- បរិមាណមនុស្សទទួលទាន ៖ ១នាក់
- រយៈពេលចម្អិន ៖ ១៥នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
គ្រឿងផ្សំ
- សាច់ជ្រូកសាច់សុទ្ធ ១៥០ក្រាម
- សាច់ដូងខ្ចី ១៥០ក្រាម
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ម្រេច តាមតម្រូវការ
- ស្លឹកខ្ទឹម ៧ដើម
- ប្រេងឈូករ័ត្ន ២ស្លាបព្រាបាយ
- សាលាដ៍ ៤សន្លឹក
- ម្ទេសក្រហមជូលៀន តាមតម្រូវការ
របៀបរៀបចំគ្រឿងផ្សំ
- សាច់ជ្រូកសាច់សុទ្ធលាងទឹកឱ្យស្អាតទុកទាំងដុំ យកមកដំឱ្យវាក្លាយទៅជាសំប៉ែតស្ដើង
- សាច់ដូងខ្ចី ហាន់ជាសរសៃៗ
- ប្រេងខ្យង ១ស្លាបព្រាបាយសម្រាប់លាយសាច់១ស្លាបព្រាបាយសម្រាប់ឆា
- ស្លឹកខ្ទឹមយកតែស្លឹក ហើយស្រុសទុកសម្រាប់ចង
- សាលាដ៍ ទុកសម្រាប់រៀបពីលើចានលម្អ
- ម្ទេសក្រហមជូលៀន និងស្លឹកខ្ទឹមសម្រាប់លម្អ
របៀបធ្វើ
ដំបូងត្រូវយកសាច់ដូងខ្ចីដែលហាន់ជាសរសៃៗហើយនោះទៅលីងឱ្យឈ្ងុយ និងឡើងពណ៌ក្រហមតិចៗរយៈពេលពី៣ទៅ ៥នាទី។ បន្ទាប់មកដាក់ប្រេងខ្យង ម្រេច ឆាបញ្ចូលគ្នាឱ្យសព្វរួចដួសទុកមួយអន្លើ។ យកសាច់ជ្រូកចំនួន១៥០ក្រាមនោះមក ដំឱ្យចេញជាបន្ទះស្ដើង ហើយដាក់សាច់ជ្រូកដែលដំជាបន្ទះស្ដើងហើយនោះចាប់ផ្ដើមមូរ។ បន្ទាប់ពីមូរហើយយកស្លឹកខ្ទឹមដែលស្រុស ហើយមកចងជាកង់ៗ។ ហើយយកទៅប្រឡាក់ជាមួយប្រេងខ្យង ម្រេចខ្មៅ និងត្រូវផ្អាប់ទុករយៈពេលយូរកាន់តែចូលជាតិល្អ។ បន្ទាប់មកយកវាទៅដាក់អាំងឱ្យឆ្អិនរយៈពេល៦ទៅ៨នាទី បន្ទាប់ពីពេលអាំងហើយត្រូវទុករយៈពេល២ទៅ៣នាទី មុនពេលកាត់ វាជាកង់។ ទីបំផុតសូមយកទៅដាក់លើចានដែលរៀបសាលាដ៍ហើយរោយម្ទេសជូលៀន និងស្លឹកខ្ទឹមពីលើជាការស្រេច។
ចំណាំ ៖ សាច់ជ្រូកដែលអាំងហើយត្រូវកាន់ជា៨ដុំ ព្រោះក្នុង១ចានត្រូវដាក់៨ដុំ។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែម។
Leave a Reply