ស៊ុម សុជាតិ កីឡានាំ​មកនូវ​សុខភាពល្អ

តារាឯក​ប្រុសក្នុង​រឿងមាន​សម្បុកតែ​រងា ដែលបាន​ចាក់ផ្សាយ​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ស៊ីធីអិននោះ លោកអ្នក​ប្រាកដជា​ជ្រាប​ពីទេពកោសល្យ​សម្ដែង​របស់គេ​មិនខាន​ឡើយ។ ដោយសារ​តែការ​សម្ដែង និង​រូបសម្បត្ដិ​ស្រស់សង្ហា​នេះហើយ ទើបធ្វើ​ឱ្យលោក ស៊ុម​សុជាតិ​បានបោះ​ជំហ៊ាន​ក្លាយខ្លួន​ជាអ្នក​សម្ដែង​តួឯក។ សព្វថ្ងៃ​ទោះបីជា​មានការ​មមាញឹក​នឹងការងារ​យ៉ាងណាក៏​ដោយ តែចំពោះ​ការថែរក្សា​រូបរាងកាយ​របស់លោក​មិនដែល​ធ្វេសប្រហែស​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាបច្បាស់​អំពីវិធី​ថែរក្សា​សម្ផស្ស​និងសុខភាព​លោក ស៊ុម សុជាតិ បានពេញចិត្ដ​ចូលខ្លួន​មកបកស្រាយ​តាមរយៈ ទស្សនាវដ្ដី​សុខភាពយើង ដើម្បីបំភ្លឺ​ជូនប្រិយមិត្ដ​អ្នកអាន​ទាំងអស់ឱ្យ​បានដឹង។

ការថែ​រក្សាសម្ផស្ស

សុជាតិ​មានរូបរាង​កាយមាំមួន សម្រស់​ស្អាតតាម​បែប​ធម្មជាតិ។ លទ្ធផល​ទាំងនេះ​ក៏ព្រោះតែ​សុជាតិមាន​វិធីថែរក្សា​សម្ផស្ស​ដើម្បី​បង្កើន​ភាពស្រស់​ស្អាត ព្រោះលោក​ជាតារាសម្ដែង​មួយរូបដែល​មិនអាចខ្វះ​បានទេនូវ​សុខភាព និងសម្រស់។ ចំណុច​មួយ​ចំនួន​នៃរាងកាយ​ដែល​លោកសុជាតិ​យកចិត្ដទុក​ដាក់ជាង​គេគឺ ៖

  • ការថែ​រក្សា​សរសៃ​សក់

សុជាតិ​មានសរសៃ​សក់​ស្អាតតាំង​ពីកំណើត ហើយស្បែក​ក្បាលក៏​មិនដែល​មានបញ្ហា​អ្វីឡើយ។ លោកជ្រើស​រើសប្រើ​សាប៊ូ​កក់សក់​ប្រភេទណា​ដែលជួយ​កម្ចាត់អង្គែ​ពីស្បែក​ក្បាល។ ជាងនេះ​ទៅទៀត​លោកតែង​តែចំណាយ​ពេលពីរដង​ក្នុងមួយ​សប្ដាហ៍​ដើម្បី កក់សក់​និងអប់​សក់ម្ដង​ក្នុង១សប្ដាហ៍។ ការប្រតិបត្ដិ​បែបនេះធ្វើឱ្យសុជាតិ​មានស្បែក​ក្បាលទន់​ស្អាត ជាពិសេសស​រសៃសក់​រស់រវើក។ ចំពោះ​ផលិតផល​សម្រាប់​លោកមិន​ជាបញ្ហា​ឡើយ សំខាន់​ឱ្យតែត្រូវ​ជាមួយ​ស្បែកក្បាល និង​សរសៃ​សក់។

  • ការថែ​រក្សា​ស្បែកមុខ

ចំពោះ​ស្បែកមុខ​វិញលោក​ប្រយ័ត្ន​ប្រយែង​បំផុត។ នៅពេល​ចេញទៅ​សម្ដែង​នៅខាង​ក្រៅ លោកតែង​ជ្រើសរើស​ផលិត​ផលម្យ៉ាង​សម្រាប់​ជំនួយ​ស្បែកមុខ​ការពារ​ពន្លឺថ្ងៃ។ ពេលសម្ដែង ស្បែកមុខ​ត្រូវប្រឈម​នឹងកម្ដៅ​ព្រះអាទិត្យ ពន្លឺភ្លើង និង​ការប្រើ ម្សៅតុប​តែង​ហេតុនេះ​នៅពេល​សម្ដែង​ចប់ លោក​ប្រញាប់​សម្អាត​ផ្ទៃមុខ​ចេញដោយ​ប្រើសាប៊ូ​ដែលមាន​ជាតិ​សំណើម និងការពារ​មិន ឱ្យស្បែក​មុខជ្រួញ។ ដោយឡែក​នៅពេលយប់​លោកមិន​ដែលប្រើ​ផលិតផល​អ្វីឡើយ ព្រោះលោក​គិតថា​ពេលសម្ដែង​លោក​ប្រើម្សៅ ច្រើនពេក​ហើយ​ដូចនេះ​លោក​គ្រាន់តែ​លាងមុខ​ជាមួយ​សាប៊ូ​ដែលកម្ចាត់​ជាតិក្អែល​តែប៉ុណ្ណោះ​គ្រប់គ្រាន់​ហើយ។ នៅពេល​ព្រឹក លោក​ជ្រើសរើស​ផលិតផល​លាងលើ​ស្បែកមុខ​ដើម្បីបំបាត់​ជាតិខ្លាញ់​លើផ្ទៃមុខ។ ម្យ៉ាងទៀត​នៅពេល​ទំនេរពី​ការងារ លោកតែង​តែអនុវត្ដន៍ តាមបែប​ធម្មជាតិ ដោយយក​ចេកណាំវ៉ាទុំ​មកកិន​ឱ្យម៉ត់​លាយជាមួយ​ទឹកដោះគោះ​ឆៅ លាបលើ​ផ្ទៃមុខដោយ​រក្សាទុក​ប្រហែល​ជា ១៥នាទី ឬ២០នាទី ទើប​លុបមុខ​ចេញជាមួយ​ទឹកត្រជាក់​ធម្មតា ឬទឹក​ក្ដៅឧណ្ហៗ។ ធ្វើបែប​នេះអាច​ជំនួយ​ស្បែកមុខ​ឱ្យទន់ភ្លឺ​រលោង ព្រមទាំង​បន្ដឹងស្បែក​មុខទៀត​ផង។

  • ការ​ថែរក្សា​ស្បែកខ្លួន

នៅពេល​ចេញទៅ​ខាងក្រៅ លោកសុជាតិ​ចូលចិត្ដ​ពាក់អាវ​ដៃវែង​ដើម្បី​ការពារ​កម្ដៅថ្ងៃ។ នៅពេល​សម្ដែង​ក្រោម​កម្ដៅថ្ងៃ​លោកតែង​តែលាប​ផលិតផល​ការពារ​កម្ដៅថ្ងៃ។ ចំពោះការ​ជ្រើសរើស​ផលិតផល​ការពារ​ស្បែក លោកមិន​សូវសង្កត់​ធ្ងន់ប៉ុន្មានទេ តែចំពោះ​សាប៊ូ​ដុសខ្លួន​និងក្លិន​ទឹកអប់​លោក​យកចិត្ដ​ទុកដាក់​យ៉ាងសំខាន់ ព្រោះជា​តារាសម្ដែង​ត្រូវប្រឈម​នូវពន្លឺ​ព្រះអាទិត្យ និង​ការបែក ញើស។ ដូចនេះ​ទើបលោក​ត្រូវការ​សាប៊ូ​ដុសខ្លួន​ដែលបំបាត់​ក្លិនខ្លួន។ ម្យ៉ាងទៀត​លោកចូលចិត្ដ​ប្រើទឹកអប់​ដែលជាប់ក្លិន​ស្រាល​ហើយ ជាប់បាន​យូរ។

  • ការថែ​រក្សាភ្នែក

លោកស៊ុម សុជាតិ​មិននិយម​ប្រើវ៉ែនតា​ឡើយទោះ​សម្ដែងនៅ​ក្រោមពន្លឺ​ថ្ងៃក៏ដោយ ប៉ុន្ដែ​លោកចូលចិត្ដ​ប្រើទឹកថ្នាំ​បន្ដក់​ភ្នែកជួយ​ដើម្បី​មិនឱ្យដី​ចូលភ្នែក កាត់បន្ថយ​នូវការ​ស្រវាំង និង​ឈឺភ្នែក ជាពិសេស​គឺការពារ​មិនឱ្យភ្នែក​ក្រហម និងឡើង​បាយភ្នែក។ នៅពេល​ដែល​លោក​មានបញ្ហា ដូចជា​ឈឺភ្នែក​ជាដើម​ទើបលោក​ប្រើវ៉ែនតា​ដើម្បីបិទ​បាំង។

  • ការថែ​រក្សាធ្មេញ

ក្នុងរយៈ​ពេល៦ខែ​ទៅ៨ខែ លោកទៅ​ពិនិត្យ​សុខភាព​ធ្មេញម្ដង​ជាទៀង​ទាត់។ លោក​ទៅសម្អាត​ធ្មេញម្ដង​ជារៀងរាល់ខែ ដើម្បី​សម្អាត​ជាតិកាក​សំណល់​នៅក្នុងមាត់។ ជាងនេះ​ទៅទៀត​សុជាតិ​បាន​ជ្រើសរើស​ផលិតផល​ទឹកខ្ពុរមាត់​ម្យ៉ាង​សម្រាប់​ខ្ពុរមាត់​ក្រោយ ពេល​ទទួល​អាហារ​ដើម្បី​ចៀសវាង​ការធំក្លិនមាត់​ដល់អ្នក​ដទៃ។ លោកត្រូវ​ដុសសម្អាត​ធ្មេញមួយ​ថ្ងៃ៣ដង​មិនដែល​ខានឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការថែ​រក្សា​សុខភាព

ជារៀងរាល់​៣ខែ លោកតែងតែ​ទៅពិនិត្យ​សុខភាពរាង​កាយម្ដង ដើម្បីឱ្យ​បានដឹងរាល់​បញ្ហា ឬភាពមិន​ប្រក្រតី​ផ្សេងៗចំ ពោះសុខភាព។ អាជីព​ជាតារាសម្ដែង​មានការ​មមាញឹក ជាហេតុ​ធ្វើឱ្យការ​សម្រាក និងទទួលទាន​ដំណេកមិន​សូវទៀង​ពេលវេលា ឡើយ។ ប៉ុន្ដែ​លោកព្យាយាម​ទទួលទាន​ដំណេក​នៅពេល​ដែលលោក​ទំនេរ។ លោកជា​មនុស្សម្នាក់​ដែលចូលចិត្ដ​ងូតទឹក​បំផុត មួយថ្ងៃ លោកងូត​ទឹកពី៥​ទៅ៦ដង​ហើយបើ​រវល់ថត​នៅខាង​ក្រៅវិញមុជ​ទឹកយ៉ាង​តិច២ដង។ ចំពោះ​ការទទួល​ទានអាហារ លោក​មិនរើស ឡើយអ្វី​ក៏បានដែរ។ ជាពិសេស​លោក​ទទួល​ទានទឹក​មួយថ្ងៃ​យ៉ាងតិច​បំផុត២​លីត្រ។ ចំណែកការ​ហាត់កីឡា លោកសុជាតិ​ចូលចិត្ដ​លេង កីឡាគ្រប់​ប្រភេទ​ព្រោះលោក​យល់ថា​កីឡានាំមកនូវ​សុខភាពល្អ​រូបរាងកាយ​មាំមួន។ ប៉ុន្ដែ​កីឡាដែល​លោកចូល​ចិត្ដបំផុត គឺកីឡា បាល់ទាត់ លោកតែង​ហាត់នៅ​ពេលទំនេរ​ពីការងារ និង​ពីការសិក្សា។ ពេលវេលា​ដែលលោក​ចូលចិត្ដ​ហាត់ គឺពេល​ល្ងាច ឬ​ពេលព្រឹក ជាពេល​ដែលមាន​អាកាសធាតុ​អំណោយផលល្អ​(ត្រជាក់)​ងាយស្រួល​ក្នុងការ​លេង។

បណ្ដាំ​ផ្ញើរបស់​ស៊ុម សុជាតិ

លោកអ្នក​ទាំងអស់​គួរតែ​គិតពីសុខភាព​ខ្លួនឯង​ជាមុនសិន​ទើបល្អ ដើម្បី​បញ្ចៀស​ពីជម្ងឺ និងបញ្ហា​ទាំងឡាយ។ លោក​អ្នកគួរ​តែទទួល​ទាន​អាហារ និងទទួល​ទានដំណេក​ឱ្យបាន​គ្រប់គ្រាន់ និង​ទៀងពេល​វេលា ទើបសុខភាព​លោកអ្នក​មានដំណើរ​ការល្អ។ ក្នុង នោះផង​ដែរ ត្រ​វទទួលទាន​អាហារ​មានកំណត់​ត្រឹមត្រូវ ដើម្បី​រក្សាទម្ងន់​នៃរូបរាង​កាយ។ ជាពិសេស​លោកអ្នក​គួរតែហាត់​ប្រាណជា រៀងរាល់ថ្ងៃ​ដើម្បីជួយ​ទ្រទ្រង់​រាងកាយ​ឱ្យមាំមួន។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះ ៖ ស៊ុម សុជាតិ
  • ឈ្មោះក្រៅ ៖ បាន
  • អាយុ ៖ ២៥ឆ្នាំ
  • កម្ពស់ ៖ ១.៧៨ម៉ែត្រ
  • ទម្ងន់ ៖ ៧២គីឡូក្រាម
  • បងប្អូន ៖ ៥នាក់ ប្រុស៣ ស្រី២ (ជាកូនទី២)
  • អាជីព ៖ ជាតារាសម្ដែង
  • កម្រិតវប្បធម៌ ៖ បរិញ្ញាប្រ័តផ្នែកកសិកម្ម
  • ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយក្រុមគ្រួសារ
  • បំណងទៅថ្ងៃអនាគត ៖ អ្នកជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *