ក្រវិលគឺជាគ្រឿងសម្រាប់តុបតែងរបស់ស្ដ្រី និងបុរសមួយចំនួនតូចបំផុត ដែលជាអលង្ការអាចជួយលើកសម្រស់ផ្ទៃមុខបានមួយកម្រិតផងដែរ។ ក្រវិលភាគច្រើនត្រូវបានផលិតពីវត្ថុធាតុដើមមួយចំនួន ដូចជាមាស ប្លាកទីន ប្រាក់ កាឡៃជាដើម។ ក្រវិលមានច្រើនម៉ូតសម្រាប់ជ្រើស រើសឱ្យសមទៅតាមទម្រង់មុខរបស់មនុស្សម្នាក់ៗ។ ទោះបីជាលោកស្រីអ្នកនាងកញ្ញាមានផ្ទៃមុខស្រស់ ស្អាតយ៉ាងណាក៏ដោយតែបើជ្រើសរើសក្រវិលមិនបានល្អទេ នោះធ្វើឱ្យសម្រស់បាត់បង់អស់មួយកម្រិតទៅវិញ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ក្នុងការជ្រើសរើសឱ្យមានភាពសក្ដិសមទៅតាមទម្រង់មុខ ទស្សនាវដ្ដី សុខភាព យើង បានជួបសម្ភាសជាមួយលោកស្រី ពេស សុផា ម្ចាស់ហាងលក់ពេជ្រ មុំ មរកត ជួយបកស្រាយបំភ្លឺជូនលោកអ្នកអានឱ្យបានដឹង។
ប្រភេទក្រវិល
ក្រវិលមានជាច្រើនទៅតាមការរចនាម៉ូតរបស់អ្នកផលិតដើម្បីទាក់ទាញអតិថិជន និងឱ្យសមតាមតម្រូវការនិយមរបស់ សម័យកាល។ ក្រវិលដែលជាតម្រូវការសម្រាប់សម័យបច្ចុប្បន្ន មានដូចជាផ្កាម៉ូតមួយគ្រាប់ជាប់ត្រចៀក រង្វង់កងមូលតូច ឬធំ រំយោលវែងៗ និងក្រវិលដែលពាក់ដោយចោះរន្ធត្រចៀក២ ឬ៣គ្រាប់។ ការពាក់ក្រវិលជារឿងងាយស្រួលក៏ពិតមែន ប៉ុន្ដែក៏ទាមទារ ឱ្យមានសិល្បៈនៃការជ្រើសរើសទើបអាចបង្កើនសម្រស់បាន បើមិនដូច្នោះសម្រស់នឹងត្រូវបាត់បង់មិនខានឡើយ។ ដើម្បីឱ្យមើលទៅ មានភាពសក្ដិសមមិត្ដនារីទាំងអស់គួរជ្រើសរើសក្រវិលតម្រូវទៅតាមទម្រង់ផ្ទៃមុខទើបប្រសើរ។ បុរសនាសម័យបច្ចុប្បន្នមានការ និយមពាក់ក្រវិល តែមិនមានម៉ូតច្រើនដូចក្រវិលនារីឡើយភាគច្រើនចូលចិត្ដពាក់ក្រវិលត្បូងមួយគ្រាប់ ឬក្រវិលធម្មតាជាប់នឹង ត្រចៀក។ បុរសខ្មែរមិនសូវមានការពេញនិយមពាក់ក្រវិលប៉ុន្មានទេតែសម្រាប់បរទេសវិញមានការពេញនិយមជាទូទៅសម្រាប់ បុរសក៏ដូចជានារីដែរ។
ការជ្រើសរើសក្រវិល
ដើម្បីពាក់ក្រវិលផ្ដល់ប្រយោជន៍សម្រាប់សម្រស់ សុភាពនារីគួរតែយល់ដឹងអំពីទម្រង់មុខរបស់ខ្លួនជាមុនសិន។
1. ទម្រង់មុខធំ ឬមុខរា ៖ គួរតែជ្រើសរើសប្រភេទក្រវិលជាផ្កាតូចៗ ឬក្រវិលកិបជាប់នឹងត្រចៀក ដើម្បីមើលទៅឃើញ ផ្ទៃមុខរាងវែងនិងផ្ទៃមុខរាងតូចបន្ដិច។
2. ទម្រង់មុខតូច ឬមុខខ្លី ៖ ទម្រង់មុខបែបនេះពិបាកក្នុងការជ្រើសរើសប្រភេទក្រវិលពាក់បន្ដិច។ ប៉ុន្ដែសូមកុំព្រួយបារម្ភសុភាពនារីគួរជ្រើសរើសក្រវិលមកលំអឱ្យត្រូវតាមទម្រង់មុខ ដូចជាក្រវិលវែង រង្វង់កងធំ ៨ផ្កាធំៗជាដើម ទើបជួយលើកទម្រង់មុខឱ្យមានរាងវែងបន្ដិចនិងស្រស់ស្អាត។
៣ . ទម្រង់មុខទ្រវែង ឬមុខពងក្រពើ ៖ ជាទម្រង់មុខស្អាតបំផុត។ ការតុបតែងមុខ និងការជ្រើសរើសប្រភេទក្រវិលក៏មិនមានបញ្ហាអ្វីដែរ ព្រោះទម្រង់មុខបែបនេះងាយស្រួលក្នុងការជ្រើសរើស។
3. ទម្រង់មុខជ្រុង ៖ ចំពោះស្ដ្រីមានទម្រង់មុខជ្រុង(មុខវែង) គួរតែជ្រើសរើសក្រវិលមួយគ្រាប់(ជាត្បូង ឬជាលោហៈ ធាតុផ្សេងៗ)ក្រវិលដែលមានម៉ូតជាសរសៃឆ្មារៗ(ខ្លីល្មមសមរម្យ) ឬជាម៉ូតផ្កាឬរង្វង់កងរាងធំបន្ដិចក៏បាន។
4. ជ្រើសរើសក្រវិលទៅតាមវ័យ និងសម្បុរ ៖ ដោយឡែកសម្រាប់ស្ដ្រីវ័យចំណាស់គួរជ្រើសរើសពាក់ក្រវិលទុំហូឬក្រវិលមួយគ្រាប់ជាដើម។ ចំពោះស្ដ្រីមានសម្បុរ ស្រអែម(ខ្មៅ) គួរតែកុំពាក់ក្រវិលត្បូងដែលមានពណ៌ ដូចជាពណ៌ស ពណ៌ក្រហម ពណ៌ខៀវជាដើម។
ផលប៉ះពាល់នៃការប្រើក្រវិល
ជាធម្មតាក្រវិលដែលមានទម្ងន់ធ្ងន់អាចធ្វើឱ្យត្រចៀកយារ ព្រោះមិនអាចទ្រទ្រង់ទម្ងន់នៃក្រវិលបាន។ បើក្រវិលកាឡៃ(ក្លែងក្លាយ)វិញមានផលប៉ះពាល់ច្រើន ដោយសារពាក់ធ្វើឱ្យស៊ីត្រចៀក អាចនាំឱ្យមានជម្ងឺសើស្បែក។ សូមអានអត្ថបទវិធីថែទាំស្បែកពាក់គ្រឿងអលង្ការនៅលេខ០១៤ខែមីនា ឆ្នាំ២០០៧របស់ទស្សនាវដ្ដី សុខភាពយើង។ ជាពិសេសទៅទៀតនោះមុននឹងឱ្យជាងច្នៃចេញជាម៉ូតត្រូវទៅវាស់ត្រចៀកជាមុនសិនទើបប្រសើរ ដើម្បីសមស្របតាមទំហំត្រចៀក។ ដើម្បីចៀសវាងនូវបញ្ហានេះ គួរ ពាក់ក្រវិលដែលមានស្នៀតក្រោយឱ្យធំជាងក្រវិលបន្ដិចទើបល្អព្រមទាំងអាចជួយទប់ស្កាត់មិនឱ្យយារត្រចៀកបានទៀតផង។ ចំណែកឯការថែរក្សាក្រវិលដែលមានលក្ខណៈងាយស្រួលបំផុតអនុវត្ដបានជារៀងរាល់ថ្ងៃ។ អាចពេលងូតទឹកត្រូវដោះក្រវិលចេញពី ត្រចៀកដើម្បីចៀសវាងការត្រូវនឹងសាប៊ូនាំឱ្យធំក្លិនមិនល្អ និងអាប់ពណ៌ក្រវិល។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគួរតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសប្រភេទក្រវិលឱ្យសមទៅតាមទម្រង់មុខ ទើបមើលឃើញនូវភាពស្រស់ស្អាត ។ ម្យ៉ាងវិញទៀតសូមកុំពាក់ក្រវិលជាញឹកញាប់ និងក្រវិលធ្ងន់ៗពេក ព្រោះធ្វើឱ្យត្រចៀកយារ ឬក្លាយទៅជាដំបៅក៏មានដែរ។ ហេតុដូចនេះហើយសូមលោកអ្នកយកចិត្ដទុកដាក់ឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសប្រភេទក្រវិលសម្រាប់យកមកពាក់ ដើម្បីឱ្យមានភាព ស៊ីចង្វាក់ជាមួយត្រចៀក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply