នៅក្នុងការរៀបចំផែនការគ្រួសារ ការពន្យារកំណើតដោយវិធីផ្សេងៗជាការប្រសើរមួយដើម្បីចៀសវាងនូវការមានកូន ដោយចៃដន្យ ឬមានកូនញឹកពេក។ ក្រៅពីមធ្យោបាយពន្យារកំណើតដែលទស្សនាវដ្ដីសុខភាពយើងបានរៀបរាប់កន្លងមកមាន មធ្យោបាយផ្សេងទៀតដែលធ្វើឱ្យស្ដ្រីមិនអាចមានផ្ទៃពោះជារៀងរហូតបានគឺមធ្យោបាយបញ្ឈប់កំណើតអចិន្ដ្រៃយ៍។ ការបញ្ឈប់ កំណើតអចិន្ដ្រៃយ៍ឬក្រៀវ គឺជាការចងដៃស្បូនរបស់ស្ដ្រីនិងការចងបំពង់បង្ហូរមេជីវិតឈ្មោលរបស់បុរស។
ការបញ្ឈប់កំណើតអចិន្ដ្រៃយ៍របស់បុរស និងស្ដ្រីនេះធ្វើបានដោយលក្ខណៈផ្សេងគ្នា។ នៅក្នុងទំព័រសុខភាពបន្ដពូជនៅលេខ នេះ ទស្សនាវដ្ដី សុខភាពយើងសូមបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់អំពីការបញ្ឈប់កំណើតអចិន្ដ្រៃយ៍ទៅលើស្ដ្រី ដោយ វិធីចងដៃស្បូន តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត កែវ សុគន្ធីអ្នកសម្របសម្រួលកម្មវិធីចងដៃស្បូនរបស់អង្គការ ម៉ារីស្ដុប។
វិធីបញ្ឈប់កំណើតដោយចងដៃស្បូន
ការបញ្ឈប់កំណើតដោយចងដៃស្បូន គឺជាមធ្យោបាយបញ្ឈប់កំណើតអចិន្ដ្រៃយ៍ចំពោះស្ដ្រីដែលលែងចង់បានកូនតទៅ ទៀត ឬចំពោះស្ដ្រីដែលមានជម្ងឺមួយចំនួនហើយមិនអាចមានកូនតទៅទៀតមួយជីវិតបាន។ តាមពិតការបញ្ឈប់កំណើតដោយចងដៃ ស្បូនមិនមែនជាការប្រព្រឹត្ដទៅដោយចងនៅត្រង់ដៃស្បូនតែម្ដងនោះទេគឺជាការចងបំពង់ស្ពានសម្រាប់តភ្ជាប់ឱ្យមានកូន។ ការចងដៃ ស្បូនជាវិធីសាស្ដ្រមួយដែលមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុតព្រោះជាការវះកាត់មួយដ៏តូចនិងសាមញ្ញ។
លក្ខណៈស្ដ្រីដែលអាចចងដៃស្បូន
ការបញ្ឈប់កំណើតដោយចងដៃស្បូននេះអាចធ្វើទៅបានចំពោះស្ដ្រីដែលមានលក្ខណៈដូចខាងក្រោមនេះ ៖
1. ស្ដ្រីត្រូវមានអាយុសមស្របចាប់ពី៣០ឆ្នាំឡើងទៅ និងមានការព្រមព្រៀងពីស្វាមី។ គូស្វាមីភរិយាគួរមានការគិតគូ ដោយប្រុងប្រយ័ត្ន និងច្បាស់លាស់ មុននឹងសម្រចចិត្ដថាលែងចង់បានកូនតទៅទៀត។
2. សម្រេចចិត្ដធ្វើឡើងដោយស្ម័គ្រចិត្ដ មិនត្រូវមានការបង្ខិតបង្ខំពីនរណាម្នាក់ទោះបីប្រើរូបភាពបែបណាក៏ដោយដូចជាការទិញដូរជាដើម។
3. លក្ខខណ្ឌកូនចុងក្រោយមានន័យថាកូនចុងក្រោយរបស់ស្ដ្រីនោះមានលទ្ធភាពគ្រប់គ្រាន់ទាំងកាយសម្បទាល្អគំនិត ប្រាជ្ញា និងមានអាយុយ៉ាងតិចពីរឆ្នាំ ហើយសង្ឃឹមថារស់រានមានជីវិតបាន។
4. លក្ខខណ្ឌសុខភាពស្ដ្រីសមស្រប ស្ដ្រីនោះគ្មានជម្ងឺមួយចំនួនដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺដៃស្បូនជាដើម។
របៀបថែទាំសុខភាពក្រោយពេលចងដៃស្បូន
បន្ទាប់ពីការធ្វើការវះកាត់ហើយ ស្ដ្រីត្រូវសម្រាកចំនួនពីរទៅបីថ្ងៃ។ ស្ដ្រីគួរចៀសវាងការធ្វើការងារធ្ងន់ឬលើករបស់អ្វីដែលធ្ងន់ក្នុងរយៈពេលមួយសប្ដាហ៍។ ស្ដ្រីអាចមានការឈឺចាប់ខ្លះៗក្នុងរយៈពេលពីរ ឬបីថ្ងៃដំបូងប៉ុន្ដែស្ដ្រីអាចទទួលទានថ្នាំបំបាត់ការ ឈឺចាប់ដើម្បីសម្រាលការឈឺចាប់បាន។ ស្ដ្រីអាចត្រឡប់ទៅជួបជាមួយគ្រូពេទ្យវិញរាល់ពេលណាក៏បានដើម្បីទទួលនូវដំបូន្មាន ឬនៅ ពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
ក្រោយការចងដៃស្បូនហើយ ស្ដ្រីមានអារម្មណ៍ធម្មតាជាងនេះទៅទៀតអាចមានអារម្មណ៍ល្អក្នុងការរួមភេទដោយមិន ភ័យព្រួយ និងបារម្ភថាខ្លាចមានកូនទៀតទេ។
សារៈប្រយោជន៍នៃការបញ្ឈប់កំណើតដោយចងដៃស្បូន
ជាទូទៅ ស្ដ្រីដែលធ្វើការចងដៃស្បូនមិនមានបញ្ហាប៉ះពាល់ដល់សុខភាពឡើយផ្ទុយទៅវិញអាចមានផលចំណេញច្រើន។ សារៈប្រយោជន៍នៃការបញ្ឈប់កំណើតមានដូចតទៅ។
- មុននឹងធ្វើការចងដៃស្បូន គ្រូពេទ្យត្រូវធ្វើការពិនិត្យសុខភាពជាមុន ជាពិសេសស្បូនរបស់ស្ដ្រី។ ក្នុងការពិនិត្យនោះ ស្ដ្រី អាចយល់ដឹងពីរោគស្ដ្រីមួយចំនួន ដូចជាការធ្លាក់សមិនធម្មតា រលាកមាត់ស្បូន មានដុំស្បូនឬមានគីសនៅក្នុងទ្វារមាស និងបញ្ហាមួយ ចំនួនទៀត។
- ក្រោយពេលធ្វើការបញ្ឈប់កំណើត ស្ដ្រីមិនអាចមានកូនបានទៀតទេ គាត់ចំណេញលើផ្នែកសេដ្ឋកិច្ចគ្រួសារ។
- ស្ដ្រីអាចទទួលបាននូវការណែនាំពីគ្រូពេទ្យឱ្យចេះធ្វើអនាម័យលើសុខភាពបន្ដពូជទៀតផង។
- កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យមានកម្រិតទាប
- ធ្វើឱ្យមានសមភាពរវាងធនធានមនុស្ស និងធម្មជាតិ
- ចូលរួមចំណែកក្នុងគោលដៅយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
ផលវិបាកនៃចងដៃស្បូនមិនត្រឹមត្រូវ
ស្ដ្រីទាំងឡាយនៅពេលធ្វើការសម្រចចិត្ដចងដៃស្បូន គួរតែស្វែងរកសេវាដែលមានជំនាញ។ ប្រសិនបើមិនដូច្នោះទេ លោក ស្រីអ្នកនាងនឹងជួបនូវផលវិបាកដូចខាងក្រោមនេះ ៖
- អាចហូរឈាមដោយសារចងមិនជាប់។
- ការចងមិនត្រឹមត្រូវ ឬខុសកន្លែងធ្វើឱ្យប៉ះពាល់ដល់សរីរាង្គផ្សេងទៀត។
- ការបញ្ឈប់កំណើតមិនអាចដំណើរការបានដោយសារការចងច្រឡំជាហេតុធ្វើឱ្យស្ដ្រីអាចនឹងមានកូនសារជាថ្មីឡើងវិញ។ ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីការចងដៃស្បូនរយៈពេល៦ថ្ងៃ ស្ដ្រីអាចទៅប្រកបការងារវិញបានហើយការចងដៃស្បូនមិនធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពអ្វីទាំងអស់។ ស្ដ្រីដែលចងដៃស្បូនហើយអាចទៅស្រាយវិញបាន ប៉ុន្ដែចំណាយអស់ថវិកាច្រើនណាស់ដែលប្រជា ពលរដ្ឋធម្មតាមិនអាចមានលទ្ធភាពធ្វើបានឡើយ។ ហេតុដូច្នេះមុននឹងសម្រេចចិត្ដធ្វើការចងដៃស្បូនគូស្វាមីភរិយាត្រូវធ្វើការសម្រេចចិត្ដឱ្យបានច្បាស់លាស់។
បណ្ដាំផ្ញើ ៖
ទស្សនាវដ្ដី សុខភាពយើង សូមផ្ដាំផ្ញើថាសូមស្ដ្រីដែលសម្រេចចិត្ដធ្វើការបញ្ឈប់កំណើតដែលជាការចងដៃស្បូនថាត្រូវធ្វើ សម្រេចចិត្ដឱ្យម៉ត់ចត់ និងច្បាស់លាស់ថាខ្លួនមិនចង់បានកូនទៀតទេ។ ព្រោះក្រោយពេលចងដៃស្បូនលោកស្រីអ្នកនាងនឹងគ្មាន លទ្ធភាពមានកូនមួយជីវិត។ ទាក់ទងនឹងការអត្ថាធិប្បាយមកនេះគឺក្នុងគោលបំណងគ្រាន់ជាការស្វែងយល់។ នៅលេខក្រោយទៀត លោកអ្នកនឹងបានស្វែងយល់អំពីវិធីបញ្ឈប់កំណើតដោយចងបំពង់បង្ហូរមេជីវិតរបស់បុរស(ក្រៀវបុរស)។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply