រត់លឿន គឺជាកីឡាមួយប្រភេទដែលមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋទូទៅដែលនិយមហាត់កីឡា។ កីឡារត់លឿន មានសារៈសំខាន់ធ្វើឱ្យរូបរាងកាយមាំមួន សម្រស់ស្រស់ស្អាត និងសុខភាពល្អ។ ជាពិសេសសម្រាប់អ្នកដែលមានទម្ងន់ធ្ងន់ និងចង់សម្រករាងកាយឱ្យបានសមសួន។ ប៉ុន្ដែលោកអ្នកមិនអាចហាត់កីឡានេះបានតាមចិត្ដនឹកឃើញនោះទេ ចាំបាច់ត្រូវស្វែងយល់ឱ្យច្បាស់លាស់មុននឹងហាត់ទើបល្អប្រសើរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកឡុង ស៊ីវ៉ាន់ ប្រធានចាត់ការទូទៅក្លឹបកីឡា វីអាយភី អំពីរបៀបហាត់នៃកីឡារត់លឿន និងអត្ថប្រយោន៍របស់វា។
រត់លឿន ជាអ្វី?
រត់លឿនជាការធ្វើចលនាបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតដោយកាយវិការឆ្ពោះទៅរកគោលដៅដើម្បីសម្រេចគោលបំណងក្នុងការរត់។ កីឡានេះអាចជួយឱ្យសរសៃឈាមដើរបានល្អ ជំនួយស្មារតីចង់ចាំ និងរក្សាទម្ងន់ដងខ្លួនបានស្ថិតស្ថេរ។
របៀបរត់លឿន
ពេលដំបូងលោកអ្នកគ្រាន់តែកំណត់ទិសដៅច្បាស់លាស់ ចាំបាច់ត្រូវដឹងពីសមត្ថភាពរបស់ខ្លួនជាមុនសិន ដើម្បីរត់ដល់គោល ដៅ។ ពេលរត់ត្រូវមានសម្លៀកបំពាក់តាមបែបកីឡា ដូចជាអាវយឺតដៃខ្លី ឬវាលក្លៀក ខោស្លៀកជើងខ្លី(សាច់ក្រណាត់ធម្មតា)ត្រូវពាក់ទ្រនាប់ជើងបាតរាបស្មើ(ប៉ាតា)ជាដើម។ សូមជ្រើសរើសយកទីកន្លែងណាដែលមានចម្ងាយរាងឆ្ងាយបន្ដិច និងទីកន្លែង សមរម្យ(គ្មានឧបសគ្គ)។ ការរត់នេះទៀតសោត លោកអ្នកគួរឈានជើងឱ្យមានទំហំរាងឆ្ងាយពីគ្នាបន្ដិចទើបប្រសើរ។
អ្នកដែលគួរហាត់រត់លឿន
រត់លឿនជាកីឡាមានលក្ខណៈជាអាជីពផង ជាបែបកម្សាន្ដរត់ដើម្បីសុខភាពផង។ អ្នកដែលនិយមហាត់ភាគច្រើនជាមនុស្សមានកម្លាំងមាំមួន ទើបមានដំណើរការរត់បានល្អមិនប៉ះពាល់ដល់សុខភាព។ ផ្ទុយមកវិញចំពោះមនុស្សធាត់ខ្លាំង មិនគួរហាត់ កីឡានេះទេព្រោះអាចប៉ះពាល់ដល់សរសៃឈាមបណ្ដាលឱ្យដាច់ ឬដាច់ជាតិខ្លាញ់នៅក្នុងក្បាលពោះដែលបង្កផលវិបាកដល់សុខភាព។ ចំពោះអ្នករត់ជាអាជីពភាគច្រើនជាវ័យរាងចំណាស់ ចំណែកវ័យជំទង់រត់ដើម្បីសុខភាព។
ពេលវេលាសម្រាប់រត់លឿន
មុនពេលលោកអ្នកហាត់កីឡា មិនត្រូវទទួលទានអាហារច្រើនឡើយអាចទទួលទានចេកមួយផ្លែ ឬទឹកមួយកែវ ដើម្បីជួយសម្រួលដល់បំពង់ក និងសម្រួលកម្លាំង។ ពេលវេលានៃការរត់លឿនអំណោយផលល្អបំផុតគឺពេលព្រឹក ព្រោះវេលានេះអាចជួយកាត់បន្ថយអាហារពេលល្ងាចដែលសម្បូរទៅដោយកាឡូរីខ្ពស់នៅសេសសល់។ សម្រាប់ពេលល្ងាច កីឡារត់លឿនអាចជួយកាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍ក្រោយពីបានបំពេញការងារពេញមួយថ្ងៃ។ ជាពិសេសអាចបណ្ដេញជាតិពុលនៅក្នុងសព៌ាង្គកាយ និងជួយកាត់ បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនបានយ៉ាងល្អ។
ផលប្រយោជន៍របស់កីឡារត់លឿន
រត់លឿនជួយឱ្យរាងកាយរបស់លោកអ្នកមានភាពស្រស់ថ្លា ជួយសម្រួលសរសៃ និងសម្រួលចលនាក្នុងខ្លួន។ រត់លឿនមានផលប្រយោជន៍បានអាស្រ័យទៅលើពេលវេលានៃការហាត់ ជាតិខ្លាញ់នៅក្នុងខ្លួនអាចរលាយទៅតាមកម្រិតនៃការរត់របស់លោក អ្នក។ ប៉ុន្ដែបើលោកអ្នកចំណាយពេលហាត់ប្រហែល១៥ទៅ២០នាទីក្នុងមួយថ្ងៃ កីឡានេះអាចជួយកម្ដៅសាច់ដុំឱ្យធ្វើចលនាបាន ស្រួល ជួយសម្រួលចលនាបេះដូងនិងសរសៃឈាមដើរស្រួល សមស្របជាមួយអ្នកដែលសម្បូរក្បាលពោះ ខ្លាញ់ច្រើននៅក្នុងក្បាល ពោះនិងលោកអ្នកដែលមានបញ្ហាបេះដូងអាចជួយកាត់បន្ថយជម្ងឺទាំងអស់នោះបាន។ ជាពិសេសទៅទៀតគឺជួយរក្សារាង បញ្ចុះទម្ងន់ និងរក្សាទម្ងន់បានល្អ។
ផលរំខានរបស់កីឡារត់លឿន
ជាធម្មតាកីឡាតែងតែនាំមកនូវសុខភាពល្អ ទន្ទឹមនឹងនោះកីឡាក៏ប៉ះពាល់ដល់សុខភាពខ្លះផងដែរ ប្រសិនបើហាត់ហួស កំណត់មិនប្រមាណកម្លាំង។ ម្យ៉ាងទៀតកីឡារត់លឿនក៏មានបញ្ហាដែរ ប្រសិនបើមិនគោរពតាមបទបញ្ជាត្រឹមត្រូវ។ ការរត់លឿនទាមទារនូវការគោរពបទបញ្ជានិងស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវដើម្បីបង្កជាលក្ខណៈងាយស្រួលបំផុតក្នុងការរត់។ បើមិនដូច្នេះ ពេលរត់ អាចជំពប់ជើងដួលឬរបូតស្បែកជើងពាក់កណ្ដាលទី។ ពេលរត់ មិនត្រូវបញ្ឈប់ពាក់កណ្ដាលទីឡើយ ព្រោះអាចធ្វើឱ្យស្ទះ សរសៃឈាមដើរមិនបានល្អ។ បើលោកអ្នកត្រូវការឈប់សូមបន្ថយល្បឿនដោយសន្សឹមៗមុននឹងសម្រាក។
ដំបូន្មានអ្នកប្រឹក្សា
កីឡាគ្រប់ប្រភេទមានគុណប្រយោជន៍ទាំងអស់។ សូមជ្រើសរើសកីឡាប្រភេទណាក៏បានឱ្យតែសក្ដិសមទៅនឹងកម្លាំង ចំណង់ចំណូលចិត្ដរបស់លោកអ្នក។ ម្យ៉ាងទៀតដើម្បីឱ្យការហាត់ទទួលបានលទ្ធផលល្អ ជោគជ័យចាំបាច់ត្រូវគោរពបទបញ្ជាឱ្យបាន ត្រឹមត្រូវនិងហាត់ទៅតាមក្បួនខ្នាតរបស់កីឡា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply