រលូត​កូន ៖ មូល​ហេតុ និង​វិធី​ទប់ស្កាត់

រលូតកូន​ជាពាក្យ​មួយឃ្លា​ដែលស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​មិនចង់​ឱ្យកើត​មាន​ចំពោះ​ខ្លួន និង​កូនក្នុង​ផ្ទៃ​របស់​ខ្លួន​ឡើយ។ ទាំង នេះមិន​អាច​កំណត់​បានឡើយ​ព្រោះ​មាន​ស្ដ្រីមួយ​ចំនួន​មាន​សរីរាង្គ​បន្ដពូជ​របស់​គាត់​មិន​អាច​អនុញ្ញាត​ឱ្យទារក​រីកលូត​លាស់​បាន។ ក្រៅពីនេះ​ក៏មាន​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​សុខភាព​ក៏ដូចជា​ឥរិយាបថ​របស់​ស្ដ្រីមាន​ផ្ទៃពោះ​នោះផ្ទាល់​តែម្ដង។ ការ​រលូត​កូននោះ ទៀត​សោត​មិនមែន​បច្ច័យល្អ​សម្រាប់​ឱកាស​ជាម្ដាយ​ទៅថ្ងៃ​ក្រោយ​នោះ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បញ្ហា​ដែល​ទាក់ទិន​នឹងការ​រលូត​នេះ លោកអ្នក​ជា​ពិសេស​សុភាពនារី​ទាំង​ឡាយ​នឹងបាន​ជ្រាបកាន់​តែច្បាស់​អំពីផល​ប៉ះពាល់ ក៏ជា​មូលហេតុ​របស់​វាតាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ប៉ែន រិកស៊ី អ្នក​ឯកទេស​រោគស្ដ្រី​និង​សម្ភពនៃ​មន្ទីរ​ពេទ្យមិត្ដ ភាពខ្មែរសូវៀត ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ដូចម្ដេច​ដែល​ហៅថា​ការ​រលូត​កូន?

ជាធម្មតា​គ្រប់ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវពពោះ​រយៈពេល​យ៉ាងតិច​៣៧សប្ដាហ៍​ទើប​សម្រាល ប៉ុន្ដែ​មានស្ដ្រី​មួយចំនួន​អាច​សម្រាល មុនរយៈ​ពេលនេះ។ ការសម្រាល​មុនចែក​ចេញជា​ពីរ​ដំណាក់​កាល​គឺការ​សម្រាល​មុនសប្ដាហ៍​ទី២៤​ហៅថា​ការរលូត​និងការ​សម្រាល ក្រោយ​សប្ដាហ៍ទី​២៤ហៅថា​ការសម្រាល​កូនមិន​គ្រប់ខែ។

សញ្ញាណ​បញ្ជាក់ថា​មានការ​រលូតកូន

ស្ដ្រីមាន​ផ្ទៃពោះ​ចាប់តាំង​ពីសប្ដាហ៍​ទីមួយ​រហូតដល់​សប្ដាហ៍​ទី២៤ សូម​ចាប់​អារម្មណ៍​នូវ​សញ្ញាណ​មួយ​ចំនួន​ដែល​អាច​បញ្ជាក់ ថាកូន​របស់​លោកស្រី​អ្នកនាង​កំពុង​គំរាម​រលូត ដែល​មានដូច​ជាការ​ធ្លាក់​ឈាម​តិចៗ ក្ដៅខ្លួន​ឈឺអាង​ត្រគាក​បែបធ្ងន់​ចុះមក​ក្រោម ឈឺ ចង្កេះ អស់​កម្លាំង​ល្ហិតល្ហៃ​ជាដើម។ មាន​ករណីខ្លះ​អ្នកម្ដាយ​មិនបាន​ចាប់​អារម្មណ៍​ពីបម្រែ​បម្រួល​ទាំង​នេះទេ ហើយ​ទុកទាល់​តែទារក បាត់បង់​ជីវិត​នៅ​ក្នុងពោះ ហៅថា​កូនស្លាប់​ក្នុងពោះ ដែល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់ស្ដ្រី​ជាម្ដាយ​បាន។

មូល​ហេតុ​នៃការ​រលូតកូន

មានមូល​ហេតុច្រើន​យ៉ាងដែល​អាច​បណ្ដាល​ឱ្យស្ដ្រី​អាច​រលូតកូន​បាន។

  • ស្ដ្រីដែល​មាន​កស្បូនខ្លី​ពីកំណើត មិន​ផ្ដល់​លទ្ធភាព​ឱ្យទារកធំ​ធាត់បាន​រហូត​ដល់​ពេល​សម្រាល។ ស្ដ្រី​ដែល​មាន​លក្ខណៈ បែបនេះ​មិនមាន​សមត្ថភាព​ពពោះ​អស់​មួយជីវិត
  • ស្ដ្រីដែល​ធ្លាប់​មានប្រវត្ដិ​រលាក​ដៃស្បូន​រ៉ាំរ៉ៃ រលាក​អាងត្រគាក​និង​រលាក​តួស្បួន​ដែល​មិនបាន​ព្យាបាល​ឱ្យជា​សះស្បើយ ទាន់​ពេលវេលា
  • ស្ដ្រី​ដែល​មានផ្ទៃពោះ​ធ្វើការ​ហួស​កម្លាំង​ជាហេតុ​ធ្វើឱ្យ​ស្ដ្រីនោះ​មិនមាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​របស់ ទារក
  • ស្ដ្រីដែល​មានផ្ទៃពោះ​ទទួល​ការប៉ះទង្គិច ដូចជា​ដួល​ធ្ងន់ធ្ងរ​ក៏ធ្វើឱ្យ​មានការ​រលូត​កូនដែរ
  • ស្ដ្រីដែល​មិនមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ធ្វើឱ្យ​ទារក​មិនអាច​លូតលាស់​បាន
  • ការ​ប្រើប្រាស់​ថ្នាំមួយ​ចំនួន​ដែលគ្មាន​វេជ្ជបញ្ជា​ក៏អាច​ធ្វើឱ្យ​ទារករលូត​បានដែរ។

ផល​វិបាក​នៃការ​រលូតកូន

ការរលូត​កូនអាច​បង្ក​គ្រោះថ្នាក់​នៅពេល​ដែលស្ដ្រី​ធ្លាក់​ឈាម​ច្រើន នាំឱ្យ​ស្ដ្រីមាន​ការបាត់​បង់​ឈាមច្រើន​ពេក​រហូតធ្វើ​ឱ្យស្ដ្រី ស្លេកស្លាំង បើ​ករណី​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យប៉ះ​ពាល់​ដល់អាយុ​ជីវិត​ទៀតផង។

វិធី​បង្ការ​ការ​រលូតកូន

វិធីដ៏មាន​ប្រសិទ្ធភាព​សម្រាប់​ទប់ស្កាត់​ការរលូត​កូន​នោះ គឺការ​តាមដាន​គភ៌ជា​ប្រចាំ។ ចាប់តាំង​ពីពេល​ដែលដឹងថា​មានផ្ទៃ ពោះ​(បាត់រដូវ) សូមទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​ប្រកាគួរ​ប្រតិបត្ដិ​មួយចំនួន​របស់​ស្ដ្រីមាន​ផ្ទៃពោះ រហូតដល់​ពេល​សម្រាល។ អ្នកម្ដាយ​ទាំង​ឡាយ​គប្បី​ដឹងថា​ជីវិត​របស់ទារក​ក្នុងផ្ទៃ​ត្រូវពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​អ្នកជា​ម្ដាយ។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើ​ស្ដ្រីទាំង​ឡាយចង់​បានកូន​ដែល​កើតមក​ប្រកប​ដោយ​សុខភាពល្អ និង​មានប្រាជ្ញា​លោកស្រី​អ្នកនាង​ចាំបាច់​ត្រូវថែ ទាំសុខភាព​ដោយ​ការទៅ​ពិនិត្យ​ផ្ទៃពោះ​ជាទៀងទាត់ យ៉ាង​ហោចណាស់​ឱ្យបាន​៤ដង​និង​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ សម្រាប់​ការលូត​លាស់​របស់កូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *