មានសុខភាពល្អ គឺជាទ្រព្យគាប់ប្រសើរសម្រាប់មនុស្សគ្រប់រូបនៅលើសកលលោក។ កម្ពុជាត្រូវបានគេមើលឃើញថា នៅមានភាពទន់ខ្សោយចំពោះវិស័យសុខាភិបាល ជាងបណ្តាប្រទេសជិតខាង និងនៅក្នុងតំបន់។ អត្រានៃការស្លាប់ ដោយសារជម្ងឺថ្មីប្លែកមានច្រើនគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ន ក៏ព្រោះតែនៅក្នុងចំណីអាហារមួយចំនួនមានសារធាតុគីមីច្រើន និងកត្តាអនាម័យ។ តើកម្ពុជាអាចស្តារ ក៏ដូចជាបន្តធ្វើឲ្យវិស័យនេះមានការរីកចម្រើនបានដែរឬទេ?
សន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាល ឆ្នាំ២០១១ និងលើកទិសដៅអនុវត្តឆ្នាំបន្តទៀត
កាលខែមិនា កន្លងទៅថ្មីៗនេះ មន្ទីរ សុខាភិបាល ខេត្តកំពង់ធំ បានប្រារព្វពិធីសន្និបាតបូកសរុបលទ្ធផលការងារ ដែលត្រូវបានអនុវត្តកន្លងមក នឹងត្រូវបានលើកទិសដៅសម្រាប់អនុវត្ត នៅឆ្នាំ២០១២ ក្រោមអធិបតីភាព លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ ព្រមទាំង លោកវេជ្ជបណ្ឌិត ស្រី ស៊ីន នាយកមន្ទីរសុខាភិបាល ខេត្តកំពង់ធំ និងបុគ្គលិកមន្ទីរសុខាភិបាល និងមន្ត្រីរាជ ការជុំវិញខេត្ត ចូលរួមផងដែរ។
៤ចំណុចសំខាន់ៗក្នុងការកែទម្រង់សុខាភិបាល
នៅក្នុងសន្និបាតបូកសរុបការងារសុខាភិបាល មន្ទីរសុខាភិបាល មានគោលបំណងផ្តោតទៅលើការអនុវត្តន៏កម្មវិធីចំនួន៤ ចំណុចសំខាន់ៗ ដែលមានដូចជា៖
ទី១. អនុវត្តកម្មវិធីសុខភាពបន្តពូជ មាតា ទារក និងកុមារ ដែលមានស្ត្រីចំនួន ៧៨៤០ នាក់ សម្រាលកូន និងត្រូវបានបណ្តុះបណ្តាល ក្នុងចំណោមស្ត្រី ១៩,៧១៦ នាក់ផ្សេងទៀត។
ទី២. គឺជាកម្មវិធី ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង។ ជាក់ស្តែងជម្ងឺអេដស៍ ត្រូវបានរក្សាព្យាបាលចំនួន ៧៧៨ នាក់ ព្រមទាំងកំពុងតែរក្សាអ្នកជម្ងឺរបេងមួយចំនួនផងដែរ
ទី៣. កម្មវិធីជម្ងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈ ដូចជា ការថែរក្សាជម្ងឺភ្នែក ជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗ តាមសហគមន៍ និងមណ្ឌលសុខភាព។
ទី៤. គឺជាកម្មវិធីពង្រីក និងពង្រឹងប្រព័ន្ឋសុខាភិបាល ដែលថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងសុខាភិបាល កំពុងតែមានសកម្មភាពសស្រាក់សស្រាំ មមាញឹកក្នុងការអនុវត្តន៍ទម្រង់សុខាភិបាលថ្មី។
នៅក្នុងសន្និបាត មន្ទីរសុខាភិបាលក៏បានលើកឡើងផងដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍ និងដំណើរការប្រព័ន្ឋសុខាភិបាល ឲ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋភិបាល ដែលបានផ្តល់ជូនក្រសួងសុខាភិបាល នោះគឺការលើកកម្ពស់សេវាកម្មសុខាភិបាល គ្របដណ្តប់ទូទាំងប្រទេស និងបានធ្វើការផ្តាំផ្ញើដល់មន្ត្រីអាជ្ញាធរទាំងអស់ ត្រូវនាំគ្នាបន្តផ្សព្វផ្សាយប្រឆាំងនឹងឱសថខូចគុណភាព ឱសថក្លែងក្លាយ ឱសថហួសសុពលភាព កុំឲ្យមានការឆ្លៀតឱកាសលួចលក់ នាំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសំណូមពរដល់មាតា ត្រូវនាំទារកមកចាក់ថ្នាំបង្ការ ការពារជម្ងឺ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៨ មេសា ឆ្នាំ ២០១២
Leave a Reply