នៅពេលដែលនិយាយទៅដល់ការទៅជួបគ្រូពេទ្យខាងផ្នែករោគស្ដ្រី សុភាពនារីមួយចំនួននឹងគ្រវីក្បាលហើយស្រែកប្រ កែកថាមិនទៅទេ ខ្មាសពេទ្យណាស់! ខ្លាចណាស់!។ តាមពិតគ្មានអ្វីគួរឱ្យខ្មាសអៀនទេ ព្រោះការធ្វើបែបនេះដើម្បីតែសុខភាព លោកស្រីអ្នកនាងកញ្ញាតែប៉ុណ្ណោះ។ បើខ្លាចការឈឺចាប់ឬក៏មិនអាចទទួលយកលទ្ធផលនៃការពិនិត្យនោះបាន មិនថ្វីទេសូមក្លាហាន ឡើង ហើយត្រៀមខ្លួនដើម្បីទៅឱ្យគ្រូពេទ្យពិនិត្យ។ ម្យ៉ាងទៀតគ្រូពេទ្យដែលពិនិត្យសុទ្ធតែមានសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ គ្មានអ្វីគួរឱ្យបារម្ភទេ។
ដើម្បីឱ្យសុភាពនារីទាំងអស់មានភាពក្លាហាន ក្នុងការទៅរកគ្រូពេទ្យជំនាញពិនិត្យសុខភាពនោះ ទស្សនាវដ្ដីសុខភាពយើង សូមលើកយកការបកស្រាយរបស់លោកសាស្ដ្រចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតអំពីប្រការមួយចំនួន ដែលលោកស្រីអ្នកនាងកញ្ញាគួរប្រតិបត្ដិមុនពេលទៅជួបគ្រូពេទ្យ។
ត្រូវទៅជួបគ្រូពេទ្យពេលណា?
មានមូលហេតុពីរដែលគួរទៅត្រួតពិនិត្យសុខភាពរបស់លោកស្រីអ្នកនាងកញ្ញា គឺការទៅត្រួតពិនិត្យភាពមិនប្រក្រតីនិង ការពិនិត្យរកមើលជម្ងឺមហារីក។ ចំពោះស្ដ្រីដែលរៀបការហើយ គួរពិនិត្យរកមើលជម្ងឺមហារីកជារៀងរាល់ឆ្នាំ។ មានស្ដ្រីមួយចំនួនគ្រូ ពេទ្យអាចធ្វើការណាត់ជួបក្នុងរយៈពេល៣ ឬ៦ខែម្ដង។ នៅមាត់ស្បូន អាចមានការរលាករ៉ាំរ៉ៃឬសង្ស័យថាមានកោសិកាខុស ប្រក្រតីកើតឡើង។ នៅពេលមានអាយុពី៤០ទៅ៤៥ឆ្នាំ ស្ដ្រីគប្បីទៅពិនិត្យរកជម្ងឺមហារីកមាត់ស្បូនព្រោះជម្ងឺនេះអាចព្យាបាលជា សះស្បើយ នៅពេលណាដែលរកឃើញក្នុងដំណាក់កាលដំបូង។ ជាពិសេសជាងនេះទៅទៀតនៅពេលដែលមានអាការដូចជាធ្លាក់ស ខ្លាំង មានក្លិនស្អុយ មានឈាមចេញខុសប្រក្រតី មានរដូវលើសពី៧ថ្ងៃឬមានរបួសនៅអវៈយវៈភេទជាដើម ស្ដ្រីត្រូវទៅរកគ្រូពេទ្យ។ ស្ដ្រីណាខ្លះដែលត្រូវទៅជួបគ្រូពេទ្យ
ជាទូទៅស្ដ្រីដែលទៅពិនិត្យសុខភាពគួរតែស្ថិតនៅវ័យ ៖
- យុវនារី ដែលជាវ័យបន្ដពូជ គួរចាប់ផ្ដើមទៅពិនិត្យសុខភាពតាំងពីទើបមានការរួមភេទដំបូង
- ស្ដ្រីនៅក្នុងវ័យអស់រដូវ ដូចជាក្នុងករណីមានឈាមរដូវជាថ្មីបន្ទាប់ពីការបាត់មួយរយៈពេលហើយនោះ
- ស្ដ្រីដែលធ្លាប់ឆ្លងកាត់ការវះកាត់មាត់ស្បូន
- ស្ដ្រីមិនទាន់រៀបការគួរត្រួតពិនិត្យនៅពេលមានអាយុ៣៥ឆ្នាំ ឬមុននេះប្រសិនបើមានអាការខុសប្រក្រតី។
ការត្រៀមលក្ខណៈមុនពេលទៅជួបគ្រូពេទ្យ
ជាធម្មតា នរណាក៏ដូចនរណាដែរតែងតែមានអារម្មណ៍មិនល្អនៅពេលដែលត្រូវឱ្យនរណាមា្នក់ឃើញពីអវៈយវៈភេទរបស់ ខ្លួនដែលខិតខំហួងហែងលាក់បាំងអស់រយៈពេលយ៉ាងយូរមកហើយនោះ។ សូម្បីតែនៅពេលដែលមានការរួមភេទលើកដំបូងជាមួយ មនុស្សដែលខ្លួនស្រឡាញ់ក៏ដោយ កុំថាឡើយទៅឱ្យគ្រូពេទ្យពិនិត្យ។ ដូចនេះសុភាពនារីទាំងអស់ត្រូវកាត់កេរ្ដិ៍កាត់ខ្មាស ទៅឱ្យ គ្រូពេទ្យពិនិត្យដើម្បីសុខភាព។ បើគ្រូពេទ្យនោះជាស្ដ្រីដូចគ្នាប្រហែលជាការអៀនខ្មាសអាចកាត់បន្ថយបានខ្លះ ផ្ទុយទៅវិញបើគ្រូ ពេទ្យជាបុរស នោះប្រាកដជាមិនអាចបរិយាយពីអារម្មណ៍បានទេ។ តទៅនេះគឺជាប្រការគួរត្រៀមខ្លួនមួយចំនួន សម្រាប់ស្ដ្រីមុនពេល ទៅជួបគ្រូពេទ្យ។
1. ការត្រៀមចិត្ដ ៖ កុំខ្មាសឱ្យសោះ ត្រូវប្រកាន់ទស្សនៈថាមុខក្រាស់ដើម្បីសុខភាពហើយគ្រូពេទ្យក៏មានក្រមសីលធម៌ ច្បាស់លាស់ មិនអាចធ្វើអ្វីបំពានទៅលើអ្នកជម្ងឺបានទេ។
2. បន្ទោរបង់ឱ្យបានរួចរាល់ ៖ សុភាពនារីទាំងអស់ត្រូវបន្ទោរបង់តូចឬធំឱ្យអស់ដើម្បីកុំឱ្យមានការរំខានដល់ការពិនិត្យ របស់គ្រូពេទ្យ។
3. ការចងចាំ ៖ គ្រប់ស្ដ្រីទាំងអស់នៅពេលទៅជួបគ្រូពេទ្យ ចាំបាច់ត្រូវចងចាំពីស្ថានភាពរដូវរបស់ខ្លួនដូចជាមានការឈឺ ចាប់ឬអត់ រដូវមកតិចឬច្រើន ទៀងទាត់ឬអត់ រដូវចុងក្រោយនៅពេលណា មានធ្លាក់សឬទេធ្លាប់រលូតឬរំលូតកូនទេ សម្រាល ដោយវះកាត់ ឬតាមធម្មតាជាដើម។ ជាពិសេសទៅទៀតនោះ បើមានឯកសារពិនិត្យនិងប្រវត្ដិជម្ងឺពីមុនមកត្រូវប្រមូលទៅជាមួយ ដើម្បីងាយស្រួលធ្វើរោគវិនិច្ឆ័យ។
4. ផ្អាក ៖ ដើមី្បឱ្យលទ្ធផលពិនិត្យល្អ និងច្បាស់លាស់គួរគប្បីផ្អាកការរួមភេទយ៉ាងហោចណាស់ក៏មួយយប់មុនពេលទៅ ជួបគ្រូពេទ្យ ហើយក៏មិនត្រូវប្រើថ្នាំសុល ឬស៊កថ្នាំអ្វីផ្សេងទៅក្នុងទ្វារមាសក្នុងរយៈពេលបីថ្ងៃមុនពិនិត្យព្រោះអាចធ្វើឱ្យលទ្ធផលនៃ ការពិនិត្យថ្លោះធ្លោយ មិនចំទិសដៅ និងមិនច្បាស់លាស់។
5. សម្លៀកបំពាក់ ៖ គ្រប់ស្ដ្រីទាំងអស់នៅពេលទៅជួបគ្រូពេទ្យគប្បីស្លៀកសំពត់ប្រសើរជាងស្លៀកខោព្រោះអាចបង្កការ ងាយស្រួលដល់ការពិនិត្យ។ ជាងនេះទៅទៀតត្រូវធ្វើអនាម័យឱ្យបានស្អាតបាតត្រឹមត្រូវចៀសវាងនាំក្លិនមិនល្អទៅជួបពេទ្យ។
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះ យើងខ្ញុំសង្ឃឹមថានឹងក្លាយជាជំនួយផ្នែកស្មារតីដល់សុភាពនារីទាំងឡាយក្នុង ការទៅរកគ្រូពេទ្យរោគស្ដ្រី និងប្រការគួរយល់ដឹងមួយចំនួនដែលចាំបាច់សម្រាប់ការថែរក្សាសុខភាព។
ដំបូន្មានអ្នកជំនាញ
សុភាពនារីត្រូវទទួលស្គាល់ការពិតអំពីភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងសុខភាព ដែលទាមទារឱ្យមានការពិនិត្យដោយ ល្អិតល្អន់ពីសំណាក់គ្រូពេទ្យជំនាញ។ សូមកុំឱ្យភាពខ្មាសអៀនរបស់លោកស្រីអ្នកនាងកញ្ញាលេបត្របាក់សុខភាពឱ្យសោះ។ សូមគិតថា ធម្មតាបើមានភាពមិនប្រក្រតីត្រង់ចំណុចណា គ្រូពេទ្យនឹងពិនិត្យត្រង់ចំណុចនោះមិនខាន។ បើមិនពិនិត្យពេលនេះ ក៏មិនប្រាកដថា អាចគេចពីការពិនិត្យមួយជីវិតបានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply