អ្នកនាង មាស ម៉ូលីណាជាពិធីការិនីដ៏ស្រស់សោភាមួយរូបដែលកំពុងតែមានឈ្មោះបោះសម្លេងនៅស្ថានីយទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្ដិ៍លេខ៣។ ទោះបីជាអ្នកនាងមានស្វាមីហើយក៏ពិតមែនតែសម្រស់របស់អ្នកនាងមិនចាញ់តារាសម្ដែង និង ពិធីការិនីស្រករក្រោយឡើយ។ ភាពល្បីរបស់អ្នកនាងបានចាប់ផ្ដើមតាំងពីឆ្នាំ២០០២នៅក្នុងកម្មវិធីប្រឡងស្រីស្អាតប្រុសស្អាត ដោយ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមបេក្ខជនជាច្រើននាក់។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីអាថ៌កំបាំងនៃការថែរក្សារូបសម្ផស្សក៏ដូចជាប្រវត្ដិមុនចូលវិស័យសិល្បៈ ទស្សនាវដ្ដីសុខភាព យើង បានជួបសម្ភាសជាមួយអ្នកនាង មាស ម៉ូលីណា ផ្ទាល់។
ប្រវត្ដិមុនចូលវិស័យសិល្បៈ
កាលពីដំបូងអ្នកនាងម៉ូលីណាជាសិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅសាលាវិទ្យាល័យសន្ធរមុខ ហើយត្រៀមខ្លួនប្រឡងចូលរៀននៅមហាវិទ្យាល័យ។ ស្របពេលនោះមានកម្មវិធីជ្រើសរើសស្រីស្អាតប្រុសស្អាត។ អ្នកនាងក៏សម្រេចចិត្ដចូលប្រកួត ប្រជែងនៅក្នុងកម្មវិធីស្រីស្អាតប្រុសស្អាតតាមការជំរុញរបស់មិត្ដភក្ដិ។ បន្ទាប់ពីមានការចូលរួមប្រកួតប្រជែងអស់រយៈពេលជាច្រើន ខែ អ្នកនាងជាប់ចំណាត់ថ្នាក់ស្រីស្អាតលេខ៣ប្រចាំកម្មវិធីនោះ។ ក្រោយបញ្ចប់កិច្ចសន្យាជាមួយម្ចាស់ក្រុមហ៊ុនអស់រយៈពេលមួយឆ្នាំ មក អ្នកនាងក៏មានឱកាសចាប់យកតំណែងជាពិធីការិនីរហូតមកដល់សព្វថ្ងៃនេះ។
ការថែរក្សាសម្ផស្ស
ទោះបីជាមានសម្រស់ស្អាតពីធម្មជាតិយ៉ាងណាក្ដី អ្នកនាងម៉ូលីណាមិនបណ្ដោយឱ្យបាត់បង់ភាពស្រស់ស្អាតទៅតាមអាយុកាលឡើយ ទើបអ្នកនាងតែងតែប្រើផលិតផលជំនួយ និងអនុវត្ដតាមបែបធម្មជាតិជាប្រចាំ។
- ការថែរក្សាសក់ ៖ ដោយសារតែសក់របស់អ្នកនាងម៉ូលីណាឧស្សាហ៍តុបតែងជាញឹកញាប់ទើបធ្វើឱ្យសក់របស់អ្នកនាង ប្រឈមមុខនឹងបញ្ហា ដូចជាសក់ស្រួយ ស្ងួត ជ្រុះជាដើម។ ហេតុនេះទើបអ្នកនាងជ្រើសរើសប្រភេទសាប៊ូជំនួយសក់ ដើម្បីជួយទប់ ស្កាត់បញ្ហាទាំងនេះ ហើយអប់សក់មួយសប្ដាហ៍ម្ដងជាប្រចាំមិនដែលខានឡើយ។ អ្នកនាងម៉ូលីណាតែងតែតុបតែងសក់ទៅតាមកម្មវិធី ដែលភាគច្រើនឱ្យកូនជាងក្នុងហាងរបស់អ្នកនាងជាអ្នករៀបចំឱ្យ។
- ការថែរក្សាស្បែកមុខ ៖ ថ្វីត្បិតផ្ទៃមុខរបស់ម៉ូលីណាស្រស់ស្អាតបែបធម្មជាតិក៏ពិតមែនតែមិនអាចទ្រាំទ្រនឹងការផាត់ ម្សៅ ឬពន្លឺភ្លើងហ្វារបានឡើយ ទើបធ្វើឱ្យអ្នកនាងមានបញ្ហាបន្ដិចបន្ដួចនៅលើផ្ទៃមុខ ដូចជារមាស់ កន្ទួលជាដើម។ ដើម្បីសម្រាល បញ្ហាទាំងនេះអ្នកនាងបានជ្រើសរើសយកផលិតផលម្យ៉ាងដែលមានសារជាតិជំនួយស្បែកមុខលាបនៅពេលយប់ ចំណែកពេលថ្ងៃគឺ លាបឡេការពារកម្ដៅថ្ងៃធម្មតា។
- ការថែរក្សាស្បែកខ្លួន ៖ ជារៀងរាល់ខែអ្នកនាងតែងតែឆ្ពុងក្រោយពេលមករដូវរួច។ វត្ថុធាតុដែលអ្នកនាងយកមកឆ្ពុង នោះមានដូចជាប្រេងដូង ស្លឹកគ្រៃ ល្មៀតកិនម៉ត់លាយបញ្ចូលគ្នាជាមួយទឹកឃ្មុំជាដើម។ ដោយឡែកនៅពេលយប់គឺអ្នកនាងលាបឡេ ដែលជួយឱ្យស្បែកសជាប្រចាំ។ នៅពេលថ្ងៃអ្នកនាងលាបឡេការពារកម្ដៅថ្ងៃជានិច្ចដើម្បីការពារមិនឱ្យស្បែកប្រែពណ៌ទៅជាខ្មៅ។
- ការថែរក្សាភ្នែក រោមភ្នែក និងរោមចិញ្ចើម ៖ ការថែរក្សាភ្នែកអ្នកនាងមិនសូវយកចិត្ដទុកដាក់ប៉ុន្មានឡើយព្រោះអ្នក នាងមានភ្នែកស្រស់ស្អាតពីធម្មជាតិ។ ចំពោះរោមភ្នែក អ្នកនាងចូលចិត្ដលាបផលិតផលសម្រាប់ការពារមិនឱ្យជ្រុះហើយពេលមាន កម្មវិធីធំៗ ទើបអ្នកនាងពាក់រោមភ្នែកដើម្បីចៀសវាងការជ្រុះរោមភ្នែក។ អ្នកនាងមានទម្លាប់កោររោមចិញ្ចើមជាញឹកញាប់ និង អ្នកនាងចូលចិត្ដសិតចិញ្ចើមជាងគូស។
- ការថែរក្សាបបូរមាត់ ៖ នៅផ្ទះ ឬពេលទំនេរ អ្នកនាងម៉ូលីណាមិនទម្លាប់លាបក្រែមពណ៌ទេតែចូលចិត្ដលាបក្រែម ការពារបបូរមាត់មិនឱ្យប្រេះ។
- ការថែរក្សាធ្មេញ ៖ អ្នកនាងជាពិធីការិនី ដែលឧស្សាហ៍ឡើងឆាកជាញឹកញាប់។ អ្នកនាងដុសធ្មេញមួយថ្ងៃ២ទៅ៣ដង ដោយប្រើទឹកខ្ពុរមាត់ជាប្រចាំ ព្រោះអាចធ្វើឱ្យក្លិនមាត់ក្រអូបងាយស្រួលទំនាក់ទំនងការងារ។ រាល់ពេល៦ខែអ្នកនាងទៅពិនិត្យសុខ ភាពធ្មេញ និងលាងសម្អាតធ្មេញម្ដង មិនដែលខាន។
- ការថែរក្សាក្រចកដៃជើង ៖ ម៉ូលីណាចូលចិត្ដទុកក្រចកខ្លីព្រោះអ្នកនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការថែរក្សា ក្រចកឡើយ។ ពេលមានកម្មវិធីទើបអ្នកនាងពាក់ក្រចក ពេលចប់ក៏ដោះក្រចកចេញវិញ។ ចំណែកក្រចកជើងរបស់អ្នកនាងតែងតែ ទុកខ្លីជានិច្ច និងលាបថ្នាំក្រចកពណ៌ស្រាលៗ។
ការថែរក្សារូបរាងកាយ
អ្នកនាងទទួលទានធម្មតាមិនតមឡើយ មួយថ្ងៃ៣ដងដោយកំណត់របបអាហារយ៉ាងត្រឹមត្រូវនិងទៀងទាត់ពេលវេលា។ ទោះបីជាមានការមមាញឹកយ៉ាងណាក្ដី អ្នកនាងឆ្លៀតទទួលទានដំណេកបានគ្រប់គ្រាន់ព្រោះអាចជួយឱ្យផ្ទៃមុខស្រស់ថ្លាក្មេងជាងវ័យ។ រីឯការហាត់ប្រាណរបស់អ្នកនាងម៉ូលីណាគឺជាសកម្មភាពធ្វើការងារក្នុងផ្ទះដោយមិនគិតពីកាយវិការណាមួយឱ្យបានច្បាស់ លាស់ទេ។ អ្នកនាងតែងតែពិនិត្យសុខភាពក្នុងរវាងពី៣ខែទៅ៦ខែម្ដង។
បំណងទៅថ្ងៃអនាគត
សព្វថ្ងៃអ្នកនាងមានតួនាទីជាពិធីការិនី ហើយក៏ជាម្ចាស់ហាងអ៊ុតសក់ផងដែរទាំងនេះជាជោគជ័យរបស់អ្នកនាងមួយចំណែកនៅក្នុងឆាកជីវិត។ ទោះជាយ៉ាងនេះក្ដី អ្នកនាងក៏មិនទាន់ប្រាកដថាសម្រាប់ថ្ងៃអនាគតនឹងចាប់យកអ្វីឱ្យបានច្បាស់លាស់នោះ ទេ គឺអាស្រ័យលើពេលវេលា និងថវិកា។
បណ្ដាំផ្ញើរបស់ មាស ម៉ូលីណា
ការហាត់ប្រាណមានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងសម្រស់។ ហេតុដូចនេះទោះបីជាលោកអ្នកមិន បានទៅហាត់នៅក្លឹប ឬកន្លែងណាផ្សេងនោះទេ លោកអ្នកអាចធ្វើកាយវិការដោយសកម្មភាពផ្សេងៗជំនួសបាន។ សម្រាប់មិត្ដនារី ក៏គួរតែឆ្លៀតពេលខ្លះសម្រាប់តុបតែងរាងកាយឱ្យស្រស់ស្អាតទៅតាមពេលវេលាផងដែរ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់អ្នកនាង មាស ម៉ូលីណាតែប៉ុណ្ណោះ។ សូម លោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ មាស ម៉ូលីណា
- កម្ពស់ ៖ ១,៦៥ ម៉ែត្រ
- ទម្ងន់ដងខ្លួន ៖ ៤៩គីឡូក្រាម
- ទំហំទាំងបី ៖ ៣២, ២៦, ៣៦
- បងប្អូន ៖ ៣នាក់ ស្រី២ ប្រុស១ (ជាកូនទីមួយ)
- ស្ថានភាពគ្រួសារ៖ រៀបការរួច
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply