កញ្ញា សុខ ពិសី ជាតារាចម្រៀងវ័យក្មេងមួយរូបដែលមានការពេញនិយមសម្រាប់ស្រទាប់យុវវ័យ។ រូបសម្រស់ដ៏ស្រស់ ត្រកាលនិងសម្លេងក្រអួនក្រអៅរបស់នាងបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន និងម្ចាស់ផលិតកម្មនានា។ ភាព ស្រស់ស្អាតបែបនេះហើយទើបធ្វើឱ្យយុវតីមួយចំនួនមានបំណងស្រមៃចង់បានដូចជារូបនាងដែរ។ តើនាងមានវិធីថែរក្សាសម្រស់ យ៉ាងដូចម្ដេចទើបអាចរក្សាសម្រស់របស់នាងឱ្យស្រស់ស្អាតបែបនេះ?
ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាចម្រៀងដ៏ស្រស់ស្អាត កញ្ញា សុខ ពិសី ទស្សនា វដ្ដីសុខភាពយើង បានទៅជួបសម្ភាសន៍ជាមួយនាងផ្ទាល់។
ប្រវត្ដិមុនចូលក្នុងវិស័យសិល្បៈ
មុនចូលក្នុងវិស័យសិល្បៈ កញ្ញា សុខ ពិសី កំពុងសិក្សានៅថ្នាក់ទី៩ នៃសាលាឯកជនមួយនៅទីរួមខេត្ដកណ្ដាល(តាខ្មៅ)។ ពេលនោះពិសីបានចាប់អារម្មណ៍កម្មវិធីប្រឡងនៅសាលាប្រជានុភាពផ្នែកចម្រៀងសម័យ។ ពិសីបានសម្រេចចិត្ដចូលរួមប្រកួតប្រជែង ក្នុងចំណោមបេក្ខជន៦៨នាក់ ពិសីគ្មានសង្ឃឹមជាប់ចំណាត់ថ្នាក់ឡើយ។ ព្រោះពេលនោះមានបេក្ខជនចូលរួមជាច្រើន មានសមត្ថភាព ប្រហាក់ប្រហែលគ្នាទៀតផង។ ប៉ុន្ដែដោយសារទេពកោសល្យនៃការច្រៀង កាយវិការសម្ដែង ព្រមទាំងរូបសម្រស់ដ៏ស្រស់សោភា របស់ពិសីទើបធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមបេក្ខជន៦៨នាក់។ ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះហើយ ទើប សព្វថ្ងៃពិសីមានអាជីពជាអ្នកចម្រៀងមួយរូបពិតប្រាកដ។ ពេលនេះពិសីជាសិស្សកំពុងសិក្សានៅថ្នាក់ទី១២។
វិធីថែរក្សាសម្រស់
ពិសីជានារីមួយរូបដែលស្រឡាញ់រូបសម្ផស្សខ្លាំងណាស់ ទោះបីជាមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងណាក្ដី។ ហេតុនេះហើយទើបពិសីបានខិតខំព្យាយាមប្រតិបត្ដិតាមការប្រើផលិតផលជំនួយ និងវិធីធម្មជាតិជាច្រើន។
- ការថែរក្សាសក់ ៖ សរសៃសក់ពិសីមានបញ្ហាច្រើន ព្រោះនាងត្រូវការតុបតែងសក់ស្ទើរតែរាល់ថ្ងៃ ឧស្សាហ៍គាប ដែលជាហេតុធ្វើឱ្យសរសៃសក់ឆាប់ខូច ដោយសាររងនូវកម្ដៅភ្លើងអគ្គិសនី និងកម្លាំងទាញ។ ដូចនេះហើយទើបពិសីត្រូវការជ្រើសរើសសាប៊ូកក់សក់ដែលជួយបន្ទន់សរសៃសក់ និងជួយការពារសរសៃសក់មិនឱ្យជ្រុះ។ ចំពោះការកក់សក់វិញ ២ថ្ងៃទើបពិសីកក់ម្ដង ហើយអប់ សក់១សប្ដាហ៍ម្ដង។ ការមមាញឹកនឹងការងារ ពិសីមិនអាចមានពេលធ្វើខ្លួនឯង ហេតុនេះនាងតែងតែទៅហាងកែសម្ផស្ស ដើម្បីឱ្យអ្នក ជំនាញតុបតែង។
- ការថែរក្សារោមចិញ្ចើម រោមភ្នែក និងភ្នែក ៖ អ្នកសិល្បៈភាគច្រើនមានបញ្ហាជ្រុះរោមភ្នែក និងដុះលូតលាស់មិនល្អព្រោះការតុបតែងរោមភ្នែកជាញឹកញាប់ធ្វើឱ្យមានផលប៉ះពាល់។ ដោយសារមានបញ្ហាទាំងនេះហើយបានជាពិសីប្រើម៉ាស្ការ៉ាបណ្ដុះ រោមភ្នែកនៅពេលមានកម្មវិធី។ ចំពោះរោមចិញ្ចើម ពិសីស្រឡាញ់រោមចិញ្ចើមបែបធម្មជាតិ ដោយមិនចូលចិត្ដកោរឡើយ។ ជា ពិសេសទៅទៀតនោះនាងមានកែវភ្នែកស្រស់ថ្លាស្អាតពីកំណើត ហើយយកចិត្ដទុកដាក់ថែទាំមិនឱ្យមានបញ្ហាដល់កែវភ្នែករបស់នាង ឡើយ។ ពិសីប្រើវ៉ែនតាការពារកម្ដៅនិងការពារពន្លឺនៅពេលចេញដើរទៅខាងក្រៅ។
- ការថែរក្សាបបូរមាត់ ៖ ពិសីលាបក្រែមរលោងការពារបបូរមាត់ជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការប្រេះបបូរមាត់។ នៅពេលឡើងច្រៀងឬថត ពិសីលាបបបូរមាត់ឱ្យសមទៅនឹងសម្លៀកបំពាក់របស់នាង។
- ការថែរក្សាធ្មេញ ៖ ជារៀងរាល់៦ខែ ឬ១ឆ្នាំ ពិសីទៅពិនិត្យសុខភាពធ្មេញម្ដង ដោយឡែកចំពោះការសម្អាតធ្មេញយកជាតិកំណកកំបោរធ្វើជាទៀងទាត់រៀងរាល់៣ខែទៅម្ដង កម្រខកខានណាស់។ ពិសីជ្រើសរើសថ្នាំដុសធ្មេញប្រភេទណាដែលមានគុណ ភាពល្អនិងមិនមានផលប៉ះពាល់ដល់ធ្មេញ។
- ការថែរក្សាស្បែក ៖ ភាពរវល់នឹងការងារ ពិសីគ្មានពេលទំនេរថែរក្សាស្បែកមុខឱ្យបានឋិតថេរឡើយ ទើបនាងបានរើសយកឡេការពារស្បែកមុខយកមកលាប ដើម្បីចៀសវាងផ្ទៃមុខខ្មៅ និងស្នាមអាចម៍រុយ។ មុនចូលដំណេកពិសីដុសសាប៊ូកម្ចាត់ជាតិ ក្អែលនិងបំបាត់ជាតិខ្លាញ់ពីផ្ទៃមុខ។ ពេលក្រោកពីដំណេក ពិសីលុបលាងមុខជាមួយទឹកក្ដៅ ឬទឹកត្រជាក់ រួចយកកន្សែងមកជូតមុខ ជាការស្រេច។ ស្បែកខ្លួនពិសីថែរក្សាបែបធម្មជាតិ ដោយយកអំពិលទុំ ទឹកដោះគោះឆៅ ទឹកឃ្មុំ មកលាយបញ្ចូលគ្នាឱ្យសព្វជាតិ រួចហើយយកមកខាត់ស្បែកក្នុង១សប្ដាហ៍ម្ដងជាទៀងទាត់ ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយក៏នាងមិនដែលភ្លេចឡើយ។
- ការថែរក្សាក្រចកដៃជើង ៖ ក្រចកដៃជើង ជាផ្នែកមួយក្នុងការជួយលើកសម្រស់រូបរាងកាយ។ ពិសីមិនបណ្ដោយឱ្យក្រចកកខ្វក់ឡើយព្រោះនាងមិនចូលចិត្ដ។ ពេលនៅផ្ទះនិងថតក្នុងស្ទីឌីយោ នាងទុកក្រចកធម្មតា(ធម្មជាតិ)មិនលាបអ្វីទាំងអស់។ សម្រាប់ពេលថតចម្រៀងខារ៉ាអូខេឬចូលរួមកម្មវិធីផ្សេងៗ នាងចូលចិត្ដលាបក្រចកសចុងតែប៉ុណ្ណោះ។
វិធីថែរក្សារូបរាងកាយ
មួយឆ្នាំឬ៦ខែ ពិសីទៅពិនិត្យសុខភាពម្ដង ដើម្បីទប់ស្កាត់ជម្ងឺផ្សេងៗ។ ពិសីទទួលទានអាហារមួយថ្ងៃ៣ដង ដោយ បរិមាណត្រឹមត្រូវមិនមែនបរិភោគតាមការឃ្លានឡើយ ដោយសារខ្លាចខូចសុខភាព និងធ្វើឱ្យឡើងទម្ងន់ដងខ្លួន។ ពិសីទទួលទាន មិនសូវតមប៉ុន្មានទេតែចូលចិត្ដទទួលទានបន្លែច្រើនជាងសាច់។ រីឯការទទួលទានដំណេក ទោះបីជាមានការមមាញឹកយ៉ាងណាក៏ ដោយមួយថ្ងៃនាងត្រូវគេងឱ្យបានពី៧ម៉ោងទៅ១០ម៉ោងយ៉ាងតិច ដើម្បីការពារសម្រស់និងសុខភាពរាងកាយឱ្យមាំមួន។ ពិសីចូលចិត្ដហាត់ប្រាណនៅផ្ទះជាមួយម៉ាស៊ីនរត់រក្សារាងកាយមិនឱ្យឡើងទម្ងន់។ ក្រៅពីនេះ នាងចូលចិត្ដលោតអន្ទាក់ និងលេងតេន្នីសពេល សម្រាកទំនេរនៅផ្ទះ។
បំណងសម្រាប់ថ្ងៃអនាគត
សព្វថ្ងៃពិសីជាតារាវ័យក្មេងដ៏ស្រស់ស្អាតមួយដួងដែលជាទីចាប់អារម្មណ៍របស់ទស្សនិកជនផ្នែកចម្រៀងសម័យថ្មី។ ទោះជាយ៉ាងណាក្ដីសម្រាប់បំណងទៅថ្ងៃអនាគត កញ្ញាចង់មានមុខរបរអាជីវកម្មមួយច្បាស់លាស់ទុកសម្រាប់ទំនុកបម្រុងក្រុមគ្រួសារ និង ខ្លួនឯងបន្ថែមទៀត។ ប៉ុន្ដែបើទស្សនិកជននៅតែគាំទ្រ រូបនាងនឹងបន្ដអាជីពជាអ្នកចម្រៀងរហូត។
បណ្ដាំផ្ញើរបស់សុខ ពិសី
ការមមាញឹកនឹងការងារអ្នកណាក៏ចៀសមិនរួចដែរ តែសូមលោកអ្នកជាពិសេសសុភាពនារីគួរថែរក្សាសុខភាពឱ្យល្អ ដើម្បីរូបរាងកាយមាំមួនក្នុងការរស់នៅប្រចាំថ្ងៃ។ ស្បែកជាកត្ដាមួយដ៏សំខាន់សម្រាប់ធ្វើឱ្យលោកអ្នកនៅក្មេងបានយូរ ដូចនេះគប្បីយកចិត្ដទុកដាក់សម្អាតស្បែកឱ្យស្រស់ថ្លា ដើម្បីជួយលើកសម្រស់ និងចៀសវាងការមានជម្ងឺ។
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះជាការយល់ឃើញ និងអនុវត្ដន៍របស់កញ្ញា សុខ ពិសី។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកទៅអនុវត្ដតាមនូវចំណុចណាដែលយល់ឃើញថាល្អត្រឹមត្រូវ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សុខ ពិសី
- អាយុ ៖ ១៨ឆ្នាំ
- កម្ពស់ ៖ ១,៦៧ ម៉ែត្រ
- ទម្ងន់ ៖ ៤៨ គីឡូ
- ទំហំទាំងបី ៖ ៣៤, ២៨, ៣៦
- បងប្អូន ៖ ៣នាក់ ជាកូនទី២(ស្រី១)
- ស្រុកកំណើត ៖ នៅទីរួមខេត្ដកណ្ដាល ទួលក្រសាំង
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply