ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ

ការ​បរិភោគ​អាហារ​ជាប្រចាំ​ថ្ងៃ ដោយ​មិនមាន​ការ​ហាត់​ប្រាណ​អាចធ្វើ​ឱ្យក្បាល​ពោះ​របស់​លោកអ្នក​សម្បូរ​ទៅដោយ​សារ ជាតិ​ខ្លាញ់​ជាច្រើន។ ប្រសិន​បើលោក​អ្នកចេះ​តែ​បណ្ដែត​បណ្ដោយ មិន​រវីរ​វល់នោះ អាច​ងាយ​មានជម្ងឺ​តម្កាត់​ផ្សេងៗ​និងរូប​រាងមិន ស្អាត​ថែម​ទៀត។ ដើម្បី​កាត់​បន្ថយ​ជាតិខ្លាញ់​ទាំងនោះ​បាន ដោយ​មិនឱ្យ​ប៉ះពាល់​ដល់​សុខភាព​លោកអ្នក​អាចធ្វើ​កាយ​វិការ​ហាត់ ប្រាណ​បែប​ងាយៗ​ជាប្រចាំ និង​ទៀងទាត់​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក អ៊ុន សារ៉េត គ្រូ​បង្ហាត់​ប្រាណ​តាម​ចង្វាក់​ភ្លេង នៅ​សហព័ន្ធ​កីឡា កាយ​សម្ព័ន្ធ​កម្ពុជា ដើម្បី​បកស្រាយ​ពី​របៀប​ហាត់​សម្រក​ក្បាលពោះ។

របៀប​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ

ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​មាន​ច្រើន​របៀប ប៉ុន្ដែ​សម្រាប់​ពេលនេះ​យើងខ្ញុំ​សូម​លើក​យក​ចំណុច​មួយ​ចំនួន​ជូន​លោកអ្នក អនុ​វត្ដន៍​ជា​ប្រចាំ ដើម្បី​សម្រក​ក្បាល​ពោះដ៏​សម្បូរ​ខ្លាញ់។

1. លោកអ្នក​ត្រូវ​ដេក​ផ្ងារ​បញ្ឈរ​ក្បាល​ជង្គង់ បាត​ជើង​ជាន់លើ​កម្រាល ហើយ​រក្សា​លំនឹង​មួយ​កន្លែង។ រីឯ​ប្រអប់​ដៃចាក់ ស្រេះ​គ្នាទ្រ​កញ្ចឹងក។ លោកអ្នក​ធ្វើ​ចលនា​ងើប​ក្បាល​ឡើងលើ ក ស្មា ចង្កោង​ដងខ្លួន​បង្ខិត​ទៅរក​ក្បាល​ជង្គង់​ជា២​ដំណាក់ ដោយដក ដង្ហើម​ចេញ​ចំនួន​៨ដង។

2. លោកអ្នក​អង្គុយ​លើកៅ​អី ហើយ​បញ្ឈរ​ដងខ្លួន​ឱ្យត្រង់ ដោយ​រក្សា​លំនឹង​ដងខ្លួន​ត្រង់​ក្បាល​ពោះ។ បន្ទាប់​មក​លោក អ្នក​លើកជើង​ឱ្យត្រង់​ទៅមុខ ហើយ​រាប់​ចំនួន​៨ដង សូម​ដាក់ចុះ​រួចទើប​លើក​បន្ដទៀត។

3. សូម​ដេក​ផ្ងារ​លើ​កម្រាល ជើង​និងដៃ​ទាំង២​លើកឡើង​ទៅលើ​ត្រង់ចង្អុល​ដៃ និងចុង​ជើង​ស្របគ្នា។ រីឯ​ប្រអប់​ជើង​សូម បន្ដឹង​ឱ្យត្រង់​ឡើងទៅ​លើ ហើយ​សូម​ផ្លាស់ប្ដូរ​ជើង​ទៅមក​ចំនួន​៨ដង។ លោកអ្នក​ត្រូវ​ប្រតិ​បត្ដិ​បែបនេះ​ចំនួន​១៥ទៅ​២០​នាទី។

ពេល​វេលា​ហាត់​សម្រក​ក្បាល​ពោះ

ការ​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​អាច​ហាត់​បាន​គ្រប់វ័យ។ ពេល​វេលា​សម​ស្រប​សម្រាប់​ការ​ហាត់គឺ ពេលព្រឹក​ថ្ងៃត្រង់ និង​ពេល​ល្ងាច។ ប៉ុន្ដែ​ដោយ​សារ​ពេល​វេលា​មិនសូវ​គ្រប់គ្រាន់ ហើយ​ម្នាក់ៗ​សុទ្ធតែ​ជាប់​ភារកិច្ច​ទើបអ្នក​ហាត់​ចូលចិត្ដ​ហាត់នៅ​ពេល ព្រឹក និង​ពេល​ល្ងាច។ ការ​ហាត់​ប្រាណ​អាស្រ័យ​លើ​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែ​ហាត់​ឡើយ។

ផល​ប្រយោជន៍​នៃការ​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ

ការ​ហាត់​ដ៏ត្រឹម​ត្រូវ​លោកអ្នក​ចាំបាច់​ត្រូវតែ​កម្ដៅ​សាច់ដុំ​ជាមុន​សិន ដោយ​កាយ​វិការ​ជាច្រើន ដូចជា​ពត់ខ្លួន​រត់មួយ​កន្លែង បង្វិលក បង្វិល​ដៃជា​ដើម។ លោកអ្នក​គួរតែ​ហាត់​កម្ដៅ​សាច់ដុំ​ដោយ​ចលនា​មួយៗ​ដើម្បី​ឱ្យ​សរសៃ​នៅក្នុង​សព៌ាង្គ​កាយ​មាន​ដំណើរ ការ​ល្អ មិនមាន​ប៉ះពាល់​ដល់​សុខភាព។ ការ​កម្ដៅ​សាច់ដុំ ជា​ធម្មតា​ត្រូវ​ចំណាយ​ពេលពី​៥ទៅ​១០នាទី​ទើបល្អ។ បន្ទាប់​មក​លោកអ្នក ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​ដោយ​វិធី​សាស្ដ្រ​បែប​ណាមួយ​ក៏បាន​ឱ្យតែ​លោកអ្នក​ពេញចិត្ដ​ហើយ​ផល​ប្រយោជន៍​នៃការ​ហាត់​កីឡា មាន​ច្រើន​ចំពោះ​សុខភាព​សព៌ាង្គ​កាយ និង​សម្រស់។ កីឡា​ជួយឱ្យ​សុខភាព​មាំមួន​ជួយ​សម្រួល​សរសៃ​ឈាម កាត់​បន្ថយ​ជម្ងឺ​ផ្សេងៗ។ ចំណែក​ឯ​សម្រស់​អាចជួយ​ឱ្យផ្ទៃ​មុខ​ស្រស់​ថ្លា បំបាត់​ភាព​ជ្រីវ​ជ្រួញ​ជាដើម។

ការ​ទទួល​ទាន​អាហារ​សម្រាប់​អ្នក​សម្រក​ក្បាល​ពោះ

ការ​ទទួល​ទាន​ចំណី​ឬ​អាហារ​អ្វីមួយ​មុន​ពេល​ហាត់​ប្រាណ​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ជា​ជំនួយ​ឱ្យខ្លាញ់​ពោះ​ស្រកបាន លឿន។ ការ​ទទួល​ទាន​អាហារ​មាន​កំណត់ និង​ទៀង​ពេល​វេលា​ជា​បច្ច័យ​មួយយ៉ាង​ប្រសើរ។ ទន្ទឹម​នឹងនោះ​ផងដែរ គួរ​ទទួល​ទាន​ចំណី អាហារ​ក្នុង​បរិមាណ​សមរម្យ ដើម្បី​ជួយ​ទ្រទ្រង់​ក្រពះ ធ្វើឱ្យ​រាង​កាយ​មិនសូវ​អស់​កម្លាំង។ ចំណី​អាហារ​ដែល​ត្រូវ​ទទួល​ទានមុន​ពេល ហាត់ មានដូច​ជាផ្លែ​ឈើ បន្លែ នំប៉័ង ទឹកដោះ​គោ​ហើយ​គួរ​ទទួល​ទានទឹក​ឱ្យបាន​គ្រប់គ្រាន់។ តែ​លោកអ្នក​មិនត្រូវ​ទទួល​ទានឱ្យ​ឆ្អែត ពេកទេ ព្រោះ​អាច​បណ្ដាល​មាន​គ្រោះថ្នាក់​ដល់​សុខភាព។ ចំណែក​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃមិន​គួរ​ទទួល​ទាន​ច្រើនដង​ឡើយ ព្រោះ​ក្រពះ មិនអាច​ធ្វើ​ចលនា​ទាន់​ពេល​ហើយប​ណ្ដាល​ទៅជា​ឈឺក្រពះ​បាន។ សម្រាប់​ពេល​យប់ លោកអ្នក​មិនគួរ​ទទួល​ទាន​ចំណី​អាហារ​ទេ ព្រោះ​គ្មាន​ប្រសិទ្ធ​ភាព​ចំពោះ​ហាត់​សម្រក​ក្បាល​ពោះ​ឡើយ។

ផល​ប៉ះពាល់​នៃការ​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ

កីឡា​បើលោក​អ្នកហាត់​តាម​ក្បួនខ្នាត​នោះគ្មាន​ផល​ប៉ះពាល់​ឡើយ តែបើ​ហាត់​មិនបាន​ត្រឹមត្រូវ​លោកអ្នក​មិនអាច​ទទួល បាន​លទ្ធផល​ល្អ​ឡើយ ហើយ​ថែមទាំង​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព​ទៀតផង។ ផល​ប៉ះពាល់​រួមមាន​បាក់​កម្លាំង​ក្រោយ​ពេល ហាត់ ការ​ទទួល​ទាន​ច្រើនជាង​មុន ទម្ងន់​ដងខ្លួន​មិនព្រម​ស្រក ឬ​ឡើង​ជាងមុន។ ម្យ៉ាងទៀតបើលោកអ្នកមិនបានកម្ដៅសាច់ដុំមុន ពេលហាត់នោះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ហាត់​ប្រាណ​មានផល​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​រាងកាយ សម្រស់​ស្រស់​ស្អាត​និង​ក្មេងជាង​វ័យ​ទៀតផង។ ចំពោះ​ការ​ហាត់​ប្រាណ​មិនបាន​កំណត់​ថាហាត់​បែបនេះ ឬ​បែប​នោះល្អ​ឡើយ គឺ​អាស្រ័យ​លើលោក​អ្នក​ផ្ទាល់។ ម្យ៉ាង​លោកអ្នក​គប្បី ជ្រើស​រើស​កាយ​វិការ​បែប​ណាមួយ​ដែល​សក្ដិសម​យកមក​អនុវត្ដ​ដើម្បី​ជួយ​សម្រួល​ដល់​សព៌ាង្គ​កាយ។ ជា​ពិសេស​លោកអ្នក​ជាអា​ណា ព្យា​បាល គួរតែ​ឱ្យ​បុត្រ​ធីតា​ហាត់​ប្រាណ​ដើម្បី​ជួយ​កាត់​បន្ថយ​ជម្ងឺ និង​ស្មារតី​រាងកាយ​រឹងមាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *