ការសាង​សង់ផ្ទះ​តាមបែប​សម័យ​ទំនើប​(ភាគ២)

លំនៅស្ថាន​ជាជម្រក​សម្រាប់​ការរស់​នៅស្នាក់​អាស្រ័យ​ហើយមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​បន្ទាប់​ពីចំណី​អាហារ​ និងសម្លៀក​បំពាក់​។ លំនៅ​ស្ថានមាន​លក្ខណៈ​ខុសគ្នា​ទៅតាម​តំបន់​និងទៅ​តាមការ​និយម​ចូលចិត្ត​របស់​ម្ចាស់ផ្ទះ​ ដូចជា​ផ្ទះនៅ​តំបន់​អ៊ីរ៉ុប​ តំបន់​អាហ្វ្រិច​ និងតំបន់​អាស៊ី​ជាដើម​។ លំនៅ​ស្ថានមាន​ការប្រែប្រួល​លក្ខណៈ​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នាទៅតាម​តំបន់​នីមួយៗ​ ហើយពឹង​ផ្អែកលើ​មូលដ្ឋាន​គ្រឹះសំខាន់ៗ​ ដូចជា​វប្បធម៌​ ទំនៀម​ទំលាប់​ប្រពៃណី​ អាកាស​ធាតុ​។ លំនៅ​ស្ថានក៏​ជាកញ្ចក់​ឆ្លុះបញ្ចាំង​ពីសភាព​តួនាទី​ ឬឋានន្តរ​ស័ក្ត​របស់​ម្ចាស់ផ្ទះ​ផងដែរ​។

រូបភាពដោយ ក្រុមហ៊ុនសំណង់រេប៊ីលឌីង

កាលពី​អត្ថបទ មុន​ លោកអ្នក​នាងកញ្ញា​បានជ្រាប​អំពីការ​សាងសង់​ផ្ទះតាម​បែប​សម័យ​ទំនើប​មួយចំនួន​ខ្លះរួច​មកហើយ​។ជាមួយ​គ្នានេះ​ ទស្សនាវដ្តី​ សុខភាព​យើង គេហ​ទព័រ​សុភាព​កម្ពុជា​បាន​ជួបជាមួយកញ្ញា​ ណុំ ​សុធារី​ ជានាយិកា​វិទ្យាស្ថាន​ សិនេរុ​ និងជា​ប្រធាន​ក្រុមហ៊ុន​សំណង់​ រេប៊ីល​ឌីង នឹង​ពន្យល់​អំពីការ​សាងសង់​ផ្ទះតាម​បែប​សម័យ​ទំនើប​ដើម្បី​ឲ្យប្រិយ​មិត្តអ្នក​អានយល់​កាន់តែ​ច្បាស់​អំពី​ប្រធាន​បទនេះ​។

ការរៀប​ចំប្រព័ន្ធ​បណ្តាញ​ ទឹក​ ភ្លើង​និងប្រព័ន្ធ​លូទឹក​

ការគិត​គូរទៅ​លើប្រព័ន្ធ​ទឹក ភ្លើង​ក៏ជាបញ្ហា​សំខាន់មួយ​ដែរដើម្បី​រៀបចំ​ផ្ទះសម្បែង​ឲ្យមាន​សោភ័ណ​ភាព និង​មានសុវត្ថិ​ភាពដល់​អ្នករស់​នៅក្នុង​គេហដ្ឋាន​។ ផ្ទះដែល​ត្រូវអគ្គីភ័យ​បាន​ឆាបឆេះមួយ​ចំនួនក៏​បណ្តាល​មកពីការ​រៀបចំ​ តប្រព័ន្ធ​បណ្តាញ​ភ្លើង​មិនបាន​ត្រឹមត្រូវ​តាមបែប​លក្ខណៈ​បច្ចេកទេស​។ រីឯ​ការរៀប​ចំប្រព័ន្ធ​ទឹក និង​ប្រព័ន្ធ​បង្ហូរ​ទឹកក៏​ត្រូវគិត​ជាមុន​ឲ្យបាន​ម៉ត់ចត់​អំពី​តម្រូវ​ការ និង​សមស្រប​ទៅតាម​ចំនួន​នៃសមាជិក​គ្រួសារ​ និងចំនួន​បន្ទប់​ដើម្បីប្រាប់​ដល់ស្ថាបត្យករ​និងអ្នក​ម៉ៅការ​សាងសង់​។

ការគិត​គូអំពី​បរិស្ថាន​ដែលនៅ​ជុំវិញ​សម្រាប់​ការសាង​សង់

ដើម្បី​ឲ្យមាន​ផាសុក​ភាពដល់​ក្រុមគ្រួសារ​ លោកអ្នក​គួរជ្រើស​រើស​ទីតាំង​សម្រាប់​ការសាង​សង់​។ ប៉ុន្តែ​បើតំបន់​ដែល​លោក​អ្នកត្រូវ​សាងសង់​មានអាកាស​ធាតុពុំ​សូវអំណោយ​ផល លោក​អ្នកគួរ​គប្បី​ពិភាក្សា​ជាមួយ​អ្នកសំណង់​ស៊ីវិល​ឲ្យជួយ​គិតគូរ​ដល់​សំពាធ​ខ្យល់ និង​បរិយាកាស​នៅតំបន់​នោះឲ្យ​បានល្អ​ជាមុន​សិន។ ការ​ដែលសំខាន់​គឺត្រូវ​សង់អគារ​ឲ្យមាន​ខ្យល់ចេញ​ចូល​គ្រប់គ្រាន់​ ទាំងផ្នែក​ខាងក្នុង​និងផ្នែក​ខាងក្រៅ​អគារ​។

អត្ថប្រ​យោជន៍​នៃការ​សាងសង់​ផ្ទះតាម​បែប​សម័យ​ទំនើប​

ការសាង​សង់ផ្ទះ​តាមបែប​សម័យ​ទំនើប​មានសារៈ​ប្រយោជន៍​ជាច្រើន​ដល់ម្ចាស់​ផ្ទះ ព្រោះ​ថាបើ​សិនជា​លោកអ្នក​បាន​គិត​គូឲ្យ​បានល្អិត​ល្អន់មុន​នឹងរៀប​ចំសាង​សង់ជា​មួយក្រុមហ៊ុន​សំណង់​នោះ លោក​អ្នកនឹង​ទទួលបាន​គេហដ្ឋាន​មួយប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ព្រម​ជាមួយ​សោភ័ណ​ភាព ផា​សុកភាព​និងមាន​សុភមង្គល​នៅក្នុង​ក្រុម​គ្រួសារ​។

រូបភាពដោយ ក្រុមហ៊ុនសំណង់រេប៊ីលឌីង

ផលប៉ះ​ពាល់នៃ​ការសាង​សង់ផ្ទះ​តាមបែប​ទំនើប​

ចំពោះ​ផលប៉ះ​ពាល់នៃ​ការសាង​សង់ផ្ទះ​តាមបែប​ទំនើប​គឺការ​ចំណាយ​លើការ​សាងសង់​មានតំលៃ​ខ្ពស់​សម្រាប់​ប្រជា​ជន​ដែលពុំ​សូវមាន​ថវិការ​។ ប៉ុន្តែ​បើលោក​អ្នកក៏​គួរគិត​គូរឲ្យ​បានម៉ត់​ចត់ចំពោះ​ការសាង​សង់ផ្ទះ​ផងដែរ​ ព្រោះថា​ផ្ទះគឺ​ជាជម្រក​ដ៏ សំខាន់​ចំពោះ​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​របស់​លោកអ្នក​។

ចំនុច​គួរចង​ចាំចំពោះ​ការជ្រើស​រើសក្រុម​ហ៊ុនសំណង់​

ការសម្លឹង​មើល និង​ការជ្រើស​រើសក្រុម​ហ៊ុនសំណង់​ដើម្បី​សាងសង់​គេហដ្ឋាន​របស់​លោកអ្នក​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ គឺជា​បញ្ហា​ចម្បង​ក្នុងការ​សម្រេច​ចិត្តរបស់​លោកអ្នក​។ ការងារ​ទាំងអស់​រាប់តាំង​ពីបេតុង​ ដែក​ ឈើ​ ការគូស​ប្លង់​ ការ​បុកគ្រឹះ​ និងគ្រប់​គ្រងការ​វិភាគ​សំណង់​ជាដើម​ គឺត្រូវ​មានដំណើរ​ការល្អ​ និងគួរ​ជាទីទុក​ចិត្ត​។ គេហ​ដ្ឋានមួយ​អាចរឹង​មាំ​ក៏អាស្រ័យ​លើការ​គ្រប់គ្រង​ និងការ​សាងសង់​របស់​ក្រុមហ៊ុន​ និងមេ​ជាងសំណង់​ផងដែរ​។ បើមេ​ជាងខ្វះ​ការត្រួត​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ នោះ​សំណង់​របស់​លោកអ្នក​នឹងមាន​បញ្ហា​ទៅថ្ងៃ​មុខ។

ដំបូន្មាន​អ្នក​ជំនាញ​

លោកអ្នក​គួរគប្បី​ជ្រើសរើស​ក្រុមហ៊ុន​ និងជ្រើស​រើសសម្ភារៈ​ក្នុងការ​សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ និងមាន​គុណភាព​យូរ​អង្វែង​។ ទោះបី​ជាលោក​អ្នកសម្រេច​ចិត្តជ្រើស​រើសក្រុម​ហ៊ុនសាង​សង់ណា​មួយក៏ដោយ​ ចាំបាច់​ត្រូវគិត​គូរអំពី​បញ្ហា​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បីឲ្យ​គេហដ្ឋាន​របស់លោក​អ្នកមាន​ភាពរឹង​មាំ និង​សំណង់​មានភាព​សមស្រប​ទៅនឹង​ធម្មជាតិ​តាមតំបន់​ និងកន្លែង​ដែលលោក​អ្នកចង់​រស់នៅ​។ ជាពិសេស​នោះលោក​អ្នកដែល​មានប្រាក់​សមល្មម​ហើយចង់​ទិញផ្ទះ​ល្វែង​សម្រាប់​រស់នៅ​ក៏គួរ​គិតអំពី​ក្រុមហ៊ុន​ដែលសាង​សង់ផ្ទះ​ល្វែងទាំង​នោះដោយ​គួរប្រយ័ត្ន​ប៉ះចំក្រុម​ហ៊ុនដែល​សាងសង់​ផ្ទះ​គ្មានគុណភាព​ និងស្តង់​ដាត្រឹមត្រូវ​ ។ ព្រោះ​សព្វថ្ងៃ​មានក្រុម​ហ៊ុនសាង​សង់ច្រើន​ណាស់​ដែលរក​ស៊ីសង់​ផ្ទះល្វែង​លក់ដែល​ខ្លះគ្មាន​ស្តង់ដា​គ្រប់គ្រាន់​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១០ ឧសភា ឆ្នាំ​ ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *