នារី​ដែល​បុរស​ជ្រើសរើស

ការ​ជ្រើសរើស​គូស្រករ ជា​ប្រការ​ចាំបាច់​មួយដែល​បុរស​នារី​គ្រប់រូប​តែង​​​យក​ចិត្ដ​​​ទុក​ដាក់​​​បំផុត។ ជា​​ពិសេស​​ពេល​ដែល​សាមី​​ខ្លួន​មាន​​វ័យ​​គ្រប់ការ មាន​ឱកាស មាន​មុខរបរ ឬ​ការងារ​​​​ជា​​​​ជំហរ​​​​ដែល​សមរម្យ​សម្រាប់​ជីវិត​ទៅតាម​សមត្ថភាព។ ដោយ​​ប្រពៃណី​​ខ្មែរ​​តម្រូវ​​ឱ្យ​ភាគី​បុរស​ជាអ្នក​ចូលចែ​ចូវស្ដី​ដណ្ដឹង​ភាគី​នារី នោះ​អាទិភាព​នៃការ​រំពៃ​រកគូ​ស្រករ​សម្រាប់​ជាដៃ​គូរួម​វាសនា ជាភារៈរបស់​បុរស និង​​អាណា​​ព្យាបាល​​របស់គេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លេខនេះ​ទស្សនាវដ្ដី សុខភាពយើង បានជួប​សុំ​អនុសាសន៍​ពីលោក​សាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា អនុប្រធាន​ដេប៉ា​ទឺម៉ង់​ប្រវត្ដិ សាស្ដ្រ​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ដីពី​លក្ខណៈ​នារី​ដែល​បុរស​គួរ​ជ្រើស​រើស​ធ្វើជា​ភរិយា​ឱ្យបាន​សមស្រប​ទៅនឹង​សម័យកាល វិវត្ដន៍​នៃសង្គម។

ទីប្រឹក្សា​ជីវិតឬ​មិត្ដមួយ​រយឆ្នាំ គួរមាន​អ្វីខ្លះ?

កាលពី​សម័យមុន ការ​ជ្រើស​រើសនារី​គឺឱ្យ​តម្លៃ​ចម្បង​ទៅលើ​ក្រម​ប្រពៃណី វិជ្ជា​មេផ្ទះ និង​សោភ័ណ​ភាព។ ដើម្បី​ឱ្យសម​ស្របនឹង​ការវិវត្ដ​នៃចរន្ដ​សង្គម​ទំនើប ដែល​បច្ចេក​វិទ្យា​មានការ​អភិវឌ្ឍ នោះបុរស​ក៏មាន​ការ​អភិវឌ្ឍ​គំនិតដែរ។

1. សម្រស់ ៖ ថ្វីត្បិត​សម្រស់​ជាគ្រឿង​ទាក់ទាញ​ភ្នែក​ដំបូង​បង្អស់​របស់​បុរស តែ​សម្រស់​ក៏មិន​ដើរតួ​សំខាន់​ក្នុងការ​ជ្រើស​រើស​ភរិយា​នៃបុរស​សម័យ​ថ្មីនេះ​នោះទេ។ សម្រស់​ដែលបាន​មកតាំង​ពី​កំណើត​ត្រូវធ្លាក់​ចុះប្រជា​ប្រិយភាព​បន្ដិច​វិញនៅ​ពេលវ័យ​កើន ឡើង។ មាន​សម្រស់​សមរម្យ មិន​អន់ពេក មិនស្អាត​ពេក មិន​ឆើតឆាយ​ផុតផ្នត់​ប្រពៃណី ក៏គួរ​តម្រូវ​តាមរូប​សម្បត្ដិ និង​សមត្ថភាព របស់​ខ្លួនឯង​ផង។ អតុល្យ​ភាពនៃ​លក្ខណៈ​សម្បត្ដិ​ទាំងឡាយ​របស់​គូស្វាមី​ភរិយា អាចធ្វើ​ឱ្យឃ្លោង​លំនឹង​នៃ​សុភមង្គល និង​ងាយរបេះ ដោយ​ប្រការ​ណាមួយ។ បើភាគី​បុរស​អន់រូប​សម្បត្ដិ​ជាង​ភាគី​នារីពេក បុរសនោះ​ក៏គួរ​មានវិជ្ជា​សម្បត្ដិ​ខ្ពង់ខ្ពស់ ឬ​សមត្ថភាព​ផ្សេងទៀត មកប៉ះ​ប៉ូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​វិញ ទើប​ប្រសើរ។ រក្សា​លំនឹង និងតម្លៃ​សម្រស់​តាម​កាលៈ​ទេសៈ និងវ័យ​របស់ខ្លួន មានន័យ​ថាគួរ ចេះស្លៀក​ពាក់ តុបតែង​ខ្លួនឱ្យ​សមតាម​ពេលវេលា និង​ទីកន្លែង។ ជួនកាល​សម្រស់​ពីធម្មជាតិ​មិនសូវ​អំណោយ​ផលទេ តែនារី​នោះគួរ ឱ្យគយគន់ ដោយសារ​អ្នកនាង​ចេះរៀប​ចំខ្លួនឱ្យ​មានរបៀប។ ស្ដ្រីខ្លះ​បណ្ដោយ​ខ្លួនរយីក​រយាក និងខ្ជិល​សម្អាតខ្លួន ជាពិសេស​ក្រោយ មានកូន ដែលនាំ​ឱ្យទើស​ភ្នែក និងពុំ​គួរឱ្យ​ចង់នៅក្បែរ​ឡើយ។ ទម្លាប់​អាក្រក់​នេះ​នារីគួរ​ជម្រះ​ចេញ។

2. ចរិយាធម៌ ៖ ចរិយា​ធម៌​របស់​ស្ដ្រីខ្មែរ​បានផ្សា​ភ្ជាប់យ៉ាង​ជ្រៅទៅ​ក្នុងក្រាំង​ប្រពៃណី។ មាន​បុរស​អភិរក្ស​និយម​តិចតួច ប៉ុណ្ណោះ​ដែលនៅ​ប្រកាន់​យកនារី​មានក្រម​ចរិយា​ធម៌​ខ្ពស់ជា​អាទិភាព។ សម្រាប់​បុរស​សម័យ​នេះ ចរិយា​ធម៌​របស់​នារីគួរ​បន្ថយ ឥទ្ធិពល ដោយគួរ​សម្លឹងត្រឹម​៖

  • ចេះ​គោរព និង​ស្រឡាញ់​ញាតិខាង​ប្ដីដូច​ខាងខ្លួន
  • មិន​ស្លូតពេក មិន​កាចពេក មិនឆ្នាស់​ក្រៅតម្រា
  • មិន​ចចេស​អស្មិមានៈ មាន​អំណត់ មាន​ហេតុផល និងអធ្យា​ស្រ័យ
  • សម្ដី​សម្ដៅ​ពិរោះ​ពិសា មិន​គ្រោត​គ្រាត អាចរួម​ចំណែក​អប់រំកូន​បានល្អ និងជា​មាតា​គំរូ
  • មាន​ឥរិយាបថ​ថ្លៃថ្នូរ ជួយលើក​ស្ទួយ​កិត្ដិយ​សប្ដី ស្របតាម​កាលៈ​ទេសៈ
  • និង​រក្សា​បាននូវ​ភាពស្មោះ​ត្រង់ ភក្ដីភាព។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

3. សមត្ថភាព

  • ស្ដ្រីវៃ​ឆ្លាតប្រៀប​នឹង​មនុស្ស​មានអាវុ​ធដ៏មុត​ស្រួចនៅ​នឹងដៃ អាចត្រួស​ត្រាយរាល់​ឧបសគ្គ​ដែលយា​យីជីវិត។ ប៉ុន្ដែ​មិនគួរ​វៃឆ្លាត​មានគម្លាត​ឆ្ងាយ​រហូត​ក្លាយជា​អធិបតី​នៃគ្រួសារ និងដឹក​ច្រមុះប្ដី​នោះទេ វាអាច​ឱ្យប្ដី​បាត់បង់​លក្ខណៈ​ជាបុរស​រឹងប៉ឹង និង​ងាយ​ទទួលរង​នូវពាក្យ​ចំអក​ពីសាច់​ញាតិ មិត្ដភក្ដិ និង​មនុស្សក្នុង​សង្គម ជាមូល​ហេតុ​អាក់អន់​ស្រពន់​ចិត្ដ។
  • ស្ដ្រីអាច​ជាទី​ប្រឹក្សា​ដ៏ចំណាន អាច​កំណត់​ទិសដៅ និង​អនុវត្ដ​គម្រោង​នៃជីវិត​បានដោយ​ជោគជ័យ
  • ត្រូវចេះ​ជួយរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ រម្លស់​បន្ទុក​ស្វាមី ឱ្យសម្ទុះ​ជីវភាព​ឈានឡើង​បាន។
  • ត្រូវមាន​តុល្យភាព​សមត្ថភាព​ស្វាមី​ភរិយា នោះអាច​មានលទ្ធ​ភាពខ្ពស់​ក្នុងការ​បីបាច់​ថែរក្សា​កូន ទាំងការ​រស់នៅ ស្លៀកពាក់​និងឱ្យ​កូនៗ​មាន​អនាគត​ល្អតាម​រយៈការ​សិក្សា​ប្រកប​ដោយ​គុណភាព។

ដូច្នេះ​សមត្ថភាព​គឺជា​ប្រការ​ចម្បង​ក្នុងចំ​ណោម​ជម្រើស​ធំៗ​ទាំងបី។

ដំបូន្មាន​អ្នកផ្ដល់​ប្រឹក្សា

នារី​ម្នាក់បើ​គ្រាន់តែ​មាន​សម្រស់​ឥតខ្ចោះ ចរិយា​ស្លូតបូត សុភាព​រាបសារ តែខ្វះ​សមត្ថភាព គឺមិន​អាចជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ឱ្យ​បរិបូណ៍​បានទេ​សម្រាប់​មនុស្ស​សម័យថ្មី។ គ្មាន​សមត្ថភាព​គឺខ្វះ​មធ្យោ​បាយ ងាយ​រងគ្រោះ ប្រៀប​បាននឹង​ឈើមួយ​ដើម ដែលខ្វះ​ខ្លឹម គ្មានឫ​សកែវ​ងាយនឹង​បាក់​រលំ​ពេល​មានខ្យល់​បោកបក់។ សុភមង្គល​មាន​លំនឹង​យូរ​អង្វែង​បាន ល្គឹកណា​អ្វីៗ​ដំណើរ​ការ ទៅទាំង​ព្រម​ពិសេស​ចំណុច​ផ្សេងៗ​នៃចរិយា​ធម៌ និង​សមត្ថ​ភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *