ជម្ងឺ​មហារីក​ធ្វើឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ

យោង​តាម​ការសិក្សា​ថ្មីមួយ​បានអះ​អាង​ថា ជាង​ពាក់​កណ្តាល​នៃជម្ងឺ​មហារីក​ទាំង​អស់​អាច​បង្ការ​បាន ហើយ​នៅ​សង្គម​មនុស្ស​ដែល​បាន​ដឹង​អាច​ធ្វើការ​ចាត់​វិធាន​ការ​លើ​បញ្ហា​នេះ។ ការ​សិក្សា​ថ្មី​ដឹកនាំ​ដោយ​អ្នក​ស្រាវ​ជ្រាវ​សុខភាព​សាធារណៈ​នៃ​សកល​វិទ្យាល័យ​វ៉ាស៊ីន​តោន នៅ​មជ្ឈ​មណ្ឌល Citeman Cancer បាន​រាយការណ៍​ថា ការ​ចាប់​ផ្តើម​រិះរក​មធ្យោ​បាយ​គ្រប់​បែប​យ៉ាង​ត្រូវបាន​ធ្វើឡើង ដើម្បី​ធ្វើឲ្យ​ចំនួន​ដ៏សម្បើម​នៃ​រោគ​មហារីក​នៅក្នុង​សហរដ្ឋអា​មេរិក​ និង​នៅជុំវិញ​ពិភព​លោក​ឲ្យមាន​ការថយ​ចុះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក Graham A. Colditzដែល​ជានាយក​សមាគម​បង្ការ​និង​ត្រួត​ពិនិត្យ​រោគ​មហារីក នៅ​មជ្ឈ​មណ្ឌល Citeman Cancer បាន​ថ្លែងថា«ជាការ​ពិត​ណាស់​ពួក​យើង​បាន​រកឃើញ​ទិន្នន័យ​នៃ​ចំនួន​ដ៏ធំ​សម្បើម​អំពី​មូល​ហេតុ និង​វីធី​បង្ការ​ការពារ​រោគ​មហារីក​បាននា​ពេល​បច្ចុប្បន្ន​នេះ។

នៅក្នុង​ពិភព​លោក​ការ​ស្លាប់​ដោយ​សារ​ជម្ងឺម​ហារីក ឬ ជាភាសា​អង់គ្លេស​ហៅថា Cancer គឺជាមូល​ហេតុទី១​នៃ​មរណភាព​មុន​អាយុ​របស់​មនុស្ស កាល​បើគ្មាន​វិធាន​ការ​ក្នុងការ​ទប់​ស្កាត់​ទេ​នោះ។ អង្គការ​សុភាព​ពិភព​លោក​បានប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​២០១៥​ខាងមុខ​ជម្ងឺ​មហារីក​អាច​មាន​ការ​កើន​ឡើង​ដែល​អាច​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ចំនួន៤៨​លាននាក់។ បើ​តាម​ទិន្នន័យ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​រូប​បាន​លើក​ឡើងថា ការជក់​បារី ការផឹក​សុរា ការ​ឡើង​ទម្ងន់ និង​ការ​ធាត់​ជ្រុល​គឺ​ជាមូល​ចម្បង​នៃការ​កកើត​ជម្ងឺ​មហារីក។

មិន​មែន​មាន​តែបារី និង​សុរា​ប៉ុណ្ណោះ​ទេ​ដែល​បណ្តាលឲ្យ​កើត​ជម្ងឺ​មហារីក។ វិទ្យាស្ថាន​ជាតិ​នៃ​ជម្ងឺ​មហារីក​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​២០០៩​កន្លង​ទៅបាន​បញ្ជាក់​ឲ្យដឹង​ថា សាច់​ក្រហម ដូ​ចជា​សាច់គោ សាច់ក្របី សាច់សេះ សាច់ក្រក ហ្សំបុង (Jambon)​និង​ប៉ាតេ ដែល​ជាប្រភេទ​សាច់​ក្រក​ម្យ៉ាង​ធ្វើពី​ឈាម រួម​ទាំង​សាច់​ជ្រូកបី​ជាន់​ប្រលាក់​ប្រៃ សាច់​ក្រក​ក្រៀម​សុទ្ធ​សឹង​តែជា​អាហារ​ឆ្ងាញ់ អាច​បណ្តាលឲ្យ​កើត​មាន​ជម្ងឺ​មហារីក​ចុង​ពោះ​វៀនធំ។ ដើម្បី​ចៀស​វាងផុត​ពីគ្រោះថ្នាក់​នៃជម្ងឺ​មហារីក​ដ៏គួរឲ្យ​កំណាច​នេះ​លោកអ្នក​ត្រូវ​កំណត់​ត្រឹម​តែ៥០០​ក្រាម​ប៉ុណ្ណោះ​ក្នុង​ការ​បរិភោគ​ក្នុង​មួយ​សប្តាហ៍។

យោង​តាម សមាគម​ជម្ងឺ​មហារីក​អាមេរិកាំង​បាន​ប៉ាន់​ប្រម៉ាណ​ថាចំនួន ១,៦៣៨,៩១០ នៃមូល​ហេតុ​រោគ​មហារីក​ថ្មីៗ នឹង​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​នៅក្នុង​ឆ្នាំនេះ​នៅ​សហរដ្ឋអា​មេរិក។ ដោយ​ឡែក​នៅក្នុង​ឆ្នាំនេះ​ចំនួន​ប្រជាពល​រដ្ឋអាមេរិក​៥៧៧,១៩០នាក់ គឺត្រូវ​បាន​រំពឹង​ថានឹង​អាច​ស្លាប់​ដោយ​សារជម្ងឺ​មហារីក​នេះ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០១ ឧសភា ឆ្នាំ​ ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *