គង់ រ៉ាយុទ្ធ សុខភាព និង​សម្រស់​មានតម្លៃ​ជាង​ពេជ្រ

​តារាសម្ដែង​រូប​ស្រស់​សង្ហា​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ ​ជាពិសេស​គឺ​យុវវ័យ​នោះ​ ​គឺលោក​ ​រ៉ាយុទ្ធ​ ​ដែល​បាន​ប្រឡូក​ចូល​នៅក្នុង​វិស័យ​សិល្បៈ​ជាង​៦ឆ្នាំ​មក​ហើយ​។ ​សព្វ​ថ្ងៃនេះ​រ៉ាយុទ្ធ​កំពុង​តែមាន​ការ​មមាញឹក​ច្រើន​ ​ទាំង​ការ​សម្ដែង​ ​ក៏​ដូច​រក​ស៊ី​ផង​ដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក គង់ រ៉ាយុទ្ធ បានចូលខ្លួនមកបក​ស្រាយ​ពីការថែរក្សា​សម្រស់​ ​និង​សុខភាព​របស់​លោក​ផ្ទាល់​ជូន​ដល់​ប្រិយ​មិត្ដ​អ្នក​អាន​ ​ទាំង​អស់​ ​ពិសេស​ប្រិយ​មិត្ដ​ដែល​មាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ ​សុខភាពយើង​។

ប្រវត្ដិមុនចូលសិល្បៈ

រ៉ាយុទ្ធបានបញ្ចប់ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​នៅ​ឆ្នាំ​២០០៦​។ ​គួរ​រម្លឹក​ផង​ដែរ​ថា​ ​នៅក្នុង​ឆ្នាំ២​០០៤​ ​រ៉ាយុ​ទ្ធ​ធ្លាប់​បាន​ប្រឡង​ចម្រៀង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៊ុ៏ស្ដ​លេខ​៣​ ​ប៉ុន្ដែ​មិន​ជាប់​នោះ​ទេ​ ​បែរ​ជា​ជាប់​ជា​តារា​សម្ដែង​ទៅវិញ​។ ​រ៉ាយុទ្ធ​បាន​​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ ​គឺលោក​បាន​ថត​ឱ្យ​ផលិត​កម្ម​ KH ​ជា​ផលិតកម្ម​ដំបូង​គេ​បង្អស់​។ ​ហើយ​បទ​ចម្រៀង​ដែល​លោក​ សម្ដែង​នោះ ​គឺ​បទ​ ​ទោះឈឺ​ចាប់​ក៏សុំ​ក្បែរ​ ​របស់​កញ្ញា​ ​សុខ​ ​ពិសី​ ​បន្ទាប់​មក​ទៀត​គឺ​សម្ដែង​បទ​ ​លង់​ចិត្ដ​ ​របស់​កញ្ញា​ ​សុខ​ ​ស្រីនាង​ ​និងបទ​ ​ពេល​ណា​អូន​ស្មោះ​ជា​ដើម​។ ​បន្ទាប់ពី​ថត​ឱ្យផលតិកម្ម​ KH ហើយ​លោក​ក៏​បាន​ថត​ឱ្យ​ផលិតកម្ម​ជាច្រើន​ ​ដូចជា​ស្ទឹងសង្កែ​ ​ហង្សមាស​ ​សាន់ដេ​ ​អ៊ឹម​ ​យូធូ​ ​និង​ផលិតកម្មផ្សេងៗ​ជាច្រើន​ទៀត​។ ​ក្រៅពី​សម្ដែង​ជា​ខារ៉ាអូខេ​ហើយ​ ​រ៉ាយុទ្ធ​ក៏​បាន​ថត​ជា​ខ្សែ​ភាពយន្ដ​​ដែរ​ ​គឺ​ថត​ឱ្យ​​ផលិត​​កម្ម្សភី​​​​​នោះ​​ ​គឺរឿង​បង្កួយ​ស៊ី​មនុស្ស​ ​រឿង​ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ​ ​សម្រាប់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ​ដោយ​លោក​សម្ដែង​ជាតួ​មិត្ដ​របស់​តួឯក​ប្រុស។​ ​ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង​​ ​​រ៉ាយុទ្ធ​ក៏​បាន​បើក​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ផង​ដែរ​។

ការថែរក្សាសម្រស់

សព្វថ្ងៃតារាសម្ដែងរ៉ាយុទ្ធកំពុងតែមានការមមា​ញឹក​នឹង​ការ​ងារ​ជា​ច្រើន​ ​ទាំង​ការ​សម្ដែង​ជា​ខ្សែ​ភាព​យន្ដ​ ​និង​សម្ដែង​ ​ជា​ខា​រ៉ា​អូ​ខេ​ ​និង​របរ​រក​ស៊ី​ជាដើម​។ ​ប៉ុន្ដែ​ទោះ​​បី​ជា​មាន​ការ​មមា​ញឹក​យ៉ាងណា​ក៏ដោយ​ ​រ៉ាយុទ្ធ​មិន​ភ្លេច​ពី​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​​នោះ​ទេ​។ ​ខាង​ក្រោម​ជា​វិធី​នៃ​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​របស់​តារា​សម្ដែង​រ៉ាយុទ្ធ​។

– ការថែរក្សាសក់ សក់គឺជាផ្នែកមួយដ៏សំខាន់​សម្រាប់​រ៉ាយុទ្ធ​ ​នៅក្នុង​មួយ​ថ្ងៃ​រ៉ាយុទ្ធ​កក់សក់​១ដង​។ ​នៅ​ពេល​ដែល​រ៉ាយុទ្ធ​ ​ចេញ​ទៅសម្ដែង​ម្ដងៗ​តែងតែ​ធ្វើសក់​ ​និង​បាញ់​ស្ប្រៃយ៍​ខ្លះៗ​ដែរ​។ ​ដូចនេះ​នៅពេល​ដែល​សម្ដែង​ចប់ឬ​ក៏មាន​អារម្មណ៍​ថា​សក់​មាន​បញ្ហា​ ​ដូចជា​ស្ងួត​ឬក៏​ឡើង​ប្រេង​ច្រើន​ ​រ៉ាយុទ្ធ​តែង​តែ​កក់សក់​ ​ហើយ​និង​អប់​សក់​ជាមួយ​ផលិតផល​ដែល​មាន​គុណ​ភាពល្អ។

– ការថែរក្សាស្បែកមុខ នៅក្នុងអាជីពជាអ្នក​សិល្បៈ​ ​រ៉ាយុទ្ធ​តែង​តែ​ធ្វើ​ការ​តុប​តែង​មុខ​នៅពេល​ដែល​សម្ដែង​ម្ដងៗ​។​ ​នៅក្រោយ​ពេល​សម្ដែង​ចប់​ ​រ៉ាយុទ្ធ​តែងតែ​ធ្វើការ​លុប​លាង​មុខ​ជា​មួយ​ផលិត​ផល​ដែល​ល្អ​ ​និង​ជួយ​ការពារ​ស្បែក​មុខ​។ ​នៅពេល​ ​ចេញ​ទៅ​ណា​មក​ណា​ម្ដងៗ​ ​លោក​តែង​តែ​ប្រើ​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​ជានិច្ច​។

– ការថែរក្សាស្បែកដងខ្លួន រ៉ាយុទ្ធមិនមាន​អ្វីឱ្យ​ប្លែក​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្អាត​បាក់តេរី​នៅដង​ខ្លួន​ឱ្យ​បាន​ស្អាត​ជាមួយ​ ​សាប៊ូ​ ​និង​ស្បៃដុស​ខ្លួនជា​រៀងរាល់​ពេល​ដែល​ងូតទឹក​។ ​យ៉ាងណា​ម៉ិញ​ ​រ៉ាយុទ្ធ​ក៏​ឧស្សាហ៍​ទទួល​ទាន​ទឹក​បាន​ច្រើន​ ​ព្រោះ​រ៉ាយុទ្ធ​យល់​ថា​ ​ទទួល​ទាន​ទឹក​បាន​ច្រើន​អាច​ជួយ​បង្កើន​សំណើម​ដល់​ស្បែក​ ​និង​ធ្វើឱ្យ​មាន​សុខភាព​ល្អផង​ដែរ​។ ​នៅពេល​ចេញ​ក្រៅ​ម្ដងៗ​ ​រ៉ាយុទ្ធ​តែង​តែ​ ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជានិច្ច​។

– ការថែរក្សាភ្នែក ៖ រ៉ាយុទ្ធយកចិត្ដ​ទុក​ដាក់​បំផុត​នៅក្នុង​ការ​ថែរក្សា​ភ្នែក​។ ​នៅពេល​ដែល​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​ ​រ៉ាយុទ្ធ​តែង​តែ​ ​ពាក់វ៉ែន​តា​ការ​ពារ​ពន្លឺ​ថ្ងៃ​។ ​ជាពិសេស​រ៉ាយុទ្ធ​បាន​ប្រើ​ទឹក​ថ្នាំ​សម្រាប់​លាង​សម្អាត​ធូ​លី​ដី​ ​ដែល​មាន​នៅក្នុង​ភ្នែក​រាល់​ពេល​ដែល​មាន​ អារម្មណ៍​ថា​ភ្នែក​មាន​បញ្ហា។

– ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញ​ជា​រឿង​ដ៏​សំខាន់​ ​​ដូចនេះ​រ៉ាយុទ្ធ​តែង​តែ​ធ្វើ​ការ​សម្អាត​ធ្មេញ​នៅ​ក្នុង​មួយ​ថ្ងៃ​បី​ដង​។ ​នៅក្រោយ​ពេល​ដែល​ទទួល​ទាន​អាហារ​ហើយ​ ​រ៉ាយុទ្ធ​តែង​តែ​ប្រើ​សរសៃ​អំបោះ​សម្រាប់​សម្អាត​ធ្មេញ​ ​និង​មាន​ទឹក​សម្រាប់​ខ្ពុរ​មាត់​ផង​ ​ដែរ។​

ការថែទាំសុខភាពរាងកាយ

– ការទទួលទានដំណេក រ៉ាយុទ្ធតែង​តែយក​ចិត្ដ​ទុក​ដាក់​នៅក្នុង​ការ​ទទួល​ទានដំណេក​ ​ព្រោះ​រ៉ាយុទ្ធ​យល់​ថា​ការ​ទទួល​ទាន​ ​ដំណេក​បាន​ច្រើន​អាច​ធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ ​ស្រស់ស្រាយ​ជាដើម​។

– ការទទួលទានអាហារ រ៉ាយុទ្ធមិនដែលធ្វេសប្រហែស​នោះ​ទេ​ ​ចំពោះ​ការ​ទទួល​ទាន​អាហារ​។ ​រ៉ាយុទ្ធ​តែង​តែ​ទទួល​ទាន​ ​បន្លែ​ ​និង​ផ្លែ​ឈើ​ច្រើន​ ​ដើម្បី​សុខភាព​រឹងមាំ​ ​និង​មាន​ជីវ​ជាតិ​បំប៉ន​ដល់​រាង​កាយ​។

– លំហាត់ប្រាណ ៖ ចំពោះការហាត់ប្រាណ ​រ៉ា​យុទ្ធ​តែង​តែ​ធ្វើ​ជា​ប្រចាំ​នៅ​ក្នុង​មួយ​ថ្ងៃ​គឺ​២ម៉ោង​ ​ជាពិសេស​គឺ​នៅ​ពេល​ព្រឹក​។

រូបភាពទស្សនាវដ្តីសុខភាពយើង

បំណងទៅថ្ងៃអនាគត 

ការងារជាអ្នកសិល្បៈសព្វថ្ងៃនេះ ​រ៉ាយុទ្ធ​បាន​​​​​​​​​​​ទទួល​ជោគ​ជ័យ​ច្រើន​ ​ហើយ​ក៏​ជា​ការ​ងារ​ដែល​រ៉ាយុទ្ធ​ស្រឡាញ់​ផង​ដែរ​។ ​ដូច​​នេះ​​បើសិន​ជា​ទស្ស​និក​ជន​នៅ​តែ​គាំ​ទ្រ​រ៉ាយុទ្ធ​នៅ​តែ​បន្ដ​អាជីព​ដដែល​។ ​ក្រៅ​ពី​នេះ​រ៉ាយុទ្ធ​ក៏​នៅ​មាន​បំណង​ទៅ​ថ្ងៃ​អនាគត​ដែរ​ ​គឺចង់​​បើក​ជា​ក្រុម​​ហ៊ុន​ផ្ទាល់​ខ្លួន​ហើយ​លោក​ក៏​មាន​បំណង​ចង់​បម្រើ​ការ​ងារ​រដ្ឋ​ផង​ដែរ​។

បណ្ដាំផ្ញើរបស់លោក គង់ រ៉ាយុទ្ធ

សម្រាប់យុវជនក៏ដូចជាយុវនារី​ទាំង​អស់​ ​នៅពេល​ទំនេរ​មិន​ត្រូវ​ដើរ​លេង​ច្រើន​ពេក​នោះ​ទេ​ ​គួរ​តែ​ឆ្លៀត​ពេល​សិក្សា​ឱ្យ​បាន​ ​ច្រើន។​ ​ជាពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ​ព្រោះ​គ្រឿង​ញៀន​អាច​បំផ្លាញ​អនាគត​របស់​មនុស្ស​យើង​គ្រប់គ្នា​។ ​បើមាន​ពេល​ ​ទំនេរ​ច្រើន​គួរ​តែ​ចេះ​ប្រើ​ពេល​វេលា​ឱ្យ​មាន​តម្លៃ​ ​និង​គួរ​តែ​ឆ្លៀត​ពេល​លេង​កីឡា​ឱ្យ​បាន​ច្រើន ​ដើម្បី​សុខ​ភាព​ល្អ។​

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ : គង់ រ៉ាយុទ្ធ
  • អាយុ : ២៦ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត : ១៩៨៤
  • ទីកន្លែងកំណើត : ភ្នំពេញ
  • កម្ពស់ : ១,៧៣ម៉ែត្រ
  • ទម្ងន់ : ៦៥គីឡូក្រាម
  • បងប្អូន : ៤នាក់ ប្រុស៤(ជាកូនច្បង)
  • អាជីពនាពេលបច្ចុប្បន្ន : ជាតារាសម្ដែង
  • ស្ថានភាពគ្រួសារ : នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *