ការ​សង់​ផ្ទះ​តាម​បែប​សម័យ​ទំនើប​(ភាគ១)

ផ្ទះ​គឺជា​ជម្រក​មួយ​ដ៏សំខាន់​ដែល​មិន​អាច​ខ្វះ​បាន។ ផ្ទះមាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ទៅ​តាម​ការនិយម​សាង​សង់រ​បស់​មនុស្ស​ម្នាក់ៗ និង​ទៅ​តាម​តំបន់​ដែល​ខ្លួន​រស់​នៅ។ មានផ្ទះ​ដូចជា​មាន​ធនធាន​ដ៏ធំ​នៅ​ក្នុងដៃ តែបើ​ផ្ទះ​សាង​សង់​ខ្វះ​បច្ចេក​ទេស​វិញ តើ​សំណង់​ផ្ទះ​មួយ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា? ដើម្បី​ឲ្យផ្ទះ​មាន​ផាសុក​ភាព​ដល់​អ្នក​រស់​នៅ លោក​អ្នក​ដែល​មាន​បំណង​ចង់​សាង​សង់​ផ្ទះ​ត្រូវគិត​អំពី​បញ្ហា​ជា​ច្រើន ដូច​ជា​ការ​គូស​ប្លង់ ការ​រចនា​ម៉ូតផ្ទះ ស្ថាន​ភាពដី ការ​បុកគ្រឺះ  ​និង​ការ​រៀបចំ​តបណ្តាញ​ទឹកភ្លើង​ឲ្យបាន​ល្អិត​ល្អន់​ដើម្បី​ចៀស​វាង​សាង​សង់​ហើយ​វាយ​កម្ទេច​ចោល ហើយ​ទើប​សាង​សង់​សារជាថ្មី។

រូបភាពដោយ ក្រុមហ៊ុនសំណង់រេប៊ីលឌីង

ទស្សនា​វដ្តី សុខ​ភាព​យើង និង​គេហ​ទំព័រ​សុខភាព​កម្ពុជា បាន​ជួប​ជាមួយ​កញ្ញា ណុំ សុធារី នាយិកា​វិទ្យាស្ថាន សិនេរុ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន​សំណង់​រេប៊ីល​ឌីង ពន្យល់​អំពី​ការ​សាង​សង់​ផ្ទះ​តាម​បែប​សម័យ​ទំនើប។ តើ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​សាង​សង់ផ្ទះ​ត្រូវ​យល់​ដឹង​ដូច​ម្តេចខ្លះ​ដើម្បី​ឲ្យផ្ទះ​មាន​សុវត្ថិភាព​និង​មាន​ផាសុក​ភាព។

តើអ្វី​ទៅ​ជា​ការ​សង់​ផ្ទះ​តាម​បែប​សម័យ​ទំនើប?

ដើម្បី​សាង​សង់ផ្ទះ​មួយឲ្យ​ចេញ​ជារូប​រាង មិន​មែន​ជាការ​ងាយ​ស្រួល​នោះ​ទេ។ យ៉ាង​ណា​មិញ​ការ​សាង​សង់ផ្ទះ​តាម​បែប​សម័យ​ទំនើប គឺទាម​ទារឲ្យ​មាន​ការ​សហការ​គ្នារវាង​ម្ចាស់​ផ្ទះ និង​អ្នក​ម៉ៅ​ការ​សាង​សង់ យ៉ាង​យក​ចិត្ត​ទុក​ទៅ​លើ​បញ្ហា​បច្ចេក​ទេស​ក្នុង​ការសាង​សង់។ ការ​សាង​សង់ផ្ទះ​តាម​បែប​សម័យ​ទំនើប​គឺជា​ការ​សាង​សង់ផ្ទះ​មួយ​ដែល​គោរព​ទៅតាម​បទដ្ឋាន​បច្ចេស​ទេស​ត្រឹម​ត្រូវ ប្រកប​ដោយ​ភាព​ទុកចិត្ត​ និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​រស់នៅ។

ការ​កំណត់​ទំហំ​ទឹក​ប្រាក់​សម្រាប់​ធ្វើ​ការ​សាង​សង់​ផ្ទះ

រាល់​សម្មិទ្ធិ​ផល​សព្វ​បែប​យ៉ាង ភាគ​ច្រើន​ត្រូវការ​ថវិការ​ដើម្បី​បង្កើត។ ដើម្បី​សាង​សង់​ផ្ទះ​តាម​បែប​សម័យ​ទំនើប​ដែល​ម្ចាស់​ផ្ទះ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​បាន ដាច់​ខាត​លោក​អ្នក​ត្រូវ​មាន​ថវិការ​គ្រប់​គ្រាន់​ដើម្បី​ធ្វើការ​សាង​សង់។ បើសិន​ជា​លោក​អ្នក​មាន​គម្រោង​ថវិការ​នៅ​ក្នុងដៃ​មិន​គ្រប់​គ្រាន់​នោះ ផ្ទះ​នៃក្តី​សង្ឃឹម​របស់​លោក​អ្នក​នឹងត្រូវ​បានផ្អាក​ពាក់​កណ្តាល​ទី។ ដើម្បី​ដឹងឲ្យ​បាន​ច្បាស់​ថា​តើផ្ទះ និង​ទំហំ​ទឹក​ប្រាក់​ដែល​លោក​អ្នក​មាន​អាច​សាង​សង់​បាន​នោះ លោក​អ្នក​គួរស្វែង​ការ​ពិភាក្សា​ជាមួយ​អ្នក​ម៉ៅ​ការ​សាង​សង់​បន្ទាប់​ពី​លោក​អ្នក​បាន​សិក្សា​គំរូប្លង់​ជាមួយ​អ្នក​ស្ថាបត្ថយ្យ​ករ​រួចរាល់។ ជា​ពិសេស​លោក​អ្នក​ក៏ត្រូវ​មាន​ប្រាក់​បម្រុង​លើ​ការ​ចំណាយ​លើស​ការប៉ាន់​ប្រមាណ​ផ្សេងៗ​ផងដែរ។

ការ​គូស​និង​ការ​សិក្សា​ប្លង់

ដើម្បី​ឲ្យ​ការ​សាង​សង់​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ភាព​ទុកចិត្ត​និង​មាន​សុវត្ថិ​ភាព ម្ចាស់​ផ្ទះ​ទាំង​ឡាយ​គួរគប្បី​ពិភាក្សា​ការ​គូស​ប្លង់ជា​មួយ​អ្នក​ជំនាញ​ផ្នែក​គូស​ប្លង់ ឬ​អ្នក​ស្ថាបត្យ​ករ។ ជា​ពិសេស​លោកអ្នក​ត្រូវ​ប្រាប់​ពីអ្វី​ដែល​លោកអ្នក​ចង់​សាង​សង់​ដល់​ស្ថាប​ត្យករ។ នៅ​ពេល​នោះ​ស្ថាប​ត្យករ​នឹង​បង្ហាញ​នូវ​គំនិត​ល្អ​សម្រាប់​ការ​រៀបចំ​ទីតាំង​ផ្សេងៗ​ដូចជា​ការ​រៀបចំ​ផ្ទះ​បាយ បន្ទប់​គេង​បន្ទប់ទឹក បន្ទប់​ទទួល​ភ្ញៀវ និង​កន្លែង​ផ្សេងៗ​ទៀត​តាម​ដែល​យើង​ពេញ​ចិត្ត។

ការ​ពិភាក្សា​ជា​មួយ​អ្នក​ម៉ៅ​ការ​សាង​សង់

បន្ទាប់​ពី​លោក​អ្នក​បាន​ពិភាក្សា​ការ​គូស​ប្លង់​ជាមួយ​អ្នក​ជំនាញ​ខាង​ស្ថាបត្យ​ករ​រួចមក ក៏មិន​មាន​ន័យថា​រាល់​អ្វី​ដែល​លោក​អ្នក​ចង់​បាន​គឺត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេក​ទេស​នៃការ​សាង​សង់​នោះ​ទេ។ លោក​អ្នក​ត្រូវជួប​ពិភាក្សា​ទាក់​ទង​ទៅ​នឹងការ​រៀបចំ​សំណង់​អគារឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស ដោយ​ត្រួត​ពិនិត្យ​ទៅ​លើ​គុណ​ភាពដី ទិស​ដៅ​ចរន្ត​ខ្យល់​ចេញ​ចូល​ខាងក្នុង​និង​ខាង​ក្រៅ​អគារ​និង​បញ្ហា​ផ្សេងៗ​ទៀត​ជាមួយ​អ្នក​ម៉ៅ​ការ​សាង​សង់។

ច្បាប់​នៃ​ការ​សាង​សង់​សំណង់​អគារ

ដើម្បី​ឲ្យការ​សាង​សង់​មាន​ភាពល្អ​ប្រសើរ លោក​អ្នក​គួរ​គប្បី​ត្រូវ​សុំ​ច្បាប់​ការ​សាង​សង់​សំណង់​ផ្ទះ​របស់​លោក​អ្នក​នៅក្រ​សួង​រៀបចំ​ដែនដី និង​នគរោប​នីកម្ម​និង​សំណង់​ដើម្បី​កុំឲ្យ​មាន​បញ្ហា​ទៅថ្ងៃ​ក្រោយ។

ការ​ចរចា​កិច្ច​សន្យា

លោក​អ្នក​ត្រូវ​ច្បាស់​ថា​លោក​អ្នក​បាន​រៀបចំ​កិច្ច​សន្យា ជាលាយ​ល័ក្ខ​អក្សរ​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កំណត់​កាល​បរិច្ឆេទ​ជាមួយ​ភាគី​អ្នក​ម៉ៅ​ការ​សាង​សង់ និង​ស្ថាបត្យ​កររួម​និង​លោក​អ្នក​ផ្ទាល់​ដើម្បី​ទុកជា​ភស្តុ​តាង​សម្រាប់​ការ​សាង​សង់ផ្ទះ​របស់​លោក​អ្នក​និង​ដើម្បី​ជាផល​ប្រយោជន៍​ទៅថ្ងៃ​ក្រោយ​នៅ​ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង​បណ្តាល​មកពី​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ពេល​សាង​សង់​និង​ក្រោយ​ពេល​សាង​សង់។ ជា​ពិសេស​ត្រូវ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​ណា​ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​មាន​ការធា​នា​អះ​អាង​លើ​ការ​សាង​សង់​នៃ​សំណង់​អគារ​ទាំង​មូល។

តាម​ទម្លាប់​ជន​ជាតិ​ខ្មែរ​ជាពិសេស​ជន​ជាតិ​ខ្មែរ​កាត់​ចិន​តែង​មាន​បម្រុង​ប្រយ័ត្ន​ជានិច្ច​ក្នុង​ការ​រៀប​ចំ​គេហ​ដ្ឋាន​ឲ្យ​មាន​ហុង​ស៊ុយ។ ការ​មើល​លើទី​តាំង​ដី​សម្រាប់​សាង​សង់​មុន​នឹង​គូស​ប្លង់​និង​ការ​រៀបចំ​បន្ទប់់ ផ្ទះ​បាយ បន្ទប់ទឹក​ជាដើម។ ដើម្បី​ឲ្យមាន​សិរី​សួស្តី​ដល់​ក្រុម​គ្រួសារ ម្ចាស់​ផ្ទះ​ទាំង​ឡាយ​តែង​ទៅ​សាក​សួរ​យោបល់​ឬ​សុំយ័ន្ត​សក្តិ​សិទ្ធិ​ពីព្រះ​សង្ឃ គ្រូ​ហោរា​ឬ​ចិន​សែ​ដើម្បី​ទស្ស​ទាយ​លើ​សំណង់​ផ្ទះថ្មី។

ការ​ជ្រើស​រើស​ថ្នាំ​លាប​ពណ៌​ផ្ទះ

បើ​ក្រឡេក​មើល​ទៅ​កាន់​សំណង់​អគារ​ធម្មតា​នៅ​ក្នុង​ប្រទេស​កម្ពុជា រាល់​សំណង់​អគារ​ទាំង​នោះ ភាគ​ច្រើន​ប្រើថ្នាំ​លាប​ពណ៌​ដែល​មាន​ផ្ទៃ​ពណ៌ស ពណ៌​ប្រផេះ និង​ពណ៌​ពង​មាន់​ជាដើម។ សម្រាប់​សំណង់​អគារ​ធំៗ​មួយ​ចំនួន​វិញ ភាគ​ច្រើន​គឺ​ប្រើ​ប្រាស់​កញ្ចក់​ដើម្បី​រំលេច​នូវ​ភាព​ស្រស់​ស្អាត​របស់​អគារ។ យ៉ាង​ណា​មិញ​ការ​ជ្រើស​រើស​ពណ៌ និង​ការ​ប្រើ​ប្រាស់​កញ្ចក់​គឺ​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក​ដើម្បី​ធ្វើឲ្យ​ផ្ទះ​របស់​លោក​អ្នក​កាន់​តែមាន​សោ​ភ័ណ​ភាព​គួរឲ្យ​ចង់​រស់​នៅ។

ការ​បុក​គ្រឹះ

ការ​បុក​គ្រឹះ​គឺជា​បញ្ហា​សំខាន់​មួយ​សម្រាប់​ការ​សាង​សង់​ផ្ទះ​របស់​លោក​អ្នក​ឲ្យកាន់តែ​មាន​ភាព​រឹងមាំ និង​មាន​សុវត្តិភាព។ មុន​នឹង​មាន​ការ​បុក​គ្រឹះ​ដើម្បី​ធ្វើ​សំណង់​អគារ​ផ្សេងៗ ដំបូង​អ្នក​ជំនាញ​ខាង​សំណង់​ស៊ីវិល​នឹង​ខួង​ដី​នៅ​ទីតាំង​ដែល​ត្រូវ​សាង​សង់​អគារ​យក​ទៅ​ពិនិត្យ​និង​ធ្វើ​តេស្ត។ ការ​ធ្វើ​តេស្ត​គុណ​ភាព​ដី​នេះ​ទៀត​សោត​គឺ​ដើម្បី​ដឹងថា​តើដី​នៅទី​តាំង​ដែល​ត្រូវ​សាង​សង់​ជាដី​ប្រភេទ​អ្វី ជា​ប្រភេទ​ដី​រឹងឬ​ដីទន់។ បន្ទាប់​ពី​ធ្វើ​តេស្ត​រួច​រាល់ អ្នក​ជំនាញ​នឹង​ប្រាប់​ពីលទ្ធ​ផល​ថា​តើដី​នៅ​ទីតាំង​នោះ​អាច​បុក​គ្រឹះ​សាង​សង់​អាគារ​បាន​ត្រឹម​កម្រិត​ណា។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​លោក​អ្នក​មាន​គម្រោង​ចង់​សាង​សង់​អគារ​បន្ថែម​ទៅ​ថ្ងៃ​អនាគត​លោក​អ្នក​គួរ​ប្រាប់​ទៅ​ដល់​អ្នក​ម៉ៅការ​សាង​សង់​ឲ្យដឹង​ជាមុន​សិន ដើម្បី​ឲ្យ​ខាង​អ្នក​ជំនាញ​ធ្វើការ​បុក​គ្រឹះឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​តម្រូវ​ការ។ ព្រោះ​ថា​បើ​សំណង់​អគារ​របស់​លោក​អ្នក​សាង​សង់​រួចរាល់ លោក​អ្នក​មិន​អាច​ធ្វើ​ការ​បុក​គ្រឹះ​ដើ់ម្បី​សាង​សង់​បន្ថែម​ជាន់​របស់​អគារ​បាន​ទៀត​ទេ។

កញ្ញាណុំ សុធារី នាយិកាវិទ្យាស្ថាន សិនេរុនិងជាប្រធានក្រុមហ៊ុនសំណង់រេប៊ីលឌីង

ការ​តុប​តែង​និង​ការ​រចនា​ផ្នែក​ខាង​ក្នុង​និង​ផ្នែក​ខាង​ក្រៅ​ផ្ទះ

ដើម្បី​ឲ្យ​គេហដ្ឋាន​របស់​លោក​អ្នក​កាន់​តែ​មាន​សោភ័ណ​ភាព លោក​អ្នក​ត្រូវគិត​ដល់​ការតុប​តែង​និង​ការ​រចនា​ផ្នែក​ខាង​ក្នុង និង​ផ្នែក​ខាង​ក្រៅផ្ទះ​ដោយ​ពិភាក្សា​ជា​មួយ​អ្នក​រចនា ឬ​ស្ថាប​ត្យករ ប្រាប់​នូវអ្វី​ដែល​យើង​ពេញ​ចិត្ត​ចង់​ឲ្យកើត​មាន។ ការ​ប្រើ​ប្រាស់​ថ្នាំ​លាប​ពណ៌ ការ​ប្រើ​ប្រាស់​កញ្ចក់ ការ​រចនា​ម៉ូត​ផ្ទះ​បាយ បន្ទប់​គេង បន្ទប់​ទទួល​ភ្ញៀវ​ ការ​រៀបចំ​សួន​ច្បារ​ខាង​មុខ​ផ្ទះ និង​ការ​រៀបចំ​អ្វីផ្សេង​ជា​ច្រើន​ទៀត​តាម​ដែល​លោក​អ្នក​ចង់​បាន។ នៅ​ពេល​នោះ​លោក​អ្នក​នឹង​ទទួល​បាន​គំនិត​យោបល់​ល្អៗ​ពី​ស្ថាបត្យ​ករ​ដើម្បី​សាង​សង់​ផ្ទះ​របស់​លោក​អ្នក​តាម​ដែល​លោក​អ្នក​គិត​ទុក។

ដំបូន្មាន​អ្នក​ជំនាញ

មុន​នឹង​លោក​អ្នក​សម្រេច​ចិត្ត​សាង​សង់​ផ្ទះ លោក​អ្នក​គប្បី​ពិគ្រោះ​ជាមួយ​ក្រុម​ហ៊ុន​សំណង់ ស្ថាបត្យ​កម្ម ឲ្យបាន​ត្រឹម​ត្រូវ ហើយ​សូម​កុំគិត​ថា​ការ​ពិភាក្សា និង​ការ​ចេញ​ប្លង់​អស់​ប្រាក់​កាស​ច្រើន។ លោក​អ្នក​អាច​អស់​ប្រាក់​តិច​វិញ​ទេបើ​លោក​អ្នក​បាន​គិតគូ​ទៅ​លើការ​រៀបចំ​ដូច​ការ​បក​ស្រាយ​ខាង​លើ ហើយ​នឹង​ធ្វើ​ឲ្យផ្ទះ​របស់​លោក​អ្នក​មាន​សុវត្ថិ​ភាព និង​មាន​ភាពរឹង​មាំយូរ​អង្វែង​ដល់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត។ សូម​លោក​អ្នក​បន្ត​ការ​អាន​និង​ស្វែង​យល់ អំពី​ការ​សាង​សង់​ផ្ទះតាម​បែប​សម័យ​ទំនើប​នៅ​ភាគ​២បន្ត​ទៀត។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៩ ឧសភា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *