈ​ធ្ងន់ៗ​ហើយ​មាន​ទម្ងន់​លើស​ពីទម្ងន់​ខ្លួន​របស់​ពួកគេ​ចាប់ពី​១០%ឡើង​ទៅ​នោះទេ។​ ព្រោះ​ថាទម្ងន់​នៃសម្ភារៈ​សិក្សា​ទាំងនោះ​អាច​ជាដើម​ហេតុ​ក្នុងការ​ធ្វើឲ្យ​ឆ្អឹងខ្នង​របស់​កុមារ​មានការ​ឈឺចាប់ និង​អាចផ្តល់​គ្រោះថ្នាក់​ចំពោះ​កុមារ​ទៅថ្ងៃ​អនាគត។ ចំពោះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺកុមារី នៅពេល​ដែល​កុមារី​ស្ពាយ​កាតាប​ទៅ​សាលារៀន​ដែល​មានផ្ទុក​ទៅ​ដោយ​សម្ភារៈ​ច្រើន​ហួស​កំណត់​នោះឆ្អឹង​ខ្នង​របស់​ពូកគេ នោះនឹង​ត្រូវរង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ច្រើនជាង​កុមារា​ ដោយ​សារ​តែឆ្អឹង​ខ្នង​របស់​ក្មេងស្រី​មាន​សភាព​ផុយ​ស្រួយ​មិនរឹងមាំ​ដូច​ឆ្អឹងខ្នង​របស់​ក្មេង​ប្រុស​នោះទេ។

បើយោង​តាម​របាយការណ៍​របស់​ស្ថាប័ន Sean McDougal​ វិញ បាន​ឲ្យដឹង​បន្ថែមថា​ក្នុង​ចំណោម​ក្មេងៗ​នៅក្នុង​ប្រទេស​អង់គ្លេស​មានចំនួន​១៥-២០% ដែល​មាន​បញ្ហា​ឈឺឆ្អឹង​ខ្នង។ សម្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​វិញ គេសង្កេត​ឃើញថា​កុមារ​ភាគ​ច្រើនតែង​ស្ពាយ​កាបូប ឬកាតាប​ដែល​មាន​ទម្ងន់ធ្ងន់ និងមាន​ដាក់​សៀវភៅ​ច្រើន​នៅក្នុង​កាតាប​នោះ​តែម្តង។ កុមារា កុម្ភៈ ​ដែលជា​សិស្ស​ថ្នាក់ទី៥ រៀននៅ​សាលា​បឋមសិក្សា​មួយ​បាន​ប្រាប់ និង​បង្ហាញ​ចំនួន​សៀវភៅ​ដែល​កំពុង​ស្ពាយ​ដល់ គេហទំព័រសុខភាពកម្ពុជាថា នៅក្នុង​មួយថ្ងៃៗគាត់យក​សៀវភៅ​ទៅសិក្សា​ច្រើន​ក្បាល យ៉ាង​ហោច​ណាស់​ក៏មាន​ចំនួន​ច្រើនជាង​១០ក្បាល​ដែរ។ ​រីឯកុមារី ស្រីពេជ្រ ដែល​កំពុង​សិក្សា​ជាមួយ​កុមារា​ខាងលើ​ដែរនោះ បានឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ​នាងត្រូវ​យកសៀវ​ភៅយ៉ាង​តិច​ចំនួន១០​ក្បាល​សម្រាប់​សិក្សា។ ចំពោះ​មូលហេតុ​វិញ នាងបាន​ប្រាប់ថា​ពីព្រោះ​ដោយសារ​មាន​មុខវិជ្ជា​ដែលត្រូវ​សិក្សា​តាម​កាលវិភាគ​មាន​ច្រើន និងយល់​មិនច្បាស់​លាស់ ជួនត្រូវ​គ្រូឲ្យ​យក​សៀវភៅ​លំហាត់​ឡើងមក​សសេរ ជួនឲ្យ​យក​សៀវភៅ​គំនូរ​សៀវភៅ​ប្រលង សៀវភៅ​កត់​មេរៀន និង​សៀវភៅ​ផ្សេងៗ​ទៀត ដែល​គ្រូតម្រូវ​ឲ្យដាក់​ផ្សេងៗគ្នា​ដើម្បី​ផ្តល់​ភាពងាយ​ស្រួល​ក្នុង​ការសិក្សា។ ចំណែក​អ្នក​គ្រូម្នាក់​ដែល​បង្រៀន​នៅ​សាលាប​ឋមសិក្សា​មួយ​ដោយ​សុំមិន​បញ្ចេញ​ឈ្មោះ​បានប្រាប់​ឲ្យដឹងថា សូម្បីតែ​កូនគាត់​ក៏ចូលចិត្ត​យកសៀវ​ភៅទៅ​សិក្សា​ច្រើន​ដែរ ព្រោះថា​ដើម្បី​ងាយស្រួ​នៅពេល​គ្រូឲ្យ​លើកយក​សៀវភៅ​មុខវិជ្ជា​ណាមួយ​មក​សសេរ ​ឬធ្វើ​លំហាត់។ អ្នកគ្រូ​បានបន្ត​ទៀតថា គាត់​តែងតែ​ប្រាប់កូន​របស់​គាត់​ណាស់​ដែរតែ​កូន​របស់គាត់​តែងនិយាយ​ទៅ​គាត់វិញ​ថាខ្លាច​ច្រឡំ ឬភ្លេច​សៀវភៅ​ដែល​កាលវិភាគ​តម្រូវឲ្យ​សិក្សា។​ ហេតុដូច្នេះ​ហើយទើប​បណ្តាលឲ្យ​កូន​របស់​គាត់​យក​សៀវ​ភៅ​ទៅសាលា​គ្រប់មុខ​វិជ្ជារួម​ទាំង​សៀវភៅ​ពុម្ពមួយ​ចំនួន​ផង​ដែរ។ អ្នកគ្រូ​ដដែល​ បន្តទៀត​ថាអ្នកគ្រូ​នឹងព្យា​យាម​ពន្យល់​ប្រាប់​កូន​សិស្ស រួមទាំង​កូន​របស់​អ្នកគ្រួ ឲ្យយក​សៀវភៅ​មក​សាលារៀន​ឲ្យបាន​ត្រឹមត្រួវ​តាមកាល​វិភាគ​ប្រចាំថ្ងៃ​ដែល​ខាង​សាលា​បាន​ដាក់ឲ្យ។

នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អត្រា​នៃចំនួន​កុមារ​ដែល​មានបញ្ហា​ទាក់ទង​ទៅនឹង​ជម្ងឺ​ឆ្អឺងខ្នង​នៅមិន​ទាន់​ឃើញ​មាន​របាយការណ៍​ណាមួយ​សិក្សា​ស្រាវជ្រាវ​រកមូល​ហេតុឲ្យ​បានច្បាស់​លាស់​នៅឡើយ​ទេ ហើយ​គេសង្កេត​ឃើញ​ថាសិស្ស និស្សិត​កម្ពុជា​ចូលចិត្ត​ប្រើកាបូប​ស្ពាយ​នៅស្មា​តែម្ខាង ច្រើន​ជាកាបូប​ស្ពាយ​ដោយ​ប្រើស្មា​ទាំងសង​ខាង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *